គ្រួសារ​កញ្ញា សាសា ថា​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ពេញលេញ​ពី​តុលាការ

ដោយ ថា កិត្យា
2016.02.16
ឯក សុជាតា ហៅ សាសា ៦២០ អតីត​ពិធី​ការិនី​ទូរទស្សន៍ កញ្ញា ឯក សុជាតា ហៅ សាសា ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ចេញ​ពី​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Um Raingsy

គ្រួសារ​របស់​អតីត​ពិធីការិនី​ទូរទស្សន៍​ស៊ី.ធី.អិន (CTN) កញ្ញា ឯក សុជាតា ហៅ សាសា ដែល​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ហិង្សា​លើ​រាងកាយ ថា​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ពេញលេញ​ទេ បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ឲ្យ​ជន​ដៃ​ដល់ លោក សុខ ប៊ុន អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ១០​ខែ ដែល​មាន​ន័យ​ថា នៅ​សល់​ពេល​តែ ៣​ខែ​ទៀត​ប៉ុណ្ណោះ ទណ្ឌិត​រូប​នេះ​នឹង​រួច​ខ្លួន។ មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា ប្រព័ន្ធ​តុលាការ​សព្វថ្ងៃ​នេះ នៅ​តែ​អនុវត្ត​ស្តង់ដារ​ពីរ​ក្នុង​ច្បាប់​តែមួយ។

​គ្រួសារ​របស់​កញ្ញា សាសា និយាយ​ថា នឹង​មិន​ប្តឹង​ជំទាស់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទៅ​សាលាឧទ្ធរណ៍​នោះ​ទេ បើ​ទោះ​បី​ជា​ពួកគេ​អះអាង​ថា សាលក្រម​នេះ​នៅ​មិន​ទាន់​ផ្តល់​យុត្តិធម៌​ពេញលេញ​ក្ដី។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ តុលាការ​ក្រុង​ភ្នំពេញ បាន​ផ្ដន្ទាទោស​ឲ្យ​លោក សុខ ប៊ុន អតីត​ជា​ឧកញ៉ា និង​ជា​ប្រធាន​ក្រុម​អ្នក​វាយតម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា ជាប់​ពន្ធនាគារ ៣​ឆ្នាំ  ប៉ុន្តែ​តម្រូវ​ឲ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ១០​ខែ រាប់​ពី​ថ្ងៃ​ចាប់​ខ្លួន និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦​លាន​រៀល ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បន្ទាប់​ពី​លោក​បាន​ប្រើ​ហិង្សា​វាយតប់​ទាត់​ធាក់​លើ​កញ្ញា សាសា ឲ្យ​រង​របួស​ធ្ងន់ មាន​ទាំង​ស្លាកស្នាម​ជាំ​ភ្នែក​ផង កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៥។

លោក​ឧកញ៉ា អ៊ុត ធី ឪពុក​បង្កើត​របស់​កញ្ញា សាសា មាន​ប្រសាសន៍​ថា លោក​មិន​ពេញ​ចិត្ត​ចំពោះ​សាលក្រម​នេះ​ទេ ប៉ុន្តែ​បើ​ទោះ​បី​ជា​លោក​បន្ត​ប្ដឹង​ជំទាស់​ក្ដី ក៏​តុលាការ​នៅ​តែ​រក​វិធីសាស្ត្រ​អោយ​លោក សុខ ប៊ុន រួច​ខ្លួន​ពី​ទោសទណ្ឌ​ដដែល៖ «បើ​យើង​ទៅ​ប្រឆាំង​យ៉ាង​ម៉េច ក៏​ត្រូវ​តែ​វា​អោយ​រួច​ទៅ​ហើយ។ កន្លង​មក​មាន​ជាប់​នៅ​ក្នុង​ពន្ធនាគារ​អី ឃើញ​តែ​នៅ​ក្រៅ​រហូត ដោយ​តែងតែ​ធ្វើ​សំបុត្រ​ថា ព្យាបាល​ជំងឺ​អី​អ៊ីចឹង។ ខ្ញុំ​រវល់​ការងារ​ច្រើន​ដែរ ហើយ​បើ​នៅតែ​ប្ដឹង​ចុះ​ឡើង​ទៅ គិត​ថា វា​អត់​បាន​ប្រយោជន៍​អី ព្រោះ​វា​អាម៉ាស់​មុខ​ប៉ុណ្ណឹង​ហើយ វា​ធ្វើ​អី​ធ្វើ​ទៅ​»

​ឪពុក​របស់​កញ្ញា សាសា ក៏​បដិសេធ​ថា លោក​មិន​បាន​ទទួល​យក​លុយ​មួយ​កាក់​មួយ​សេន​ពី​លោក សុខ ប៊ុន ទេ ប៉ុន្តែ​លោក​ក៏​មិន​ច្បាស់​ដែរ​ថា តើ​កញ្ញា សាសា ទទួល​បាន​ប្រាក់​សំណង​ក្រៅ​ផ្លូវការ​ចំនួន​ប៉ុន្មាន​ពី​លោក សុខ ប៊ុន ដើម្បី​ព្យាបាល​មុខរបួស​នោះ?

​តុលាការ​បាន​ឃុំ​ខ្លួន​លោក សុខ ប៊ុន នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៥ កន្លង​ទៅ ហើយ​នៅ​សល់​តែ​ប្រមាណ ៣​ខែ​ទៀត​ប៉ុណ្ណោះ លោក​នឹង​ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​វិញ។ រី​ឯ​កញ្ញា សាសា ដែល​ជា​ជនរងគ្រោះ​បាន​អះអាង​ថា ពុំបាន​ដឹង និង​ពុំបាន​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រកាស​សាលក្រម​នេះ​នោះ​ទេ ហើយ​ក៏​ចង់​បំភ្លេច​រឿង​នេះ​ចោល​តែម្ដង។ កញ្ញា សាសា ក៏​បដិសេធ​ដែរ​ថា ការ​ដែល​ធ្វើ​មិន​ដឹង​មិន​ឮ​នេះ គឺ​មិនមែន​ដោយសារ​តែ​ទទួល​លុយ​សន្ធឹកសន្ធាប់​ពី​លោក សុខ ប៊ុន ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​កន្លង​មក​ឡើយ៖ «ច្បាប់​ចែង​យ៉ាង​ម៉េច ខ្ញុំ​ក៏​មិន​អាច​ប្រកែក​ថា វា​មិន​កើត​ដែរ ព្រោះ​ហេតុ​អី ខ្ញុំ​មិន​ដឹង​ថា ច្បាប់​យ៉ាង​ម៉េច​តម្រូវ​អោយ​ជាប់​យ៉ាង គឺ​ខ្ញុំ​អត់​ដឹង ហើយ​ណា​មួយ​ខ្ញុំ​ក៏​មិន​យក​ខួរ​ក្បាល​ទៅ​គិត ព្រោះ​អី​ឥឡូវ​ខ្ញុំ​មិនសូវ​ស្រូល​ខ្លួន​ក្នុង​ការ​គិត»

ដោយ​ឡែក​មេធាវី​ការពារ​ក្ដី​ឲ្យ​កញ្ញា សាសា គឺ​លោក ពុធ ធាវី ប្រាប់​វិទ្យុ​អាស៊ីសេរី ថា កូន​ក្ដី​របស់​លោក បាន​ទទួល​យក​សេចក្ដី​សម្រេច​របស់​សាលាដំបូង​នេះ​ហើយ ដោយ​យល់​ថា ការ​ដាក់​ទោសទណ្ឌ​នេះ គឺ​សម​ល្មម​អាច​ទទួល​យក​បាន។

​ប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន និង​ស្និត​ជាមួយ​កញ្ញា សាសា ឲ្យ​ដឹង​ថា លោក សុខ ប៊ុន បាន​ផ្ដល់​ប្រាក់​សំណង​ផ្លូវ​ចិត្ត និង​ព្យាបាល​ជំងឺ​ចំនួន ១០​ម៉ឺន​ដុល្លារ ទៅ​កញ្ញា សាសា ដើម្បី​បញ្ចប់​រឿង​ត​ទៅ​ទៀត។ បើ​ទោះ​បី​ជា កញ្ញា សាសា ព្យាយាម​បដិសេធ​ក្ដី ប៉ុន្តែ​ប្រភព​ដ៏​ទុក​ចិត្ត​មួយ​នេះ​បញ្ជាក់​ថា បើសិនជា​មិន​ទទួល​បាន​ប្រាក់​សំណង​ទេ​នោះ តើ​កញ្ញា សាសា អាច​ទទួល​យក​សាលក្រម​ផ្ដន្ទាទោស​ធុន​ស្រាល​បែប​នេះ ហើយ​សម្ងំ​ស្ងៀម​គ្មាន​ប្រតិកម្ម​ដូច​ពេល​នេះ​ទេ។

កន្លង​មក កញ្ញា សាសា ធ្លាប់​និយាយ​ថា នឹង​មិន​រាថយ​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​ឡើយ និង​ថា បើ​ទទួល​បាន​សំណង​ចំនួន ២​លាន​ដុល្លារ នឹង​ជួយ​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ព្រម​ទាំង​កាកបាទ​ក្រហម​កម្ពុជា ទៀត​ផង។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សុខ ប៊ុន គឺ​លោក យិន សុភី បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ។

​អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា​បច្ចុប្បន្ន មិនទាន់​ផ្ដល់​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​នៅ​ឡើយ​ទេ​រវាង​ប្រជាពលរដ្ឋ​ក្រីក្រ​សាមញ្ញ និង​អ្នក​មាន​លុយ មាន​អំណាច និង​មាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល។ លោក​លើក​ឧទាហរណ៍​ជាក់ស្ដែង​ថា ដូចជា​ករណី លោក សុខ ប៊ុន អាង​មាន​លុយ​វាយ​កញ្ញា សាសា ករណី​អតីត​ប្រធាន​តុលាការ​ក្រុងភ្នំពេញ លោក អាំង មាលតី ប្រព្រឹត្ត​អំពើ​ពុករលួយ​ពេល​កាន់​អំណាច និង​ករណី​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ប្រើ​អំណាច​បាញ់​កម្មករ នៅ​ខេត្ត​ស្វាយរៀង ជាដើម គឺ​ពួកគេ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស និង​ចោទ​ប្រកាន់​ក្នុង​បទល្មើស​មួយ​ដែល​ស្រាល ដោយ​អនុវត្ត​ទោស​តិច​តូច​ប៉ុណ្ណោះ គឺ​ទោស​ភាគ​ច្រើន​ដាក់​ព្យួរ ដែល​មាន​ន័យ​ថា ជនល្មើស​មិន​ស្ថិត​ក្នុង​ពន្ធនាគារ។ ប៉ុន្តែ​បើ​បទល្មើស​ដូច​គ្នា​នេះ បើ​ពលរដ្ឋ​ក្រីក្រ​សាមញ្ញ​ជា​អ្នក​ប្រព្រឹត្ត​វិញ គឺ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អតិបរមា​តែម្ដង។

​លោក អំ សំអាត៖ «និយាយ​ពី​រឿង​យុត្តិធម៌ វា​អត់​មាន​គ្រប់គ្រាន់ ហើយ​វា​ក៏​មិន​ស្មើ​ភាព​គ្នា​ដែរ​ចំពោះ​មុខ​ច្បាប់ ហើយ​ករណី​នេះ បើ​ខុស​ពី​លោក សុខ ប៊ុន ហើយ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ដែល​ជា​អ្នក​ប្រព្រឹត្ត​វិញ ដូច្នេះ​ខ្ញុំ​គិត​ថា បើ​កាត់ទោស​បី​ឆ្នាំ គឺ​នៅ​ក្នុង​ពន្ធនាគារ ៣​ឆ្នាំ​ហើយ គ្មាន​ការ​ព្យួរ​ទេ»

​លោក អំ សំអាត បន្ត​ថា ប្រសិនបើ​តុលាការ​នៅ​តែ​បន្ត​ធ្វើ​ដូច្នេះ វា​នឹង​នៅ​តែ​បន្ត​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ អំពី​ការ​វិនិច្ឆ័យ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​ចិត្ត។ លោក​ថា ប្រព័ន្ធ​យុត្តិធម៌​គឺ​មាន​តួនាទី​សំខាន់​ណាស់​សម្រាប់​កសាង​ទំនុក​ចិត្ត​ពី​មហាជន និង​លើក​ស្ទួយ​នីតិរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។