សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​ករណី​បណ្ដឹង​ប្រឆាំង​ដីកា​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​ថ្ងៃ​២៦ កញ្ញា

ដោយ អាស៊ីសេរី
2017-09-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។ RFA
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។ RFA
Photo: RFA

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ខាង​មុខ​នេះ ជុំវិញ​បណ្ដឹង​ប្រឆាំង​ដីកា​ឃុំ​ខ្លួន​លោក កឹម សុខា។

ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បាន​ប្ដឹង​សុំ​តុលាការ​សម្រេច​ឱ្យ​លោក កឹម សុខា នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា កន្លង​ទៅ​នេះ។ ជាមួយ​គ្នា​នេះ ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា នេះ ក៏​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ លោក គី ឫទ្ធី ឱ្យ​ដក​កាមេរ៉ា​សុវត្ថិភាព និង​ឧបករណ៍​ស្រូប​សំឡេង​ចេញ​ពី​បន្ទប់​ឃុំឃាំង និង​ឲ្យ​លោក កឹម សុខា បាន​ស្ដាប់​វិទ្យុ ព្រម​ទាំង​ស្នើ​អនុញ្ញាត​ឱ្យ​ក្រុម​មេធាវី​យក​ឯកសារ​ច្បាប់ និង​សំណុំ​រឿង​ចូល​ជួប​ពិគ្រោះ​យោបល់​រវាង​មេធាវី និង​កូន​ក្ដី។

លិខិត​ស្នើសុំ​នេះ​បាន​លើក​ឡើង​ថា នៅ​ក្នុង​បន្ទប់​ឃុំ​ខ្លួន​លោក កឹម សុខា មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព ដែល​ផ្ទុយ​នឹង​មាត្រា ៣៨ កថាខណ្ឌ១ នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា ២៥ មាត្រា ៣១ នៃ​ច្បាប់​ស្ដីពី​ពន្ធនាគារ និង​មាត្រា ១៤៩ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​សំណើ​របស់​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើ​សុំ​ចូល​សួរ​សុខ​ទុក្ខ​លោក កឹម សុខា នៅ​មណ្ឌល​អប់រំ​កែប្រែ ​ម-៣ ឬ​ពន្ធនាគារ​ត្រពាំងផ្លុង។

លិខិត​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី កាល​ពី​ថ្ងៃ​ទី ១៤ ខែ កញ្ញា បាន​ឆ្លើយ​តប​ទៅ​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ការ​ចូល​ជួប ឬ​សួរសុខទុក្ខ​លោក កឹម សុខា អាច​អនុញ្ញាត​បាន​តែ​មេធាវី និង​ក្រុម​គ្រួសារ​ជន​ត្រូវ​ចោទ ប៉ុន្តែ សម្រាប់​អ្នក​ដទៃ​ផ្សេង​ទៀត​គឺ​អាច​អនុញ្ញាត​អោយ​បាន​នៅ​ក្រោយ​​ពី​ចៅក្រម​បាន​បំពេញ​កិច្ច​ចាំ​បាច់​មួយ​ចំនួន។

ចៅក្រម​ស៊ើបសួរ លោក គី ឫទ្ធី បញ្ជាក់​ថា មក​ដល់​ពេល​នេះ សំណុំ​រឿង​នេះ​កំពុង​ឋិត​ក្នុង​ចំណាត់​ការ​ស៊ើបសួរ និង​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​នានា ហើយ​ចៅក្រម​មិនទាន់​បាន​សាកសួរ​ជន​ត្រូវ​ចោទ​នៅ​ឡើយ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល