"ព្រះរាជអាជ្ញា​ត្រូវ​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ចំពោះ​អតីត​សមាជិក​គណៈកម្មការ​បុណ្យ​សព​បណ្ឌិត កែម ឡី"

ដោយ អាស៊ីសេរី
2017-11-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង (ឆ្វេង) និង​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស លោក មឿន តុលា ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង (ឆ្វេង) និង​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស លោក មឿន តុលា ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
Photo: RFA

មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ចំណាត់​ការ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ កោះ​ហៅ​អតីត​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​សព​បណ្ឌិត កែម ឡី ឱ្យ​ចូល​បំភ្លឺ​ជុំវិញ​ការ​ប្ដឹង​ចោទ​ប្រកាន់​បទល្មើស​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត កិបកេង​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី។ អ្នកច្បាប់​ថា ព្រះរាជអាជ្ញា​ត្រូវ​តម្កល់​រឿង​ទុក​ឥត​ចាត់ការ។

​លោក​មេធាវី ហែម សុជាតិ កាល​ពី​​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា បាន​ពន្យល់​ថា មូលហេតុ​ដែល​ចំណាត់ការ​តុលាការ​មិន​ត្រឹមត្រូវ​ដោយ​ហេតុ​ថា រឿងក្តី​នេះ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា មិន​មាន​លក្ខណៈ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ឡើយ ព្រោះ​លោក ពេជ្រ ស្រស់ មិន​មែន​ជា​បុគ្គល​ដែល​ខូចខាត​ប្រយោជន៍​អ្វី​ឡើយ និង​មិន​មែន​ជា​បុគ្គល​ដើម្បី​ការពារ​ផលប្រយោជន៍​សាធារណៈ​ដែរ។ លោក ពេជ្រ ស្រស់ មិន​ត្រូវ​បាន​ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី ផ្តល់​សិទ្ធិ​តំណាង​ដើម្បី​ធ្វើ​បណ្ដឹង​ជំនួស​អ្វី​ឡើយ។ លោក​មេធាវី​បន្ត​ថា មាន​តែ​អ្នក​ដែល​បាន​បាត់បង់​ផលប្រយោជន៍ និង​អាជ្ញាធរ​សាធារណៈ​ប៉ុណ្ណោះ ទើប​អាច​ដាក់​ដាក់​ពាក្យ​បណ្ដឹង​បាន៖ «»។

​លោក ពេជ្រ ស្រស់ ប្តឹង​លោក មឿន តុលា នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដែល​ជា​អតីត​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​សព​បណ្ឌិត កែម ឡី ពី​បទ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​កិបកេង​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី។

​មាត្រា ៣៩១ នៃ​ក្រមព្រហ្មទណ្ឌ និយម​ន័យ​នៃ​ការ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​ចែង​ថា ការ​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត គឺ​ជា​អំពើ​គៃ​បាត់​មូលនិធិ តម្លៃ ឬ​ទ្រព្យសម្បត្តិ​អ្វី​មួយ​នាំ​ឱ្យ​ខូច​ប្រយោជន៍​អ្នកដទៃ​ប្រព្រឹត្ត​ដោយ​បុគ្គល​ណា​ម្នាក់ ដែល​គេ​បាន​ប្រគល់​ឱ្យ​បុគ្គល​នោះ ហើយ​បុគ្គល​នោះ​បាន​យល់ព្រម​ដោយ​មាន​ភារកិច្ច​ប្រគល់​សង​វិញ បង្ហាញ ឬ​យក​មូលនិធិ​តម្លៃ ឬ​ទ្រព្យ​សម្បត្តិ​នោះ ទៅ​ធ្វើ​ការ​ប្រើប្រាស់​ជា​កំណត់។

ផ្អែក​តាម​មាត្រា ៣៩១ នេះ លោក​មេធាវី ហុង គឹមសួន ក៏​បាន​ចូលរួម​ពន្យល់​ដែរ​ថា ព្រះរាជអាជ្ញា​អាច​ចោទ​ប្រកាន់​អ្នក​ណា​ម្នាក់​បាន វា​ទាល់​តែ​មាន​ជនរងគ្រោះ ឬ​អ្នក​ខូចខាត​ប្រយោជន៍​បង្ហាញ​ភស្តុតាង​ជាក់លាក់ ខូចខាត​ទ្រព្យសម្បត្តិ​ដោយសារ​អំពើ​ល្មើស​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​ពី​បុគ្គល​ណា​មួយ៖ «»។

លោក​មេធាវី ហែម សុជាតិ លើក​ឡើង​ថា បណ្តឹង​ដែល​ប្តឹង​ដែល​ធ្វើឡើង​ដោយ​លោក ពេជ្រ ស្រស់ កន្លង​ទៅ​នេះ គឺ​គ្មាន​ធាតុ​ផ្សំ​បទល្មើស​ព្រហ្មទណ្ឌ​ដើម្បីឱ្យ​តំណាង​អយ្យ​ការយក​ជា​មូលដ្ឋាន​ធ្វើការ​ចោទ​ប្រកាន់​បាន​ឡើយ ដោយ​ហេតុ​ថា រឿង​នេះ​គ្មាន​ជនរងគ្រោះ​ប្តឹង​រឿង​បាត់បង់​លុយ​កាក់៖ «»។

ប្អូន​ប្រុស​បង្កើត​លោក​បណ្ឌិត កែម ឡី លោក កែម រិទ្ធិសិត ធ្លាប់​អះអាង​ថា លោក​ជឿទុកចិត្ត​ក្រុម​អតីត​គណៈកម្មការ​នេះ មិន​បាន​កិបកេង​លុយ​បុណ្យសព​នោះ​ឡើយ។ ចំពោះ​ភរិយា​របស់​លោក​បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា វិញ ក៏​បាន​អះអាង​ជំទាស់​ដាច់​ខាត​ចំពោះ​ការ​ប្ដឹង​នេះ​ដែរ។ អ្នកស្រី​បន្ត​ថា អ្វី​ដែល​សំខាន់​នោះ អ្នកស្រី​ចង់​បាន​ឱ្យ​តុលាការ និង​រដ្ឋាភិបាល​ជួយ​រក​ឃាតក​ពិត​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នោះ។

ជាមួយ​គ្នា​នេះ​ដែរ លោក មឿន តុលា កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា បាន​ថ្លែង​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ក្រោយ​ពេល​ចូល​ឆ្លើយ​បំភ្លឺ​ជុំវិញ​រឿង​នេះ។ លោក​អះអាង​ថា លោក​ពុំ​បាន​កិបកេង​ប្រាក់​បុណ្យ​សព​បណ្ឌិត កែម ឡី ដូច​ការ​ចោទ​ប្រកាន់​របស់​​លោក ពេជ្រ ស្រស់ ឡើយ៖ «»។

ចំណែក​លោកប៉ា ងួនទៀង បាន​ប្រគល់​សិទ្ធិ​ឲ្យ​មេធាវី ដោយសារ​លោក​ជាប់​រវល់​នៅក្រៅ​ប្រទេស។ ទាំង​លោក ប៉ា ងួនទៀង និង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ធ្លាប់​បាន​បកស្រាយ​ពន្យល់​សាធារណជន​ជា​ច្រើន​លើក​ច្រើន​សា​ថា ពួកគាត់​មិន​បាន​ពាក់ព័ន្ធ​នឹង​ថវិកា​ដែល​ទទួល​បាន​ពី​សាធារណជន​ចូលរួម​បុណ្យ​សព​នេះ​ទេ គណៈកម្មការ​គ្រប់គ្រង​តែ​ចំនួន​តួលេខ​តែប៉ុណ្ណោះ ចំពោះ​លុយ​ដែល​ទទួល​បាន​គឺ​ក្រុមគ្រួសារ​លោក​បណ្ឌិត កែម ឡី ពិសេស​ភរិយា​របស់​លោក​ផ្ទាល់​ជា​អ្នក​ទទួល​ថវិកា​ទាំង​នោះ។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បញ្ជាក់​ថា ព្រះអង្គ​នឹង​មិន​ចូល​ឆ្លើយ​តប​នឹង​តុលាការ​ឡើយ ពីព្រោះ​ព្រះអង្គ​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌។

​មាត្រា​៣ នៃ​ក្រមព្រហ្មទណ្ឌ​ចែង​ថា "ពុំ​មាន​បទល្មើស​ទេ ប្រសិនបើ​គ្មាន​ចេតនា​ប្រព្រឹត្ត”។ មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ​ចែង​ថា "ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​ជន​ណា​មួយ​នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រាតែ​អនុវត្ត​ត្រឹមត្រូវ​តាម​បញ្ញតិ្ត​ច្បាប់”។

​អ្នកឃ្លាំមើល​ការ​គោរព​សិទ្ធិមនុស្ស​ក៏​យល់​ស្រប​ដូច​អ្នក​ច្បាប់​ដែរ។

​អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) ដែល​តាមដាន​រឿង​នេះ លោក ស៊ឹង សែនករុណា ក៏​បាន​លើក​ឡើង​ដែរ​ថា អតីត​គណៈកម្មការ​នេះ មិន​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​ទេ ព្រោះ​អ្នក​ទាំង ៣ ជា​មនុស្ស​ស្អាតស្អំ និង​បាន​ជួយ​ជ្រោមជ្រែង​យ៉ាង​ច្រើន​នៅ​ក្នុង​ថ្ងៃ​នៃ​ពិធី​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ដែល​ជា​ទុក្ខ​ក្រៀមក្រំ​សម្រាប់​ជាតិ​ខ្មែរ។ លោក​ស្នើ​តុលាការ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល