អាជ្ញាធរ​ដោះលែង​ស្ត្រី​សហគមន៍​៥​នាក់​ក្រោយ​ឃាត់​ខ្លួន​ជាង​៦​ម៉ោង

ដោយ​ សុ ជីវី
2015.07.18
1

សកម្មជន​ដីធ្លី​តំបន់​បឹងកក់ លោកស្រី ទេព វន្នី បិត​សារ​ជា​អក្សរ​ប្រឆាំង​ច្បាប់​អង្គការ សមាគម ជូន​សន្តិសុខ​ផ្សារ​រាត្រី។

2

សកម្មភាព​ក្រុម​សហគមន៍​នាំ​គ្នា​តម្រង់​ជួរ​ដើរ ដើម្បី​ឲ្យ​មាន​សណ្ដាប់ធ្នាប់​នៅ​ម្ដុំ​ផ្សារ​រាត្រី។

3

ពលរដ្ឋ​សហគមន៍​ដីធ្លី​ចែក​សារ​ប្រឆាំង​ច្បាប់​អង្គការ សមាគម ដល់​អាជីវករ​នៅ​ផ្សារ​ចាស់។

4

ក្រុម​សហគមន៍​ចែក​សារ​ដល់​អ្នក​ដំណើរ​នៅ​ម្ដុំ​ផ្សារ​ថ្មី។

5

ក្រុម​សហគមន៍​ចែក​សារ​ដល់​ប៉ូលិស​នៅ​ម្ដុំ​បេនឡាន​ផ្សារ​ថ្មី។

6

ពលរដ្ឋ​អាន​សារ​ប្រឆាំង​ច្បាប់​អង្គការ​បន្ទាប់​ពី​ក្រុម​សហគមន៍​ចែក​ជូន​នៅ​ម្ដុំ​ផ្សារ​ថ្មី។

7

ក្រុម​សហគមន៍​ចែក​សារ​ជូន​ដល់​ពលរដ្ឋ​នៅ​ម្ដុំ​ផ្សារ​ថ្មី។

8

ក្រុម​សហគមន៍​ដើរ​ជា​ជួរ​ដើម្បី​ចែក​សារ​ប្រឆាំង​ច្បាប់​អង្គការ សមាគម នៅ​ផ្លូវ​ឆ្ពោះ​មក​ផ្សារ​អូរឫស្សី។

9

ក្រុម​សហគមន៍ ៥​នាក់​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល​អូរឫស្សី​២។

10

សមត្ថកិច្ច​បញ្ជូន​​ក្រុម​សហគមន៍​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧មករា។ Licadho

11

សមត្ថកិច្ច​បញ្ជូន​​ក្រុម​សហគមន៍​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧មករា។ Licadho

អាជ្ញាធរ​ខណ្ឌ​៧​មករា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឃាត់​ខ្លួន​ស្ត្រី​តំណាង​សហគមន៍​ដីធ្លី​ចំនួន ៥​នាក់​ក្នុង​ពេល​ពួកគេ​ហែ​ក្បួន​ចែកចាយ​សារ​ប្រឆាំង​ច្បាប់​អង្គការ-​សមាគម។ ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរឫស្សីទី២ និង​បន្ទាប់​មក​នាំ​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧មករា។

យ៉ាងណា​ ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​មក​វិញ​នៅ​ល្ងាច​ថ្ងៃ​ដដែល បន្ទាប់​ពី​អាជ្ញាធរ​បញ្ចប់​ការ​សាកសួរ និង​តម្រូវ​ឲ្យ​ពួកគេ​សន្យា​ថា នឹង​មិន​​ហែ​ក្បួន​ណា​មួយ​នៅ​ពេល​ត្រឡប់​ទៅ​វិញ។

ក្នុង​ការ​ឃាត់​ខ្លួន​ប្រមាណ​ជាង ៦​ម៉ោង អាជ្ញាធរ​បាន​ព្យាយាម​សួរ​នាំ​រក​អ្នក​ដែល​នៅ​ពីក្រោយ​ការ​ហែ​ក្បួន​របស់​ក្រុម​សហគមន៍ ដើម្បី​ចែកចាយ​សារ​ប្រឆាំង​ច្បាប់​អង្គការ-​សមាគម។

តំណាង​ស្ត្រី​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​នៅ​ក្រោយ​ការ​ដោះលែង​ថា ពួក​គាត់​ត្រូវ​អាជ្ញាធរ​អោយ​ផ្ដិត​មេដៃ​លើ​របាយការណ៍​សាកសួរ និង​សន្យា​ថា ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀងៗ​ខ្លួន។ អ្នកស្រី​ហៅ​ការ​ឃាត់​ខ្លួន​ពួក​គាត់​ថា ជា​ជា​ចេតនា​របស់​រដ្ឋាភិបាល ដែល​ប្រាថ្នា​ចេញ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ពុំ​មាន​ការ​តវ៉ា៖ «ពួក​ខ្ញុំ​ក៏​ឆ្លើយ​ទៅ​វិញ​ថា គឺ​ពួក​ខ្ញុំ​ស្ម័គ្រចិត្ត​ធ្វើ​ដោយ​ខ្លួន​ឯង ព្រោះ​ច្បាប់​គ្រប់គ្រង​អង្គការ សមាគម និង​សហជីព​ហ្នឹង​ប៉ះពាល់​ទៅ​លើ​​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ហើយ​​ខ្ញុំ​ក៏​ជា​ពលរដ្ឋ​ខ្មែរ​ដែរ ពួក​ខ្ញុំ​ពេញ​ចិត្ត​នឹង​ចូល​រួម​ធ្វើ​ដោយ​ខ្លួន​ឯង ហើយ​គេ​ក៏​សួរ​ដែរ​ថា យើង​បោះពុម្ព​ប័ណ្ណ​នៅ​ឯ​ណា? ខ្ញុំ​ឆ្លើយ​ថា បោះ​នៅ​គ្រប់​កន្លែង»

ស្ត្រី​ទាំង ៥​នាក់​នោះ​រួម​មាន​លោកស្រី ទេព វន្នី សុង ស្រីលាភ ឆាយ គឹមហ៊ន ហេង ចន្ថា និង​លោកស្រី បូវ សោភា។ ក្រុម​ស្ត្រី​ទាំង​នេះ​អះអាង​ថា នឹង​មិន​បោះបង់​ការ​តវ៉ា ប្រឆាំង​ការ​បង្កើត​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ឡើយ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា ក្រុម​តំណាង​សហគមន៍​ដីធ្លី និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ៥០​នាក់ បាន​នាំ​គ្នា​ហែ​ក្បួន​តាម​ផ្លូវ​ចែកចាយ​ប័ណ្ណ​ដែល​មាន​សារ​ជា​អក្សរ​ប្រឆាំង​នឹង​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​តាម​ទីផ្សារ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។ ពួកគេ​បាន​ចេញ​ដំណើរ​ពី​ផ្សា​រចាស់ ទៅ​ផ្សារ​ថ្មី និង​បន្ទាប់​មក​បាន​ទៅ​ដល់​ផ្សា​រអូរឫស្សី។

នៅ​ទី​នោះ​ប្រធាន​គណៈកម្មការ​ផ្សារ​អូរឫស្សី លោក ឡេង គឹមស្រុង បាន​នាំ​កម្លាំង​សន្តិសុខ​ជា​ច្រើន​នាក់ ទៅ​សាកសួរ​រក​ច្បាប់​អនុញ្ញាត​ពី​ក្រុម​អ្នក​ហែ​ក្បួន។ បន្ទាប់​មក​ក៏​មាន​ការ​ប្រកែក​គ្នា​ជាមួយ​តំណាង​សហគមន៍​ជា​ស្ត្រី​មួយ​ចំនួន។

ប្រធាន​ផ្សារ​អូរឫស្សី និង​កម្លាំង​សន្តិសុខ​បាន​ចាប់​អូស​ស្ត្រី​ទាំង ៥​នាក់​នាំ​ទៅ​ប៉ុស្តិ៍​នគរបាល សង្កាត់​ផ្សារអូឫស្សីទី២។ បន្ទាប់​មក​ពួកគេ​ក៏​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧មករា។

ក្រៅ​ពី​ស្ត្រី​ទាំង ៥​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ក៏​មាន​មនុស្ស ៩​នាក់​ទៀត​បាន​ចូល​ទៅ​តាម​ពួកគេ​ដែរ ក្នុង​នោះ​មាន​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​មួយ​ចំនួន​ទៀត។

ប្រធាន​គណៈកម្មការ​ផ្សារ​អូរឫស្សី លោក ឡេង គឹមស្រុង មាន​ប្រសាសន៍​ថា លោក​ចង់​បាន​ការ​បញ្ជាក់​ពី​ក្រុម​អ្នក​ហែ​ក្បួន​ថា តើ​ពួកគេ​បាន​សុំ​ការ​អនុញ្ញាត​ហែ​ក្បួន​នេះ ឬ​យ៉ាង​ណា៖ «ក្នុង​នាម​អាជ្ញាធរ​ខ្ញុំ​រក្សា​សណ្ដាប់ធ្នាប់ យើង​អត់​ចង់​ធ្វើ​អី​អោយ​មាន​បញ្ហា​ជា​មួយ​បង​ប្អូន​ប្រជាពលរដ្ឋ​ទេ។ ប្រទេស​យើង​មាន​ច្បាប់ ធ្វើ​អ្វី​​​យើង​យក​ច្បាប់​យក​អ្វី​មក​អនុវត្ត ច្បាប់​ជា​បន្ទាត់ ជា​អ្នក​តម្រែតម្រង់ ហើយ​ច្បាប់​មាន​សីលធម៌​ មាន​គុណធម៌​នៅ​ក្នុង​ហ្នឹង​មិនមែន​ច្បាប់​បង្កើត​មក​ដើម្បី​សម្លាប់​នរណា​ ម្នាក់​ទេ»

អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ប្រធាន​ផ្សា​រអូរឫស្សី បាន​ធ្វើ​ខុស​តួនាទី ដ្បិត​លោក​ថា ប្រធាន​ផ្សារ​រូប​នោះ ​ពុំ​មាន​សមត្ថកិច្ច​ចាប់ ឬ​ឃាត់​ខ្លួន​ជន​ណា​នោះ​ឡើយ៖ «គួរតែ​មាន​សមត្ថកិច្ច​នគរបាល ដែល​ទៅ​ហើយ​ធ្វើ​ការ​សាកសួរ​​​ និយាយ​គ្នា​មុន​នឹង​ធ្វើ​ការ​នាំ​ខ្លួន។ ប៉ុន្តែ​មិន​មាន​ការ​និយាយ​គ្នា​ណា​មួយ​ទេ​ គឺ​ចាប់​ហើយ​ចាប់​ទៀត ដែល​ធ្វើ​អោយ​សាធារណជន​គេ​ឃើញ​ទៅ​ហាក់​ដូចជា បុរស​ហ្នឹង​ទៅ​ចាប់​ស្ត្រី ព្រោះ​គាត់​ស្លៀក​សម្លៀក​បំពាក់​ស៊ីវិល អ៊ីចឹង​គួរ​​​តែ​សមត្ថកិច្ច​ចរចា និង​សម្របសម្រួល»

ទាក់ទិន​នឹង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​អង្គការ​សហប្រជាជាតិ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​មួយ​ចំនួ ​ធ្លាប់​បាន​តវ៉ា​ជំទាស់​នឹង​​រដ្ឋ​សភា​ដែល​បាន​អនុម័ត​ដោយ​មាន​តែ​សំឡេង​គាំទ្រ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា កន្លង​ទៅ ដោយ​សំអាង​ថា ច្បាប់​នេះ​នឹង​រឹតត្បិត​លើ​សេរីភាព​ក្នុង​ការ​បង្កើត​អង្គការ-​សមាគម និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។