តុលាការ​ចេញ​ដីកា​ចាប់​អ្នក​កាន់​ហ្វេសប៊ុក​លោក សម រង្ស៊ី-​ជំនួយការ​លោក ហុង សុខហួរ

ដោយ ខែ សុណង
2015.12.01
ហ្វេសប៊ុក សម រង្ស៊ី ៦២០ ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (រូបថត​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០១៥)។
RFA Screenshot

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​អ្នក​កាន់​ទំព័រ​ហ្វេសប៊ុក (Facebook Page) របស់​លោក សម រង្ស៊ី និង​ជំនួយការ​លោក ហុង សុខហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ពី​បទ​សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ការ​ចេញ​ដីកា​ចាប់​ខ្លួន មន្ត្រី​គណបក្ស ២​រូប​បន្ថែម​ទៀត ថា​ជា​រឿង​នយោបាយ និង​កៀបសង្កត់​លើ​គណបក្ស។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ ធ្នូ ថា ការ​ចេញ​ដីកា​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​នេះ គឺ​ជា​ការ​ស​បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា តុលាការ​កម្ពុជា បច្ចុប្បន្ន​មិន​ឯករាជ្យ ធ្វើ​ការ​ក្រោម​ឥទ្ធិពល​នយោបាយ។ លោក​ថា ការ​ចាប់​ខ្លួន និង​ចេញ​ដីកា​ចាប់​ខ្លួន​សកម្មជន អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ហូរហែ ស្រប​ពេល​ដែល​រឿង​អយុត្តិធម៌​ជា​ច្រើន​បាន​កើត​មាន​មក​លើ​គណបក្ស​ប្រឆាំង ដូចជា​រឿង​អំពើ​ហិង្សា​លើ​អ្នក​តំណាងរាស្ត្រ ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​ទាំង​អស់​ជា​រួម ដែល​មិន​ជា​ករណី​ដាច់​ដោយឡែក​នោះ​ទេ។

លោក យឹម សុវណ្ណ៖ «យើង​មើល​ឃើញ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ នោះ​មក ដំណើរការ​នៃ​ការ​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជាង ១០​នាក់ ដាក់​ក្នុង​ពន្ធនាគារ​រហូត​ដល់​ព្រឹត្តិការណ៍​ចុង​ក្រោយ តាំង​ពី​រឿង​វាយ​អ្នក​តំណាងរាស្ត្រ​រឿង​អី គឺ​វា​នៅ​ក្នុង​កញ្ចប់​នៃ​ការ​កៀបសង្កត់​ទ្រង់ទ្រាយ​ធំ​លើ​គណបក្ស​សង្គ្រោះ​ជាតិ។ ដូច្នេះ​យើង​រំពឹង​ថា ដោះ​គឺ​ត្រូវ​តែ​ដោះស្រាយ​រួម​ទាំង​មូល​តែ​ម្ដង។ បើ​សិន​ជា​មាន​ការ​គោរព​ច្បាប់​មិន​មែន បួន​ដប់​ម្ភៃ​នាក់​វាយ​អ្នក​តំណាងរាស្ត្រ​ហើយ​ចេញ​សារភាព ៣​នាក់ បួន​ដប់​អ្នក​ទៀត​ជាប់​ក្នុង​កាមេរ៉ា ហើយ​មិន​ដឹង​ជា​នៅ​កន្លែង​ណា? រឿង​ទាំង​អស់​នេះ គឺ​រឿង​នៅ​លើ​តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណឹង»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​មាន​ដីកា​ពី​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កោ វណ្ឌី បង្គាប់​ឲ្យ​ចាប់​ខ្លួន​ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ជា​អ្នក​កាន់​ទំព័រ​ហ្វេសប៊ុក ឬ​ហ្វេសប៊ុក ផេក របស់​លោក សម រង្ស៊ី និង​ឈ្មោះ អ៊ុង ជុងលាង ជំនួយការ​លោក ហុង សុខហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី។ អ្នក​ទាំង​ពីរ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ទទួល​បាន​ដីកា​នេះ​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា អ្នក​ទាំង​ពីរ​មាន​បេសកកម្ម​ចេញ​ទៅ​ក្រៅ​ប្រទេស តាំង​ពី​មុន​ពេល​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​មក​ម៉្លេះ។

ការ​ចេញ​ដីកា​ចាប់​ខ្លួន​អ្នក​គ្រប់គ្រង​ទំព័រ​ហ្វេកប៊ុក លោក សម រង្ស៊ី និង​ជំនួយការ​លោក ហុង សុខហួរ នេះ នៅ​បន្ទាប់​ពី​សមាជិក​សភា​អាស៊ាន​ផ្នែក​សិទ្ធិមនុស្ស​បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​មន្ត្រី​គណបក្ស​ប្រឆាំង ដូចជា ការ​តាម​ចាប់​ខ្លួន​លោក សម រង្ស៊ី ការ​ដក​តំណែង​លោក កឹម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា ករណី​អំពើ​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ និង​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ជា​ដើម។ ពួកគេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​លោក​ សម រង្ស៊ី និង​ធានា​សុវត្ថិភាព ព្រម​ទាំង​សេរីភាព​ជូន​តំណាងរាស្ត្រ និង​សកម្មជន​គណបក្ស​ប្រឆាំង ហើយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ធានា​នូវ​សិទ្ធិ​សេរីភាព​ពេញលេញ​ចំពោះ​ការ​ចូល​រួម​ក្នុង​ជីវិត​នយោបាយ​របស់​ពលរដ្ឋ​កម្ពុជា គ្រប់​រូប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។