សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​តែ​បន្ត​ស្ងាត់​ក្នុង​រយៈពេល​៥៧​ថ្ងៃ​ក្រោយ​ការ​បាញ់​ប្រហារ

ដោយ ម៉ម មុនីរតន៍
2016-09-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នា​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth
ពលរដ្ឋ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នា​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

សំណុំ​រឿង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នៅ​តែ​បន្ត​កប់​បាត់​ក្រោយ​ឃាតក​បាញ់​ប្រហារ​កាល​ពី​ជាង ១​ខែ​មុន។ តំណាង​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ឲ្យ​ដឹង​ថា ការ​ប្ដឹង​ផ្ដល់​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ក្នុង​អំពើ​ឃាតកម្ម​នេះ ខាង​ក្រុម​គ្រួសារ គឺ​នៅ​មិន​ទាន់​គិតគូរ​នៅ​ឡើយ​ទេ។ ចំណែក​មន្ត្រី​ក្រសួង​មហាផ្ទៃ វិញ​ធ្លាប់​អះអាង​ថា ពុំ​មាន​តម្រុយ​ណា​មួយ​ថ្មី​ក្រៅ​ពី​ឈ្មោះ ជួប សម្លាប់ នេះ​ទេ។

គិត​ចាប់​ពី​ថ្ងៃ​ឃាតក​បាញ់​ប្រហារ​អ្នក​វិភាគ​សង្គម​ដ៏​ល្បីល្បាញ​មក​ដល់​ពេល​នេះ មាន​រយៈពេល ៥៧​ថ្ងៃ​មក​ហើយ ដោយឡែក​ពន្លឺ​នៃ​ការ​ស៊ើប​អង្កេត​ថ្មី​ណា​មួយ​ដែល​អាច​កំណត់​មុខ​សញ្ញា​អ្នក​នៅ​ពី​ក្រោយ​នៃ​អំពើ​ឃាតកម្ម និង​ឃាតក​ពិត​ជា​នរណា​នោះ គឺ​នៅ​ពុំ​ទាន់​ដឹង​នៅ​ឡើយ​នោះ​ដែរ។

តំណាង​ក្រុម​គ្រួសារ​ខាង​ប្រពន្ធ​លោក​បណ្ឌិត កែម ឡី ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និយាយ​ថា រឿង​ទាមទារ​យុត្តិធម៌​នេះ ខាង​ក្រុម​គ្រួសារ​នៅ​ពុំ​ទាន់​បាន​គិតគូរ​នៅ​ឡើយ​ទេ សំខាន់​អ្វី​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ពេល​នេះ គឺ​រៀបចំ​ពិធី​បុណ្យ​គម្រប់ ១០០​ថ្ងៃ​ជា​មុន​សិន។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ចំនួន ២​គ្រាប់ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​ពេល​លោក​កំពុង​អង្គុយ​រង់ចាំ​ផឹក​កាហ្វេ​នៅ​ហាង​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ស្តុប​បូកគោ។ បន្ទាប់​ពី​បាញ់​រួច សមត្ថកិច្ច​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​សង្ស័យ​ថា​បាន​ស្ថិត​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នេះ ហើយ​ក្រោយ​មក ជន​ត្រូវ​ចោទ​នេះ​អះអាង​ថា ខ្លួន​ឈ្មោះ ជួប សម្លាប់ ជា​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

ទាក់ទិន​សំណុំ​រឿង​នេះ មាន​ភស្តុតាង​មួយ​ចំនួន​បាន​បែក​ធ្លាយ​ក្រោយ​អំពើ​ឃាតកម្ម។ មាន​វីដេអូ និង​រូបថត​ខ្លះ​បញ្ជាក់​ពី​មន្ទិល​សង្ស័យ​ថា អំពើ​ឃាតកម្ម​នេះ​អាច​មាន​ជាប់​ទាក់ទង​នឹង​ម៉ូតូ​ធំ​ដែល​ពាក្យ​ស្លាក​នគរបាល ឬ​ប៉ូលិស (Police) ខ្លះ​ផង។ ប៉ុន្តែ​ក្រោយ​មក ស្នងការ​ក្រុង​ភ្នំពេញ លោក ជួន សុវណ្ណ បាន​ចេញ​មុខ​ការពារ​តាម​រយៈ​កាសែត​ក្នុង​ស្រុក ដោយ​អះអាង​ថា នាយ​ប៉ុស្តិ៍​នោះ​ពុំ​មាន​ជាប់​ទាក់ទិន​អ្វី​ឡើយ ពោល​គឺ​ឈ្មោះ ជួប សម្លាប់ នេះ​រត់​មក​ផ្អែក​ម៉ូតូ​ប៉ូលិស ហើយ​ក៏​រត់​បន្ត​ទៀត​ប៉ុណ្ណោះ។

អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ​ពី​លោក គៀត ច័ន្ទថារិទ្ធ មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល។ ដោយឡែក​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ វិញ អាស៊ីសេរី ក៏​ពុំ​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ទី​៦ ខែ កញ្ញា។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​នាំ​ពាក្យ​រូប​នេះ​ធ្លាប់​បកស្រាយ​ថា ខាង​សមត្ថកិច្ច​ពុំ​ទាន់​មាន​តម្រុយ​ស៊ើប​អង្កេត​ណា​មួយ​ថ្មី​នៅ​ឡើយ​ទេ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា ដែល​ធ្លាប់​អះអាង​ថា​នឹង​ផ្ដល់​មេធាវី​គ្រប់​ពេល ប្រសិន​បើ​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ត្រូវ​ការ។ លោក​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ លោក​នៅ​ពុំ​ទាន់​ឃើញ​មាន​ការ​ស្នើសុំ​កិច្ច​អន្តរាគមន៍​រឿង​មេធាវី​ពី​ក្រុម​គ្រួសារ​របស់​អ្នក​វិភាគ​សង្គម​ដ៏​ល្បីល្បាញ ដើម្បី​ដំណើរ​ការ​រឿង​ក្ដី​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា «ខ្ញុំ​គិត​ថា​គ្រួសារ​គាត់​ប្រហែល​រវល់​រឿង​ទី​១ ភរិយា​របស់​លោក​បណ្ឌិត កែម ឡី ត្រៀម​សម្រាប់​ឆ្លង​ទន្លេ ព្រោះ​គាត់​គ្រប់​ខែ​ក្នុង​ខែ​តុលា នេះ​ហើយ។ ទី​ពីរ​ត្រៀម​សម្រាប់​ធ្វើ​បុណ្យ ១០០​ថ្ងៃ​នៃ​ស្វាមី​គាត់​ផង។ អ៊ីចឹង​ទៅ​មិន​ទាន់​មាន​ការ​ស្នើ​ជា​លាយលក្ខណ៍​អក្សរ​ពី​ក្រុម​គ្រួសារ​នៅ​ឡើយ​ទេ»

របាយការណ៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល រក​ឃើញ​ថា គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង ១០០​នាក់​ហើយ​ដែល​ត្រូវ​គេ​ធ្វើ​ឃាត​ដោយសារ​ការ​បំពេញ​មុខងារ​របស់​ខ្លួន និង​ការ​បញ្ចេញ​មតិ។ អំពើ​ឃាតកម្ម​នេះ ភាគច្រើន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​នយោបាយ និង​ហេតុផល​ផ្សេង​ទៀត។ អ្នក​ទាំង​នោះ​រួម​មាន អ្នក​សារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ការពារ​ដីធ្លី សិល្បករ សហជីព កម្មករ​រោងចក្រ និង​ចុង​ក្រោយ គឺ​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ។

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក សុក សំអឿន ពន្យល់​ថា ផ្អែក​តាម​នីតិវិធី​ដើម្បី​អាច​មាន​សិទ្ធិ​ពិនិត្យ​លើ​សំណុំ​រឿង​នេះ​បាន ពុំ​មាន​អ្នក​ផ្សេង​ក្រៅ​ពី​មេធាវី​ទេ។ លោក​បន្ត​ថា នៅ​ពេល​សំណុំ​រឿង​បញ្ជូន​ចូល​ដល់​ដៃ​តុលាការ​ហើយ ដូច្នេះ​មាន​តែ​ត្រូវ​រង់ចាំ​សេចក្ដី​សម្រេច​របស់​តុលាការ​ប៉ុណ្ណោះ។ លោក​បន្ត​ថា «ខាង​តុលាការ​ក៏​មិន​ដែល​មាន​កាតព្វកិច្ច​ត្រូវ​ផ្សាយ​ទេ។ ខាង​គ្រួសារ ឬ​ក៏​ដើម​បណ្ដឹង​មាន​សិទ្ធិ​បាន​ដែរ តែ​ឯកសារ​ខ្លះ​ទេ​ដែល​អាច​ចេញ​បាន។ តាម​ពិត​បើ​គាត់​មាន​មេធាវី មេធាវី​អាច​ចូល​ទៅ​កាន់​សំណុំ​រឿង​ហ្នឹង​បាន ប៉ុន្តែ​ឯកសារ​ទាំងនោះ​ឯកសារ​ខ្លះ​ក៏​មិន​អាច​ផ្សព្វផ្សាយ​បាន​ដែរ»

អាស៊ីសេរី ក៏​ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​ដែរ​ជុំវិញ​រឿង​នេះ​ពី​លោក លី សុផាណា អ្នក​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ។

បើ​ទោះ​បី​ជា​បែប​ណា តុលាការ​រង​ការ​រិះគន់​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល គណបក្ស​ប្រឆាំង និង​មជ្ឈដ្ឋាន​នានា ថា​គ្រាន់​តែ​ជា​ឧបករណ៍​របស់​អ្នក​នយោបាយ​កាន់​អំណាច មិន​ឯករាជ្យ ជាពិសេស​ពុំ​ដែល​បាន​ផ្ដល់​យុត្តិធម៌​ឡើយ​សម្រាប់​អ្នក​រងគ្រោះ​ដីធ្លី និង​ព្រៃ​ឈើ បើ​រក​ឃើញ​ថា​មាន​និន្នាការ​មិន​គាំទ្រ​រដ្ឋាភិបាល។ សំណុំ​រឿង​ជាច្រើន​ក្នុង​ពេល​កន្លង​ទៅ​នេះ ដែល​តុលាការ​តែង​ដំណើរ​ការ​ក្ដី​ដ៏​ឆាប់​រហ័ស បើ​ករណី​នោះ​ជា​បណ្ដឹង​ទៅ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​សាមញ្ញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Touch try

ពី Phnom Penh

សំណុំរឿងនេះប្រែប្រួលយ៉ាងណា ខ្ញុំគិតថាព័ត៌មាននឹងមិនរំលងឡើយ ហើយខ្ញុំក៏គ្មានមតិអ្វីលើព័ត៌មាននេះដែរ តែខ្ញុំចង់ជំរាបRFI ថាបណ្ឌិតកែមឡីស្ថិតក្នុងបេះដូងពលរដ្ឋ តែអ្វីៗអាចនឹងភ្លេចឬរលត់បាត់បើអ្វីមួយនោះនៅតែបន្តស្ងាត់ស្ងៀម ដូចនេះញុំចង់អោយRFI កាត់យកគំនិតឬសំដីល្អៗរបស់លោកបណ្ឌិតមកចាក់ផ្សាយមុនពេលឬក្រោយបញ្ចប់កម្មវិធីផ្សាយណាមួយ ទីមួយគឺដើម្បីក្រើនរំលឹកឬដាស់តឿនស្មារតីរបស់ប្រជាជន ទីពីរគីដើម្បីអោយលោកបណ្ឌិតនៅតែស្ថិតក្នុងបេះដូងប្រជាជនជានិច្ច គ្នានថ្ងៃស្ងាត់ឡើយ។ អរគុណ

Sep 06, 2016 12:07 PM

អ្នក​អាន​អនាមិក

ពី ភ្នំពេញ

បើគ្មានតម្រុយក្រៅពីជួបសំលាប់ហេតុអីមិនបង្ហាញវីដេអូឃ្លិបមក?

Sep 06, 2016 10:56 AM

អ្នក​អាន​អនាមិក

ប៉ូលីសស្រុកខ្មែរអន់ណាស់​ គ្រាន់តែរឿងក្តីមួយនេះបំបែកមិនបាន​ គួរតែប្តូរឈ្មោះថា​ ប៉ូលីសចោលម្សៀតទៅ​ វាខ្មាស់គេណាលោក

Sep 06, 2016 10:50 AM

រស្មីបណ្ណាល័យ ច័ន្ទឆាយា

ពី New York, NY

ខ្ញុំជឿថាលោកបណ្ឌិត កែម ឡី គឺមិនអាចរកឃើញឡើយ ព្រោះគាត់បានស្លាប់ដោយសារតែ ក្រុមគណបក្សប្រជាជន សម្រាប់យុត្តិធម៍ របស់បណ្ឌិត កែម ឡី ត្រូវស្លាប់តាមគាត់ជាមិនខាន តែបើលោកបណ្ឌិតកែម ឡី ត្រូវស្លាប់ក្រៅពីក្រុម CPP វិញ ត្រូវរកឃើញជាក់ជាមិនខាន ២៤ម៉ោងមិនទាន់ទេ ត្រូវរកឃើញតែម្តង ព្រោះរដ្ឋាភិបាលចងកំនុំ ដូចជា រឿង ស្រី មុំ និង លោក កិម សុខា ចិង រហូតទៅដល់រឿងទាំងនេះមានវគ្គទៀតផង អ្នកបញ្ចេញសម្លេងខ្សែអាត បែជាគ្មានទោស ព្រោះអ្នកដែលបញ្ចេញសម្លេងខ្សែអាត់ ជាក្រុមតែមួយរបស់ CPP ដូច្នេះឲ្យតែខាងក្រមរបស់ គឺមិនដែលចេះខុសឡើយ មានតែជួយបិតបាំងទៀតផង ហេតុហើយរឿងលោកបណ្ឌិត កែម ឡី ត្រូវស្លាប់ទាំងអយុត្តិធម៍សម្រាប់គាត់

Sep 06, 2016 08:53 AM

គេហទំព័រ​ទាំងមូល