សម្ភាស​លោក ប៊្រែដ អាដាម អំពី​ផែនការ​«ក​៥»​ដែល​បង្កើត​ឡើង​ដោយ​វៀតណាម

ដោយ ជី វិតា
2015.01.20
ប៊្រែដ អាដាម (Brad Adams) ៦១០ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។
Photo: RFA

កងទ័ព​វៀតណាម បាន​ចូល​ឈ្លាន​ពាន​កម្ពុជា ផ្ដួល​រំលំ​របប​វាល​ពិឃាត ប៉ុល ពត ដោយ​ដណ្ដើម​កាន់​កាប់​បាន​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ហើយ​វាយ​បណ្ដេញ​កងទ័ព​ខ្មែរ​ក្រហម​រហូត​ដល់​ព្រំដែន​ខ្មែរ-ថៃ។ បន្ទាប់​មក​នៅ​ក្នុង​ឆ្នាំ​១៩៨៤ ដើម្បី​ទប់ស្កាត់​ការ​ជ្រៀត​ចូល​នៃ​កងទ័ព​ខ្មែរ​ក្រហម និង​អ្នក​តស៊ូ​នៃ​ចលនា​ផ្សេង​ទៀត​មក​ក្នុង​ទឹក​ដី​ខ្មែរ មេ​បញ្ជាការ​កងទ័ព​វៀតណាម លោក ឡឺ ដឹក ថូ (Le Duc Tho) បាន​បង្កើត​ផែនការ «ក​៥» ដោយ​កេណ្ឌ និង​បង្ខំ​ពលរដ្ឋ​ខ្មែរ​ឲ្យ​ទៅ​កាប់​ព្រៃ​សាងសង់​ជញ្ជាំង​ក្រវាត់​ការពារ​ព្រំដែន​កម្ពុជា-ថៃ។ ប្រជាជន​ខ្មែរ​រាប់​សិប​ពាន់​នាក់ បាន​ស្លាប់​ក្នុង​យុទ្ធនាការ​ផែនការ «ក​៥» នោះ។ ទោះ​ជា​យ៉ាង​ណា ស្ថិតិ​ស្លាប់​ពិត​ប្រាកដ​គ្មាន​នរណា​ដឹង​ច្បាស់​ទេ ពីព្រោះ​រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន នា​ពេល​នោះ មិន​បាន​បញ្ចេញ​របាយការណ៍​ប្រកប​ដោយ​តម្លាភាព​នោះ​ឡើយ។

សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​របស់ លោក ជី វិតា ជាមួយ លោក ប្រ៊ែដ អាដាម (Brad Adams) នៃ​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្ដីពី​បញ្ហា​ផែនការ «ក​៥» នេះ ដែល​លោក​បាន​បញ្ចូល​ទៅ​ក្នុង​របាយការណ៍​សិទ្ធិ​មនុស្ស​ចុង​ក្រោយ​របស់​លោក ដែល​មាន​សេចក្តី​ដូច​ត​ទៅ៖

លោក ជី វិតា៖ ជម្រាប​សួរ លោក ប្រ៊ែដ អាដាម!  សូម​លោក​ជួយ​ប្រាប់​ខ្ញុំ​ផង​ថា ហេតុ​អ្វី​បាន​ជា​លោក​ចេញ​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «៣០​ឆ្នាំ​ក្រោម​ការ​គ្រប់គ្រង​របស់ លោក ហ៊ុន សែន» យ៉ាង​ទូលំទូលាយ​មួយ​នៅ​ពេល​ថ្មីៗ​នេះ?

លោក ប្រ៊ែដ អាដាម៖ បាទ! វា​ជា​រឿង​មិន​ធម្មតា​ទេ​ដែល​នរណា​ម្នាក់​នៅ​លើ​លោក​នេះ កាន់​អំណាច​បាន​យូរ​រហូត​ដល់ ៣០​ឆ្នាំ​នោះ។ យោង​តាម​ការ​គណនា​របស់​យើង លោក ហ៊ុន សែន គឺ​ជា​មេ​ដឹក​នាំ​នយោបាយ​ម្នាក់​ក្នុង​ចំណោម ៦​នាក់ ដែល​កាន់​អំណាច​យូរ​ជាង​គេ​នៅ​លើ​លោក​នេះ។ នេះ​មិន​រាប់​បញ្ចូល​មេ​ដឹក​នាំ​ជា​ព្រះមហាក្សត្រ​ទេ។ ដោយ​ហេតុ​ថា​វា​មិន​ធម្មតា​នោះ​ហើយ ទើប​នាំ​ឲ្យ​គេ​ឯង​មាន​ការ​ចាប់​អារម្មណ៍ ដែល​ញ៉ាំង​ឲ្យ​មាន​សំណួរ​ថា តើ​អ្នក​នយោបាយ​ម្នាក់​ទោះ​ជា​នៅ​ប្រទេស​ណា​ក៏ដោយ កម្ពុជា​ក្តី ឬ​ហ្ស៊ីមបាវ៉េ (Zimbabwe) ក្រោម​ការ​ដឹក​នាំ​របស់ លោក រ៉ូបឺត មូក្កាបេ (Robert Mugabe) ក្តី ឬ​នៅ​ប្រទេស​អូហ្គង់ដា (Uganda) ក្រោម​ការ​ដឹក​នាំ​របស់ លោក មូសេវេនៀ (Museveni) ក្តី ធ្វើ​ដូចម្តេច​បាន​ជា​អាច​នៅ​កាន់​អំណាច​បាន​យូរ​ម្ល៉េះ?

ករណី​មេ​ដឹក​នាំ​ជាប់​ឆ្នោត​ឡើង​វិញ​តាម​បែប​ប្រជាធិបតេយ្យ កាន់​អំណាច​រហូត​ដល់ ៣០​ឆ្នាំ​នោះ វា​គ្មាន​ទេ​ក្នុង​លោក​នេះ។ អ្នក​ណា​ដែល​កាន់​អំណាច​បាន ៣០​ឆ្នាំ គឺ​ជា​មេ​ដឹក​នាំ​ផ្ដាច់​ការ។ គ្មាន​នរណា​អាច​ឈ្នះ​ការ​បោះ​ឆ្នោត​ដែល​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ជាប់ៗ​គ្នា​រហូត​យូរ​យ៉ាង​ដូច្នេះ​ទេ គ្មាន​ទេ។ ស្ទើរ​គ្រប់​ប្រទេស​ទាំងអស់ ប្រជាជន​ឆ្អែតឆ្អន់​នឹង​មេ​ដឹក​នាំ​មុខ​ដដែលៗ​ណាស់។ នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រជាជន​ឆ្អែតឆ្អន់​នៅ​ពេល​ឮ​សំឡេង លោក ហ៊ុន សែន ហើយ​ពួក​គេ​ក៏​ឆ្អែតឆ្អន់​នៅ​ពេល​ឃើញ​មុខ លោក ហ៊ុន សែន។ រឿង​បែប​នេះ​ក៏​ពិត​ជា​កើត​មាន​ដូច​គ្នា​នៅ​ប្រទេស​ផ្សេង​ទៀត ដូចជា ប្រទេស​ហ្ស៊ីមបាវ៉េ គឺ​ប្រជាជន​ឆ្អែតឆ្អន់​រស់​ក្រោម​ការ​ដឹក​នាំ​របស់ លោក រ៉ូបឺត មូក្កាបេ។

ដូច្នេះ​ហើយ​ទើប​យើង​សម្រេច​ចិត្ត​ថា យើង​គួរ​ពិនិត្យ​មើល​ដើម្បី​ចង់​ដឹង​ថា តើ​គេ​កាន់​អំណាច​យូរ​យ៉ាង​នេះ​បាន​ដោយ​របៀប​ណា? ហើយ​យើង​កត់ត្រា​ទុក​នូវ​ព្រឹត្តិការណ៍​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ដឹក​នាំ​ទាំង​នោះ។ នៅ​កម្ពុជា លោក ហ៊ុន សែន ជា​អ្នក​នយោបាយ​ម្នាក់​ដែល​មាន​ឥទ្ធិពល​ខ្លាំងក្លា គ្រប​ដណ្ដប់​ពេញ​ទី​លើ​ឆាក​នយោបាយ​អស់​រយៈពេល​ជិត ៣០​ឆ្នាំ​កន្លង​មក​នេះ។ ស្ទើរ​គ្រប់​រឿងរ៉ាវ​តែ​ទាំងអស់ លោក ហ៊ុន សែន ជា​អ្នក​សម្រេច​លើ​ជោគ​វាសនា​ប្រទេស​កម្ពុជា តែ​ម្នាក់​ឯង។ គាត់​ជា​អ្នក​សម្រេច​លើ​កិច្ចការ​សំខាន់ៗ​ទាំងអស់។ មនុស្ស​ជាច្រើន​មើល​ឃើញ​យ៉ាង​នេះ។ លោក ហ៊ុន សែន ត្រួតត្រា​គ្រប​សង្កត់​លើ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ដល់​ចំណុច​មួយ​ដែល​គ្មាន​នរណា​ហ៊ាន​ហើប​មាត់​ប្រកែក នូវ​អ្វី​ដែល​គាត់​និយាយ​ចេញ​មក​ទេ។ គាត់​ត្រួតត្រា​លើ​តុលាការ លើ​យោធា និង​ប៉ូលិស។ ដូច្នេះ គាត់​ជា​មនុស្ស​សំខាន់​មាន​ឥទ្ធិពល​ប៉ះពាល់​ដល់​ជីវិត​របស់​ពលរដ្ឋ​ទាំង​មូល​ក្នុង​ប្រទេស។ ដូច្នេះ​ហើយ ពី​ជ្រុង​ទិដ្ឋភាព​សិទ្ធិ​មនុស្ស យើង​មើល​ឃើញ​ថា​វា​សំខាន់​ណាស់ ដែល​ត្រូវ​កត់ត្រា​ទុក​នូវ​ប្រវត្តិ​រឿងរ៉ាវ និង​អតីតភាព​របស់​គាត់។

លោក ជី វិតា៖ ប៉ុន្តែ លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា លោក​មិន​ខ្វល់​ថា​យូរ​ប៉ុណ្ណា​នោះ​ទេ ដរាប​ណា​ប្រជាជន​បោះ​ឆ្នោត​ជូន​លោក។

លោក ប្រ៊ែដ អាដាម៖ ប៉ុន្តែ​យើង​ដឹង​ថា ប្រជាពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត​ឲ្យ​គាត់​ទេ។ ចូរ​ពិនិត្យ​មើល​ប្រវត្តិសាស្ត្រ លោក ហ៊ុន សែន ចូលរួម​បោះ​ឆ្នោត​សកល​លើក​ទី​១ នៅ​ឆ្នាំ​១៩៩៣ គឺ ៨​ឆ្នាំ​ក្រោយ​គាត់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី នៅ​ឆ្នាំ​១៩៨៥។ ក្រោម​ការ​រៀបចំ​របស់​អង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ​១៩៩៣ គាត់​ចាញ់​ឆ្នោត។ ប៉ុន្តែ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន របស់​គាត់​យំ​ឡាំប៉ា​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ទេ ហើយ​គំរាម​បង្ក​សង្គ្រាម។ ពេល​នោះ លោក ហ៊ុន សែន បាន​គំរាម​បញ្ឆោត​ថា​នឹង​រឹប​យក​ខេត្ត​ចំនួន​៧ ដើម្បី​ពុះ​បំបែក​ទឹក​ដី​កម្ពុជា ជា​ពីរ។ ពេល​នោះ កងទ័ព​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ មិន​ចង់​ប្រឈម​ការ​បាត់​បង់​ជីវិត ក៏​អនុញ្ញាត​ឲ្យ​មាន​ការ​សម្រប​សម្រួល​នយោបាយ។ ពេល​នោះ​ហើយ ទើប​មាន​នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​អាណត្តិ​ទី​១ ដល់​ទៅ​ពីរ​ក្បាល​នា​ពេល​នោះ។ ការ​បោះ​ឆ្នោត​ជា​បន្តបន្ទាប់​មក​ទៀត ត្រូវ​បាន​ក្រុម​អ្នក​សង្កេតការណ៍​ឯករាជ្យ​វាយ​តម្លៃ​ថា​មិន​សេរី និង​មិន​យុត្តិធម៌។

បន្ទាប់​មក​នៅ​អំឡុង​ពេល​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ និង​អំឡុង​ពេល​បាតុកម្ម​តវ៉ា​ដ៏​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ កង​កម្លាំង​ទាហាន និង​ប៉ូលិស​របស់ លោក ហ៊ុន សែន បាន​សម្លាប់​មនុស្ស​ជាច្រើន។ អ្នក​ដែល​ស្លាប់​ទាំង​នោះ​មាន​ទាំង​ព្រះសង្ឃ​ផង ដែល​បាន​ងើប​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត និង​ការ​បន្ត​ក្រាញ​កាន់​អំណាច​របស់ លោក ហ៊ុន សែន។ ពេល​នោះ ខ្ញុំ​ធ្វើ​ការ​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​ប្រទេស​កម្ពុជា។ ពេល​នោះ យើង​បាន​ឃើញ​សាកសព​ព្រះសង្ឃ ទាំង​នៅ​ដណ្ដប់​ស្បង់​ចីវរ​អណ្ដែត​ទឹក​នៅ​ក្នុង​ទន្លេ​បាសាក់។ និយាយ​ជា​រួម យើង​នៅ​រង់ចាំ​មើល​ថា តើ លោក ហ៊ុន សែន នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​ពេល​ណា? ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​មាន​នៅ​ឡើយ​ទេ។

លោក ជី វិតា៖ របាយការណ៍​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា «៣០​ឆ្នាំ​ក្រោម​ការ​គ្រប់គ្រង​របស់ លោក ហ៊ុន សែន» រៀបរាប់​ពី​បញ្ហា និង​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន ក្នុង​នោះ​មាន ផែនការ «ក​៥» ផង ដែល​កើត​ឡើង​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ក្រោម​ការ​គ្រប់គ្រង​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។

នៅ​ពេល​នេះ ខ្ញុំ​ចង់​ច្បិច​យក​រឿង​ផែនការ «ក​៥» មក​ជជែក​ជាមួយ​លោក។ ផែនការ «ក​៥» គឺ​ជា​កម្មវិធី​កេណ្ឌ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​សែន​នាក់​ក្នុង​ឆ្នាំ​១៩៨៤ បង្ខំ​ឲ្យ​ទៅ​កាប់​ព្រៃ​សាងសង់​រនាំង ឬ​របង​ការពារ​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ខ្មែរ​អ្នក​តស៊ូ​នៅ​ក្នុង​ព្រៃ​តាម​ព្រំដែន​ថៃ អាច​ជ្រៀត​ចូល​ទឹក​ដី​ខ្មែរ​បាន។ លោក​បាន​ប្រៀបធៀប​ការ​សាងសង់​រនាំង​ក្រវាត់​ការពារ​ព្រំដែន​នា​ពេល​នោះ ទៅ​នឹង​ជញ្ជាំង​ប៊ែរឡាំង (Berlin Wall) ខណ្ឌ​ចែក​ប្រទេស​អាល្លឺម៉ង់ ជា​ពីរ ក្រោយ​សង្គ្រាម​លោក​លើក​ទី​២។ អ្នក​ស្រាវជ្រាវ​ខ្លះ​ឲ្យ​ឈ្មោះ​ថា ជញ្ជាំង​ឫស្សី។

ចំពោះ​លោក តើ​ផែនការ «ក​៥» នេះ ជា​ព្រឹត្តិការណ៍​សំខាន់​យ៉ាង​ម៉េច​ទៅ ទើប​លោក​ត្រូវ​កត់ត្រា​ទុក​ក្នុង​ប្រវត្តិសាស្ត្រ?

លោក ប្រ៊ែដ អាដាម៖ បាទ! កម្មវិធី «ក​៥» គឺ​ជា​ផែនការ​របស់​កងទ័ព​វៀតណាម ដែល​គ្រប់គ្រង​កម្ពុជា នា​ពេល​នោះ។ និយាយ​រួម គឺ​វៀតណាម ចង់​សាងសង់​ជញ្ជាំង​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ដើម្បី​មិន​ឲ្យ​ខ្មែរ​ក្រហម និង​កងទ័ព​អ្នក​តស៊ូ​ក្នុង​ព្រៃ​ដទៃ​ទៀត ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា បាន។ បើ​គ្រាន់​តែ​មាន​បំណង​បែប​នោះ មិន​ជា​ការ​ស្អី​ទេ ពីព្រោះ​វា​ជា​យុទ្ធវិធី​យោធា។ បញ្ហា​ត្រង់​ថា អាជ្ញាធរ​ដែល​ឋិត​ក្រោម​បង្គាប់ លោក ហ៊ុន សែន បាន​ចាប់​បង្ខំ និង​ចល័ត​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​ឲ្យ​ក្លាយ​ជា​កម្លាំង​ពលករ​ដោយ​បង្ខំ បណ្ដាល​ឲ្យ​ពួក​គេ​ស្លាប់​ច្រើន​ណាស់ គឺ​ស្លាប់​ដោយសារ​ជំងឺ និង​ជាន់​មីន។ ពលករ​រង​ការ​ចាប់​បង្ខំ​ទាំង​នោះ មិន​ទទួល​បាន​ការ​ត្រៀម​ហ្វឹកហ្វឺន​មុន​នឹង​បញ្ជូន​ទៅ មិន​ទទួល​បាន​សម្ភារៈ​ឧបករណ៍ ថ្នាំ​សង្កូវ និង​ស្បៀង​អាហារ​សមរម្យ មុន​នឹង​បញ្ជូន​ទៅ​ព្រំដែន​នោះ​ឡើយ។ សូម្បី​តែ​មុង​ក៏​មិន​មាន​មុង​គ្រប់គ្រាន់​ដែរ។ ដល់​ពេល​មាន​ជំងឺ​គ្រុនចាញ់ ក៏​មិន​មាន​ថ្នាំ​ព្យាបាល។

ខ្ញុំ​បាន​សម្ភាស​មន្ត្រី​គណបក្ស​ប្រជាជន ជាច្រើន​នាក់។ ពួក​គេ​បាន​ប្រាប់​ខ្ញុំ​ថា កម្មវិធី «ក​៥» នោះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ស្អប់​មន្ត្រី​គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​ក្រោយ​មក​ក៏​ដូរ​ឈ្មោះ​មក​គណបក្ស​ប្រជាជន​កម្ពុជា នេះ​ខ្លាំង​ណាស់។ ពួក​មន្ត្រី​បក្ស​ទាំង​នោះ​និយាយ​ថា ផែនការ «ក​៥» នោះ ស្ទើរ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ពេល​នោះ​រលំ​ដួល។ មនុស្ស​ជាច្រើន ត្រូវ​បាន​ចាប់​បង្ខំ​ឲ្យ​ទៅ​ធ្វើ​ការ​កាប់​ឆ្ការ​ព្រៃ​ជាប់​ព្រំដែន​កម្ពុជា-ថៃ។ អ្នក​ដែល​មាន​កូន​និយាយ​ថា បើ​កូន​របស់​ខ្លួន​ត្រូវ​បាន​គេ​ចាប់​បញ្ជូន​ទៅ គឺ​ស្មើ​គ្នា​នឹង​ទទួល​ទោស​ប្រហារ​ជីវិត។ សមាជិក​ថ្នាក់​ដឹក​នាំ​បក្ស​ម្នាក់ គឺ​លោក ស៊ិន សេន ដែល​ពេល​នោះ​លោក​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ បាន​និយាយ​ថា ៩០​ភាគរយ​នៃ​ស្បៀង​ដែល​បាន​បញ្ជូន​ទៅ​ឲ្យ​ពលករ​ត្រូវ​បាន​បាត់​បង់​ទៅ​ក្នុង​អំពើ​ពុក​រលួយ។ ដូច្នេះ ស្បៀង​ដែល​បញ្ជូន​ទៅ​មិន​បាន​ដល់​ដៃ​ពលករ​ទេ។ ពួក​គេ​ខឹង​សម្បារ​យ៉ាង​ខ្លាំង។

នៅ​ពេល​ខ្ញុំ​មក​ធ្វើ​ការ​នៅ​កម្ពុជា ឆ្នាំ​១៩៩៣ ខ្ញុំ​នៅ​តែ​ឮ​ប្រជាជន​ខ្មែរ​ជាច្រើន​និយាយ​អំពី​ផែនការ «ក​៥» នោះ។ ពួក​នៅ​តែ​មាន​អារម្មណ៍​តក់ស្លុត និង​ខឹង​សម្បារ​អំពី​សោកនាដកម្ម​នោះ។ ពួក​គេ​ខឹង​នៅ​ពេល​និយាយ​ពី​ឈ្មោះ ហ៊ុន សែន និង​ឈ្មោះ ញឹម វ៉ាន់ដា។ លោក ញឹម វ៉ាន់ដា ពេល​នោះ​ត្រូវ លោក ហ៊ុន សែន តែង​តាំង​ឲ្យ​ទទួល​ខុស​ត្រូវ​កិច្ចការ​សំខាន់​មួយ​ផ្នែក​នៃ​ផែនការ «ក​៥» នោះ។ ចូល​មក​ដល់​ឆ្នាំ​១៩៩៣ ក្រោយ​ពេល​បោះ​ឆ្នោត លោក ញឹម វ៉ាន់ដា ត្រូវ​បាន លោក ហ៊ុន សែន តែង​តាំង​ឲ្យ​ធ្វើ​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​ទៀត ដែល​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ខឹង​សម្បារ។ ដូច្នេះ រឿង​នេះ​សំខាន់​ណាស់ ហើយ​មនុស្ស​វ័យ​ចំណាស់​នៅ​កម្ពុជា នៅ​តែ​និយាយ​អំពី​រឿង «ក​៥»។

លោក ជី វិតា៖ លោក​និយាយ​ថា លោក ស៊ិន សេន បាន​ប្រាប់​លោក​ថា លោក ហ៊ុន សែន ជា​អ្នក​ដឹក​នាំ​ផែនការ «ក​៥»។ តើ​តួនាទី​របស់​គាត់​ក្នុង​ផែនការ «ក​៥» នោះ ជា​អ្វី​ឲ្យ​ជាក់លាក់​ទៅ?

លោក ប្រ៊ែដ អាដាម៖ លោក ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ដើម​ឆ្នាំ​១៩៨៥ ប៉ុន្តែ​គាត់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី​តាំង​ពី​ឆ្នាំ​១៩៨៤ មក​ម្ល៉េះ នៅ​ពេល​គាត់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស។ ចំណែក លោក ស៊ិន សេន ជា​អនុ​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ នា​ពេល​នោះ។ មិន​មែន​តែ លោក ស៊ិន សេន ទេ លោក គង់ គាំ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស នា​ពេល​នោះ ក៏​បាន​ប្រាប់​ខ្ញុំ​ដែរ។ លោក ហ៊ុន សែន មិន​អាច​ប្រកែក​បាន​ទេ​អំពី​ឧក្រិដ្ឋកម្ម​នៃ​ផែនការ «ក​៥» ពីព្រោះ​លោក​ជា​មន្ត្រី​ថ្នាក់​កំពូល​ម្នាក់​នៅ​ពេល​នោះ។ លោក ហ៊ុន សែន អាច​ប្រកែក​ថា គាត់​ត្រូវ​បាន​វៀតណាម បង្ខំ​នៅ​ពេល​នោះ ពីព្រោះ​វៀតណាម គ្រប់គ្រង​កម្ពុជា ហើយ​មនុស្ស​ជាច្រើន​មើល​ឃើញ​ថា វៀតណាម មាន​ឥទ្ធិពល​ខ្លាំង​ណាស់ និង​ជា​អ្នក​សម្រេច​ស្ទើរ​រាល់​កិច្ចការ​ប្រទេស​ជាតិ​ទាំងអស់។ ដូច្នេះ គាត់​អាច​និយាយ​ថា គាត់​ជា​អ្នក​ចូលរួម​ចំណែក​បង្កើត និង​អនុវត្ត​ដឹក​នាំ​ផែនការ «ក​៥» ពិត​មែន ប៉ុន្តែ​វា​មិន​មែន​ជា​កំហុស​គាត់​ទេ ពីព្រោះ​គាត់​ត្រូវ​បាន​វៀតណាម បង្ខិតបង្ខំ។ ទោះ​ជា​យ៉ាង​ណា សម្រាប់​ច្បាប់​អន្តរជាតិ លេស​ដោះសា​ថា​ត្រូវ​គេ​បង្ខំ​នេះ វា​មិន​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ការពារ​ខ្លួន​ទេ។

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ចំនួន បាន​ប្រាប់​ខ្ញុំ​ថា បើ​ទោះ​ជា​នៅ​ពេល​នោះ​គ្មាន​នរណា​ពេញ​ចិត្ត​ផែនការ «ក​៥» ហើយ​ចង់​បញ្ឈប់​ក៏ដោយ ក៏​គ្មាន​មន្ត្រី​ណា​ម្នាក់​ហ៊ាន​ហើប​មាត់​និយាយ​ជាមួយ លោក ហ៊ុន សែន ឬ​វៀតណាម ឡើយ។

លោក ជី វិតា៖ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ នោះ កម្ពុជា ឋិត​ក្នុង​សភាព​ក្រីក្រ​ខ្លាំង​នៅ​ឯកោ​ពី​សហគមន៍​អន្តរជាតិ ដោយសារ​តែ​វៀតណាម ឈ្លាន​ពាន និង​គ្របគ្រង ហើយ​ទ័ព​ព្រៃ​ខ្មែរ​ក្រហម ក៏​នៅ​មាន​កម្លាំង​ខ្លាំងក្លា​ណាស់។ ដូច្នេះ តើ​លោក​មិន​គិត​ថា ផែនការ «ក​៥» នោះ វា​ជា​យុទ្ធសាស្ត្រ​យោធា​ចាំបាច់ ដើម្បី​ការពារ​មិន​ឲ្យ​ខ្មែរ​ក្រហម វិល​ត្រឡប់​មក​កាន់​អំណាច​វិញ​ទេ?

លោក ប្រ៊ែដ អាដាម៖ អូ! គ្មាន​នរណា​ប្រកែក​រឿង​យុទ្ធសាស្ត្រ​យោធា​ការពារ​ជាតិ​នោះ​ទេ។ ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ ដែល​ចិន សហរដ្ឋ​អាមេរិក និង​ថៃ ផ្តល់​ជំនួយ​ឲ្យ​កងទ័ព​ខ្មែរ​ក្រហម នៅ​ពេល​នោះ។ យ៉ាង​ណា​ក៏ដោយ​ចុះ កម្ពុជា មាន​សិទ្ធិ​ពេញ​ទី​ក្នុង​ការ​ប្រើប្រាស់​យុទ្ធវិធី​យោធា​ការពារ​ប្រទេស​របស់​ខ្លួន ប៉ុន្តែ​កម្ពុជា មិន​អាច​ចាប់​មនុស្ស​រាប់​សែន​នាក់ បង្ខំ​ឲ្យ​ចូលរួម​ធ្វើ​សង្គ្រាម​ដូច្នោះ​បាន​ទេ។ ចូរ​ក្រឡេក​មើល​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា។ សហគមន៍​អន្តរជាតិ បាន​ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​មីយ៉ាន់ម៉ា ដោយសារ​តែ​ប្រទេស​នេះ​បាន​ប្រើប្រាស់​កម្លាំង​ពលករ​ដោយ​បង្ខំ​នៅ​ពេល​ធ្វើ​សង្គ្រាម។ វា​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ។

លោក ជី វិតា៖ ពលរដ្ឋ​ខ្មែរ​ជាច្រើន​ពាន់​នាក់​បាន​ស្លាប់​ក្នុង​ពលកម្ម​បង្ខំ​នៃ​ផែនការ «ក​៥» នោះ ដោយសារ​ជាន់​មីន គ្រុន​ចាញ់ និង​ខ្វះ​ស្បៀង។ ពលរដ្ឋ​ខ្មែរ​ខ្លះ​បាន​ហៅ​ផែនការ «ក​៥» ថា ជា​ផែនការ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​របស់​រដ្ឋាភិបាល​វៀតណាម។ ក្នុង​របាយការណ៍​របស់​លោក ក៏​បញ្ជាក់​ដែរ​ថា អ្នក​ដែល​ផ្ដួចផ្ដើម​បង្កើត​ផែនការ «ក​៥» គឺ​មន្ត្រី​យោធា​ជាន់​ខ្ពស់​វៀតណាម ឈ្មោះ ឡេ ដឹក ថូ (Le Duc Tho) ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​គ្រប់គ្រង​កម្ពុជា នា​ពេល​នោះ។ តើ​លោក​មាន​យោបល់​យ៉ាង​ណា​ចំពោះ​ការ​លើក​ឡើង​នេះ?

លោក ប្រ៊ែដ អាដាម៖ ទេ! ខ្ញុំ​មិន​គិត​ថា​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍​ទេ។ ប៉ុន្តែ​វា​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ វា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ជា​អំពើ​ឃាតកម្ម។ បទ​ចោទ​ទាំង​នេះ​វា​អាក្រក់​គ្រប់គ្រាន់​ហើយ មិន​ចាំបាច់​ដល់​បទ​ប្រល័យ​ពូជ​សាសន៍ ដែល​ស្តាប់​ទៅ​អាក្រក់​ខ្លាំង​នោះ​ទេ។

លោក ជី វិតា៖ ដូច្នេះ​វា​ជា​អំពើ​រំលោភ​ច្បាប់​អន្តរជាតិ។

លោក ប្រ៊ែដ អាដាម៖ ប្រាកដ​ណាស់!

លោក ជី វិតា៖ ដូច្នេះ​នៅ​ថ្ងៃ​ណា​មួយ អង្គការ​សហប្រជាជាតិ អាច​នឹង​លើក​សំណុំ​រឿង​កប់​ចោល​នេះ​ឡើង ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ទេ?

លោក ប្រ៊ែដ អាដាម៖ អាច​ទៅ​រួច ពីព្រោះ​បទល្មើស​ច្បាប់​អន្តរជាតិ​ទាំងអស់​នេះ​មិន​មាន​អាជ្ញាយុកាល​ទេ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​នឹង​មិន​កើត​ឡើង​ទេ។ យើង​មិន​មែន​ចេញ​ផ្សាយ​របាយការណ៍​នេះ ដើម្បី​សង្ឃឹម​ថា នរណា​ម្នាក់ ឬ​អង្គការ​សហប្រជាជាតិ ប្ដឹង​កាត់​ទោស ហ៊ុន សែន ឬ​មន្ត្រី​របស់​គាត់​អំពី​រឿង​ផែនការ «ក​៥» ទេ។ វា​នឹង​មិន​កើត​មាន​ឡើយ។

លោក ជី វិតា៖ ហេតុ​អ្វី?

លោក ប្រ៊ែដ អាដាម៖ ពីព្រោះ​បច្ចុប្បន្ន គ្មាន​នរណា​ចាប់​អារម្មណ៍​រឿង​ផែនការ «ក​៥» នេះ​ទេ។ ជា​ការ​ពិត​ណាស់ អ្នក​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បែប​នេះ គួរ​ត្រូវ​ផ្ដន្ទាទោស ប៉ុន្តែ​យោង​តាម​បរិបទ​ជាក់ស្តែង​នា​ពេល​នេះ គ្មាន​រដ្ឋាភិបាល​ណា​មួយ ឬ​ស្ថាប័ន​អន្តរជាតិ​ណា​មួយ​ចាប់​អារម្មណ៍​ពិនិត្យ​មើល​រឿង​នេះ​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ យើង​បាន​កត់ត្រា​ទុក​នូវ​បទឧក្រិដ្ឋ​ជាច្រើន​ផ្សេង​ទៀត​របស់ លោក ហ៊ុន សែន និង​បក្ខពួក​របស់​គាត់។ ឧក្រិដ្ឋកម្ម​ដែល​មិន​ទាន់​ត្រូវ​បាន​ផ្ដន្ទាទោស​ទាំង​នោះ​រួម​មាន ហេតុការណ៍​គប់​គ្រាប់​បែក​ឆ្នាំ​១៩៩៧ ប៉ុនប៉ង​ផ្តាច់​ជីវិត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ការ​សម្លាប់​ក្រៅ​ច្បាប់​ក្នុង​ប្រព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ក្នុង​ឆ្នាំ​១៩៩៧ ដដែល ឃាតកម្ម​លើ​មេ​ដឹក​នាំ​សហជីព អ្នក​សារព័ត៌មាន និង​សកម្មជន​ផ្សេងៗ​ទៀត​ក្នុង​រយៈពេល​កន្លង​មក​នេះ។

លោក ជី វិតា៖ ក្នុង​របាយការណ៍​របស់​លោក លោក​និយាយ​ថា អនុរដ្ឋមន្ត្រី​ការពារ​ជាតិ លោក កែវ សយ ដែល​បាន​អះអាង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា នា​ពេល​នោះ​បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​កាតព្វកិច្ច​រួម​ចំណែក​ការពារ​ជាតិ។ ហើយ​ផែនការ «ក​៥» គឺ​ជា​យុទ្ធនាការ​ការពារ​ជាតិ។ ដូច្នេះ​លោក​ថា មិន​ខុស​ច្បាប់​ទេ។ តើ​លោក​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ​យ៉ាង​ម៉េច​ដែរ?

លោក ប្រ៊ែដ អាដាម៖ ការ​បកស្រាយ​នោះ​មិន​ត្រូវ​ទេ។ ប្រទេស​មួយ​អាច​កេណ្ឌ​មនុស្ស​ឲ្យ​ធ្វើ​កងទ័ព​បម្រើ​ជាតិ​រយៈពេល ២​ឆ្នាំ ទៅ ៥​ឆ្នាំ។ ប៉ុន្តែ​ត្រូវ​ធ្វើ​ឡើង​តាម​ច្បាប់​ត្រឹមត្រូវ ដែល​មាន​ការ​ហ្វឹកហ្វឺន​ល្អ​ត្រឹមត្រូវ និង​មាន​សម្ភារៈ​ឧបករណ៍​ត្រឹមត្រូវ មិន​អាច​ចេះ​តែ​ចាប់​មនុស្ស​យក​ទៅ​បោះ​ចោល​ក្នុង​សមរភូមិ​ប្រយុទ្ធ​បាន​នោះ​ទេ។ សម្រាប់​ផែនការ «ក​៥» មាន​ទាំង​របាយការណ៍ និង​មនុស្ស​និយាយ​ប្រាប់​យើង​ច្រើន​ណាស់​ថា ពេល​ខ្លះ​មាន​ការ​ចាប់​មនុស្ស​ដែល​កំពុង​ដើរ​តាម​ផ្លូវ និង​មាន​អំពើ​ពុក​រលួយ​ទៀត​ផង។ ពេល​នោះ បើ​សិន​ជា​អ្នក​មាន​លុយ អ្នក​អាច​ទិញ​មនុស្ស​ឲ្យ​ទៅ​ជំនួស​អ្នក។ ដូច្នេះ​ហើយ ពួក​អ្នក​មាន និង​អ្នក​ដែល​មាន​ខ្សែ​រយៈ​ខ្នង​បង្អែក អាច​ជួយ​ឲ្យ​កូន​ចៅ​របស់​ខ្លួន​គេច​ផុត​ពី​កំណែន​ផែនការ «ក​៥» នោះ។ ដូច្នេះ​ប្រសិន​បើ​កម្ពុជា មាន​ច្បាប់​ជ្រើស​រើស​កងទ័ព​ត្រឹមត្រូវ មាន​ការ​ហ្វឹកហ្វឺន និង​សម្ភារៈ​ត្រឹមត្រូវ ព្រម​ទាំង​អនុវត្ត​ប្រកប​ដោយ​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់ វា​ជា​រឿង​ស្រប​ច្បាប់​យ៉ាង​ពិត​ប្រាកដ។ អ្នក​ដឹង​ទេ សូម្បី​តែ​ទាហាន​ក៏ដោយ អ្នក​មិន​អាច​បង្ខំ​គេ​ឲ្យ​ដើរ​កាត់​គ្រាប់​មីន​បាន​ទេ។ អ្នក​មិន​អាច​មិន​ផ្តល់​សេវា​សុខភាព និង​បង្អត់​អាហារ​ហូប​ចុក​ដល់​ពួក​គេ​ឡើយ។ ដូច្នេះ​ការ​ឆ្លើយ​ដោះសា​នោះ មិន​អាច​ទទួល​យក​បាន​ទេ។

លោក ជី វិតា៖ តើ​មាន​អ្នក​ស្លាប់​ប៉ុន្មាន​នាក់​ដោយសារ​ផែនការ «ក​៥» ពី​ឆ្នាំ​១៩៨៤ ដល់​ឆ្នាំ​១៩៨៨ នោះ?

លោក ប្រ៊ែដ អាដាម៖ យើង​មិន​អាច​ដឹង​ចំនួន​ស្លាប់​ច្បាស់​ទេ។ ប៉ុន្តែ​យើង​អាច​ប៉ាន់​ស្មាន​ថា ស្លាប់​រាប់​សិប​ពាន់​នាក់។

លោក ជី វិតា៖ សូម​អរគុណ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។