មេធាវី៖ លោក កឹម សុខា ត្រូវ​មាន​វត្តមាន​ក្នុង​សវនាការ​សាលាឧទ្ធរណ៍​ជា​ការ​ចាំបាច់

ដោយ អាស៊ីសេរី
2017-09-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Cheu Sideth

ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា គ្រោង​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ឱ្យ​លោក កឹម សុខា ចូលរួម​នីតិវិធី​សវនាការ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ខាង​មុខ ជុំវិញ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។ ក្រុម​មេធាវី​អះអាង​ថា វត្តមាន​លោក កឹម សុខា ក្នុង​សវនាការ​សាលាឧទ្ធរណ៍​ជា​ការ​ចាំបាច់។

​ក្រុម​មេធាវី​នឹង​ដាក់​ពាក្យ​នេះ​ទៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​កញ្ញា នេះ ដើម្បី​ឱ្យ​សាលាឧទ្ធរណ៍​ពិចារណា​អំពី​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ភាព​ចាំបាច់​នៃ​វត្តមាន​លោក កឹម សុខា នៅ​ពេល​សវនាការ។

លោក​មេធាវី សំ សុគង់ ថ្លែង​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​​សុក្រ ទី​២២ ខែ​កញ្ញា ថា វត្តមាន​លោក កឹម សុខា ចំពោះ​មុខ​សវនាការ​ពិត​ជា​សំខាន់​ណាស់ ដែល​មិន​អាច​អវត្តមាន​បាន​ឡើយ។ ប្រសិនបើ​សាលាឧទ្ធរណ៍​មិន​នាំ​លោក កឹម សុខា មក​ចូលរួម​សវនាការ​ទេ នោះ​ជា​ករណី​រំលោភ​សិទ្ធិ​ជន​ត្រូវ​ចោទ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​សវនាការ​នេះ​នឹង​គ្មាន​ន័យ៖ «ជា​គោលការណ៍​គ្រប់​សវនាការ​ទាំង​អស់​ត្រូវ​តែ​មាន​វត្តមាន​ជនជាប់ចោទ ដោយ​វត្តមាន​នេះ គឺ​គេ​ធានា​ចំពោះ​គោលការណ៍​តទល់​គ្នា​ចំពោះ​មុខ ហើយ​នឹង​គោលការណ៍​ចំពោះ​ជន​ត្រូវ​ចោទ​ដែល​ពួក​គាត់​នឹង​ឆ្លើយ​ដោះសា  ឬ​ក៏​គាត់​អាច​នឹង​មាន​ឱកាស​ក្នុង​ការ​បង្ហាញ​នៅ​ក្នុង​ពេល​សវនាការ»

ប្រតិកម្ម​របស់​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ធ្វើ​ឡើង​ក្រោយ​ពី​មាន​លិខិត​ពី​មន្ត្រី​ពន្ធនាគារ​ត្រពាំងផ្លុង អំពី​បញ្ហា​សុវត្ថិភាព និង​សន្តិសុខ​ក្នុង​ការ​នាំ​ខ្លួន​លោក កឹម សុខា មក​សវនាការ​នៅ​ទីក្រុង​ភ្នំពេញ និង​ការ​លើក​ឡើង​របស់​អ្នក​ពាក្យ​សាលាឧទ្ធរណ៍ អំពី​សវនាការ​ដែល​មិន​ចាំបាច់​មាន​វត្តមាន​លោក កឹម សុខា។

លោក ទូច ថារិទ្ធិ អគ្គលេខាធិការ​រង និង​ជា​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ថា តាម​ស្មារតី​សាលាឧទ្ធរណ៍ គឺ​ចង់​ឱ្យ​មាន​វត្តមាន​លោក កឹម សុខា ចូលរួម​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ខាង​មុខ ប៉ុន្តែ​លោក​បញ្ជាក់​ថា ប្រសិនបើ​គ្មាន​វត្តមាន​លោក កឹម សុខា ក៏​មិន​ប៉ះពាល់​នីតិវិធី​ដែរ ព្រោះ​ជា​សវនាការ​មុន​អង្គ​សេចក្ដី ពាក់ព័ន្ធ​នឹង​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​តែប៉ុណ្ណោះ។

​ប៉ុន្តែ អ្នកច្បាប់​មិន​យល់​ស្របតាម​ការ​លើក​ឡើង​បែប​នេះ​ទេ។ មេធាវី​តំណាង​ជនរងគ្រោះ​នៅ​សាលាក្ដី​ខ្មែរក្រហម លោក ហុង គឹមសួន យល់​ឃើញ​ដូចគ្នា​នឹង​លោក​មេធាវី សំ សុគង់ អំពី​សារសំខាន់​នៃ​វត្តមាន​របស់​លោក កឹម សុខា នៅ​ក្នុង​សវនាការ ដើម្បី​និយាយ​ការពារ​សិទ្ធិ​របស់​គាត់​នៅ​ចំពោះ​មុខ​ចៅក្រម ដែល​ត្រូវ​ធានា​ដោយ​ច្បាប់។ លោក ហុង គឹមសួន ចោទ​ជា​សំណួរ​ថា បើ​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​គុក​ត្រពាំងផ្លុង វា​ឆ្ងាយ​ពី​ភ្នំពេញ ហេតុ​ដូច​ម្ដេច​បាន​ជា​អាជ្ញាធរ​មិន​យក​គាត់​មក​ឃុំ​ខ្លួន​នៅ​ភ្នំពេញ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​មក​តុលាការ និង​កាត់​បន្ថយ​បញ្ហា​សន្តិសុខ​ផង៖ «បើ​មិន​ដូច្នេះ​ទេ គេ​យក​ជន​ត្រូវ​ចោទ​នឹង​មក​ដាក់​ភ្នំពេញ មក មាន​ពន្ធនាគារ​របស់ PJ (ប៉េ.ហ្សី) ក៏​នៅ​ជិត​ហ្នឹង ខេត្ត​កណ្ដាល​ក៏​នៅ​ជិត ព្រៃ​ស​នៅ​ជិត  អ៊ីចឹង​មាន​អ៊ី​នឹង​ពិបាក បើសិនជា​ខាង​សាលាឧទ្ធរណ៍​មាន​ឆន្ទៈ មាន​ចិត្ត​ចង់​យក​មក​ដាក់​អី​ហ្នឹង គេ​យក​មក​ទុក​មុន​មក សវនាការ វា​នៅ​ជិត​ផង មាន​ស្អី​ពិបាក»

​ទោះបីជា​តុលាការ​អនុវត្ត​នីតិវិធី​បែប​ណា ក៏​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យល់​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា ជា​ការ​បំពាន​ច្បាប់​តាំងតែ​ពី​ដំបូង​មក​ម្ល៉េះ។
នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ទាល់​តែ​សោះ។ លោក​ថា តុលាការ​ស្ថិត​ក្រោម​គំនាប​នយោបាយ៖ «ការ​ជំនុំជម្រះ​ក្តី​ណា​មួយ​ក៏ដោយ​លើ​លោក កឹម សុខា នឹង​គ្មាន​យុត្តិធម៌​នោះ​ឡើយ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ ដែល​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​គណបក្ស​កាន់​អំណាច​បែប​នេះ។ ពិភពលោក​ថ្កោលទោស​លើ​ចំណាត់​ការ​របស់​រដ្ឋាភិបាល ដែល​ចាប់​ខ្លួន​លោក កឹម សុខា។ នរណា​ក៏​មើល​ឃើញ​ការ​ចាប់​ខ្លួន​នេះ​ថា​ជា​រឿង​នយោបាយ​ដែរ។  នីតិវិធី​តាំងពី​ដើម​ទី គឺ​បង្ហាញ​ឲ្យ​ឃើញ​ចេតនា​នយោបាយ​ទាំង​អស់។ និយាយ​រួម គ្មាន​ទេ​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​ក្នុង​របប​លោក ហ៊ុន សែន»

ពាក់ព័ន្ធ​នឹង​វត្តមាន​របស់​លោក កឹម សុខា នៅ​ក្នុង​សវនាការ លោក​មេធាវី សំ សុគង់ បញ្ជាក់​ជំហរ​ថា កូន​ក្តី​របស់​លោក គឺ​លោក កឹម សុខា ពិតជា​ទាមទារ​ឲ្យ​មាន​វត្តមាន​ក្នុង​គ្រប់​ដំណាក់កាល​នៃ​កិច្ច​ដំណើរការ​នីតិវិធី។ លោក​អះអាង​ថា ក្រុម​មេធាវី​លោក​នឹង​ពិភាក្សា​គ្នា ថា​តើ​ត្រូវ​ធ្វើ​ពហិការ មិន​ចូល​រួម​សវនាការ ឬ​យ៉ាង​ណា ប្រសិនបើ​តុលាការ​សម្រេច​បើក​សវនាការ​នៅ​ថ្ងៃ​ខាង​មុខ ដោយ​គ្មាន​វត្តមាន​លោក កឹម សុខា?

​សវនាការ​លើ​បណ្ដឹង​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ជា​បណ្ដោះអាសន្ន នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ហេតុអ្វីបានជាលោកកឹមសុខាមិនត្រូវបានអនុញ្ញាតឱ្យមកតុលាការនៅភ្នំពេញ? ដោយសារតែសម្តេចហ៊ុនសែនខ្លាចមនុស្សកុបកម្មនៅក្នុងរាជធានីពីក្នុងគណបក្សរបស់គាត់។ ផ្ទុយទៅវិញ ហ៊ុនសែនបាននិយាយថា បញ្ហាសន្តិសុខ. ហ៊ុន សែនបានបញ្ជូនលោកកឹមសុខាទៅទីនោះមិនបាននិយាយថាបញ្ហាសន្តិសុខនោះទេ ត្រឡប់មកវិញពួកគេនិយាយថាបញ្ហាសន្តិសុខ។ និយាយដោយខ្លី, ហ៊ុនសែនបានធ្វើខុស ចាប់ខ្លួន Kem Sokha ហើយបានបញ្ជូនគាត់ទៅទីនោះ ឥឡូវនេះ ហ៊ុនសែនមិនអាចនាំគាត់ត្រឡប់មកវិញបាន កំហុសហ៊ុនសែនម្តងទៀត ឬហ៊ុនសែនជាមនុស្សក្បត់កុហក។ ទង្វើជាក់ស្ដែងរបស់លោកហ៊ុនសែន, ចាប់ខ្លួនគាត់. or everyone is chicken!

Oct 02, 2017 02:41 AM

SENG MENG HONG

ពី P PENH

តុលាការក្បត់ឆន្ទ:រាស្ដ្រធ្វើតាមបញ្ជាមេរបស់វា។សុទ្ធតែជនក្បត់ជាតិសម្លាប់មនុស្សឆៅៗហើយចោទគេថាក្បត់ជាតិពួក​អាតិរច្ឆាន៕

Sep 23, 2017 09:09 PM

គេហទំព័រ​ទាំងមូល