គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ថវិកា​ជាតិ​ឆ្នាំ​២០១៧

ដោយ ម៉ម មុនីរតន៍
2016.10.21
វិមាន​សន្តិភាព ៦១០ អគារ​រដ្ឋាភិបាលដែលមានឈ្មោះថា "វិមានសន្តិភាព" ស្ថិតនៅក្នុងរាជធានីភ្នំពេញ។
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា។ គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ថវិកា​ជាតិ​ឆ្នាំ​២០១៧ និង​ពិនិត្យ​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ការ​ទូទាត់​ថវិកា​ជាតិ​ឆ្នាំ​២០១៥។ ថវិកា​ដែល​គ្រោង​ចំណាយ​សម្រាប់​ឆ្នាំ​២០១៧ មាន​ការ​កើន​ឡើង​បើ​ធៀប​នឹង​ឆ្នាំ​២០១៦ នេះ។ អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ឃ្លាំមើល​លើ​គោលនយោបាយ​អភិបាលកិច្ច រក​ឃើញ​ថា កំណើន​នៃ​ថវិកា​ជាតិ​ដែល​រដ្ឋាភិបាល​ដំឡើង​ជា​រៀងរាល់​ឆ្នាំ​នេះ នៅ​តែ​មិន​ទាន់​អាច​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​ជា​ចាំបាច់​ទៅ​ដល់​មូលដ្ឋាន​ដដែល បើ​ទោះ​ជា​កំណើន​នេះ​កើន​មិន​ឈប់​ក៏ដោយ។

ថវិកា​ជាតិ​ឆ្នាំ​២០១៧ ដែល​គណៈរដ្ឋមន្ត្រី​អនុម័ត​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ខ្លួន និង​ត្រូវ​បញ្ជូន​ឲ្យ​រដ្ឋសភា​គាំទ្រ​នោះ គឺ​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជិត ៥​ពាន់​លាន​ដុល្លារ​អាមេរិក។ ចំនួន​នេះ​មាន​ការ​កើន​ឡើង បើ​ធៀប​ទៅ​នឹង​ការ​ចំណាយ​ថវិកា​ជាតិ​ឆ្នាំ​២០១៦ ដែល​មាន​តែ​ជិត ៤​ពាន់​លាន​ដុល្លារ​អាមេរិក។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​២១ ខែ​តុលា ឲ្យ​ដឹង​ថា គម្រោង​ថវិកា​ជាតិ​ដែល​រដ្ឋាភិបាល​បាន​អនុម័ត​រួច មាន​កំណើន​ប្រមាណ ១៦​ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន គឺ​រដ្ឋ​ត្រូវ​ចំណាយ​ទៅ​លើ​វិស័យ​មួយ​ចំនួន ក្នុង​នោះ វិស័យ​ការពារ​ជាតិ សេដ្ឋកិច្ច សង្គមកិច្ច និង​ការ​ដំឡើង​ប្រាក់​បៀវត្ស​ទៅ​ដល់​មន្ត្រី​រាជការ​ជាដើម។

បញ្ហា​នេះ លោក សន ជ័យ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា យល់​ឃើញ​ថា ថវិកា​ដែល​រដ្ឋាភិបាល​ត្រូវ​គិតគូរ និង​វិនិយោគ​ឲ្យ​បាន​ខ្ពស់​ជាង​គេ ក្នុង​ចំណោម​វិស័យ​ដទៃ​ទៀត គឺ​បង្កើន​ទៅ​លើ​ការ​អប់រំ។ ក្រៅ​ពី​នេះ រដ្ឋ​ត្រូវ​មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ជាង​នេះ​ទៀត ដើម្បី​ធានា​ថា ថវិកា​ជាតិ​ដែល​បាន​ចំណាយ​ទៅ​នោះ ធ្វើ​ឡើង​ដោយ​តម្លាភាព និង​ត្រឹមត្រូវ ចៀសវាង​អំពើ​​ពុករលួយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា រដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​ក្នុង​មុខ​តំណែង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ១​លាន​រៀល​នៅ​ឆ្នាំ​២០១៧។

អាស៊ីសេរី​ព្យាយាម​ជា​ច្រើន​ដង​សុំ​ការ​បំភ្លឺ​បន្ថែម​លើ​បញ្ហា​នេះ ពី​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ប៉ុន្តែ​មិន​លើក​ទូរស័ព្ទ ស្រប​ពេល​មន្ត្រី​គណបក្ស​ប្រឆាំង​ពុំ​មាន​ការ​ឆ្លើយ​តប​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា នេះ​ដែរ។

ទាក់ទង​រឿង​នេះ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ទទួល​ស្គាល់​ថា រដ្ឋាភិបាល​ពិត​ជា​មាន​សមត្ថភាព ដែល​អាច​ព្យាយាម​ដំឡើង​ថវិកា​ជាតិ​ជា​ប្រចាំ​ឆ្នាំ​បាន​ទៅ​តាម​ផែនការ។ ប៉ុន្តែ​លោក​មើល​ឃើញ​ថា ការ​ដំឡើង​ថវិកា​ជាតិ​នេះ នៅ​តែ​ពុំ​ទាន់​អាច​បាន​ដល់​ដៃ​ពលរដ្ឋ​នៅ​មូលដ្ឋាន ឬ​មាន​ផលប្រយោជន៍​ដ៏​តិចតួច​នៅ​ឡើយ សម្រាប់​ការ​អភិវឌ្ឍ​នៅ​តាម​សហគមន៍។ មិន​តែ​ប៉ុណ្ណោះ កំណើន​ថវិកា​ជាតិ​ជា​ប្រចាំ​ឆ្នាំ​នេះ សំបូរ​ហូរហៀរ​បាន​នៅ​តែ​ត្រឹម​ថ្នាក់​ជាតិ​ប៉ុណ្ណោះ៖ «យើង​នៅ​តែ​មើល​ឃើញ​អំពី​បញ្ហា​តម្រូវការ ឬ​ក៏​បញ្ហា​ដោះស្រាយ​ជូន​ពលរដ្ឋ​នៅ​តែ​មាន​បញ្ហា។ បញ្ហា​នៅ​ត្រង់​រឿង​ករណី​ស្រូវ​អង្ករ​ចុះ​ថោក វិធានការ​របស់​រដ្ឋាភិបាល​យើង​ឃើញ​ថា ជា​វិធានការ​ដោះ​ទាល់ មិន​មែន​ជា​វិធានការ​រយៈពេល​វែង។ មួយ​ទៀត​បញ្ហា​សុខភាព ក៏​នៅ​តែ​ជា​បញ្ហា​ប្រឈម។ ប្រជាពលរដ្ឋ​ហាក់​ដូច​ជា​បាត់បង់​ជំនឿ​លើ​សេវា​សុខាភិបាល​នៅ​ក្នុង​ស្រុក ហើយ​ទៅ​រក​សេវា​នៅ​ប្រទេស​ជិត​ខាង​ដូច​ជា​ប្រទេស​យួន និង​ស្រុក​សៀម អី​ជាដើម»

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ថវិកា​ជាតិ​ឆ្នាំ​២០១៧ នេះ មាន ៦​ជំពូក និង ១៥​មាត្រា។ សេចក្ដី​ព្រាង​ច្បាប់​ហិរញ្ញវត្ថុ​នេះ រដ្ឋ​សភា​នឹង​អនុម័ត​ក្រោយ​ពេល​គណៈរដ្ឋមន្ត្រី​ពិនិត្យ និង​បញ្ជូន​ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​គាំទ្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។