អ្នក​ស្រុក​ពញាឮ​​​តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​កណ្ដាល​បន្ទាប់​ពី​មាន​ដីកា​កោះហៅ​ឲ្យ​ចូល​បំភ្លឺ

ដោយ ឡេង ម៉ាលី
2017.01.25
តវ៉ា​មុខ​ខេត្ត​កណ្ដាល ៨៥៥ ពលរដ្ឋ​ប្រមាណ ៥០​នាក់ មក​ស្រុក​ពញាឮ នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្ត​កណ្ដាល កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧។ RFA/Leng Maly
RFA/Leng Maly

ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់ មក​ពី​ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្ត​កណ្ដាល នាំ​គ្នា​ទៅ​តវ៉ា​នៅ​សាលាដំបូង​ខេត្ត​កណ្ដាល នៅ​រសៀល​ថ្ងៃ​ទី​២៥ មករា។ ការ​លើក​គ្នា​មក​តវ៉ា​នេះ គឺ​បន្ទាប់​ពី​ពួក​គាត់​ទទួល​បាន​ដីកា​កោះ​ហៅ​តុលាការ​ឲ្យ​ចូល​ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​ដើម​ខែ​កុម្ភៈ ខាង​មុខ​នេះ។

ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់ ក្នុង​ចំណោម ៧១​គ្រួសារ មក​ពី​ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដែល​នាំ​គ្នា​លើក​បដា​តវ៉ា​នៅ​សាលាដំបូង​ខេត្ត​កណ្ដាល នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មករា អះអាង​ថា ពួក​គាត់​កំពុង​មាន​បញ្ហា​ដីធ្លី​ដែល​ត្រូវ​គេ​យក​ទៅ​ឲ្យ​ក្រុមហ៊ុន​របស់​អ្នកស្រី លឹម គា។

អ្នក​ភូមិ​ម្នាក់​ដែល​មក​ពី​ឃុំ​ឈ្វាំង នោះ លោក គួយ ចាន់ថន ថ្លែង​ថា ពួក​លោក​លើក​គ្នា​មក​តុលាការ​ខេត្ត​កណ្ដាល នេះ គឺ​មក​សួរ​ដំណឹង​អំពី​ពាក្យ​បណ្ដឹង​របស់​លោក​ដែល​ប្ដឹង​អ្នក​ភូមិ​ដូច​គ្នា​ចំនួន ១២​នាក់ នៅ​តុលាការ​នេះ៖ «ពួក​ខ្ញុំ​មក​ជំរុញ​ដីកា​ខ្ញុំ​ប្ដឹង ១៥​នាក់។ ១៥​នាក់​ហ្នឹង​ស្លាប់​អស់ ៣​នាក់​ហើយ នៅ​សល់ ១២​នាក់។ តុលាការ​អត់​ចាត់​ការ​ទេ ចាត់​ការ​តែ​រឿង​ពលរដ្ឋ។ រឿង​ដែល​កើត​ឡើង ដី​សម្ដេច​ឲ្យ​អស់​ហើយ មាន​ឯកសារ​គ្រប់គ្រាន់ តាំង​ពី​ខេត្ត​រហូត​ដល់​ស្រុក​រហូត​ដល់​មាន​ក្រុម​បដិ​កោសល្យវិច័យ​ស្រាវជ្រាវ​រក​ទៅ​ប្រជាពលរដ្ឋ​ខ្វះ។ តែ​រឿង​ចុង​ក្រោយ គឺ​រឿង ១៥​នាក់ យក​ដី​ទៅ​ប្រគល់​ឲ្យ​ក្រុមហ៊ុន លឹម គា»

ក្នុង​ពេល​ជាមួយ​គ្នា​នេះ អ្នក​ភូមិ​ស្លែងមានជ័យ ម្នាក់​ទៀត គឺ​អ្នកស្រី ជា សារិន មាន​ប្រសាសន៍​ថា ការ​លើក​គ្នា​មក​តវ៉ា​គឺ​បន្ទាប់​ពី​ពួក​លោកស្រី​ទទួល​បាន​ដីកា​កោះហៅ​របស់​សាលាដំបូង​ខេត្ត​កណ្ដាល ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ជា​បន្ត​បន្ទាប់ នៅ​ដើម​ខែ​កុម្ភៈ ខាង​មុខ​នេះ។ អ្នក​ភូមិ​យល់​ថា ដីកា​នេះ​ជា​ដីកា​ចាប់​ខ្លួន៖ «ហ្នឹង​គឺ​ជា​ដីកា​ហៅ​ប្រជាពលរដ្ឋ​មក​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ថ្ងៃ​ទី​៦ ខែ​កុម្ភៈ មក​ឆ្លាស់​ថ្ងៃ​គ្នា។ តែ​ពួក​ខ្ញុំ​អត់​មក​ឆ្លាស់​ថ្ងៃ​គ្នា​ទេ។ ថ្ងៃ​អ្នក​ណា​ហៅ គឺ​មក​ទាំង​អស់​គ្នា»

ក្រោយ​ពេល​រង់ចាំ​ជិត ២​ម៉ោង អនុ​ប្រធាន​អគ្គលេខាធិការដ្ឋាន​នៃ​សាលាដំបូង​ខេត្ត​កណ្ដាល លោក កេត សំណាង ចេញ​មក​ជួប​អ្នក​ភូមិ ហើយ​ណែនាំ​ពួក​គាត់​ឲ្យ​រក​មេធាវី និង​ចូល​ខ្លួន​តាម​ដីកា​កោះ៖ «រង់ចាំ​ថ្ងៃ​ទី​២ ពូ​អញ្ជើញ​តាម​ដីកា​កោះ។ អ្នក​ដែល​គេ​កោះ​ហ្នឹង គឺ​ពូ​អញ្ជើញ​មក។ ទី​ពីរ ពូ​ត្រូវ​មាន​តំណាង គឺ​មេធាវី​យើង​ហ្នឹង​ហើយ។ រាល់​អ្វី​ដែល​យើង​មិន​អាច​និយាយ​តតាំង​បាន គឺ​មាន​មេធាវី​ហ្នឹង​មក​ជា​តំណាង។ អ៊ីចឹង​នៅ​ក្នុង​ហ្នឹង​មាន​ប្រជាពលរដ្ឋ ដែល​គេ​មាន​ឈ្មោះ​នៅ​ក្នុង​ដីកា​កោះ​ហ្នឹង ពូ​អញ្ជើញ​មក។ ក្រៅ​ពី​ហ្នឹង យើង​នៅ​រង់ចាំ​ស្ដាប់​អ្វី​ជា​លទ្ធផល។ អ្វី​ដែល​ខ្ញុំ​ឆ្លើយ គឺ​ខ្ញុំ​សម្របសម្រួល​ទេ។ នីតិវិធី​ក្នុង​ការ​ដោះស្រាយ​យ៉ាង​ម៉េច អា​ហ្នឹង​ទៅ​លើ​លោក​ចៅក្រម​ជា​អនុម័ត។ អ៊ីចឹង​ថ្ងៃ​ទី​២ ហ្នឹង អ្វី​ដែល​បង​ឆ្ងល់​អី​ទាំង​អស់​ហ្នឹង លើក​ទៅ។ អ៊ីចឹង​មាន​តំណាង​អស់​ហើយ គឺ​មេធាវី​ប្រាប់​មេធាវី​ជួន​កាល​មាន​ខ្វះ​ចន្លោះ​អ្វី តំណាង​យើង​អាច​បន្ថែម​ទៅ»

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ទាំង​នេះ​មក​ពី​ប្រាំ​ភូមិ គឺ​ភូមិ​កាកាប ភូមិ​ស្វាយ ភូមិ​ប្រសាទ ភូមិ​ស្លែងមានជ័យ ឃុំ​ឈ្វាំង និង​ភូមិ​វត្តស្លែង ឃុំ​ជ្រៃលាស់ ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ អ្នក​ភូមិ​និយាយ​ថា ដី​ដែល​មាន​ជម្លោះ​នេះ ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៩៧ នៅ​ពេល​ដែល​អ្នក​ភូមិ​ទទួល​លុយ​ពី​ក្រុមហ៊ុន​របស់​អ្នកស្រី លឹម គា ចំនួន​ពី ៦​ដុល្លារ ទៅ ១០០​ដុល្លារ ដែល​ពួក​គាត់​គិត​ថា ជា​លុយ​កក់​ទិញ​ដី​តាម​រយៈ​មេ​ឃុំ​ចាស់។ ប៉ុន្តែ​មិន​មាន​ធ្វើ​ក្រដាស​ស្នាម​អ្វី​ទេ។ ក្រោយ​មក​នៅ​ឆ្នាំ​២០០៦ ស្រាប់​តែ​មាន​គ្រឿងចក្រ​ក្រុមហ៊ុន​ទៅ​ឈូស​ឆាយ​ទាំង​ដី​របស់​អ្នក​លក់​ហើយ និង​អ្នក​ដែល​មិន​ទាន់​លក់។ ក្នុង​នោះ​មាន​ទាំង​ដី​របស់​អ្នក​ភូមិ ៧១​គ្រួសារ ដែល​ថា មិន​បាន​លក់​ឲ្យ​ក្រុមហ៊ុន ហើយ​នាំ​គ្នា​តវ៉ា។

នៅ​ខែ​មីនា ឆ្នាំ​២០០៨ រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ប្រាក់ សុខុន ចេញ ស.ជ.ណ លេខ ២៥២ យោង​តាម​ចំណារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​រក្សា​ទីតាំង​ដី​ចំនួន ១៥៥​ហិកតារ នៅ​ចំណុច​ទួលតានាង ទួល​ប្រាសាទ ទួល​ទ្រាបាល ចំណុច​ខាង​កើត​ភូមិ​ចាស់ ខាង​ត្បូង​វត្តស្លែង ឲ្យ​ទៅ​ប្រជាពលរដ្ឋ ១៣៤​គ្រួសារ​កាន់​កាប់ និង​បង្កបង្កើន​ផល​តទៅ​ទៀត។ ក្នុង​លិខិត​នេះ ក៏​បាន​បញ្ជាក់​ពី​ខាង​ដើម​ថា ការ​ទិញ​លក់​ដី​នៅ​ចំណុច​នោះ មាន​ភាព​មិន​ប្រក្រតី។ ប៉ុន្តែ​ក្រោយ​មក អ្នក​ភូមិ​ថា ខាង​ក្រុមហ៊ុន​អ្នកស្រី លឹម គា អះអាង​ថា អ្នក​ភូមិ​ទាំង​នេះ ខ្ចី​ដី​របស់​ក្រុមហ៊ុន​បង្កបង្កើន​ផល ដែល​ជា​ហេតុ​អ្នកភូមិ​នាំ​គ្នា​តវ៉ា​រហូត​មក។ អាស៊ីសេរី​មិន​អាច​រក​ការ​បញ្ជាក់​ពី​អ្នកស្រី លឹម គា បាន​ទេ នៅ​ថ្ងៃ​ដដែល​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ភូមិ​សម្រេច​បញ្ឈប់​ការ​តវ៉ា ហើយ​នាំ​គ្នា​ត្រឡប់​ទៅ​ភូមិ​វិញ ក្រោយ​ពេល​យល់​ព្រម​តាម​ការ​ណែនាំ​របស់​មន្ត្រី​តុលាការ ហើយ​ថា ពួក​គាត់​នឹង​ស្វែង​រក​អង្គការ​ឲ្យ​ជួយ​ពួក​គាត់​ណែនាំ​ឲ្យ​រក​មេធាវី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។