"ពលរដ្ឋ​​ខែត្រ​ក្រចេះ​ជាង​៥០០​គ្រួសារ​មិន​ទាន់​ទទួល​យុត្តិធម៌​ពី​រឿង​ប្ដឹង​ឧកញ៉ា​២​រូប"

ដោយ អាស៊ីសេរី
2017-11-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។
មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម​អាដហុក (ADHOC) ឲ្យ​ដឹង​ថា តុលាការ​ខែត្រ​ក្រចេះ មិន​ទាន់​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ ៥៤៥​គ្រួសារ ដែល​ប្ដឹង​ឧកញ៉ា​ពីរ​រូប​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ​ជា​សម្បត្តិ​សាធារណៈ​ជាង ៣​ពាន់​ហិកតារ ឋិត​នៅ​ឃុំ​ឫស្សីកែវ ស្រុក​ព្រែកប្រសប់ ខែត្រ​ក្រចេះ។ មន្ត្រី​សង្គម​ស៊ីវិល​មាន​សង្ឃឹម​តិចតួច​ណាស់​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ។

មន្ត្រី​អាដហុក មួយ​រូប​ដែល​ជា​ដើម​បណ្ដឹង​ក្នុង​រឿង​ប្ដឹង​ឧកញ៉ា​ពីរ​រូប​ដែល​មាន​ឈ្មោះ ប៊ុត ប៊ុនអេង ហៅ អេង និង​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ប្ដេជ្ញា​ថា នឹង​នៅ​ប្រកាន់​ជំហរ​ទាមទារ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ជាង ៥០០​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​បាត់បង់​ដី​ព្រៃ​ជាង ៣​ពាន់​ហិកតារ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ដែល​ជា​ដើម​បណ្ដឹង​សំណុំ​រឿង​នេះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ថា សំណុំ​រឿង​នេះ​កំពុង​ឋិត​ក្នុង​ការ​ស៊ើបអង្កេត​របស់​ចៅក្រម​ស៊ើបសួរ​នៅ​ឡើយ ហើយ​តំណាង​អយ្យកា​ខែត្រ​ក្រចេះ ធ្លាប់​​កោះ​ហៅ​ឧកញ៉ា​ឈ្មោះ ប៊ុត ប៊ុនអេង ហៅ អេង និង​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ឲ្យ​ស្រាយ​បំភ្លឺ ក៏ប៉ុន្តែ​ឧកញ៉ា​ទាំង​នោះ​បាន​បញ្ជូន​មេធាវី​ឲ្យ​ឆ្លើយ​ជំនួស។ លោក​ថា ការ​មិន​ចូលខ្លួន​ទៅ​ស្រាយ​បំភ្លឺ​របស់​ឧកញ៉ា​ទាំង​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​នោះ​ទេ ហើយ​ការ​បញ្ជូន​មេធាវី​ឲ្យ​ឆ្លើយ​ជំនួស​ក្នុង​សំណុំរឿង​បទល្មើស​ឧក្រិដ្ឋ​ក៏​ជា​ករណី​ខុស​នីតិវិធី​ដែរ៖ «ទោះបីជា​មាន​ការ​ប្រកាស​ចង្អុល​បង្ហាញ​ពី​ថ្នាក់ដឹកនាំ​ប្រទេស​ថា ឈ្មោះ​នេះ​ឈ្មោះ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ តែ​មិន​ទាន់​ឃើញ​ស្ថាប័ន​តុលាការ​នាំ​ខ្លួន​មក​ឃុំ​ខ្លួន​នៅ​ឡើយ​ទេ»

លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែម​ថា តំណាង​អយ្យការ​ខែត្រ​ក្រចេះ បាន​បញ្ជាក់​ថា ដី​ដែល​ឧកញ៉ា​ទាំង​នោះ​គ្រប់គ្រង​ជាង ៣​ពាន់​ហិកតារ មាន​ប្លង់​កម្មសិទ្ធិ ឬ​ប្លង់​រឹង​រួច​ហើយ ហេតុ​នេះ​សហគមន៍​ទាមទារ​ឲ្យ​តំណាង​អយ្យការ​ស៊ើប​អង្កេត​ពី​ភាព​ស្របច្បាប់​នៃ​ប្លង់​កម្មសិទ្ធិ​នោះ។ លោក​ចាត់​ទុក​ការ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​គឺ​ជា​រូបភាព​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ព្រោះ​ទំហំ​ដី​ជាង ៣​ពាន់​ហិកតារ​នោះ​ជា​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ដែល​ស្ថាប័ន​ជំនាញ​មិន​ទាន់​ធ្វើ​អនុប្រយោគ​នោះ​ទេ៖ «ព្រោះ​ដី​ព្រៃ​នេះ​មាន​នៅ​ក្នុង​បញ្ជី​ឃុំ​ឫស្សីកែវ មាន​ន័យ​ថា រដ្ឋ​មិន​ទាន់​ធ្វើ​អនុប្រយោគ​ដី​នេះ​ជា​ដី​ឯកជន​របស់​រដ្ឋ ដើម្បី​ផ្ដល់​ជា​សម្បទាន​ទៅ​ឲ្យ​អ្នក​ណា​ទេ ហេតុ​អី​បាន​ជា​មាន​ប័ណ្ណ»

កាល​ពី​ដើម​ឆ្នាំ​២០១៦ ពលរដ្ឋ​រស់​នៅ​ឃុំ​ឫស្សីកែវ ស្រុក​ព្រែកប្រសប់ ខែត្រ​ក្រចេះ ចំនួន ៥៤៥​គ្រួសារ បាន​ផ្ដិតមេដៃ​ប្ដឹង​ឧកញ៉ា ២​រូប និង​អ្នក​មាន​អំណាច​មួយ​ចំនួន​ពី​បទ​កាប់​រាន​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ទៅ​សាលាដំបូង​ខែត្រ​ក្រចេះ។ ពលរដ្ឋ​ទាមទារ​ឲ្យ​ឧកញ៉ា​ទាំង​នោះ និង​អ្នក​ពាក់ព័ន្ធ​ទទួល​ខុសត្រូវ​ការ​បាត់បង់​តំបន់​ព្រៃស្រោង​ជាង ៣​ពាន់​ហិកតារ។

តំណាង​ពលរដ្ឋ​រស់​នៅ​ឃុំ​ឫស្សីកែវ លោក អិប វេងអៀ ធ្លាប់​បញ្ជាក់​ថា តំបន់​ព្រៃស្រោង​មាន​ទំហំ​ជាង ៣​ពាន់​ហិកតារ (៣.២១០​ហិកតារ) និង​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ផ្សេង​ទៀត​ឋិត​នៅ​តំបន់​អូរ​ស្ទឹងឡា នៃ​ឃុំ​ឫស្សីកែវ និង​ឃុំ​សោប ត្រូវ​បាន​ឧកញ៉ា អេង និង​ឧកញ៉ា ខ្នា ព្រម​ទាំង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​បាន​រំលោភ​បំពាន​ដោយ​ខុសច្បាប់​តាំង​ពី​ឆ្នាំ​២០០៨។ លោក​ថា ពលរដ្ឋ​សោកស្ដាយ​យ៉ាង​ខ្លាំង​ពី​ការ​បាត់បង់​ព្រៃស្រោង​នោះ ដែល​គ្រប់គ្រង​ដោយ​អ្នក​មាន​ឥទ្ធិពល​បង្ក​ឲ្យ​ប៉ះពាល់​មុខរបរ​ចិញ្ចឹម​ជីវិត​អ្នក​ភូមិ​ធ្ងន់ធ្ងរ​ដែល​ធ្លាប់​ប្រមូល​អនុផល​ព្រៃឈើ៖ «តំបន់​ព្រៃស្រោង​ជា​អនុផល​ព្រៃឈើ​ដែល​មាន​ពលរដ្ឋ​ទៅ​អាស្រ័យផល ឥឡូវ​គេ​កាប់​បំផ្លាញ​អស់​ទៅ គេ​យក​ដី​ហ្នឹង​ធ្វើ​ជា​កម្មសិទ្ធិ ពេល​ដែល​យើង​ទៅ​យក​ឧស​ត្រូវ​កាប់​លើ​ដី​ចម្ការ​របស់​គេ​វា​ពិបាក​ទាំង​យក​អា​កម្ទេច​ឈើ​ដែល​គេ​កាប់​ចោល​ហ្នឹង»

មេ​ឃុំ​ឫស្សីកែវ លោក ម៉ែន អុក ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ថា ព្រៃ​នៅ​តំបន់​នោះ​ពិត​ជា​រង​ការ​កាប់​រាន​ទ្រង់ទ្រាយ​ធំ​ពី​ពលរដ្ឋ​ចំណូល​ថ្មី និង​ឧកញ៉ា​មួយ​ចំនួន​តាំង​ពី​ឆ្នាំ​២០០៨ ហើយ​មក​ទល់​ពេល​នេះ​ ​នៅ​តំបន់​នោះ​មាន​ការ​គ្រប់គ្រង និង​លក់​ដោះដូរ​កើត​មាន​ជា​ច្រើន​ប្រភព រួម​មាន​ពលរដ្ឋ​ចំណាកស្រុក និង​ពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​នាំ​គ្នា​ដាំ​ដំណាំ​កៅស៊ូ ស្វាយចន្ទី និង​ដំឡូង​មី​អស់​ទាំង​ស្រុង​ហើយ ពុំ​មាន​សេសសល់​ព្រៃឈើ​នោះ​ទេ។ លោក​ថា ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ពុំ​ជាប់​ពាក់ព័ន្ធ​ដី​ព្រៃ​នៅ​តំបន់​នោះ​ទេ៖ «ដី​ហ្នឹង​ពលរដ្ឋ​មក​ពី​ខែត្រ​កំពង់ចាម ខ្លះ និង​មក​ពី​ខែត្រ​ត្បូងឃ្មុំ ខ្លះ ពាក់ព័ន្ធ​ដី​ឧកញ៉ា លឹម ប៊ុណ្ណា ខ្ញុំ​ទៅ​ហើយ នៅ​ព្រំប្រទល់​ដី​គាត់ និង​ដី​នៅ​ឃុំ​សោប នៅ​ជាង ១០០​ម៉ែត្រ»

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង ក៏​មាន​សង្ឃឹម​តិច​ណាស់​ថា តុលាការ​រក​យុត្តិធម៌​សំណុំ​រឿង​នេះ​ជូន​ពលរដ្ឋ ព្រោះ​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ​គឺ​ជា​អ្នក​មាន​ឥទ្ធិពល។ លោក​កត់សម្គាល់​ថា ច្រើន​ករណី​ណាស់​មក​ហើយ​ដែល​អ្នក​មាន​ឥទ្ធិពល​ច្រើន​តែ​នៅ​ក្រៅ​សំណាញ់​ច្បាប់​ដែល​តុលាការ​មិន​ហ៊ាន​ចាត់​វិធានការ បើ​ទោះ​បី​ជា​រក​ឃើញ​ថា ឧកញ៉ា និង​អ្នក​មាន​អំណាច​ទាំង​នោះ​បាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ក្ដី៖ «មាន​ភស្តុតាង​ជា​សាធារណៈ​យ៉ាង​ណា​ក៏ដោយ ក៏​តុលាការ​ព្យាយាម​សម្រួល​មធ្យោបាយ​ដល់​អ្នក​មាន និង​ឧកញ៉ា​ទាំង​នោះ​នៅ​ក្រៅ​ពី​សំណាញ់​ច្បាប់​រហូត»

កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦ មន្ត្រី​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​ខែត្រ​ក្រចេះ ពេញ​មួយ​ព្រឹក ក្នុង​នាម​ជា​ដើម​បណ្ដឹង​ដោយ​បញ្ជាក់​ថា អ្នកភូមិ​មាន​ភស្តុតាង​ជាក់លាក់​ដែល​បញ្ជាក់​ថា ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ស្រោង​ជាង ៣​ពាន់​ហិកតារ  ជាប់​ពាក់ព័ន្ធ​ឧកញ៉ា​ចំនួន​ពីរ​រូប​នោះ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។ លោក​ថា សហគមន៍​ទាមទារ​ដី​ព្រៃ​ស្រោង​ទាំង​នោះ​ជា​សម្បត្តិ​រដ្ឋ​វិញ ហើយ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​សង​សំណង​ការ​ខូចខាត​ព្រៃឈើ​នៅ​តំបន់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល