កម្ពុជា​នៅ​តែ​មិន​ទាន់​មាន​ច្បាប់​ធានា​ឯករាជ្យ​របស់​តុលាការ

រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា ១៣៥​ថ្មី កំណត់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​នឹង​ប្រព្រឹត្ត​ទៅ​នៃ​អង្គ​តុលាការ។ ប៉ុន្តែ​មក​ទល់​បច្ចុប្បន្ន ច្បាប់​នេះ​មិន​ទាន់​ត្រូវ​បាន​បង្កើត​ឲ្យ​មាន​នៅ​ឡើយ​ទេ។
ដោយ វណ្ណ វិចារ
2013-06-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បាតុកម្ម តុលាការ ៦១០
ក្បួន​ដង្ហែ​របស់​បណ្ដាញ​សហគមន៍​ទូទាំង​ប្រទេស ជិត ១​ពាន់​នាក់ ទាមទារ​ឲ្យ​តុលាការ​កាត់​ក្ដី​ដោយ​យុត្តិធម៌ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Van Vichar

សង្គម​ស៊ីវិល​និង​អ្នក​នយោបាយ​មួយ​ចំនួន​យល់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កម្ពុជា យឺតយ៉ាវ​ក្នុង​ការ​តាក់តែង​ច្បាប់​នេះ ដោយសារ​តែ​ស្ថាប័ន​យុត្តិធម៌ និង​ក្រុម​អ្នក​ដែល​មាន​តួនាទី​ចូល​រួម​តាក់​តែង​ច្បាប់​នេះ​ឡើង ស្ថិត​ក្រោយ​សម្ពាធ​នយោបាយ ឬ​នៅ​ក្រោម​ឥទ្ធិពល​អ្នក​មាន​លុយ​មាន​អំណាច​នោះ។ បញ្ហា​ទាំង​នេះ​ក៏​ជា​ដើម​ហេតុ​ដែល​នាំ​ឲ្យ​តុលាការ​មិន​ឯករាជ្យ។

មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ សំណុំ​រឿង​ក្តី​លោក ម៉ម សូណង់ដូ សំណុំ​រឿង​លោក ឈូក បណ្ឌិត សំណុំ​រឿង​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ អ្នកស្រី យ៉ោម បុប្ផា សុទ្ធ​តែ​ជា​ព្រនង់​ដែល​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ សំពង​តុលាការ​កម្ពុជា ក្រោម​ហេតុផល​ថា តុលាការ​ក្នុង​ស្រុក​កំពុង​ក្លាយ​ជា​ឧបករណ៍​នយោបាយ និង​បម្រើ​ផលប្រយោជន៍​ឲ្យ​ក្រុម​អភិជន។

ករណី​លោក ម៉ម សូណង់ដូ គ្រាន់​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើប​ថា ប្រធាន​វិទ្យុ​មួយ​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រៀម​កម្លាំង​រួច​ជា​ស្រេច​ដើម្បី​ចាប់​ខ្លួន។បន្ទាប់​មក សាលា​ដំបូង​រាជធានី កាត់​ទោស​ឲ្យ​ជាប់​គុក ២០​ឆ្នាំ​ទៀត បណ្ដាល​ឲ្យ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ស្ទើរ​មួយ​ចំហៀង​ពិភពលោក រាប់​ទាំង​ប្រធានាធិបតី​អាមេរិក ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ដោយ​ឥត​លក្ខខណ្ឌ។

ករណី យ៉ោម បុប្ផា ក៏​ត្រូវ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា តុលាការ​សម្រេច​ក្ដី​ដោយ​មិន​យុត្តិធម៌ ស្រប​តាម​គោលការណ៍​ច្បាប់​ដែល​ចែង​ថា វិមតិ​សង្ស័យ​ត្រូវ​បាន​ទៅ​លើ​ជន​សង្ស័យ​ដែរ។ រី​ឯ​ករណី​លោក ឈូក បណ្ឌិត វិញ សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ សុទ្ធ​តែ​សំដែង​ការ​ហួស​ចិត្ត​លើ​បទ​ចោទ​ដែល​ចោទ​ថា លោក​បាន​បង្ក​របួស​ស្នាម​ដោយ​អចេតនា បើ​ទោះ​ជា​ជនសង្ស័យ​បាន​ប្រើ​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់​បណ្តាល​ឲ្យ​កម្មករ​រង​របួស​ស្ទើរ​ស្លាប់​ក៏ដោយ។

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ កត់​សម្គាល់​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ទាន់​មាន​ទំនុក​ចិត្ត​ទៅ​លើ​ប្រព័ន្ធ​តុលាការ​នៅ​ឡើយ។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា ក្ដោបក្ដាប់​អំណាច​គ្រប់​ស្ថាប័ន​ដោយ​គ្រប់គ្រង និង​ដាក់​សម្ពាធ​គាប​សង្កត់​មិន​ឲ្យ​ស្ថាប័ន​យុត្តិធម៌​បំពេញ​ការងារ​ប្រកប​ដោយ​ឯករាជភាព​នោះ​ទេ។

លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​បំណង​សំខាន់​ចង់​ជំរុញ​ឲ្យ​បង្កើត​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​ចៅក្រម ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គ​ចៅក្រម​ឲ្យ​បាន​ឆាប់​ដើម្បី​ធានា​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​នូវ​យុត្តិធម៌​ពេញលេញ ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់។

លោក យ៉ែម បុញ្ញឫទ្ធិ៖ «ប្រព័ន្ធ​តុលាការ​នៅ​ស្រុក​យើង​មិន​ទាន់​មាន​ឯករាជ្យ​នៅ​ឡើយ ដូចជា​ករណី​នៅ​បាវិត លោក សូណង់ដូ ករណី​ឃាតកម្ម​លោក ជា វិជ្ជា ករណី​ឃាតកម្ម​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ហើយ​ទាំង​អស់​នេះ​យើង​សង្កេត​ឃើញ​ថា ប្រព័ន្ធ​តុលាការ​មាន​សមត្ថភាព​ពិត​ប្រាកដ និង​ឯករាជ្យ​ពិត​ប្រាកដ​ហើយ​ឬ​នៅ? គួរ​ថ្វាយ​ព្រះរាជ​សិទ្ធិ ថ្វាយ​មហាក្សត្រ​ជា​អ្នក​រៀបចំ ដើម្បី​ឲ្យ​មាន​ភាព​ឯករាជ្យ​ពិត​ប្រាកដ បើ​សិន​ណា​មាន​តួនាទី​មជ្ឈិម​បក្ស សមាជិក​ជាន់​ខ្ពស់​បក្ស មិន​អាច​ឯករាជ្យ​បាន​ទេ»

លោក​បន្ត​ថា ច្បាប់​ស្ដីពី​ការ​ធានា​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ​នេះ មាន​សារសំខាន់​ណាស់ ប៉ុន្តែ​មុន​នឹង​បង្កើត​ច្បាប់​នេះ ចាំបាច់​ត្រូវ​តែ​មាន​ការ​ពិភាក្សា និង​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​ជា​មុន​សិន មិន​ត្រូវ​បង្កើត​ច្បាប់​ដែល​បម្រើ​ប្រយោជន៍​មនុស្ស​មួយ​ក្រុម ដូច​ច្បាប់​ប្រឆាំង​អ្នក​ដែល​មិន​ទទួល​ស្គាល់​បទឧក្រិដ្ឋ​ក្នុង​របប​ខ្មែរ​ក្រហម​ទេ។

ទាក់ទង​នឹង​ការ​បង្កើត​ច្បាប់​ដើម្បី​ធានា​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មាន​ប្រសាសន៍​ថា ច្បាប់​ស្ដីពី​​សហ​លក្ខន្តិកៈ ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​នឹង​ប្រព្រឹត្ត​ទៅ​នៃ​អង្គ​តុលាការ មិន​ទាន់​អាច​បង្កើត​បាន​ឆាប់ៗ​នោះ​ទេ ប៉ុន្តែ​ក្រសួង​យុត្តិធម៌​កំពុង​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​នេះ​នៅ​ឡើយ។

លោក​បន្ត​ថា ច្បាប់​នេះ​ធំ និង​មាន​សារសំខាន់ ដូច​នេះ​ត្រូវ​មាន​ចំណាយ​ពេល​វេលា​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន ពិសេស​ត្រូវ​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​ពី​មជ្ឈដ្ឋាន​ទើប​អាច​ចេញ​រួច៖ «ជា​ច្បាប់​ដែល​នីតិប្រតិបត្តិ អ្នក​ធ្វើ​មក​ដោយ​មាន​ជំនួយ​ពី​អង្គការ​អន្តរជាតិ​ផង ក្រោយ​ពី​ស្ដាប់​ក្មួយៗ​និយាយ​ហ្នឹង ខ្ញុំ​បាន​សួរ​ទៅ​ក្រសួង​យុត្តិធម៌​ហើយ គេ​ថា កំពុង​តែ​ធ្វើ​ហើយ។ ហើយ​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​នឹង​ប្រព្រឹត្តិ​ទៅ​នៃ​អង្គ​តុលាការ មិន​មែន​ជា​រឿង​បក​ចេក​ហូប​ទេ។ អ៊ីចឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​គេ​ជួយ​មើល ហើយ​ការងារ​ហ្នឹង​វែង ខ្ញុំ​សង្ឃឹម​ថា ការងារ​ហ្នឹង​អាណត្តិ​ទី​៥ នឹង​ចប់​ហើយ»

ទោះ​យ៉ាង​ណា​ក្តី លោក ឈាង វុន បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​ដែល​សួរ​ថា តើ​កង្វះ​ច្បាប់​ដើម្បី​ធានា​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ​នេះ អាច​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ការ​សម្រេច​ក្តី​ប្រកប​ដោយ​យុត្តិធម៌ ឬ​អត់​នោះ​ទេ? ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ​រួច​ហើយ។

អ្នក​តាម​ដាន​បញ្ហា​នយោបាយ​បញ្ជាក់​ថា ច្បាប់​មួយ​ចំនួន ដូចជា​ច្បាប់​ឯកពន្ធនភាព​ដែល​បង្កើត​កាល​ពី​ឆ្នាំ​២០០៦ និង​ច្បាប់​ស្ដីពី​ការ​ដាក់​ទោស​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ព្រឹទ្ធសភា​ទើប​តែ​អនុម័ត​ក្នុង​សប្ដាហ៍​មុន បាន​ធ្វើ​ដោយ​ប្រញាប់ប្រញាល់ ហើយ​ច្បាប់​នេះ​ទំនង​ជា​បម្រើ​ឲ្យ​អ្នក​នយោបាយ​គណបក្ស​កាន់​អំណាច​ថែម​ទៀត។ ម្យ៉ាង​វិញ​ទៀត របាយការណ៍​នានា រួម​ទាំង​របស់​អង្គការ​សហប្រជាជាតិ​ផង​បញ្ជាក់​ថា តុលាការ​កម្ពុជា មិន​ត្រឹម​តែ​ពុករលួយ​ទេ ប៉ុន្តែ​កំពុង​ស្ថិត​ក្រោម​គំនាប​នយោបាយ​របស់​បក្ស​កាន់​អំណាច​ដែល​ជា​ឧបសគ្គ​រារាំង​ការ​បំពេញ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ និង​មិន​លំអៀង។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល រាប់​ទាំង​លោក​នាយករដ្ឋមន្ត្រី តែង​បដិសេធ​ថា មិន​ដែល​លូក​ដៃ​ចូល​កិច្ចការ​តុលាការ​ទេ។

ថ្នាក់ដឹកនាំ​តុលាការ ចាប់​ពី​សាលាដំបូង​រហូត​ដល់​តុលាការ​កំពូល សុទ្ធសឹងតែ​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ឧទាហរណ៍៖ លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល គឺ​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល និង​ជា​សមាជិក​គណៈ​ប្រចាំការ​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ចំណែក​លោក ជីវ កេង ដែល​កាន់​មុខ​តំណែង​បួន​ប្រាំ​នោះ ជា​ប្រធាន​សាលាដំបូង​រាជធានី​ផង និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ផង។ សមភាព​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ដែល​មាន​ព្រះមហាក្សត្រ​ជា​ព្រះប្រធាន តែ​សមាជិក​ភាគ​ច្រើន​ផ្សេង​ទៀត ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នក​វិភាគ​បញ្ហា​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចាត់​ទុក​ថា ការ​ដែល​មិន​ទាន់​មាន​ច្បាប់​ស្តីពី​សហ​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​និង​ប្រព្រឹត្តិ​ទៅ​នៃ​អង្គ​តុលាការ​នេះ​ហើយ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​ដល់​ក្រសួង​យុត្តិធម៌​ស្ទើរ​តែ​មិន​លុះ​ពេល។

លោក​បន្ត​ថា ច្បាប់​នេះ​នឹង​ចែង​ច្បាស់​ថា ចៅក្រម ជា​បុគ្គល​បែប​ណា ព្រះរាជអាជ្ញា​ជា​បុគ្គល​បែប​ណា បាន​ប្រាក់​ពី​ណា​ចាយ រដ្ឋ​ធានា​សុវត្ថិភាព​ដូច​ម្ដេច? បើ​ធ្វើ​ខុស​ត្រូវ​រង​ពិន័យ​រដ្ឋបាល​យ៉ាង​ម៉េច ហើយ​ធ្វើ​ល្អ​មាន​កាំ​ប្រាក់​បែប​ណា?

លោក​បញ្ជាក់​ថា គណបក្ស​ជាប់​ឆ្នោត​នៅ​ពេល​ខាង​មុខ មិន​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​ការ​បង្កើត​ច្បាប់​នេះ​ទេ មិន​តែ​ប៉ុណ្ណោះ​ត្រូវ​ពន្លឿន​ឲ្យ​ឆាប់​បំផុត​ទៀត​ផង៖ «ធានា​ការពារ​ឯករាជ្យ ចៅក្រម និង​ព្រះរាជអាជ្ញា ត្រូវ​មាន​មាត្រា ចៅក្រម​ព្រះរាជអាជ្ញា មិន​ត្រូវ​ចូល​ក្នុង​បក្ស​ណា​មួយ​ទេ បើ​ចូល​ហើយ​ត្រូវ​លា​ឈប់​វិញ ហើយ​ដាក់​ទណ្ឌកម្ម​ជន​ណា​ដែល​លូក​ដៃ​ចូល​កិច្ចការ​ចៅក្រម ព្រះរាជអាជ្ញា ទោះ​យ៉ាង​ណា​ធានា​ប្រាក់​ខែ​គ្រប់គ្រាន់​សម្រាប់​បំពេញ​ការងារ ហើយ​ការងារ​ការពារ​សន្តិសុខ​ចៅក្រម ព្រះរាជអាជ្ញា​ហ្នឹង ២៤​ម៉ោង»

កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា បណ្ដាញ​សហគមន៍​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជិត ១​ពាន់​នាក់ ហែ​ក្បួន​បាតុកម្ម​អហិង្សា​ដាក់​ញត្តិ​នៅ​មុខ​ក្រសួង​យុត្តិធម៌ ទាមទារ​ឲ្យ​តុលាការ​កាត់​ក្តី​ដោយ​យុត្តិធម៌។
ក្រុម​បាតុករ​បញ្ជាក់​ថា រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ការពារ​ដីធ្លី ធនធាន​ធម្មជាតិ​ជិត ៥០០​នាក់ បាន​ទទួល​រង​ការ​គំរាមកំហែង​ពី​សំណាក់​ក្រុម​ឈ្មួញ អ្នក​មាន​លុយ មាន​អំណាច ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ បំភ្លៃ​រឿង​ក្ដី​ជម្លោះ​ដីធ្លី​ទៅ​ជា​ករណី​បទល្មើស​ញុះញង់ ឆបោក និង​ការ​រំលោភ​កម្មសិទ្ធិ​ឯកជន​ជាដើម។

ទន្ទឹម​នឹង​នោះ​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ចៅក្រម និង​ព្រះរាជអាជ្ញា មិន​មាន​ច្បាប់​ដោយ​ឡែក​សម្រាប់​ការពារ ឬ​ចែង​ពី​ការ​បំពេញ​ការងារ​តាម​ឋានានុក្រម​នោះ​ឡើយ។ ចៅក្រម និង​ព្រះរាជអាជ្ញា បែរ​ជា​បំពេញ​ការងារ​នៅ​ក្រោម​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល ដូច​មន្ត្រី​ក្រសួង​នានា​ទៅ​វិញ។ ប្រការ​នេះ​ត្រូវ​បាន​អ្នក​វិភាគ​យល់​ឃើញ​ថា គណបក្ស​កាន់​អំណាច​អាច​គ្រប់គ្រង​ចៅក្រម ឬ​ព្រះរាជអាជ្ញា​បាន​ស្រួល​តាម​ខ្សែ​បណ្ដោយ​ដែល​មាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (11)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Now khmers call for help from all the nations around the world so super hirro of america it is time fore you please -

Jun 18, 2013 04:40 AM

Peuv

Your outcry for justice will never be heard until Hun Sen is out of politics. Hun Sen has become an absolute dictator who is spoiled by sycophants who know nothing but kissing Hun Sen’s boots. Taking into consideration Court of Law controlled by Hun Sen and his family, Cambodia is leading into a bleak future and uncertainty.

Jun 18, 2013 03:14 AM

អ្នក​អាន​អនាមិក

If hun sen is still in the power,and younes are still in our country, the social justic , the prosperity,the happiness,are only a dream for khmer people.
All khmer people stand up now, do not wait youne practic the next Dame the Ang.

Jun 18, 2013 02:38 AM

អ្នក​អាន​អនាមិក

If Cambodian people want to have a court that can make a fair decision, and gives justice to all citizen, other party must win in the election on July 28, 2013, except CPP! More than twenty six years in power is much longer already for CPP! This is the truth!

Jun 17, 2013 10:31 PM

អ្នក​អាន​អនាមិក

For all khmer people you must to know, hun sen is the court,and the court is hun sen, the court more hun sen it's Egal Youne, I think all khmer people ready undestand along Time ago.

Jun 17, 2013 03:14 PM

មើល​មតិ​ទាំង​អស់.