ឧទ្ធរណ៍​បន្ត​ដាក់​ទោស​លោក សម រង្ស៊ី ២០​ខែ​ពី​បទ​ចោទ​រដ្ឋ​អំណាច​សម្លាប់​បណ្ឌិត កែម ឡី

ដោយ ម៉ម មុនីរតន៍
2017-08-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA
Photo: RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​ឈ្នះ​ក្ដី​នៅ​តុលាការ​មួយ​សំណុំរឿង​ទៀត​ហើយ ជាមួយ​នឹង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​គឺ​លោក សម រង្ស៊ី។ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​សម្រេច​រក្សា​បទ​ចោទ និង​ស្ថាន​ទម្ងន់​ទោស​ប្រឆាំង​លោក សម រង្ស៊ី ដូច​ដែល​តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​រួច​ហើយ​ដែរ ជុំវិញ​បទ​ចោទ​ថា ​រដ្ឋាភិបាល​ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

សាលដីកា​ដែល​សម្រេច​ដោយ​កំបាំង​មុខ​ប្រឆាំង​លោក សម រង្ស៊ី នៅ​​ពេល​នេះ ត្រូវ​បាន​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​លោក ញូង ធុល ចាត់​ទុក​ថា សាលក្រម​ព្រហ្មទណ្ឌ​របស់​តុលាការ​ក្រុង​ភ្នំពេញ និង​នីតិវិធី​សវនាការ​ដេញដោល កាល​ពី​ខែ​មីនា នោះ គឺ​មាន​តម្លៃ​គតិយុត្តិ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​សីហា សាលាឧទ្ធរណ៍​បាន​លើក​យក​សំណុំរឿង​លោក សម រង្ស៊ី ដែល​ចោទ​ប្រកាន់​ថា រដ្ឋអំណាច​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន គឺ​ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី មក​ជំនុំជម្រះ។ អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ​រង​ការ​ចោទ​ប្រកាន់​​ថា ​បាន​បរិហារកេរ្តិ៍​លោក ហ៊ុន សែន ជា​សាធារណៈ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​អំឡុង​ខែ​កក្កដា និង​​ខែ​សីហា ឆ្នាំ​២០១៦។

លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ក្រុម​អ្នក​កាសែត ក្រោយ​បញ្ចប់​សវនាការ​ថា សាលដីកា​ដែល​សម្រេច​ដោយ​សាលាឧទ្ធរណ៍​នៅ​ពេល​នេះ បាន​ផ្ដល់​យុត្តិធម៌​ត្រឹមត្រូវ​ដល់​ដើម​ចោទ ​គឺ​លោក ហ៊ុន​ សែន។ លោក​បន្ត​ថា នេះ​គឺ​ជា​ការ​ឆ្លើយតប​ដែល​មេធាវី​ដើម​ចោទ ចង់​ឲ្យ​តុលាការ​រក្សា​បទ​ចោទ និង​ស្ថាន​ទម្ងន់​ទោស​ដូច​សាលក្រម​ព្រហ្មទណ្ឌ​របស់​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ដែរ៖ «បាទ! នេះ​ជា​សំណូមពរ​ខាង​ភាគី​ខ្ញុំ គឺ​សូម​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង។ ដូច្នេះ​សាលាឧទ្ធរណ៍​បាន​តម្កល់​ហើយ​មិញ​នេះ»

មេធាវី គី តិច ៨៥៥ ២០១៧
លោក​មេធាវី គិត តិច តំណាង​ដោយ​អាណត្តិ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​មុខ​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Morm Moniroth

ថ្វី​បើ​សវនាការ​ដែល​បន្ត​កាត់​ក្ដី​ដោយ​អវត្តមាន​ទាំង​មេធាវី​ គឺ​លោក សំ សុគង់ និង​លោក សម រង្ស៊ី នៅ​ក្នុង​បន្ទប់​ជំនុំជម្រះ ក៏​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​អាច​ដំណើរការ​ក្ដី​បាន ដោយ​យោង​លើ​សំអាង​ហេតុ ៤​ចំណុច​របស់​លោក សម រង្ស៊ី គឺ​មាន​បទ​សម្ភាសន៍​ជា​មួយ​អាស៊ីសេរី ការ​ថ្លែង​របស់​អតីត​មេ​បក្ស​ប្រឆាំង​នៅ​ប្រទេស​បារាំង សារ​ដែល​ត្រូវ​បាន​ដក​ចេញ​ពី​គណនី​ហ្វេសប៊ុក (Facebook) ផ្ទាល់​របស់​លោក សម រង្ស៊ី និង​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក។

ក្រៅ​ពី​នេះ នៅ​មាន​ការ​សំអាង​ហេតុ​បន្ថែម​ទៀត ដែល​បើក​ផ្លូវ​ឲ្យ​សាលាឧទ្ធរណ៍​កាត់​ក្តី​បាន​នោះ គឺ​តុលាការ​យល់​ឃើញ​ថា មាត្រា ៣៦២ នៃ​ក្រុម​នីតិវិធី​ព្រហ្មទណ្ឌ ក៏​ជា​ផ្នែក​មួយ​អាចឲ្យ​សវនាការ​ដោយ​កំបាំង​​មុខ​ជន​ជាប់​ចោទ​បាន​ដែរ។ ម្យ៉ាង​ទៀត លោក សម រង្ស៊ី តែង​បោះបង់​សិទ្ធិ​ចូលរួម​សវនាការ​គ្រប់​នីតិវិធី​រួច​មក​ហើយ។

បើ​ទោះ​ជា​បែប​ណា ការ​កាត់​ក្តី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ សីហា សង្កេត​ឃើញ​ថា តុលាការ​ហាក់​ពុំ​បាន​សួរ​ដេញដោល​ឲ្យ​បាន​ស៊ីជម្រៅ​នោះ​ទេ ដោយ​គ្រាន់​តែ​បង្គាប់​ឲ្យ​បញ្ចាំង​ស្លាយ​អំពី​វីដេអូ និង​សំឡេង​លោក សម រង្ស៊ី បន្តិច ក៏​សម្រេច​សេចក្ដី​យក​តែម្ដង។ ប៉ុន្តែ​ដើម្បី​ឲ្យ​ប្រាកដ​កាន់​តែ​ច្បាស់​អំពី​ភស្តុតាង​សំអាង​ហេតុ​ក្នុង​ការ​ដាក់​បន្ទុក​នេះ តុលាការ​បាន​បង្គាប់​ឲ្យ​មន្ត្រី​នគរបាល​បច្ចេកទេស​ផ្នែក​កោសល្យវិច័យ​នៃ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​ក្រសួង​មហាផ្ទៃ ចំនួន ៣​នាក់​ ចូល​ការពារ​ភស្តុតាង​នេះ​ថែម​ទៀត​ផង នៅ​ក្នុង​បន្ទប់​ជំនុំជម្រះ​លើក​នេះ។ មន្ត្រី​នគរបាល​ទាំង​នោះ​បាន​បញ្ជាក់​ថា សំឡេង និង​រូបភាព ​ដែល​ទទួល​បាន​ពី​តំណាង​អយ្យការ​គឺ​ប្រាកដ​ជា​លោក សម រង្ស៊ី មែន។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ី ថាវរៈ បាន

សម្រេច​ឲ្យ​លោក សម រង្ស៊ី ចាញ់​ក្ដី​លោក ហ៊ុន សែន។ អំណាច​សាលក្រម​នេះ សម្រេច​ផ្ដន្ទាទោស​អតីត​មេ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ១​ឆ្នាំ ៨​ខែ និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ ១០​លាន​រៀល។ ក្រៅ​ពី​នេះ​ នៅ​មាន​សំណង​ជំងឺ​ចិត្ត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ១០០​រៀល​ថែម​ទៀត។

លោក សំ សុគង់ មេធាវី​ការពារ​ឲ្យ​លោក សម រង្ស៊ី អះអាង​ថា លោក​ពុំ​បាន​ទទួល​លិខិត​អញ្ជើញ​មេធាវី​ឲ្យ​ចូលរួម​ការពារ​ក្ដី​ទេ ហើយ​លោក​ហាក់​នៅ​មិន​ទាន់​ប្រាកដ​ដែរ​ថា តើ​នឹង​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ៖ «ចំពោះ​ខ្ញុំ​ជា​មេធាវី​ការពារ​ឯកឧត្ដម សម រង្ស៊ី ហ្នឹង​អត់​បាន​ទទួល​លិខិត​អញ្ជើញ​ទេ។ នេះ​ជាក់ស្ដែង»

នៅ​ក្នុង​សំណុំ​រឿង​ដូច​គ្នា​នេះ បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ចំនួន ៤​នាក់​ហើយ ​​រួម​ទាំង​លោក សម រង្ស៊ី ផង ត្រូវ​ជាប់​បណ្ដឹង​តាម​ផ្លូវ​តុលាការ និង​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​នោះ កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ ព្រោះ​តែ​ចោទ​លោក ហ៊ុន សែន ថា បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល