លោក សម រង្ស៊ី ត្រូវ​តុលាការ​ភ្នំពេញ​ផ្ដន្ទាទោស​រឿង​បរិហារកេរ្តិ៍​តាម​ហ្វេសប៊ុក​មួយ​ករណី​ទៀត

ដោយ ខែ សុណង
2016.11.08
សម រង្ស៊ី ៨៥៥ ២០១៦ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
Photo: RFA

ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា បាន​ប្រកាស​សាលក្រម​សម្រេច​ផាក​ពិន័យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង លើ​ករណី​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​សាធារណៈ​លើ​ហ្វេសប៊ុក (Facebook)។ ការ​ប្ដឹង​ផ្ដល់​លោក សម រង្ស៊ី បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ដែល​ថា​មន្ត្រី​បក្ស​កាន់​អំណាច​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ជំរុញ​ឲ្យ​មនុស្ស​ចូលរួម​ចុច​ចូល​ចិត្ត ឬ​ចុច Like លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន។

លោក សម រង្ស៊ី ប្រតិកម្ម​ចំពោះ​ចំណាត់​ការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ចាត់​ការ​សំណុំ​រឿង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹង​លោក​លើ​ការ​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​ទិញ​ការ​ចុច​ចូល​ចិត្ត ឬ Like facebook ក្លែងក្លាយ ថា​ជា​រឿង​ឥត​ប្រយោជន៍។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ពី​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ថា លោក​មាន​ចម្ងល់ និង​អស់​សំណើច​ដែល​ថា តុលាការ​បែរ​ជា​សម្រេច​ឲ្យ​លោក​បង់​ប្រាក់​ពិន័យ​ចូល​រដ្ឋ គួរ​ណា​តែ​ឲ្យ​លោក​បង់​ពិន័យ​ទៅ​លោក ហ៊ុន សែន ផ្ទាល់។ លោក​ថា នេះ​ជា​រឿង​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ដែល​លោក​ហ៊ាន​និយាយ​ការ​ពិត ដូច្នេះ​លោក​នឹង​មិន​ទទួល​ស្គាល់​សាលក្រម​បែប​នេះ​ទេ។

លោក សម រង្ស៊ី ថ្លែង​ថា«គាត់​មែន​ទែន​ត្រូវ​បង់​ជំងឺ​ចិត្ត​ជូន​ប្រជារាស្ត្រ​ខ្មែរ ពីព្រោះ​ពួក​គាត់​អ្នក​ភូតភរ​ប្រជារាស្ត្រ​ខ្មែរ​ទៅ​ទិញ Like ក្លែងក្លាយ ហើយ​ក្រុមហ៊ុន​អាមេរិកាំង និង​ក្រុមហ៊ុន​ហ្វេសប៊ុក គេ​អាច​បញ្ជាក់​ថា​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន នេះ គឺ​ពោរពេញ​ទៅ​ដោយ Like ក្លែងក្លាយ។ ដូច្នេះ​បើ​ចង់​ដឹង​ការ​ពិត ទៅ​តតាំង​នឹង​ក្រុមហ៊ុន​ហ្វេសប៊ុក ក្រុមហ៊ុន​នៅ​សហរដ្ឋ​អាមេរិក គេ​ដឹង​ទាំងអស់​ដែល​យើង​ទិញ​ហ្វេសប៊ុក​ក្លែងក្លាយ យើង​បើក​គណនេយ្យ​ក្លែងក្លាយ​ដើម្បី​ផ្ដល់ Like ក្លែងក្លាយ​ឲ្យ​ទៅ​លោក ហ៊ុន សែន ដើម្បី​ឲ្យ​គាត់​អួតអាង​ពី​ប្រជាប្រិយភាព​ក្លែងក្លាយ ដែល​លោក ហ៊ុន សែន គាត់​ដូចជា​កំសាក​ម្ដង​ទៀត គាត់​ឲ្យ​មនុស្ស​កំប៉ិកកំប៉ុក​ចេញ​មក​ប្ដឹង​ខ្ញុំ»

ប្រតិកម្ម​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ សម្រេច​ផាក​ពិន័យ​លោក សម រង្ស៊ី ក្នុង​ករណី​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​សាធារណៈ​លើ​ហ្វេសប៊ុក កាល​ពី​ខែ​មីនា ដោយ​តុលាការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា បង្គាប់​ឲ្យ​លោក សម រង្ស៊ី បង់​ថវិកា​ចូល​រដ្ឋ​ចំនួន ១០​លាន​រៀល និង​សង​ជំងឺ​ចិត្ត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ១៥​លាន​រៀល។

អ្នក​នាំ​ពាក្យ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ថា ការ​សម្រេច​ផ្ដន្ទាទោស​នេះ យោង​តាម​មាត្រា​ច្បាប់​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ថ្ងៃ​នេះ​មាន​ធ្លាយ​ព័ត៌មាន​មួយ​តាម​រយៈ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ពី​មតិ​ចូល​ចិត្ត ឬ Like ក្លែងក្លាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន។ លោក​ថា ចំនួន​ចូល​ចិត្ត (Like) មួយ​ចំនួន​ធំ​លើ​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន គឺ​បាន​មក​ពី​ការ​ទិញ ឬ​ជួល​មនុស្ស​ក្រីក្រ​ដែល​អត់​ការងារ​ធ្វើ ឲ្យ​បង្កើត​គណនេយ្យ​ក្លែងក្លាយ ដើម្បី​ផ្ដល់​មតិ​ចូល​ចិត្ត (Like) ឲ្យ​លោក ហ៊ុន សែន។ លោក សម រង្ស៊ី សរសេរ​បន្ត​ថា អ្នក​ដែល​គេ​ជួល​ឲ្យ​ធ្វើ​បែប​នេះ​ច្រើន​ជាង​គេ គឺ​នៅ​ប្រទេស​ឥណ្ឌា (India) និង​ហ្វីលីពីន (Philippines)

ក្រោយ​ពី​ការ​សរសេរ​លាតត្រដាង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ចុច​ចូល​ចិត្ត (Like) នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន កើន​ចំនួន​ច្រើន​នោះ មួយ​ថ្ងៃ​ក្រោយ​មក សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា លោក សោម សឿន ក៏​បាន​ចេញ​មុខ​ប្ដឹង​ប្រឆាំង​លោក សម រង្ស៊ី វិញ។

ក្នុង​ពាក្យ​បណ្ដឹង​ផ្ញើ​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​ទី​១០ មីនា លោក សោម សឿន លើក​ឡើង​ថា លោក សម រង្ស៊ី បាន​បង្ហោះ​អត្ថបទ​ដែល​មាន​ខ្លឹមសារ​មួលបង្កាច់​ខុស​ពី​ការ​ពិត ដែល​ថា​លោក សោម សឿន បាន​ណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន អ្នក​គាំទ្រ និង​បណ្ដាញ រួម​ទាំង​មន្ត្រី​រាជការ​ស៊ីវិល ប៉ូលិស ទាហាន ដើម្បី​បង្កើត​គណនេយ្យ​ហ្វេសប៊ុក​ក្លែងក្លាយ ក្នុង​គោល​បំណង​ផ្តល់​ការ​ចូល​ចិត្ត (Like) សិប្បនិម្មិត​ដល់​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន។ លោក​ចាត់​ទុក​ការ​បង្ហោះ​របស់​លោក សម រង្ស៊ី នេះ ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់​ដឹក​នាំ​ជាតិ និង​រូប​លោក​ធ្ងន់ធ្ងរ។ លោក សោម សឿន ទាមទារ​តុលាការ​ឲ្យ​ផ្ដន្ទាទោស​លោក សម រង្ស៊ី តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក សម រង្ស៊ី ចំនួន ២០​លាន​រៀល ដែល​ស្មើ​ប្រមាណ ៥​ពាន់​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។