តុលាការខេត្តបាត់ដំបង បានចាប់ខ្លួនអ្នកភូមិពីរនាក់ប្ដីប្រពន្ធ ដោយចោទប្រកាន់ពីបទប៉ះពាល់កម្មសិទ្ធិអ្នកដទៃនៅលើដីស្រែមានទំនាស់ទំហំ ១០ហិកតារ ស្ថិតនៅស្រុកបវេល ខេត្តបាត់ដំបង។ បច្ចុប្បន្ន អ្នកភូមិទាំងពីរនាក់ប្ដីប្រពន្ធត្រូវបានគេបញ្ជូនទៅឲ្យតំណាងអយ្យការសាលាដំបូងខេត្តបាត់ដំបង ធ្វើការសាកសួរ។
ជនជាប់ចោទទាំងពីរនាក់មានឈ្មោះ គិត ផែន ត្រូវជាប្ដី និងឈ្មោះ ឡាច ស្ដើង ត្រូវជាប្រពន្ធ ត្រូវបានកងកម្លាំងសមត្ថកិច្ច ប៉ូលិស ប៉េអិម ជិត ១០នាក់ ចុះទៅចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា នៅក្នុងផ្ទះស្ថិតនៅភូមិដូនអោក ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ លោកស្រី ឡាច ស្ដើង ថ្លែងនៅថ្ងៃទី១៩ ខែកញ្ញា ថា សមត្ថកិច្ចបានចាប់ខ្លួនលោកស្រី និងប្ដី ក្រោយពីគាត់ខកខានពុំបានចូលខ្លួនទៅតាមដីកាកោះរបស់តុលាការចំនួនបីលើករួចមក។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទង លោក តូច សុភក្តី ជាព្រះរាជអាជ្ញារងតុលាការខេត្តបាត់ដំបង ដើម្បីសុំបញ្ជាក់បន្ថែមជុំវិញការចាប់ខ្លួនប្ដីប្រពន្ធទាំងពីរនាក់នេះបានទេ។
លោក ប្រាក់ វុត្ថា ត្រូវជាក្មួយជនសង្ស័យបញ្ជាក់ថា ការដែលតុលាការចាប់ខ្លួន លោក គិត ផែន និងលោកស្រី ឡាច ស្ដើង ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ លោក វុន ឆុង ដែលភាគីដើមបណ្ដឹង។ លោកថា ភាគីដើមបណ្ដឹងឈ្មោះ វុន ឆុង បានប្រើល្បិចកលឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរំលោភយកដីស្រែ និងដីលំនៅឋានរបស់ លោក គិត ផែន និងលោកស្រី ឡាច ស្ដើង។
ដំណើររឿងដំបូងឡើយ គឺកាលពីឆ្នាំ១៩៩៨ លោក គិត ផែន និងលោកស្រី ឡាច ស្ដើង បានខ្ចីលុយពីឈ្មោះ វុន ឆុង ចំនួន ៣ម៉ឺនបាត ប្រហែលជាង ៣លានរៀល ហើយបានយកដីស្រែទំហំ ១០ហិកតារ ដាក់បញ្ចាំដោយព្រមព្រៀងសងការប្រាក់ជាស្រូវក្នុង ១ឆ្នាំ ៦០បាវ។ នៅឆ្នាំ១៩៩៩ គាត់បានបង់ការប្រាក់ជាស្រូវបាន ៦០បាវ។ នៅឆ្នាំ២០០០ បង់ស្រូវបាន ៤០បាវ នៅខ្វះ ២០បាវ។ នៅឆ្នាំ២០០១ ដោយសារការធ្វើស្រូវមិនបានផល អត់បានបង់ឲ្យទាំងអស់។ ឃើញដូច្នេះ នៅឆ្នាំ២០០២ លោក វុន ឆុន ជាភាគីម្ចាស់លុយ បានប្ដឹងករណីទៅអាជ្ញាធរមូលដ្ឋាន បង្ខំឲ្យ លោក គិត ផែន និងលោកស្រី ឡាច ស្ដើង សងលុយ ៣ម៉ឺន និងទាមទារការប្រាក់ជាស្រូវចំនួន ៨០បាវ។
លោក វុន ឆុង បានបង្ខំភាគីម្ចាស់ដីយកដីស្រែ ១០ហិកតារ និងដីភូមិទំហំជិតកន្លះហិកតារថែមទៀត ដាក់ក្នុងតម្លៃ ១៣៥.២៥០បាត ដោយមានធ្វើកិច្ចសន្យាមួយថា បើសិនជាភាគីម្ចាស់ដីមានលុយសង លោក វុន ឆុង នឹងប្រគល់ដីឲ្យទៅវិញ។ ក្រោយមក នៅពេលភាគី លោក គិត ផែន និងលោកស្រី ឡាច ស្ដើង មានលុយសង ស្រាប់តែ លោក វុន ឆុង ប្រើល្បិចកលកែប្រែចំនួនទឹកលុយ និងឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានធ្វើលិខិតក្លែងក្លាយមួយ ដើម្បីរំលោភយកដីស្រែ និងដីភូមិរបស់គាត់។
នៅអំឡុងឆ្នាំ២០០៥ សំណុំរឿងទំនាស់ដីនេះបានប្ដឹងទៅសាលាដំបូងបាត់ដំបង ប្ដឹងទៅសាលាឧទ្ធរណ៍ និងប្ដឹងទៅតុលាការកំពូល តែត្រូវតុលាការកំពូលបានកាត់ឲ្យភាគី លោក គិត ផែន និងលោកស្រី ឡាច ស្ដើង ឈ្នះក្ដី ហើយតុលាការបានចេញសាលដីកាបង្គាប់ឲ្យ ឈ្មោះ វុន ឆុង ប្រគល់ដីឲ្យ លោក គិត ផែន និងលោកស្រី ឡាច ស្ដើង វិញ។
រីឯលោក គិត ផែន និងលោកស្រី ឡាច ស្ដើង ត្រូវបង់លុយឲ្យទៅភាគី លោក វុន ឆុង ដូចដែលមាននៅក្នុងកិច្ចព្រមព្រៀង ប៉ុន្តែជាអកុសល តុលាការខេត្តបាត់ដំបង ពុំបានចុះអនុវត្តសាលដីការបស់តុលាការកំពូលនោះឡើយ ទោះបីភាគីម្ចាស់ដី គឺលោក គិត ផែន និងលោកស្រី ឡាច ស្ដើង បានដាក់លុយតម្កល់ទៅឲ្យតុលាការរួចហើយក៏ដោយ។ ក្រោយមកទៀត លោក គិត ផែន និងលោកស្រី ឡាច ស្ដើង បាននាំគ្នាចុះដាំស្រូវនៅលើដី ១០ហិកតារ នោះ ស្រាប់តែភាគី លោក វុន ឆុង ប្ដឹងទៅតុលាការខេត្តបាត់ដំបង ដោយចោទប្រកាន់ពីបទប៉ះពាល់កម្មសិទ្ធិអ្នកដទៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
