តើ​តុលាការ​កម្ពុជា​ជា​ឧបករណ៍​អ្នក​នយោបាយ​មែន​ឬ​ទេ?

ដោយ ទីន ហ្សាការីយ៉ា
2014.08.13
តុលាការ ៦១០ បណ្ដាញ​សហគមន៍​ប្រជាពលរដ្ឋ បាតុកម្ម​អហិង្សា​នៅ​ខាង​មុខ​រដ្ឋ​សភា ទាមទារ​ឲ្យ​តុលាការ​កាត់ក្ដី​ដោយ​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៣។
Photo: RFA

ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​ឯករាជ្យ និង​មិន​មែន​ជា​ស្ថាប័ន​ផ្ដល់​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​នោះ​ឡើយ។ ក្រៅ​ពី​នេះ នៅ​ខណៈ​ប្រទេស​កម្ពុជា ជាប់​គាំង​នយោបាយ ប្រព័ន្ធ​តុលាការ​ដែល​ទទួល​រង​នូវ​ការ​រិះគន់​ស្រាប់​ផង​នោះ រឹតតែ​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា តុលាការ​មិន​ឯករាជ្យ និង​ស្ថិត​នៅ​ក្រោម​សម្ពាធ​អ្នក​នយោបាយ។

ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ត្រូវ​បាន​ទទួលរង​ការ​រិះគន់​យ៉ាង​ខ្លាំង ថា​ជា​ស្ថាប័ន​ធ្វើ​អាជីវកម្ម​រឿង​ក្ដី​តាម​រយៈ​ការ​សូកប៉ាន់ ឬ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ ដែល​មិន​មែន​ជា​កន្លែង​ផ្ដល់​យុត្តិធម៌​ទាំង​ស្រុង​ជូន​សាធារណជន​ឡើយ។

ក្រុម​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​លើក​ឡើង​ថា ក្រៅ​ពី​មិន​បាន​បំពេញ​តួនាទី​ជា​អ្នក​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ទន់​ខ្សោយ​នោះ តុលាការ​បាន​ក្លាយ​ជា​ឧបករណ៍​របស់​អ្នក​នយោបាយ​ថែម​ទៀត​ផង។ នៅ​ក្នុង​ដំណាក់កាល​នៃ​វិបត្តិ​នយោបាយ តុលាការ​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​មិន​ប្រកាន់​ជំហរ​ឯករាជ្យ។

ព្រឹត្តិការណ៍​ថ្មីៗ​មិន​ទាន់​រសាត់​ទៅ​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ​នៅ​ឡើយ។ តុលាការ​បាន​ចាប់​ខ្លួន​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត ៨​រូប និង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ នៅ​ក្រោយ​ពេល​ពួកគេ​ដឹកនាំ​អ្នក​គាំទ្រ​របស់​ខ្លួន​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ។ បើ​ទុក​ជា​អង្គការ​ជាតិ​និង​អន្តរជាតិ ធ្វើការ​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​ដោះលែង​វិញ​ក៏​ដោយ​ចុះ ក៏​តុលាការ​មិន​ខ្វល់​អំពី​ការ​លើក​ឡើង​ទាំង​នោះ​ឡើយ។

​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ទីបំផុត​ទៅ នៅ​ពេល​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ចរចា​គ្នា​កាលពី​ថ្ងៃ​ទី​២២ កក្កដា ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​នោះ ពីរ​ម៉ោង​ក្រោយ​មក តុលាការ​ក៏​បាន​ចេញ​ដីកា​ដោះលែង​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ភ្លាមៗ​ទៅ​តាម​ឆន្ទៈ​អ្នក​នយោបាយ។

​ទាក់ទង​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ថា ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ និង​ជា​ឧបករណ៍​អ្នក​នយោបាយ​នោះ កម្ពុជា​មិន​មែន​ជា​ប្រទេស​នីតិរដ្ឋ​នោះ​ទេ ពីព្រោះ​ថា តុលាការ​ក្រៅ​ពី​គេ​ដឹង​ថា បាន​ប្រព្រឹត្តិ​អំពើ​ពុករលួយ​រឿង​លុយ​កាក់ និង​ជួញដូរ​រឿង​ក្ដី​នោះ តុលាការ​នេះ​ក៏​ពុករលួយ​រឿង​នយោបាយ​ដែរ៖ «សំឡេង»។

​អ្វី​ដែល​ឆ្លុះ​បញ្ចាំ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា តុលាការ​ជា​ឧបករណ៍​របស់​អ្នកនយោបាយ គឺ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ព្រុំ សុខា បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​ពី​បញ្ចប់​ការ​ចរចា​ភ្លាមៗ​កាលពី​ថ្ងៃ​ទី​២២ កក្កដា ថា បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ៧​រួប និង​សកម្មជន​មួយ​រួប​ទៀត នឹង​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយសារ​មាន​ការ​សម្របសម្រួល​ខាង​នយោបាយ៖ «សំឡេង»។

នៅ​ក្រោយ​ពេល​ត្រូវរ៉ូវ​គ្នា​បញ្ចប់​ជម្លោះ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រារែក​ក្នុង​ការ​ចូល​សច្ចាប្រណិធាន និង​ចូល​ប្រជុំ​សភា​ដើម្បី​ឲ្យ​ក្លាយ​ជា​សភា​ស្រប​ច្បាប់។ តុលាការ​បាន​ដើរ​តួនាទី​ជា​ថ្មី​ម្ដង​ទៀត ចាត់ការ​ទៅ​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង ដោយ​បាន​ចេញ​ដីកា​ចាប់​ឃុំ​ខ្លួន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ៣​នាក់​ភ្លាមៗ កាលពី​ថ្ងៃ​ទី​២ សីហា។

ការ​ចាប់​ខ្លួន​នេះ ហាក់​ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា បង្ខំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សច្ចាប្រណិធាន ព្រោះ​ថា បើសិនជា​តុលាការ​ចាប់​ខ្លួន​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ គឺ​បេក្ខជន​តំណាងរាស្ត្រ​ទាំង​នោះ​មិន​អាច​គ្រប់ ៥៥​រួប ដើម្បី​ចូល​ប្រជុំ​សភា​ទេ។ យ៉ាង​នេះ​ក្តី តុលាការ​ក៏​បាន​កោះហៅ​បេក្ខជន​តំណាងរាស្ត្រ​ដែល​ទើប​ដោះលែង​ទាំង ៧​រួប និង​លោក កឹម សុខា ជា​អនុប្រធាន​គណបក្ស ឲ្យ​ចូល​បំភ្លឺ​តុលាការ​សា​ជា​ថ្មី​ឡើង​វិញ​ដែរ។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២២ កក្កដា ២០១៤។
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២២ កក្កដា ២០១៤។
RFA/Leng Maly

 

​នៅ​គ្រា​នេះ អ្នក​វិភាគ​លើក​ឡើង​ថា ចៅក្រម​និង​ព្រះរាជអាជ្ញា​មមាញឹក​ក្នុង​ការ​ធ្វើ​ដីកា​ចាប់​ខ្លួន និង​ឃុំ​ខ្លួន និង​ដីកា​ហៅ​អ្នក​នយោបាយ ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​ត្រូវ​ធ្វើការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ឡើង​វិញ។ នៅ​ក្រោយ​ពេល​សភា​បើក​សម័យ​ប្រជុំ​កាលពី​ថ្ងៃ​ទី​៨ សីហា នោះ បញ្ហា​ចាប់​ខ្លួន​និង​កោះហៅ​បាន​ធូរ​ស្រាល​វិញ។

​នៅ​ថ្ងៃ​ទី​១១ សីហា ដែល​ជា​ពេល​កំណត់​នៃ​ការ​ចូល​ខ្លួន​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​លោក កឹម សុខា អ្នកស្រី មូរ សុខហួរ និង​អ្នក​ដទៃ​មួយ​ចំនួន​ទៀត​នោះ គឺ​ពួកគាត់​មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ដោយ​ផ្ទាល់​ដូច​កាល​ពី​មុន​ទៀត​ទេ ពីព្រោះ​ពួកគាត់​មាន​អភ័យ​ឯកសិទ្ធិ ប៉ុន្តែ​បាន​បញ្ជូន​មេធាវី​របស់​ខ្លួន​ជា​តំណាង​ឱ្យ​ទៅ​បំភ្លឺ។

​លោក កឹម សុខា បញ្ជាក់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១១ សីហា បន្ទាប់​ពី​មេធាវី​របស់​លោក​បាន​ទៅ​បំភ្លឺ​នៅ​តុលាការ​ថា សំណុំរឿង​របស់​លោក​ត្រូវ​បាន​តុលាការ​បញ្ចប់​ហើយ ដោយសារ​លោក​មាន​អភ័យ​ឯកសិទ្ធិ។ ក្រៅ​ពី​នេះ​ទៀត យុវជន​ទាំង ៣​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ទាំង​ពីរ​បាន​សម្របសម្រួល​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដោះលែង​វិញ​ដែរ៖ «សំឡេង»។

​ងាក​មក​ច្បាប់​ទាំង ៣ ទាក់ទង​នឹង​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ ដែល​រួមមាន​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ត្រូវ​បាន​រដ្ឋសភា និង​ព្រឹទ្ធ​សភា​អនុម័ត។ ច្បាប់​ទាំង​បី​នេះ ត្រូវ​បាន​លោក ព្រាប កុល អះអាង​ថា ទាញ​ឲ្យ​តុលាការ​លែង​ឯករាជ្យ និង​កាន់​តែ​មាន​ចរិត​នយោបាយ​ថែម​ទៀត៖ «សំឡេង»។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក សំ ប្រជាមានិត អះអាង​ថា តុលាការ​ធ្វើការ​ដោយ​ឯករាជ្យ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ គ្មាន​ការ​ជ្រៀតជ្រែក​ពី​អ្នក​នយោបាយ​ឡើយ។ លោក​សង្កត់​ធ្ងន់​ថា ការ​សម្រេច​រឿង​ក្ដី​របស់​ចៅក្រម គឺ​ស្ថិត​នៅ​លើ​ច្បាប់៖ «សំឡេង»។

​ពាក់ព័ន្ធ​នឹង​ច្បាប់​ទាំង​៣​នេះ​ដែរ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ដែល​លោក​ធ្លាប់​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​មាន​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា សំដែង​ក្តី​ព្រួយ​បារម្ភ​ថា ច្បាប់​ទាំង​នេះ​ជា​ឧបសគ្គ​ដល់​ឯករាជភាព​របស់​តុលាការ និង​គោលការណ៍​បែង​ចែក​អំណាច។

​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា ការ​អនុវត្ត​របស់​តុលាការ​បច្ចុប្បន្ន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌ ហើយ​កម្ពុជា​ហាក់​បី​ដូច​ជា​ស្ថិត​នៅ​សម័យ​បុព្វកាល ដែល​ប្រជាពលរដ្ឋ​ដើរ​តួនាទី​ជា​តុលាការ​ខ្លួន​ឯង៖ «សំឡេង»។

​លោក​បន្ត​ថា មូលហេតុ​ចម្បង​ដែល​មន្ត្រី​តុលាការ​ស្ថិត​នៅ​ក្រោម​សម្ពាធ​អ្នក​នយោបាយ ឬ​រដ្ឋាភិបាល​នោះ ដោយសារ​តែ​ដំបូង​ឡើយ​មន្ត្រី​តុលាការ​មិន​មាន​ប្រាក់ខែ​ច្រើន ហើយ​ពួកគាត់​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ ហើយ​នៅ​ពេល​អំពើពុករលួយ​នេះ​ចាក់​ឫស​ជ្រៅ​ទៅ​ក្នុង​ប្រព័ន្ធ​តុលាការ មន្ត្រី​យុត្តិធម៌​នឹង​ត្រូវ​ជាប់​អន្ទាក់​ស្ថិត​នៅ​ក្នុង​ខ្សែ​ញាក់​របស់​អ្នកនយោបាយ​បក្ស​កាន់​អំណាច។ បើសិនជា​មន្ត្រី​តុលាការ​ណា​មិន​ធ្វើ​តាម​បង្គាប់ គេ​នឹង​សើរើ​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​របស់​មន្ត្រី​ទាំង​នោះ។

​ដូច​គ្នា​នេះ​ដែរ បើសិនជា​រដ្ឋាភិបាល​បើក​ឲ្យ​តុលាការ​មាន​ឯករាជ្យ​វិញ មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ក៏​នឹង​ត្រូវ​ជាប់​អន្ទាក់​របស់​តុលាការ​វិញ​ដែរ ព្រោះ​ពួកគេ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​បក្សពួក​និយម​គ្រួសារ​និយម ការ​លក់ ការ​ដោះដូរ​អាគារ​រដ្ឋ និង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន និង​យុត្តិធម៌​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។