លោក គឹម សុខ៖ ប្រសិន​បើ​ដើម​បណ្ដឹង​មិន​ចូល​ឆ្លើយ​ត​ទល់​ក្នុង​តុលាការ​នឹង​គ្មាន​យុត្តិធម៌​ឡើយ

ដោយ ហ៊ុំ ចំរើន
2017-06-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក គឹម សុខ អ្នក​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ​ពេល​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Morm Moniroth
លោក គឹម សុខ អ្នក​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ​ពេល​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Morm Moniroth
RFA/Morm Moniroth

តុលាការ​កំពូល​នៅ​មិន​ទាន់​សម្រេច​ថា នឹង​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ដើម​បណ្ដឹង​សំណុំ​រឿង​លោក គឹម សុខ ចូល​បំភ្លឺ ឬ​មិន​ចូល​បំភ្លឺ​នៅ​តុលាការ​ត​ទល់​ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ខាង​មុខ ឬ​យ៉ាង​ណា​នោះ​ទេ។ ការ​ប្រកាស​នេះ បន្ទាប់​ពី​​តុលាការ​កំពូល បាន​បញ្ចប់​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​ដែល​មេធាវី​ការពារ​ក្ដី​លោក គឹម សុខ ប្ដឹង​ទាមទារ​ឲ្យ​ដើម​បណ្ដឹង​មក​តទល់​ជាមួយ​អ្នក​វិភាគ​សង្គម​រូប​នេះ ​ក្នុង​ពេល​បើក​សវនាការ​ជំនុំជម្រះ​នៅ​​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា។

​​​​ក្រោយ​ពេល​ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​ផ្ដល់​ឱកាស​ភ្លាម ​លោក គឹម សុខ​ បាន​ដើរ​សំដៅ​យ៉ាង​ស្វាហាប់​​ទៅ​ឈរ​នៅ​មុខ​អង្គ​ចៅក្រម ក្នុង​ទឹក​មុខ​ញញឹម ហាក់​ពុំ​មាន​ការ​ភិតភ័យ​ឡើយ។ លោក គឹម សុខ ​បញ្ចេញ​យោល​ប្រមាណ ១០​នាទី​ ដែល​មាន​ចំណុច​​ថា លោក​ទទូច​ស្នើ​ឲ្យ​ដើម​បណ្ដឹង គឺ​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ មក​តទល់​ក្នុង​សវនាការ​ជាមួយ​លោក។

​​​​ទាក់ទង​នឹង​បញ្ហា​នេះ មេធាវី​ការពារ​ក្ដី​ឲ្យ​ដើម​បណ្ដឹង​ លោក គី តិច បាន​ឆ្លើយ​តប​ភ្លាមៗ​នៅ​ក្នុង​បន្ទប់​សវនាការ ដោយ​លើក​ឯកសារ​បង្ហាញ​ដែល​អះអាង​ថា ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រគល់​សិទ្ធិ​ឲ្យ​លោក​ឆ្លើយ​តប​ជំនួស​ក្នុង​នាម​ជា​​ដើម​បណ្ដឹង​គឺ​គ្រប់គ្រាន់​ទៅ​ហើយ។ លោក​ហៅ​ការ​បក​ស្រាយ​របស់​អ្នក​វិភាគ​សង្គម​រូប​នេះ​ថា​ និយាយ​ច្រើន​តែ​គ្មាន​ដឹង​ក្បាល​ដឹង​កន្ទុយ​ឥតប្រយោជន៍។

ភ្លាមៗ​នោះ​ ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​បាន​អនុញ្ញាត​ឲ្យ​អ្នក​វិភាគ​សង្គម លោក គឹម សុខ ឡើង​ពន្យល់​បន្ថែម​ បន្ទាប់​ពី​លោក​បាន​លើក​ដៃ​ស្នើ​សុំ​ម្ដង​ជា​ពីរ​ដង​ថា បញ្ហា​​ដែល​លោក​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​តទល់​ក្នុង​សវនាការ​ ​គឺ​ដើម្បី​ឲ្យ​លោក​អាច​សួរ​ដេញដោល​នៅ​ចំពោះ​មុខ​អង្គ​ចៅក្រម​ដើម្បី​​បញ្ចប់​ការ​ជំនុំជម្រះ​ក្ដី​​បាន​ឆាប់​រហ័ស។

ចំណែក​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ត្រូវ​ចោទ​ លោក ជូង ជូងី មាន​ប្រសាសន៍​ថា ការ​កោះ​ហៅ​ដើម​បណ្ដឹង​មក​ត​ទល់​ជាមួយ​ចុង​ចោទ​នៅ​ក្នុង​តុលាការ​គឺ​ជា​រឿង​ត្រឹមត្រូវ​បំផុត​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​តម្លាភាព និង​ឥរិយាបថ​ពិតប្រាកដ​នៃ​បំណង​របស់​ដើម​បណ្ដឹង ថា​តើ​ដើម​បណ្ដឹង​មិន​ចោទ ឬ​ចោទ​ប្រកាន់​យ៉ាង​ណា? ដើម្បី​ឲ្យ​ចុង​ចោទ​បាន​ស្ដាប់​ផ្ទាល់​ ហើយ​មាន​សិទ្ធិ​ឆ្លើយ​តប​នឹង​លោក​នាយករដ្ឋមន្ត្រី៖ «ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​សាលាឧទ្ធរណ៍​ដែរ នៅ​តែ​ច្រាន​ពាក្យ​សុំ​មិន​ព្រម​កោះហៅ​ដើម​បណ្ដឹង​មក​ត​ទល់​ជាមួយ​ចុង​ចម្លើយ​នៅ​តុលាការ។ គឺ​ការ​សម្រេច​បែប​នេះ​មិន​បាន​ផ្ដល់​ភាព​យុត្តិធម៌​ដោយ​ស្មើ​ភាព​គ្នា​ក្នុង​ការ​ត​ទល់​ក្ដី​ទេ។ អ៊ីចឹង​លោក គឹម សុខ ក៏​ដូច​រូប​ខ្ញុំ​ដែរ គឺ​មិន​អាច​មាន​សង្ឃឹម​ថា មាន​យុត្តិធម៌​ទេ ដរាបណា​មិន​កោះ​ហៅ​ដើម​បណ្ដឹង​មក​ត​ទល់​ជាមួយ​លោក គឹម សុខ នោះ»

​​​​​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ត្រូវ​បាន​តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ ចោទ​ប្រកាន់​តប​តាម​បណ្ដឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច។ បន្ទាប់​មក​លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ជា​ថ្ងៃ​ដែល​លោក គឹម សុខ ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ។

លោក គឹម សុខ ត្រូវ​លោក​នាយករដ្ឋមន្ត្រី​ប្ដឹង​ទៅ​តុលាការ ២​សំណុំ​រឿង​ផ្សេង​គ្នា។ បណ្ដឹង​ទី​១ លោក ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​កន្លះ​លាន​ដុល្លារ​អាមេរិក រឿង​លោក គឹម សុខ ថា គណបក្ស​ប្រជាជន​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​បណ្ឌិត កែម ឡី និង​បណ្ដឹង​ទី​២ លោក ហ៊ុន សែន ទាមទារ ១០​លាន​រៀល រឿង​លោក គឹម សុខ ថា រដ្ឋាភិបាល​បាន​រៀបចំ​ជា​ប្រព័ន្ធ​មួយ​ក្នុង​ការ​សម្លាប់​មនុស្ស​ក្នុង​នោះ​មាន​លោក​បណ្ឌិត កែម ឡី ផង។

លោក គឹម សុខ អះអាង​ថា ប្រសិន​បើ​តុលាការ​មិន​ព្រម​ឲ្យ​លោក ហ៊ុន សែន មក​ត​ទល់​នៅ​ក្នុង​តុលាការ​ទេ លោក​នឹង​ប្ដឹង​មន្ត្រី​តុលាការ​ពាក់ព័ន្ធ​ពី​បទ​ការ​អនុវត្ត​ច្បាប់​មិន​ស្មើ​ភាព​គ្នា។ ជុំវិញ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នេះ មិន​មែន​មាន​តែ​លោក គឹម សុខ ម្នាក់​ទេ ​ដែល​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹង ប៉ុន្តែ​ក៏​មាន​លោក សម រង្ស៊ី អតីត​មេ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកស្រី ថាក់ ឡានី សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​ប្រឆាំង​ដែរ ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​រស់នៅ​ដោយ​និរទេស​ខ្លួន ដើម្បី​គេច​ចេញ​ពី​ការ​ចាប់​ខ្លួន ព្រោះ​តែ​និយាយ​ចំ​ចំណុច​រសើប​នេះ៕​​​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក


នៅប្រទេសគេ អ្នកដើមចោទក្តី អ្នកចុងចោទក្តី បើមិនង្ហាញខ្លួននៅក្នុងបន្ទប់សវនាការ អ្នកនោះនៅត្រូវចាញ់ដោយស្វ័យប្រវត្តិ។ តែហ៊ុនសែនជាមនុស្សកំសាក។

Jun 29, 2017 09:41 PM

អ្នក​អាន​អនាមិក

បើប្រទេសខ្មែរមានសុទ្ធតែតុលាការបែបនេះ ធ្វើម្តេចមានយុត្តិធ៌មដល់ជនក្រីក្រ? តុលាការអាយ៉ង!

Jun 29, 2017 12:27 AM

អ្នក​អាន​អនាមិក

ពី Washington, DC

The arm force and Police will drop bomb/fire the Corrupted/Kanguru court as in Venezuela today (20170628) <==> Hey the idiot/kbot cheat Hun Sen can say why not others.. Freedom of speech!

Jun 28, 2017 01:24 PM

គេហទំព័រ​ទាំងមូល