សកម្មជន​បរិស្ថាន​លោក វ៉ែន វ៉ន ចេញ​ពី​ពន្ធនាគារ

ដោយ ដែន អយុធ្យា
2016-03-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង លោក វ៉ែន វ៉ន កូន ភរិយា (អាវ​ក្រហម) និង​សាច់ញាតិ ពេល​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កោះកុង កាល​ពី​រសៀល​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។
សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង លោក វ៉ែន វ៉ន កូន ភរិយា (អាវ​ក្រហម) និង​សាច់ញាតិ ពេល​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កោះកុង កាល​ពី​រសៀល​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Den Ayuthyea

សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង លោក វ៉ែន វ៉ន បាន​ចេញ​ពី​ពន្ធនាគារ​ហើយ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​មីនា។ ភ្លាមៗ​បន្ទាប់​ពី​ចេញ​ពី​ពន្ធនាគារ លោក វ៉ែន វ៉ន និយាយ​ថា លោក​មិន​ទាន់​ពេញ​ចិត្ត​ទាំង​ស្រុង​​ចំពោះ​ការ​ដោះលែង​នេះ​ទេ ពីព្រោះ​​តុលាការ​មិន​ទាន់​ទម្លាក់​​​បទ​ចោទ​មក​លើ​រូបលោក។  សាលក្រម​របស់​សាលាដំបូង​ខេត្ត​កោះកុង ពេល​នេះ បាន​កាត់​ឲ្យ​មាន​ទោស​ជាប់​ពន្ធនាគារ​ចំនួន ១​ឆ្នាំ ដោយ​គ្រាន់​តែ​ព្យួរ​ទោស​បាន​នៅ​ក្រៅ​ពន្ធនាគារ។

ក្រោយ​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កោះកុង នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​មីនា លោក វ៉ែន វ៉ន ប្រធាន​សហគមន៍​ជនជាតិ​ដើម​ជង និង​ជា​សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ថា លោក​មិន​ទាន់​សម្រេច​ថា នឹង​ត្រូវ​ប្ដឹង​ឧទ្ធរណ៍ ឬ​បែប​ណា​ទេ ទៅ​លើ​សាលក្រម​របស់​សាលាដំបូង​ខេត្ត​កោះកុង ពេល​នេះ។

​តំណាង​ជនជាតិ​ជង​រូប​នេះ​នៅ​តែ​ថ្លែង​ការពារ​ថា រូប​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​ដូច​តុលាការ​ចោទ​ទេ ហើយ​តុលាការ​ត្រូវ​អនុគ្រោះ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក «ខ្ញុំ​បាន​ចេញ​នៅ​ក្រៅ​ឃុំ​ជា​រឿង​មួយ​ត្រេកអរ ប៉ុន្តែ​រូប​ខ្ញុំ​មិន​ទាន់​អស់​កង្វល់​នៅ​ឡើយ​ទេ ពីព្រោះ​រូប​ខ្ញុំ​នៅ​ត្រូវ​តុលាការ​ចោទ​ប្រកាន់ និង​កាត់​ឲ្យ​ខ្ញុំ​មាន​ទោស​ដដែល ហើយ​បាន​កាត់​ឲ្យ​ខ្ញុំ​ជាប់​ពន្ធនាគារ​ចំនួន ១​ឆ្នាំ»

​នៅ​ឯ​ខាង​ក្រៅ​ពន្ធនាគារ ខេត្ត​កោះកុង ឯ​ណោះ​វិញ ឃើញ​មាន​សាច់ញាតិ ប្រពន្ធ​កូន​របស់​លោក វ៉ែន វ៉ន ប្រមាណ ៥ ទៅ ៦​នាក់ បាន​មក​ទទួល​លោក វ៉ែន វ៉ន ដោយ​បាន​អោប​រឹត​រូបលោក និង​មាន​ទឹក​មុខ​រីករាយ​គ្រប់ៗ​គ្នា។ ប៉ុន្តែ​មិន​ឃើញ​មាន​វត្តមាន​អ្នក​កាសែត​ច្រើន​ទេ នៅ​ខាង​មុខ​ពន្ធនាគារ​នោះ។

ចៅក្រម​សាលាដំបូង​ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មីនា បាន​ប្រកាស​សាលក្រម​លើ​សំណុំរឿង​លោក វ៉ែន វ៉ន ប្រធាន​សហគមន៍​ជនជាតិ​ដើម​ជង និង​ជា​សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង នៅ​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ទាក់ទង​បទ​ចោទ​ប្រមូល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ការ​អនុញ្ញាត ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១​ឆ្នាំ ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ អាច​ឲ្យ​ជន​ជាប់​ចោទ​រស់​នៅ​ក្រៅ​ពន្ធនាគារ។

លោក វ៉ែន វ៉ន សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង និង​ជា​ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង រស់​នៅ​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត​កោះកុង កាល​ពី​​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥ ដោយ​ចោទ​ប្រកាន់​ចំនួន ២​បទ​ចោទ គឺ​ទាក់ទង​ការ​ប្រមូល​អនុផល​ព្រៃឈើ និង​ការ​បំបាត់​វត្ថុតាង។

មេធាវី​ការពារ​ជនជាប់ចោទ និង​សង្គម​ស៊ីវិល ស្នើ​ទៅ​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទ​ទាំង​ពីរ​ករណី​នេះ​ចោល ព្រោះ​ថា សកម្មជន​ការពារ​បរិស្ថាន​រូប​នេះ​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​ទេ។

លោក ចាន់ សុជាតិ និង​អ្នកស្រី អ៊ិត មធុរា ជា​មេធាវី​ការពារ​ក្ដី​របស់​លោក វ៉ែន វ៉ន សាទរ​ចំពោះ​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​​ខេត្ត​កោះកុង ដែល​សម្រេច​ឲ្យ​កូន​ក្ដី​បាន​នៅ​ក្រៅ​ពន្ធនាគារ​ពេល​នេះ។

ប្រធាន​ក្រុម​មេធាវី​សំរិទ្ធ ដែល​ការពារ​ក្ដី លោក វ៉ែន វ៉ន គឺ​អ្នកស្រី អ៊ិត មធុ​រា ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​កូន​ក្ដី​របស់​អ្នកស្រី ព្រោះ​ផ្អែក​លើ​អង្គហេតុ ភស្តុតាង និង​ផ្លូវ​ច្បាប់ លោក វ៉ែន វ៉ន គ្មាន​ទោស​នោះ​ទេ ដោយសារ​សកម្មភាព​ធ្វើ​ផ្ទះ​សហគមន៍​ជា​ប្រយោជន៍​ដល់​សហគមន៍​ទាំង​មូល ហើយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ស្រុក​ថ្មបាំង «តាម​ការ​វិភាគ​ទៅ​លើ​អង្គ​ហេតុ និង​អង្គ​ច្បាប់ ខ្ញុំ​នៅ​តែ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​សាលក្រម​របស់​ចៅក្រម​សាលា​ដំបូង​ខេត្ត​កោះកុង ដែល​កាត់​ឲ្យ​កូន​ក្តី​ខ្ញុំ​ដាក់​ពន្ធនាគារ​ចំនួន ១​ឆ្នាំ ដោយ​គាត់​មិន​មាន​កំហុស​ឆ្គង»

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត សាទរ​ការ​ប្រកាស​សាលក្រម​នេះ ប៉ុន្តែ​សំណូមពរ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ទៅ​លើ​លោក វ៉ែន វ៉ន ព្រោះ​លោក​យល់​ថា ជន​ជាប់​ចោទ​រូប​នេះ​គ្មាន​កំហុស​ទេ«យើង​ជា​សង្គម​ស៊ីវិល​នៅ​តែ​មាន​ការ​សោកស្ដាយ​ចំពោះ​គាត់ ដែល លោក វ៉ែន វ៉ន នៅ​ជាប់​ចោទ​ថា មាន​ទោស​នៅ​លើ​សំណុំ​រឿង​នេះ ដោយ​តុលាការ​មិន​បាន​ទម្លាក់​ចោល​បទ​ចោទ»

​ទាក់ទិន​បញ្ហា​នេះ លោក ធន សារាយ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) សំណូមពរ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ទៅ​លើ​សកម្មជន​ការពារ​បរិស្ថាន​រូប​នេះ និង​យុវជន​ការពារ​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​រូប​ផ្សេង​ទៀត ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ។

បន្ថែម​លើ​នេះ លោក ធន សារាយ ក៏​ស្នើ​ដល់​រដ្ឋាភិបាល និង​តុលាការ គួរ​មាន​ការ​យោគយល់​ដល់​អ្នក​ខិតខំ​ការពារ​បរិស្ថាន​ពិត​ប្រាក ជា​ជាង​មក​ធ្វើ​ទុក្ខបុកម្នេញ​ពួកគេ​ឲ្យ​ខ្លាចរអា និង​មិន​ហ៊ាន​ចេញ​មុខ​ការពារ​ធនធាន​ធម្មជាតិ​នៅ​ពេល​ខាង​មុខ។ ជាង​នេះ​ទៅ​ទៀត នៅ​ថ្ងៃ​ខាង​មុខ បើ​មាន​អ្នក​ការពារ​បរិស្ថាន​ផ្សេង​ទៀត​បាន​ប្រព្រឹត្ត​កំហុស​ហួសហេតុ​ទៅ​លើ​ការងារ​ការពារ​បរិស្ថាន​របស់​ពួកគេ នោះ​គួរ​តែ​មាន​ការ​ពិន័យ​តិចតួច ដោយ​មិន​គួរ​ចាប់​ដាក់​ពន្ធនាគារ​យូរ​ខែ និង​កាត់​ឲ្យ​មាន​ទោស​រាប់​ឆ្នាំ​នោះ​ទេ«អ្នក​ដែល​ការពារ​ធនធាន​ធម្មជាតិ ឬ​អ្នក​ដែល​ការពារ​ទ្រព្យ​សម្បត្តិ​ជាតិ​ទាំងអស់​ហ្នឹង គួរ​តែ​មាន​ការ​គាំទ្រ ឬ​គាំពារ​ពី​សំណាក់​រដ្ឋាភិបាល​ទៅ​វិញ។ គួរ​តែ​រដ្ឋាភិបាល ឬ​តុលាការ កុំ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពេក ពីព្រោះ​ពួក​គេ​ខិតខំ​ការពារ ដើម្បី​ប្រយោជន៍​ជាតិ មិន​មែន​ធ្វើ​ដើម្បី​គុំកួន ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ណា​មួយ​នោះ​ទេ»

​ដោយ​ឡែក​ទាក់ទង​សំណុំរឿង​របស់​យុវជន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់​ផ្សេង​ទៀត ដែល​កំពុង​ជាប់​ពន្ធនាគារ លោក ធន សារាយ ក៏​សំណូមពរ​ឲ្យ​តុលាការ​ខេត្ត​កោះកុង ដែល​នឹង​លើក​យក​សំណុំ​រឿង​នេះ​មក​បើក​សវនាការ​នៅ​ថ្ងៃ​ខាង​មុខ ស្នើ​ឲ្យ​ពិចារណា​ទម្លាក់​ចោល​បទ​ចោទ និង​មាន​សេរីភាព អាច​ឲ្យ​ពួកគេ​បាន​ចូលរួម​ការងារ​ការពារ​បរិស្ថាន​ជាមួយ​រាជរដ្ឋាភិបាល​ជា​បន្ត​ទៀត។

យុវជន​ការពារ​បរិ​ស្ថាន​ទាំង ៣​នាក់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង មាន​ឈ្មោះ សាន់ ម៉ាឡា ទ្រី សុវីគា និង ស៊ីម សំណាង ដែល​បាន​តវ៉ា​យ៉ាង​សកម្ម​ប្រឆាំង​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​វៀតណាម ត្រូវ​បាន​អាជ្ញាធរ​ស្រុក​បទុម​សាគរ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា តាម​បណ្ដឹង​របស់​អាជ្ញាធរ​ឃុំ និង​ក្រុមហ៊ុន​បូម​ខ្សាច់​ឈ្មោះ ដាយរិក អ៊ិចសេស (Direct Access)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

May God protect Mr. Venn Vonn. St Michael the Archangel defend Mr. Venn Vonn. May the power of God, Thrust into hell Satan and all the evil spirits who Wander through the World for the ruin of souls. Especially, the evil men who hold the power in the government of Cambodia. Amen

Mar 03, 2016 12:03 PM

អ្នក​អាន​អនាមិក

សូម អបអរ លោក វ៉ែន វ៉ន អោយមានសុខភាពល្អ ការពារ បរិស្ថាន ជាតិខ្មែរ តទៅទៀត !

Mar 03, 2016 07:11 AM

អ្នក​អាន​អនាមិក

តុលាការ ខ្មែរ ត្រូវធ្វើជា មនុស្ស ឈប់ធ្វើជាសត្វ តទៅទៀត !

Mar 03, 2016 04:34 AM

គេហទំព័រ​ទាំងមូល