លោក គឹម សុខ៖ ការ​សម្រេច​របស់​តុលាការ​កំពូល​ធ្វើ​ទៅ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន

ដោយ រ៉ាន់ សំណាង
2017.07.05
គឹម សុខ ហ៊ុន សែន ២០១៧ ៨៥៥ លោក គឹម សុខ (ឆ្វេង) អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA
RFA

តុលាការ​កំពូល សម្រេច​បដិសេធ​ចោល​បណ្ដឹង​សាទុក្ខ​ពីរ​ផ្សេង​គ្នា​របស់​មេធាវី ជូង ជូងី ក្នុង​សំណុំ​រឿង​លោក គឹម សុខ នៅ​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា ឆ្នាំ​២០១៧។ ចំពោះ​ការ​សម្រេច​របស់​តុលាការ​ជាន់​ខ្ពស់​នេះ អ្នក​វិភាគ​បញ្ហា​សង្គម​ដែល​កំពុង​ជាប់​ឃុំ​ថា ជា​ការ​សម្រេច​ និង​សម្រួល​ទៅ​តាម​ការ​ចង់​បាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។ ប៉ុន្តែ​មេធាវី​ដើម​បណ្ដឹង​យល់​ថា​ ការ​និយាយ​នេះ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។

ករណី​លោក គឹម សុខ​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាការ​ជាង ៤​ខែ​មក​នេះ​ត្រូវ​បាន​តុលាការ​កំពូល សម្រេច​ទាត់​ចោល​បណ្ដឹង​សាទុក្ខ​មេធាវី ជូង ជូងី ដែល​ស្នើ​សុំ​ឲ្យ​កូន​ក្ដី​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ អ្នកស្រី ឃឹម សត្ថាវី ជា​ចៅក្រម​កាត់​ក្ដី​រឿង​នេះ​យល់​ថា ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​មិន​អនុញ្ញាត​ឲ្យ​លោក​ គឹម សុខ នៅ​ក្រៅ​ឃុំ​នោះ គឺ​ត្រឹមត្រូវ​តាម​គតិ​ច្បាប់។ ប្រហែល​ជា ២០​នាទី​ក្រោយ​មក​ទៀត​ តុលាការ​កំពូល​ក៏​ប្រកាស​សាល​ដីកា​មួយ​ទៀត ករណី​លោក​ គឹម សុខ ដដែល។ នោះ​គឺ​ជា​សាលដីកា​ប្រកាស​ដោយ​ប្រធាន​ចៅក្រម​ជំនុំជម្រះ លោក សឹង្ហ បញ្ញាវុឌ្ឍ បដិសេធ​ចោល​បណ្ដឹង​សាទុក្ខ​របស់​មេធាវី ជូង ជូងី ​ដែល​ស្នើ​សុំ​ឲ្យ​បំពេញ​កិច្ច​កោះ​ហៅ​ដើម​បណ្ដឹង​មក​សួរ​ត​ទល់​គ្នា​ជាមួយ​ជន​ត្រូវ​ចោទ។ ដើមបណ្ដឹង​ក្នុង​រឿង​នេះ គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណែក​ជន​ត្រូវ​ចោទ គឺ​ជា​លោក គឹម សុខ។

ក្រោយ​ពី​ស្ដាប់​ការ​ប្រកាស​សាលដីកា ហើយ​ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​នាំ​ខ្លួន​ទៅ​គុក​ព្រៃ​ស​វិញ លោក គឹម សុខ​ និយាយ​ថា ការ​សម្រេច​របស់​តុលាការ​កំពូល​លើ​សំណុំ​រឿង​ទាំង​ពីរ​នេះ គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​រូប​លោក។ លោក​ហៅ​សាលដីកា​នោះ​ថា ជា​ការ​សម្រេច​ ហើយ​សម្រប​សម្រួល​ផ្លូវ​ច្បាប់​ទៅ​តាម​ការ​ចង់​បាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន តែ​ប៉ុណ្ណោះ។

ការ​លើក​ឡើង​របស់​​អ្នក​វិភាគ​រូប​នេះ ត្រូវ​បាន​មេធាវី​របស់​លោក ហ៊ុន សែន គឺ​លោក​ គី តិច​ យល់​ថា មិន​មែន​ជា​រឿង​ថ្មី​ទេ ដែល​លោក គឹម សុខ តែង​តែ​ចោទ​ថា ដើម​បណ្ដឹង​មាន​អំណាច​ មាន​ឥទ្ធិពល​បញ្ជា​ទៅ​តុលាការ ហើយ​តុលាការ​ធ្វើ​តាម​អំណាច​របស់​ដើម​បណ្ដឹង។ លោក គី តិច បញ្ជាក់​ថា បើ​លោក ហ៊ុន សែន ប្រើ​អំណាច​មក​លើ​ប្រព័ន្ធ​តុលាការ នោះ​ពុំ​ចាំ​បាច់​ពឹង​លោក​ជា​មេធាវី​ប្ដឹង​ទៅ​តុលាការ​នេះ​ទេ៖ «សម្ដេច​អត់​បាន​ប្រើ​សិទ្ធិ​និង​អំណាច​របស់​គាត់ ជា​ប្រធាន​គណបក្ស​ប្រជាជន អំណាច​ជា​ប្រមុខ​រដ្ឋាភិបាល​ទេ នៅ​ក្នុង​រឿង​នេះ។ សូម្បី​តែ​សម្ដេច​ចេញ​មក​ខ្លួន​ឯង ក៏​សម្ដេច​អត់​មក​ដែរ សម្ដេច គឺ​សម្ដេច​ប្រគល់​សិទ្ធិ​មក​ឲ្យ​ខ្ញុំ ដូច​ពលរដ្ឋ​សាមញ្ញ​ទូទៅ គឺ​ថា ពឹង​មេធាវី​ឲ្យ​ធ្វើ​បណ្ដឹង ធ្វើ​គ្រប់​នីតិវិធី​មក​តុលាការ»

ខណៈ​ឆ្នាំ​ពន្ធនាគារ​បណ្ដើរ​លោក គឹម សុខ ជាមួយ​ជន​ត្រូវ​ចោទ​ផ្សេង​ទៀត​ទៅ​រថយន្ត​ដឹក​​ទៅ​គុក​វិញ ប្អូន​ប្រុស​លោក គឹម សុខ គឺ​លោក គឹម សែង ដែល​ព្យាយាម​ហុច​បាយ​ទឹក​ឲ្យ​បង​របស់​ខ្លួន​ម្ដង​ជា​ពីរ​ដង​នោះ មិន​ត្រូវ​បាន​ឆ្នាំ​គុក​អនុញ្ញាត​ឲ្យ​ហុច​បាយ​ទឹក​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។