សហគមន៍​ព្រៃឈើ​ចាត់​ទុក​ដីកា​កោះ​ហៅ​របស់​តុលាការ​រឿង​២០១៤​ជា​ការ​គំរាម​កំហែង

ដោយ អាស៊ីសេរី
2017.10.26
​សហគមន៍​ការពារ​ព្រៃឈើឡៅកា តុលាការ ៦២២ ​សហគមន៍​ការពារ​ព្រៃឈើឡៅកា ក្រោយ​ចេញ​ពី​បំភ្លឺ នៅ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ​២០១៧។
Photo Provided

តុលាការ​ខែត្រ​មណ្ឌលគិរី កោះហៅ​សហគមន៍​ការពារ​ព្រៃឈើ ៧​នាក់ មក​ស្រាយ​បំភ្លឺ​សំណុំរឿង​បង្ក​របួស​ស្នាម​ដោយ​អចេតនា​ដែល​ប្រព្រឹត្ត​កាលពី​ឆ្នាំ២០១៤។ សហគមន៍​ការពារ​ព្រៃឈើ​ឡៅកា ចាត់​ទុក​ដីកាកោះ​ហៅ​របស់​តុលាការ ជា​ទម្រង់​គំរាមកំហែង​សកម្មជន​ការពារ​ព្រៃឈើ ព្រោះ​សំណុំ​រឿង​នេះ​សហគមន៍​មិន​ប្រាកដ​ថា បុគ្គល​ណា​ជាដើម​បណ្ដឹង​នៅឡើយ​ទេ។

សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​ឡៅកា សង្កាត់​សុខដុម ចំនួន ៧​នាក់ បាន​វិល​មក​លំនៅឋាន​វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២៥ តុលា ថា បន្ទាប់ពី​ស្រាយ​បំភ្លឺ​ជា​លើក​ទី៣ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ តុលា នៅ​សាលាដំបូង​ខែត្រ​មណ្ឌលគិរី។ សហគមន៍​ប្ដេជ្ញា​ថា នឹង​បន្ត​ក្រាញ់​ននៀល​ការពារ​ធនធាន​ធម្មជាតិ នៅ​សេសសល់​ចុងក្រោយ​ឲ្យ​គង់វង្ស បើ​ទោះ​បី​ពួកគាត់​រង​ការ​គំរាមកំហែង​តាម​ប្រព័ន្ធ​តុលាការ​ក្ដី។

សមាជិក​សហគមន៍​ឡៅកា ដែល​តុលាការ​កោះហៅ លោក គិរ ងាវ រំឭក​ថា កាល​ពី​ឆ្នាំ​២០១៤ សហគមន៍​ឡៅកា ប្រទះឃើញ​សកម្មភាព​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍​ឡៅកា ដោយ​ក្រុមហ៊ុន ក្រុមហ៊ុន វីឡេក ឌីវឺឡប់មែន (Development) ហើយ​ពួកគាត់​ប្តឹង​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ផង​ឲ្យ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងនោះ​ធ្វើ​មិន​ដឹង​មិន​ឮ។ បញ្ហា​នេះ​សហគមន៍​បាន​បង្ខំចិត្ត​ដាក់​បារាស​កាត់​ទទឹង​ផ្លូវ បំណង​រារាំង​រថយន្ត​ដឹក​ឈើ​ប្រណិត ដោយ​ចាប់​រថយន្ត​ដឹក​ឈើ​បាន ១០​គ្រឿង រួច​បញ្ជូន​ទៅ​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់។ ក្រោយមក​នគរបាល​នៅ​តំបន់​នោះ​ប្ដឹង​សហគមន៍​ថា បង្ក​របួស​ស្នាម​ដោយ​អចេតនា​ដល់​អ្នក​ដំណើរ ដោយសារតែ​សហគមន៍​ដាក់​បារាស​ខុសច្បាប់ ហើយ​នគរបាល​ទាំង​នោះ​បាន​កសាង​សំណុំរឿង​ទៅ​តុលាការ​ដោយ​ពុំ​មាន​ដើម​បណ្តឹង។ លោក​សង្ស័យ​ថា សំណុំ​រឿង​នេះ​ទំនងជា​ឈ្មួញ​រកស៊ី​ឈើ ឃុបឃិត​ជាមួយ​ឈ្មួញ​ប្ដឹង​សហគមន៍។

លោកក គិរ ងាវ កត់​សម្គាល់​ថា កាលពី​ឆ្នាំ ២០១៤ ដើមឈើ​ច្បោះ​របស់​សហគមន៍​ឡៅកា រាប់រយ​ដើម ត្រូវ​បាន​ក្រុមហ៊ុន វីឡេក ឌីវឺឡប់មែន កាប់​យក​ឈើ​ដើម្បី​យក​ដី ក៏ប៉ុន្តែ​អ្នកភូមិ​បាន​ប្ដឹង​ករណី​នេះ ជូន​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​តុលាការ។ រហូត​មក​ទល់​បច្ចុប្បន្ន ក្រុម​សមត្ថកិច្ច និង​តុលាការ​មិនទាន់​ដោះស្រាយ​យ៉ាងណា​នៅឡើយ។

សហគមន៍​ឡៅកា ម្នាក់ទៀត​លោកស្រី ផ្លឹក ភារម្យ ចាត់​ទុក​ដីកាកោះ​របស់​តុលាការ ជា​រឿង​មិន​សម​ហេតុផល ព្រោះ​បេសកកម្ម​ការពារ​ធនធាន​ធម្មជាតិ របស់​សហគមន៍​ត្រូវ​បាន​ធានា​ដោយ​ច្បាប់ និង​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល បែរជា​ត្រូវ​រង​ការ​គំរាមកំហែង​តាម​ប្រព័ន្ធ​តុលាការ​ទៅវិញ។ ដោយឡែក​អ្នកមាន​ឥទ្ធិពល និង​ឧកញ៉ា​មួយ​ចំនួន​ដែល​កាប់​បំផ្លាញ​ព្រៃឈើ និង ជួញ​ដូរ​ឈើ​ខុសច្បាប់​ច្រើន​ឆ្នាំ​មក​ហើយ បែរជា​ត្រូវ​រួច​ខ្លួន។

កាលពី​ថ្ងៃទី១០ ខែ​តុលា ឆ្នាំ ២០១៧ តំណាង​អយ្យការ​ខែត្រ​មណ្ឌលគិរី បាន​កោះហៅ សហគមន៍​ព្រៃឈើ ៧​រូប ឲ្យ​មក​ស្រាយ​បំភ្លឺ​សំណុំរឿង​បង្ក​របួស​ស្នាម​ដោយ​អ​ចេតនា​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែន​មនោរម្យ កាលពី​ឆ្នាំ ២០១៤។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​អយ្យការ​ខែត្រ​មណ្ឌលគិរី លោក មន វ៉ាន់ដា ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី២៥ តុលា។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​មណ្ឌលគិរី លោក សុក រដ្ឋា យល់ថា ពាក្យ​បណ្ដឹង​រឿង​នេះ​ពុំ​មាន​ធាតុ​ផ្សំ​ណាមួយ ដែល​សមត្ថកិច្ច​កសាង​សំណុំរឿង​ទៅ​តុលាការ​នោះ​ទេ។ លោក​ថា សហគមន៍​ឡៅកា ព្យាយាម​រិះរក​គ្រប់​វិធីសាស្ត្រ ដើម្បី​ទប់ស្កាត់​ជនល្មើស​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ និង​ប្រើ​សិទ្ធិ​របស់​ខ្លួន​ការពារ​ដីធ្លី និង​ធនធានធម្មជាតិ តែ​ពួកគាត់​បែរជា​រងគ្រោះ​ដោយសារតែ​សមត្ថកិច្ច​ធ្វើទុក្ខបុកម្នេញ ដោយ​គំរាមកំហែង​តាម​ប្រព័ន្ធ​តុលាការ​ទៅវិញ។ លោក​រំពឹង​ថា សំណុំ​រឿង​នេះ តុលាការ​នឹង​ប្រើ​ឆន្ទានុសិទ្ធិ​សម្រេច​ឲ្យ​បាន​ត្រឹមត្រូវ តាម​គោលការណ៍​ច្បាប់។

សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ឡៅកា មាន​ទំហំ​ដី ២.២២៦​ហិកតារ បាន​ចុះបញ្ជី​ជា​ព្រៃ​សហគមន៍​ដោយ​ក្រសួងបរិស្ថាន​កាលពី​ឆ្នាំ ២០១៤។ ព្រៃ​សហគមន៍​នេះ​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច នៃ​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែន​មនោរម្យ ខែត្រ​មណ្ឌលគិរី។ សហគមន៍​ថា បច្ចុប្បន្ន​សកម្មភាព​កាប់​ឈើ​មានតម្លៃ និង​ទន្ទ្រានព្រៃ​យក​ដី​នៅតែ​បន្ត​កើត​មាន ដោយ​អ្នកមាន​ឥទ្ធិពល និង​ពលរដ្ឋ​ចំណូលស្រុក ហើយ​សហគមន៍​ពុំ​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ទប់ស្កាត់​នោះ​ទេ ហើយ​កិច្ចសហការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏​ហាក់​ទន់ជ្រាយ​នៅឡើយ។

របាយ​ការណ៍​អង្កេត​របស់​សមាគម​អាដហុក ខែត្រ​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​មាន​ប្រកាស​បង្កើត​សហគមន៍​តំបន់​ការពារ រហូត​បច្ចុប្បន្ន ជម្លោះ​ស្រួចស្រាល់​មួយ​ចំនួន​កើតមាន​នៅ​ក្នុង​សហគមន៍ ដូចជា​ទំនាស់​ប្ដឹងតវ៉ា​រវាង​សហគមន៍ និង​មន្ត្រី​បរិស្ថាន ទាក់ទិន​ការ​អនុវត្ត​គោល​នយោបាយ​ការពារ​ព្រៃឈើ​មិនបាន​ត្រឹមត្រូវ ជម្លោះ​សហគមន៍​ប្ដឹង​ក្រុមហ៊ុន វីឡេក ឌីវឺឡប់មែន ទាក់ទិន​ការ​រំលោភ​ឈូស​ឆាយ​ព្រៃ​ការពារ​ជិត ៣០០​ហិកតារ និង​កាប់​បំផ្លាញ​ដើមឈើ ផលិត​ជ័រទឹក​សហគមន៍​រាប់ពាន់​ដើម ជម្លោះ​ប្រើ​អំពើ​ហិង្សា​រវាង​បុគ្គលិក​ក្រុមហ៊ុន និង​ប៉ូលិស​មូលដ្ឋាន វាយ​មក​លើ​សហគមន៍​ដែល​ជា​អ្នក​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។