គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​កំពង់ធំ​ដែល​ប្រពន្ធ​ត្រូវ​ឃាតក​សម្លាប់​ទន្ទឹង​រង់ចាំ​យុត្តិធម៌

ដោយ សូត សុខប្រាថ្នា
2015.02.24

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ចើងដើង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ នៅ​មិន​ទាន់​ទទួល​ដំណឹង​លទ្ធផល​ស៊ើប​អង្កេត​ពី​អាជ្ញាធរ​ឡើយ ចំពោះ​ករណី​អំពើ​ឃាតកម្ម​លើ​ប្រពន្ធ​ខ្លួន​កាល​ពី​ខែ​មករា។ ប៉ុន្តែ អាជ្ញាធរ​បញ្ជាក់​ថា ពួក​គេ​នៅ​តែ​បន្ត​ស្រាវជ្រាវ​រក​ជន​ដៃ​ដល់​តាម​ការ​ស្នើសុំ​របស់​គ្រួសារ​ជន​រងគ្រោះ ប៉ុន្តែ​មិន​ទាន់​អាច​ជម្រាប​ជូន​បាន ព្រោះ​នីតិវិធី​ស៊ើបសួរ​មិន​ទាន់​បាន​បញ្ចប់។

អស់​រយៈពេល​ជាង​មួយ​ខែ​ហើយ បន្ទាប់​ពី​មាន​អំពើ​ឃាតកម្ម​លើ អ្នកស្រី សៀង គឹមហ៊ូ ជា​ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ចើងដើង គ្រួសារ​អ្នកស្រី​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​ចាប់​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់ ប៉ុន្តែ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​នៅ​មិន​ទាន់​បាន​ពន្លឺ​ណា​មួយ​ពី​សមត្ថកិច្ច​នោះ​ឡើយ។

ពលរដ្ឋ​នៅ​ភូមិ​ពណ្ណរាយ ដែល​ត្រូវ​ជា​ប្ដី​របស់ អ្នកស្រី សៀង គឹមហ៊ូ គឺ​លោក ហ៊ូ យឺន មាន​ប្រសាសន៍​ថា សំណុំ​រឿង​ឃាតកម្ម​លើ​ប្រពន្ធ​របស់​លោក គឺ​ស្ងាត់​ដំណឹង​សូន្យ បើ​ទោះ​បី​ជា​គ្រួសារ​លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​តាំង​ពី​ក្រោយ​កើត​ហេតុ​ភ្លាមៗ​ក៏ដោយ។ លោក​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​អាច​ស្វែងរក​ជនល្មើស​ឃើញ​ទេ ហើយ​ស្ងាត់​ដំណឹង​បែប​នេះ គឺ​ធ្វើ​ឲ្យ​ពួក​គាត់​មិន​ស្ងប់​ចិត្ត​ឡើយ៖ «ពីព្រោះ​អាយុ​ជីវិត​មនុស្ស​ម្នាក់ៗ​រស់នៅ​ក្នុង​សង្គម ដើម្បី​សង្គម តែ​បើ​សង្គម​អត់​មាន​ទទួល​ស្គាល់​សោះ​ទៅ​ជា​អនាធិបតេយ្យ»

លោក​ចង់​ឲ្យ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​តាម​ស្វែងរក​ជន​ប្រព្រឹត្តិ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ពីព្រោះ​ដើម្បី​ធានា​នូវ​ភាព​យុត្តិធម៌​ដល់​គ្រួសារ​របស់​លោក។ ប្រពន្ធ លោក ហ៊ូ យឺន គឺ​អ្នកស្រី សៀង គឹមហ៊ូ អាយុ ៦៥​ឆ្នាំ ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាក់​សម្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​១៨ មករា ជាង ១០​កាំបិត ខណៈ​អ្នកស្រី​កំពុង​សម្រាន្ត​នៅ​ផ្ទះ​ជាមួយ​ចៅៗ។

ទាក់ទង​ការ​ស្លាប់​នោះ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ចើងដើង លោក ឃាង រិទ្ធិរ័ត្ន មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ​អាជ្ញាធរ​មូលដ្ឋាន​សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក និង​ខេត្ត ដើម្បី​បន្ត​ស៊ើប​អង្កេត ប៉ុន្តែ​មិន​ទាន់​អាច​កំណត់​មុខ​សញ្ញា​បាន​ឡើយ ពីព្រោះ​នីតិវិធី​សាកសួរ​មិន​ទាន់​បញ្ចប់ និង​ម្យ៉ាង អាជ្ញាធរ​ពិបាក​ស្វែងរក​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្បែរ​ខាង ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​ឃាតកម្ម​នោះ​ណាស់៖ «នៅ​បង​នៅៗ​ទាំងអស់ មិន​ទាន់​កំណត់​បាន​ទេ ព្រោះ​នៅ​សាកសួរ​ជុំវិញ​រឿង​ហ្នឹង​ទាំងអស់​រាល់​ថ្ងៃ​ហ្នឹង»

នាយ​នគរបាល​ប៉ុស្តិ៍​ដដែល​សង្ស័យ​ថា ករណី​ឃាតកម្ម​លើ​ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អាច​ជា​រឿង​គំនុំ​ផ្ទាល់​ខ្លួន។ បន្ថែម​ពី​នេះ អធិការ​នគរបាល​ស្រុក​បារាយណ៍ លោក សួង ខេន បញ្ជាក់​ថា ករណី​ឃាតកម្ម​នោះ​អាជ្ញាធរ​ស្រុក​សហការ​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ធ្វើ​ការងារ​នេះ ដោយ​មិន​បាន​បោះបង់​ចោល​ឡើយ ប៉ុន្តែ​នីតិវិធី​យ៉ាង​ណា លោក​មិន​អាច​ជម្រាប​ជូន​បាន​ទេ។

ដោយ​ឡែក មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ខេត្ត​កំពង់ធំ លោក ញ៉ូង សាមឿន មាន​ប្រសាសន៍​ថា ក្រៅ​តែ​ពី​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ ខាង​លីកាដូ ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​តាម​ការ​ស្នើសុំ​របស់​គ្រួសារ​ជន​រងគ្រោះ ដើម្បី​ឲ្យ​ចាត់​វិធានការ​បន្ថែម​ទៀត។ លោក​បន្ត​ថា ការ​លើក​ឡើង​របស់​សមត្ថកិច្ច គឺ​ជា​រឿង​ត្រឹមត្រូវ ព្រោះ​ជា​នីតិវិធី​របស់​គេ​ក្នុង​ការ​ស្រាវជ្រាវ និង​ម្យ៉ាង គឺ​គ្មាន​សាក្សី​ណា​ម្នាក់​ចង្អុល​បង្ហាញ​មុខ​សញ្ញា​ឲ្យ​បាន​ជាក់លាក់​នោះ​ទេ ទើប​ធ្វើ​ឲ្យ​អាជ្ញាធរ​ពិបាក៖ «ព្រោះ​គេ​មិន​ទាន់​បាន​បិទ​សំណុំ​រឿង​នេះ​ទេ ហើយ​ការ​ស៊ើប​អង្កេត​របស់​គេ​ដល់​ដំណាក់​កាល​ណាៗ គេ​មិន​ចាំបាច់​ប្រាប់​យើង​ទេ ព្រោះ​ជា​នីតិវិធី​របស់​គេ»

យ៉ាង​ណា ខាង​លោក​នៅ​តែ​បន្ត​តាម​ដាន និង​ជំរុញ​ឲ្យ​អាជ្ញាធរ និង​តុលាការ យក​ចិត្ត​ទុក​ដាក់​លើ​សំណុំ​រឿង​នេះ​បន្ត​ទៀត។ លោក​បន្ថែម​ថា ចំណែក​ខាង​ក្រុម​គ្រួសារ​ជន​រងគ្រោះ គប្បី​អត់ធ្មត់​រង់ចាំ​លទ្ធផល​ស្រាវជ្រាវ​របស់​អាជ្ញាធរ​បន្តិច​សិន ពីព្រោះ​អំឡុង​ពេល​នេះ​ជា​ដំណាក់​កាល​ស៊ើប​អង្កេត ប៉ុន្តែ​ប្រសិន​បើ​ការ​ស៊ើប​អង្កេត​នោះ​យូរ​ហួស​ហេតុ​ខុស​ពី​នីតិវិធី​នោះ ទើប​ស​បញ្ជាក់​ថា សមត្ថកិច្ច​មាន​ចេតនា​បិទ​សំណុំ​រឿង​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។