តុលាការ​នឹង​ប្រកាស​សាល​ដីកា​លោក គឹម សុខ សុំ​នៅ​ក្រៅ​ឃុំ​នៅ​ចុង​ខែ​មិថុនា

ដោយ រ៉ាន់ សំណាង
2017-06-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Rann Samnang
លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Rann Samnang
RFA/Rann Samnang

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ថា​នីតិវិធី​ដែល​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​សាលក្រម​សម្រេច​ឃុំ​ខ្លួន​លោក កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ គឺ​ខុស​ច្បាប់ ហើយ​ស្នើសុំ​តុលាការ​កំពូល ពិនិត្យ​មើល​លទ្ធភាព​ផ្នែក​ច្បាប់ ដើម្បី​ឲ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ចំណែក​មេធាវី​ដើម​បណ្ដឹង​តំណាង​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ ថា​នីតិវិធី​របស់​តុលាការ គឺ​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​ច្បាប់ និង​តាម​ការ​ស្នើសុំ​ពី​មេធាវី​ដើម​បណ្ដឹង ឲ្យ​ពន្លឿន​នីតិវិធី​នោះ​ឲ្យ​បាន​ឆាប់។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ តុលាការ​កំពូល នឹង​ប្រកាស​សាល​ដីកា​លើ​រឿង​នេះ​នៅ​ចុង​ខែ​មិថុនា។

ថ្លែង​នៅ​ក្នុង​បន្ទប់​សវនាការ​នៃ​តុលាការ​កំពូល លោក គឹម សុខ ថា​ការ​ឃុំ​ខ្លួន​លោក​ជាង ៤​ខែ​មក​នេះ គឺ​មិន​ធ្វើ​តាម​នីតិវិធី​នោះ​ទេ បែរ​ជា​ធ្វើ​តាម​បណ្ដឹង​របស់​មេធាវី​តំណាង​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ទៅ​វិញ ព្រោះ​មិន​ផ្ដល់​ពេលវេលា​សមស្រប​ណា​មួយ​ឲ្យ​លោក​រក​មេធាវី​ការពារ​ក្ដី​បាន។ លោក​ចោទ​ជា​សំណួរ​ថា តើ​នេះ​ជា​ការ​អនុវត្ត​ច្បាប់​ដោយ​ស្មើ​ភាព​គ្នា ឬ​ក៏​ជា​ការ​អនុវត្ត​ច្បាប់​ដើម្បី​ផ្គាប់​ចិត្ត​ដើម​បណ្ដឹង​ជា​នាយក​រដ្ឋមន្ត្រី?

ឈរ​និយាយ​បណ្ដើរ​ជាមួយ​នឹង​កាយវិការ​បណ្ដើរ​នៅ​ក្នុង​រង្វង់​ក្រចក​សេះ លោក គឹម សុខ ចោទ​ជា​សំណួរ​ថា តើ​ការ​និយាយ​ក្នុង​វិទ្យុ អាច​ចោទ​ថា​ជា​បទល្មើស ឬ​យ៉ាង​ណា? លោក គឹម សុខ នៅ​តែ​អះអាង​នៅ​មុខ​ចៅក្រម​ជំនុំ​ជម្រះ​ថា លោក​នឹង​មិន​រត់​ទៅ​ណា​នោះ​ទេ និង​ព្រម​អនុវត្ត​តាម​ចំណាត់ការ​ដែល​ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ ចំណុច​នេះ លោក គឹម សុខ លើក​ឡើង​ថា តុលាការ​អាច​បង្គាប់​ឲ្យ​លោក​ឈប់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន ឈប់​ចូលរួម​សិក្ខាសាលា​ធំៗ ឬ​ក៏​អាច​ឲ្យ​លោក​ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ណា​មួយ​ក្នុង​មួយ​ថ្ងៃ​ពីរ​ដង​ក៏​បាន ឬ​ក៏​ដាក់​មន្ត្រី​នគរបាល​តាមដាន​លោក​ក៏​បាន ប្រសើរ​ជាង​ដាក់​ឃុំ​ខ្លួន​លោក​ក្នុង​គុក ហើយ​រង់ចាំ​ថ្ងៃ​បើក​សវនាការ​ជំនុំ​ជម្រះ ដែល​នេះ​បំពាន​សេរីភាព​របស់​ជន​ត្រូវ​ចោទ។

ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ត្រង់​មាត្រា​២០៣ ថា​ជា​គោលការណ៍ ជន​ត្រូវ​ចោទ​ត្រូវ​តែ​មាន​សេរីភាព។ ក្នុង​ករណី​ពិសេស ជន​ត្រូវ​ចោទ​អាច​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ក្នុង​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់។ ចំណែក​មាត្រា​២០៤ ចែង​ថា ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​អាច​អនុវត្ត​បាន​តែ​ក្នុង​ករណី​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ដែល​ច្បាប់​កំណត់​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ស្មើ ឬ​លើស​ពី ១​ឆ្នាំ។ ត្រង់​មាត្រា​ច្បាប់​នេះ លោក ជូង ជូងី ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក គឹម សុខ យល់​ឃើញ​ថា មិន​មាន​ចំណុច​ពិសេស​ណា​មួយ​ដែល​ត្រូវ​ឃុំ​ខ្លួន​កូន​ក្ដី​លោក​នៅ​ក្នុង​គុក​ទៀត​ទេ ឬ​ក៏​ពិសេស​ត្រង់​ថា ដើម​បណ្ដឹង​ជា​នាយក​រដ្ឋមន្ត្រី។

មេធាវី​រូប​នេះ ថា​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បិទ​បញ្ចប់​ការ​ស៊ើបសួរ​សំណុំ​រឿង​នេះ​ហើយ តែ​មិន​ទាន់​កំណត់​ថ្ងៃ​បើក​សវនាការ​នៅ​ឡើយ។ ហេតុ​នេះ លោក ជូង ជូងី ស្នើសុំ​ឲ្យ​តុលាការ​កំពូល ពិនិត្យ​លទ្ធភាព​ផ្នែក​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​លោក គឹម សុខ បាន​នៅ​ក្រៅ​ឃុំ ព្រោះ​ថា​សមភាព​កម្លាំង​តទល់​គ្នា​មុខ​ច្បាប់​រវាង​លោក ហ៊ុន សែន និង​លោក គឹម សុខ គឺ​ប្រៀប​បាន​ដំរី​ជល់​នឹង​ស្រមោច។ ក្រៅ​ពី​នេះ លោក ជូង ជូងី ថា​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​លោក គឹម សុខ នៅ​ក្នុង​ពន្ធនាគារ សូម្បី​តែ​សៀវភៅ​អាន និង​សៀវភៅ​ដែល​លោក​សរសេរ​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ ត្រូវ​ឆ្មាំ​ពន្ធនាគារ​ដក​យក​ចេញ ហើយ​មិន​ទាន់​ប្រគល់​ឲ្យ​លោក គឹម សុខ វិញ​នៅ​ឡើយ៖ «តាម​ការ​លើក​ឡើង​របស់​លោក គឹម សុខ ថា​មូលហេតុ​ដែល​គេ​ដក​សៀវភៅ មក​ពី​គាត់​សរសេរ​ពាក់ព័ន្ធ​នឹង​សម្ដេច ហ៊ុន សែន។ ប៉ុន្តែ​លោក គឹម សុខ អះអាង​ថា សម្ដេច ហ៊ុន សែន ជា​អ្នក​ប្ដឹង​គាត់ អ៊ីចឹង​បើ​មិន​ឲ្យ​គាត់​កត់ត្រា​ពី​សម្ដេច ហ៊ុន សែន ចឹង​ឲ្យ​គាត់​កត់ត្រា​ពី​អ្នក​ណា? ចឹង​ក្នុង​ន័យ​ថា សៀវភៅ​កត់ត្រា​របស់​គាត់ គឺ​កត់ត្រា​សម្ដេច ហ៊ុន សែន ដែល​ប្ដឹង​គាត់ ហើយ​សៀវភៅ​ដែល​គាត់​អាន​ពាក់ព័ន្ធ​នឹង​នយោបាយ និង​សង្គម។ គាត់​អាន​ដើម្បី​បង្កើន​ចំណេះ»

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ លោក គី តិច ជា​មេធាវី​ដើម​បណ្ដឹង​តំណាង​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និយាយ​ថា បើ​សិន​ជា​លោក​នាយក​រដ្ឋមន្ត្រី​មាន​អំណាច​លើ​តុលាការ​នោះ លោក ហ៊ុន សែន ពុំ​ចាំបាច់​ពឹង​រូប​លោក​ជា​មេធាវី​ដាក់​ពាក្យ​ប្ដឹង​លោក គឹម សុខ នោះ​ទេ ពេល​នោះ​ប្រហែល​ជា​លោក គឹម សុខ អាច​ត្រូវ​ចាប់​ខ្លួន​ភ្លាម។

លោក គី តិច ថា​ការ​និយាយ​របស់​លោក គឹម សុខ គឺ​មាន​ភាព​លម្អៀង​ទៅ​រក​បក្ស​ប្រឆាំង ហើយ​និយាយ​ទម្លាក់​កំហុស​ឲ្យ​បក្ស​កាន់​អំណាច ដែល​ធ្វើ​ឲ្យ​ខូច​កិត្តិយស​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ហេតុ​នាំ​ឲ្យ​លោក ហ៊ុន សែន តម្រូវ​ឲ្យ​លោក​ដាក់​ពាក្យ​ប្ដឹង​លោក គឹម សុខ។

លោក គី តិច លើក​ឡើង​នៅ​មុខ​តុលាការ​ថា ក្រោយ​ពី​លោក គឹម សុខ និយាយ​ជាមួយ​វិទ្យុ​អាស៊ីសេរី ពិត​ជា​មាន​ចលាចល​នៅ​ពេល​លោក គឹម សុខ ដើរ​ចេញ​ពី​វត្ត​ចាស់ មក​បំភ្លឺ​តុលាការ​ក្រុង​ភ្នំពេញ​មិន​តាម​ពេល​កំណត់។ លោក គី តិច ថា​ពេល​នោះ លោក គឹម សុខ ដើរ​ប្រមែប្រមូល​មនុស្ស​រាប់​ពាន់​នាក់​បង្កើត​ចលាចល ដើរ​ស្រែក​ជេរ​ដើម​បណ្ដឹង រដ្ឋាភិបាល និង​តុលាការ​ទៀត​ផង។ មេធាវី​តំណាង​ឲ្យ​លោក ហ៊ុន សែន យល់​ថា បើ​លោក គឹម សុខ ចូល​ទៅ​បំភ្លឺ​តុលាការ​ជាមួយ​នឹង​មេធាវី​ម្នាក់​ទៀត ប្រហែល​ជា​គ្មាន​ការ​ឃុំ​ខ្លួន​ទេ។

ទោះ​ជា​យ៉ាង​ណា នៅ​ថ្ងៃ​ដែល​លោក គឹម សុខ ដើរ​ពី​វត្ត​ចាស់ ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ​នោះ អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ក៏​បាន​ដើរ​តាម​យក​ព័ត៌មាន​ពី​ព្រឹត្តិការណ៍​នោះ​ដែរ។ នៅ​ពេល​នោះ អ្នក​យក​ព័ត៌មាន​យើង​មិន​បាន​ឃើញ​លោក គឹម សុខ ដើរ​ប្រកូកប្រកាស​មនុស្ស​ឲ្យ​មក​ចូលរួម​ដើរ​ជាមួយ​លោក​ទេ ហើយ​មនុស្ស​ដែល​ដើរ​មក​ចូលរួម​ដោយ​ខ្លួន​ឯង​ជាមួយ​លោក គឹម សុខ នោះ ក៏​មិន​មាន​ការ​ស្រែក​ជេរ​អ្វី​ដូច​ការ​អះអាង​របស់​លោក​មេធាវី គី តិច ដែរ។

ចំណែក​ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​កំពូល លោក ឈួន ចន្ថា នៅ​តែ​ស្នើសុំ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ឃុំ​ខ្លួន​លោក គឹម សុខ បន្ត​ទៀត ដោយ​លោក​អះអាង​ថា ការ​សម្រេច​របស់​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ គឺ​ស្រប​តាម​នីតិវិធី។

ជុំវិញ​សំណុំ​រឿង​នេះ ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល អ្នកស្រី គឹម សុត្ថាវី នឹង​ប្រកាស​សាល​ដីកា​លើ​បណ្ដឹង​សាទុក្ខ​ករណី​លោក គឹម សុខ សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល