សង្គម​ស៊ីវិល​៣០​ស្ថាប័ន​គ្រោង​ធ្វើ​ញត្តិ​​ជំរុញ​ឱ្យ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​គ្រឿង​ស្រវឹង

ដោយ សិរីមុនី
2016-02-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
យុវជន​ចូល​រួម​សិក្ខាសាលា​ស្ដីពី​ការ​ផលិត​វីដេអូ អំពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង នៅ​ថ្ងៃ​ទី​១៦ មករា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
យុវជន​ចូល​រួម​សិក្ខាសាលា​ស្ដីពី​ការ​ផលិត​វីដេអូ អំពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង នៅ​ថ្ងៃ​ទី​១៦ មករា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
RFA/Sireymuny

អង្គការ​សង្គម​ស៊ីវិល​គ្រោង​នឹង​ដាក់​ញត្តិ​ទៅ​គ្រប់​បក្ស​នយោបាយ ដើម្បី​ពន្លឿន​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង នៅ​ក្រោយ​ពេល​បក្ស​របស់​ខ្លួន​ជាប់​ឆ្នោត​ឃុំ សង្កាត់ និង​ជាប់​ឆ្នោត​ថ្នាក់​ជាតិ​២០១៨។

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច គាំទ្រ​ចំពោះ​ការ​ធ្វើ​ញត្តិ​នោះ ហើយ​និយាយ​ថា រដ្ឋាភិបាល​កំពុង​ជំរុញ​ឱ្យ​មាន​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​គ្រឿង​ស្រវឹង​នេះ​ដែរ។

សង្គម​ស៊ីវិល​ជាង ៣០​ស្ថាប័ន​នៅ​ដើម​ខែ​មីនា ខាង​មុខ នឹង​ធ្វើ​ញត្តិ​ដាក់​ទៅ​គ្រប់​បក្ស​នយោបាយ​ទាំង​អស់​ក្នុង​បំណង​ឱ្យ​បក្ស​នយោបាយ​នីមួយៗ​ប្ដេជ្ញា​ថា បើ​បក្ស​ខ្លួន​ជាប់​ឆ្នោត គឺ​ត្រូវតែ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP) លោក យ៉ង់ គិមអេង អះអាង​ថា អង្គការ​សង្គម​ស៊ីវិល​ជាង ៣០​ស្ថាប័ន​នោះ កំពុង​សរសេរ​ញត្តិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ត្រូវ​តែ​បង្កើន​ការ​យក​ចិត្ត​ចំពោះ​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង និង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​មកពី​គ្រឿង​ស្រវឹង៖ «គណបក្ស​នយោបាយ​ដែល​គាំទ្រ​យើង​នឹង​ផ្សាយ​ឈ្មោះ​គាត់​ថា គណបក្ស​ណា​ខ្លះ​ដែល​គាំទ្រ​ឱ្យ​មាន​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង​នៅ​ពេល​គណបក្ស​ខ្លួន​ជាប់​ឆ្នោត​នោះ។ វា​អាច​ជា​ការ​ពិចារណា​របស់​ប្រជាពលរដ្ឋ​ដែរ។ តើ​គណបក្ស​ដែល​អត់​បាន​គិតគូរ​ពី​ហានិភ័យ​គ្រឿង​ស្រវឹង​ហ្នឹង​គាត់​បន្ត​គាំទ្រ ឬ​យ៉ាងម៉េច»

លោក​បន្ត​ថា ការ​ស្នើ​សុំ​ជា​ថ្មី​តាម​រយៈ​ញត្តិ​នេះ ក្នុង​ន័យ​ការពារ​សុខភាព​សាធារណៈ សណ្ដាប់ធ្នាប់​សង្គម កាត់​បន្ថយ​បញ្ហា​អសន្តិសុខ កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​មក​ពី​គ្រឿង​ស្រវឹង  និង​អាច​គ្រប់គ្រង​ការ​លក់​ស្រា​ពេល​បច្ចុប្បន្ន​នេះ។

របាយការណ៍​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​បង្ហាញ​ថា ប្រជាជន​កម្ពុជា ទទួល​បាន​ព័ត៌មាន​ស្ដីពី​ស្រា ៣៩% តាម​រយៈ​ទូរទស្សន៍ ៣៦% តាម​រយៈ​វិទ្យុ និង ១៧% តាមរយៈ​ផ្ទាំង​ប៉ាណូ និង​ការ​ចែក​ខិត្តប័ណ្ណ​តាម​ដង​ផ្លូវ និង​តាម​រយៈ​កាសែត ទស្សនាវដ្ដី និង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាដើម។ នៅ​ស្រប​ពេល​ដែល​ប្រជាជន​កម្ពុជា ជាង ១៥,៤​លាន​នាក់ ទទួល​បាន​ព័ត៌មាន​តិចតួច​ស្ដីពី​ផល​ពិបាក​ដោយសារ​គ្រឿង​ស្រវឹង។

ក្រសួង​សុខាភិបាល​បាន​ប្រជុំ​អន្តរក្រសួង​សម្រេច​កាល​ពី​ដើម​ខែ​កក្កដា ដើម្បី​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​រួចរាល់​ហើយ ប៉ុន្តែ​សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បញ្ជូន​មក​ក្រសួង​សុខាភិបាល​វិញ។

​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន និយាយ​ថា លោក​គាំទ្រ​ចំពោះ​ការ​ចង់​បាន​របស់​សង្គម​ស៊ីវិល ហើយ​គិត​ថា មិន​យូរ​ទេ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង​នឹង​ចេញ​ជា​រូបរាង៖ «ខ្ញុំ​ថា បើ​មាន​ច្បាប់​នោះ​ជា​គោល​ហើយ បើ​មាន​ច្បាប់​វា​ប្រសើរ​ជាង​អត់​ច្បាប់។ ប៉ុន្តែ​វា​សំខាន់ កុំ​ផឹក​ទៅ អា​ណា​ផ្សាយ​ម៉េច​ផ្សាយ​ទៅ ទូរទស្សន៍ និង​វិទ្យុ​ក៏​ដោយ ចង់​ផ្សាយ​មួយ​ថ្ងៃ​វាល់ល្ងាច​ក៏ដោយ បើ​យើង​កុំ​តែ​ផឹក​ទៅ​វា​ចប់​បាត់​ហើយ។ សំខាន់​លើ​ការ​កំណត់​កត្តា​ខ្លួន​យើង​ផ្ទាល់​ទេ»

សេចក្ដី​ព្រាង​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង​មាន ១១​ជំពូក និង ៣៩​មាត្រា មាន​គោលបំណង​ការពារ សុខភាព​សាធារណៈ បរិស្ថាន និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច និង​សង្គម។ ចាត់​វិធានការ​ក្នុង​ការ​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង លើក​កម្ពស់​ការ​យល់​ដឹង និង​ការ​ចូលរួម​របស់​សាធារណជន​អំពី​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង និង​ហាម​មិន​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ និង​យុវជន​អាយុ​ក្រោម ២១​ឆ្នាំ​ទិញ​ស្រា​ផឹក​នោះ​ឡើយ។

​របាយការណ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ឆ្នាំ​២០១៤ បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​គ្រឿង​ស្រវឹង​មាន ៦១៨​ករណី​ ដែល​ចំនួន​នេះ ឈរ​នៅ​លេខ​រៀង​ទី​២ បន្ទាប់​ពី​ការ​បើកបរ​លើស​ល្បឿន​ដែល​កំណត់​ដោយ​ច្បាប់។

​សង្គម​ស៊ីវិល​ទទូច​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គួរ​ត្រិះរិះ​ពិចារណា​ដោយ​យក​សុខភាព​ប្រជាជន និង​សុខភាព​សាធារណៈ​ជា​ធំ​ដោយ​ជំរុញ​ឱ្យ​ប្រជុំ​ត្រួត​ពិនិត្យ និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង និង​មិន​គួរ​ឱ្យ​សេចក្ដី​ព្រាង​ច្បាប់​នេះ ស្ថិត​នៅ​ក្រោម​គំនាប​កំប៉ុង​ស្រាបៀ និង​ប្រាក់​ដុល្លារ​នោះ​ទេ។

​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា ប្រជាពលរដ្ឋ​កម្ពុជា​ អាច​ពិចារណា​ឡើង​វិញ​នូវ​សន្លឹក​ឆ្នោត​របស់​ខ្លួន បើ​គណបក្ស​នយោបាយ​ណា​យក​បញ្ហា​ជាតិ​ជា​ធំ ពលរដ្ឋ​គួរ​តែ​លើក​ដៃ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

និយាយដូច.....គេ វិទ្យុឬទូរទស្សន៍ចង់ផ្សាយអីផ្សាយទៅ ស្រេចតែយើងកុំផឹក

Feb 20, 2016 07:32 AM

គេហទំព័រ​ទាំងមូល