លោក គឹម សុខ ថា​តុលាការ​ឃុំ​ខ្លួន​លោក​បណ្ដោះអាសន្ន​គឺ​ខុសច្បាប់​ទាំងស្រុង

ដោយ រ៉ាន់ សំណាង
2017-06-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Rann Samnang
លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Rann Samnang
RFA/Rann Samnang

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ថា នីតិវិធី​ដែល​តុលាការ​ក្រុង​ភ្នំពេញ ចេញ​សាលក្រម​សម្រេច​ឃុំ​ខ្លួន​លោក​បណ្ដោះអាសន្ន គឺ​ខុស​ច្បាប់​ទាំង​ស្រុង។ លោក​ថ្លែង​បែប​នេះ​នៅ​ពេល​តុលាការ​កំពូល​បើក​សវនាការ​បណ្ដឹង​ទាស់​ក្នុង​សំណុំរឿង​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មិថុនា។ ចំណែក​មេធាវី​ដើម​បណ្ដឹង តំណាង​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ថា នីតិវិធី​របស់​តុលាការ​គឺ​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​ច្បាប់ និង​តាម​ការ​ស្នើ​សុំ​ពី​មេធាវី​ដើម​បណ្ដឹង​ឲ្យ​ពន្លឿន​នីតិវិធី​នោះ​ឲ្យ​បាន​ឆាប់។ ទោះជា​យ៉ាង​ណា​ក៏ដោយ តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​លើ​រឿង​នេះ​នៅ​ចុង​ខែ​មិថុនា។

ថ្លែង​នៅ​ពី​មុខ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ក្នុង​បន្ទប់​សវនាការ​នៃ​តុលាការ​កំពូល និង​នៅ​ពីមុខ​មេធាវី​ទាំង​ដើម​បណ្ដឹង និង​ការពារ​ក្ដី​ឲ្យ​ខ្លួន លោក គឹម សុខ ស្នើ​សុំ​តុលាការ​កំពូល​ចេញ​សាលដីកា​បដិសេធ​មួយ​ដើម្បី​ច្រានចោល​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលដីកា​របស់​សាលាឧទ្ធរណ៍ ដែល​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​បណ្ដោះអាសន្ន​ជាង ៤​ខែ​មក​នេះ​ថា ធ្វើ​ផ្ទុយ​ពី​ច្បាប់​ដែល​មាន​ចែង​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។

អ្នក​វិភាគ​រូប​នេះ និយាយ​ដូច្នេះ ដោយ​លើក​ពី​ទិដ្ឋភាព​ផ្នែក​ច្បាប់​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ត្រង់​មាត្រា ២០៣ ថា ជា​គោលការណ៍​ជន​ត្រូវ​ចោទ​ត្រូវ​តែ​មាន​សេរីភាព។ ក្នុង​ករណី​ពិសេស ជន​ត្រូវ​ចោទ​អាច​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ក្នុង​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់។ ចំណែក​មាត្រា ២០៤ ចែង​ថា ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន អាច​អនុវត្ត​បាន​តែ​ក្នុង​ករណី​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម ដែល​ច្បាប់​កំណត់​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ស្មើ ឬ​លើស​ពី ១​ឆ្នាំ។

លោក គឹម សុខ ត្រូវ​បាន​តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ ចោទ​ប្រកាន់​តាម​បណ្ដឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច រួច​លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ។ មក​ដល់​ពេល​នេះ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នេះ​ហើយ កាល​ពី​អំឡុង​ខែ​មេសា ដើម្បី​រង់ចាំ​ថ្ងៃ​បើក​សវនាការ​លើ​អង្គសេចក្ដី។

តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ចេញ​ដីកា​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន ក្រោយ​ពី​ទទួល​ការ​ព្រមាន​ពី​លោក ហ៊ុន សែន។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចោទ​ប្រកាន់​ថា លោក គឹម សុខ និយាយ​ខុស​ពី​ការ​ពិត កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ដែល​ហ៊ាន​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​បាន​រៀបចំ​ជា​ប្រព័ន្ធ​ក្នុង​ការ​សម្លាប់​មនុស្ស ក្នុង​នោះ​មាន​លោក​បណ្ឌិត កែម ឡី ផង។

លោក ជូង ជូងី ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក គឹម សុខ លើក​ឡើង​ក្នុង​បន្ទប់​សវនាការ​តុលាការ​កំពូល​ថា មាន​មូលហេតុ​បី​ដែល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ អាច​សម្រេច​ឃុំ​ខ្លួន​កូនក្ដី​លោក​តាម​មាត្រា​២០៥។ មូលហេតុ​ទាំង​នោះ​មាន ទី​១ គឺ​ដើម្បី​បញ្ចប់​បទល្មើស ឬ​បង្ការ​បទល្មើស​កុំ​ឲ្យ​កើត​ជា​ថ្មី ទី​២ ដើម្បី​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី ហើយ​និង​ទី​៣ ដើម្បី​ធានា​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ កុំ​ឲ្យ​មានការ​ច្របូកច្របល់​ដែល​បណ្ដាល​មក​ពី​បទល្មើស។

ម្យ៉ាង​ទៀត លោក ជូង ជូងី ថា រយៈពេល​ទុក​ឲ្យ​កុន​ក្ដី​លោក គឺ​មាន​ពេល​ត្រឹមតែ ៤​ថ្ងៃ ក្រោយ​តុលាការ​ទទួល​ពាក្យបណ្ដឹង​ពី​លោក គី តិច នោះ​ជា​រយៈពេល​ខ្លី​ដែល​លោក គឹម សុខ មិន​អាច​រក​មេធាវី​មក​ការពារ​ក្ដី​បាន។

​លោក​មេធាវី ជូង ជូងី ថា មូលហេតុ​ទាំង​បី​នេះ ធ្វើ​ឡើង​ហាក់​ដូចជា​កូនក្ដី​លោក​មាន​ទោស​លើស​ពី ១​ឆ្នាំ​រួច​ជា​ស្រេច។ មេធាវី​រូប​នេះ​ថា ក្រោយ​ពី​លោក គឹម សុខ និយាយ​ជាមួយ​អាស៊ីសេរី គ្មាន​ឃើញ​ភាព​ចលាចល​ណា​មួយ​កើត​ឡើង​ដោយសារតែ​ការ​និយាយ​របស់​កូនក្ដី​លោក​នោះ​ទេ។

ទោះបីជា​មានការ​លើកឡើង​ទាំង​លោក ជូង ជូងី និង​លោក គឹម សុខ យ៉ាង​ណា​ក្ដី លោក គី តិច ជា​មេធាវី​ដើមបណ្ដឹង​តំណាង​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ក្រោយពី​លោក គឹម សុខ​និយាយ​ជាមួយ​វិទ្យុ​អាស៊ីសេរី ពិត​ជា​មាន​ចលាចល។

លោក គី តិច លើក​ឡើង​ថា លោក គឹម សុខ ដើរ​ចេញពី​វត្ត​ចាស់ មក​តុលាការ​ក្រុងភ្នំពេញ ដោយ​ប្រមូល​មនុស្ស​រាប់​រយ​នាក់ ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍ ហើយ​មិន​បាន​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ តាម​ពេល​កំណត់​នោះ​ទេ។ បន្ថែម​លើស​នេះ លោក គី តិច ថា ការ​និយាយ​របស់​លោក គឹម សុខ គឺ​មាន​ភាព​លម្អៀង​ទៅ​រក​បក្ស​ប្រឆាំង ហើយ​និយាយ​ទម្លាក់​កំហុស​ឲ្យ​បក្ស​កាន់​អំណាច។ ការ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​នោះ គឺ​ធ្វើ​ឲ្យ​ខូច​កិត្តិយស​ដល់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ជាហេតុ​ដែល​ប្រធាន​គណបក្ស​កាន់​អំណាច តម្រូវ​ឲ្យ​លោក​ដាក់​ពាក្យ​ប្ដឹង​លោក គឹម សុខ។

ចំណែក​ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​កំពូល លោក ឈួន ចន្ថា នៅ​តែ​ស្នើ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ និង​ស្របតាម​នីតិវិធី។​ក្រោយ​ពី​ស្ដាប់​ភាគី​ទាំង​សង​ខាង​លើក​ឡើង​ពី​អំណះអំណាង ឬ​សេចក្ដី​សំអាង​ហេតុ​ហើយ ប្រធាន​ចៅក្រម​ជំនុំជម្រះ លោក ឃឹម ពុន នឹង​ប្រកាស​សាលដីកា​លើ​បណ្ដឹង​សាទុក្ខ​របស់​លោក​មេធាវី ជូង ជូងី ប្ដឹង​សុំ​ប្រឆាំង​នឹង​សាលក្រម​សាលាដំបូង និង​សេចក្ដី​សម្រេច​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

One day we're gonna sue KITet go to court when we have a new government..,

Jun 10, 2017 07:24 AM

គេហទំព័រ​ទាំងមូល