តុលាការ​ខេត្ត​បាត់ដំបង​កោះ​ហៅ​សកម្មជន​ដីធ្លី​សាកសួរ​រឿង​ប្រើ​ហិង្សា

ដោយ ម៉ម មុនីរតន៍
2014.09.15
សកម្មជន​ដី នៅ ចំរ៉ុង ៦២០ លោក នៅ ចំរ៉ុង ជន​សង្ស័យ​ក្នុង​សំណុំរឿង​ការ​ប្រើ​ហិង្សា​នៅ​ឃុំ​បឹងប្រាំង ថ្លែង​ក្រោយ​ចេញ​ពី​បន្ទប់​សាកសួរ​របស់​តុលាការ​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា ២០១៤។
RFA/Morm Moniroth

នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​​ខេត្ត​បាត់ដំបង បាន​កោះ​ហៅ​ឲ្យ​សកម្មជន​ដីធ្លី​ម្នាក់​ក្នុង​​ចំណោម ៩​នាក់ ពាក់ព័ន្ធ​សំណុំ​រឿង​នៅ​ឃុំ​បឹងប្រាំ ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ។ បន្ទាប់​ពី​ចំណាយ​ពេល​សាកសួរ​អស់​ជា​ច្រើន​ម៉ោង​រួច​មក សកម្មជន​ដីធ្លី​ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។

ប្រជាពលរដ្ឋ​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា និង​ប្រព្រឹត្ត​ហិង្សា​ទៅ​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ចាត់​ទុក​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​នៅ​ពេល​នេះ ថា គឺ​ជា​ប្រឆាំង​ទៅ​នឹង​ភាព​ត្រឹមត្រូវ​របស់​ពួក​គេ និង​ជា​ការ​គំរាម​សិទ្ធិ​សេរីភាព​ក្នុង​ការ​តវ៉ា​ដែល​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​មួយ​ដ៏​ពិត​ប្រាកដ​ក្នុង​រឿង​ដីធ្លី។

ក្រោយ​ចេញ​ពី​បន្ទប់​សាកសួរ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា លោក នៅ ចំរ៉ុង ឲ្យ​​ដឹង​ថា ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​រូបលោក ព្រម​ទាំង​សកម្មជន​ដីធ្លី ៨​នាក់​ផ្សេង​ទៀត ពុំ​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​បញ្ជាក់​ថា បើ​ចំពោះ​រូប​លោក​វិញ ក្នុង​ថ្ងៃ​កើត​ហេតុ គឺ​រូប​លោក​ពុំ​បាន​ស្ថិត​នៅ​ក្នុង​ព្រឹត្តិការណ៍​ឡើយ ពោល​គឺ​លោក​បាន​ចេញ​ទៅ​ប្រកប​មុខរបរ​នៅ​ស្រុក​ផ្សេង​ទៅ​វិញ។

បើ​ទោះ​ជា​បែប​ណា លោក នៅ ចំរ៉ុង ចាត់​ទុក​ថា ហេតុផល​ដែល​ជំរុញ​សំណុំរឿង​នេះ​ចូល​ដល់​ដៃ​តុលាការ គឺ​ជា​ផ្នែក​មួយ​គាបសង្កត់ និង​បំបិទ​សិទ្ធិ​សេរីភាព​របស់​អ្នក​តវ៉ា​ក្នុង​រឿង​ដីធ្លី​ប៉ុណ្ណោះ៖ «តាម​ការ​​ពិត​ខ្ញុំ​មិន​ដែល​បាន​ទៅ​នៅ​ជិត​អី​រឿង​​ភូមិ​អូរ​ឫស្សី​ហ្នឹង​ទេ។ខ្ញុំ​នៅ​​ភូមិ​បឹងពពូល​ឯណេះ។ ដី​ខ្ញុំ​នៅ​ឯ​ណេះ។ ខ្ញុំ​មិន​ដែល​ស្គាល់​ភូមិ​អូរឫស្សី​ហ្នឹង​ទេ ព្រោះ​ដី​ខ្ញុំ​មិន​មែន​នៅ​ភូមិ​អូរឫស្សី​ផង ធ្វើ​ម៉េច​ឲ្យ​ខ្ញុំ​ទៅ​ស្គាល់​ភូមិ​អូរឫស្សី​ហ្នឹង? ហើយ​ឈ្មោះ​ដែល​ចោទ​ខ្ញុំ​ថា ទៅ​ទាត់ ខ្ញុំ​ទៅ​វ៉ៃ ខ្ញុំ​ថា​ខ្ញុំ​មិន​​ដឹង ខ្ញុំ​មិន​ស្គាល់»

សាក្សី​ការពារ​ឲ្យ​លោក នៅ ចំរ៉ុង មួយ​រូប​ដែល​ចូល​ឆ្លើយ​បំភ្លឺ​នៅ​បន្ទប់​សាកសួរ និង ជា​ជន​ជាប់​ចោទ​ក្នុង​សំណុំរឿង​ដូច​គ្នា​នេះ​ដែរ ដែល​នឹង​ចូល​ខ្លួន​តាម​​ដីកា​របស់​តុលាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ខាង​មុខ​ដែរ​នោះ​និយាយ​ថា ដំណើរ​ការ​សាកសួរ​របស់​លោក​ចៅក្រុម លិ សុខា ធ្វើ​ឡើង​ដោយ​តម្លាភាព និង​សុក្រឹត​តាម​វិជ្ជាជីវៈ។

ទិដ្ឋភាព​ទូទៅ​នៅ​ខាង​មុខ​តុលាការ​ឯណេះ​វិញ គឺ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៤០​នាក់​បាន​ប្រមូលផ្ដុំ​គ្នា ដើម្បី​គាំទ្រ និង​លើក​ទឹកចិត្ត​ចំពោះ​អ្នក​ដែល​ត្រូវ​ជាប់​បណ្ដឹង​នៅ​​តុលាការ។ ក្រុម​អ្នក​ភូមិ​ព្រមាន​ថា បើ​សកម្ម​របស់​ពួក​គេ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន ក្រោយ​ពី​សាកសួរ​រួច បាតុកម្ម​ប្រឆាំង​ចំណាត់​ការ​នេះ​នឹង​ផ្ទុះ​ឡើង​ភ្លាម​ដែរ។

ចំណែក​កម្លាំង​មាន​សមត្ថកិច្ច​របស់អាជ្ញាធរ​វិញ សង្កេត​ឃើញ​ថា ក៏​មាន​មួយ​ចំនួន​ដែរ បន្ត​ឃ្លាំមើល​ពី​សកម្មភាព​របស់​អ្នក​ភូមិ ប៉ុន្តែ​​មិន​បង្ក្រាប​ណា​មួយ​នោះ​ទេ។

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​បាត់ដំបង លោក លិ សុខា ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​លោក​សម្រេច​មិន​ឃុំ​ខ្លួន​លើ​ជន​សង្ស័យ ហើយ​កំពុង​បំពេញ​នីតិវិធី​មួយ​ចំនួន មុន​នឹង​អនុញ្ញាត​ឲ្យ​សកម្មជន​ដីធ្លី​ក្នុង​ឃុំ​បឹងប្រាំ បាន​វិល​ត្រឡប់​​ទៅ​លំនៅ​ឋាន​វិញ។ ទោះ​ជា​បែប​ណា​លោក​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​ដើម​បណ្ដឹង​ក្នុង​សំណុំរឿង​នេះ​ឡើយ ដោយ​លោក​អះអាង​ថា លោក​មាន​ពេលវេលា​តិចតួច ដើម្បី​ពន្លឿន​កិច្ចការ​នេះ​ឲ្យ​បាន​ឆាប់​សម្រាប់​ជនសង្ស័យ​អាច​មាន​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ។

លោក​បន្ត​ថា៖ «ខ្ញុំ​សួរ​រួច​ហើយ ខ្ញុំ​សម្រេច​មិន​ឃុំ​ខ្លួន។ ខ្ញុំ​កំពុង​តែ​​ធ្វើ​ដីកា ជិត​ចប់​ហើយ។ដើម​បណ្ដឹង ៣​នាក់ មាន​ជាប់​បណ្ដឹង​៨​ដីកា ព្រោះ​អី​គាត់​នៅ​ឆ្ងាយ​ផង ខ្លាច​គាត់​​ទៅ​ផ្ទះ​មិន​ទាន់»

នៅ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​បំភ្លឺ គ្រាន់​តែ​បាន​ដាក់​ពី​កាលបរិច្ឆេទ​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​អំឡុង ថ្ងៃ​ទី​១៣ ដល់ ២០ ខែ​មិថុនា ឆ្នាំ​២០១៤។ ចំណែក​ទីតាំង​កើត​ហេតុ នៅ​ក្នុង​ភូមិ​អូរឫស្សី ឃុំ​បឹង​ប្រាំ​ស្រុក​បវេល ខេត្ត​បាត់ដំបង។ យ៉ាង​ណា​ក្រុម​អ្នក​ភូមិ​ដាក់​ការ​សង្ស័យ​ថា សំណុំរឿង​នេះ​ទំនង​មាន​ជាប់ពាក់ព័ន្ធ​នឹង​មេឃុំ​បឹងប្រាំ លោក ឈា នី។

បុគ្គលិក​ផ្នែក​អង្កេត​នៃ​អង្គការ លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង លោក ហេង សាយហុង និយាយ​ថា ប្រព័ន្ធ​តុលាការ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ លោក​មើល​ឃើញ​​ថា ហាក់​មាន​ការវិវឌ្ឍន៍​មក​រក​ភាព​ប្រសើរ​បន្តិច ក្នុង​វិជ្ជាជីវៈ​របស់​ខ្លួន។ លោក​បន្ត​ថា មាន​សំណុំរឿង​ជា​ច្រើន​ករណី​ដែល​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី ក្រោយ​ពី​សាកសួរ​រួច​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ដូច​នៅ​ពេល​​នេះ​ដែរ។

លោក​និយាយ​ទៀត​ថា ផ្ទុយ​ទៅ​​វិញ ពី​មុន​មិន​ដូច្នេះ​ឡើយ បើ​ទោះ​ជា​សំណុំរឿង​អ្វី​ក៏ដោយ ក្រោយ​បញ្ចប់​នីតិវិធី​សាកសួរ​ហើយ តុលាការ​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​តែម្ដង៖ «ឥឡូវ​នេះ​ឃើញ​​មាន​ស្ថានភាព​តុលាការ​ឃើញ​មាន​ការ​ល្អ​ប្រសើរ​ច្រើន។ ឃើញ​ថា គាត់​ហៅ​មក​បំពេញ​នីតិវិធី​នៅ​ក្នុង​កិច្ច​ការងារ​គាត់​ហើយ។ គាត់​មើល​ឃើញ​រឿង​ហ្នឹង​វា​ជា​ហេតុផល​រឿង​ដីធ្លី អ៊ីចឹង​ទៅ​គាត់​ដាក់​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ គឺ​វា​អាច​វា​ប្រសើរ​មួយ អាច​ជន​ជាប់​ចោទ ឬ​ជន​ដែល​សង្ស័យ​នោះ​គាត់​មាន ​លទ្ធភាព​នៅ​ក្នុង​ការ​រកស៊ី​ចិញ្ចឹម​ជីវិត»

នៅ​ក្នុង​សំណុំរឿង​នេះ មាន​សកម្មជន​ដីធ្លី​ចំនួន ៩​នាក់ នៃ​ឃុំ​បឹងប្រាំ ត្រូវ​ជាប់​បណ្ដឹង​នៅ​តុលាការ។ ក្នុង​ចំណោម​នោះ មាន ២​នាក់ កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ ក្រោម​បទ​ចោទ​ប្រកាន់​ក្នុង​សំណុំរឿង​ដូច​គ្នា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។