តុលាការ​ក្រុង​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​ករណី​មេឃុំ ស៊ាង ចែត នៅ​ថ្ងៃ​ទី​៥ ធ្នូ

ដោយ រ៉ាន់ សំណាង
2016.11.11
ស៊ាង ចែត ២០១៦ ៨៥៥ លោក​មេឃុំ ស៊ាង ចែត (រូប​កណ្ដាល) ពេល​នាំ​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Rann Samnang
RFA/Rann Samnang

តុលាការ​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​មេ​ឃុំ​ស្រក មក​ពី​គណបក្ស​ប្រឆាំង នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦ លើ​សំណុំរឿង​សូក​ប៉ាន់​សាក្សី ទាក់ទង​រឿង​អាស្រូវ​ស្នេហា​រវាង​ប្រធាន​ស្ដីទី​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ មេធាវី​ការពារ លោក ស៊ាង ចែត សង្ឃឹម​ថា កូនក្ដី​លោក​នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ បើ​តុលាការ​ប្រើ​ឆន្ទានុសិទ្ធិ ដោយ​ឈរ​លើ​អង្គហេតុ​ពិត​ប្រាកដ​នោះ។

ការ​បើក​សវនាការ​ជំនុំ​ជម្រះ លោក ស៊ាង ចែត លើ​ទឹក​ប្រាក់ ២​លាន​រៀល ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចោទ​មេ​ឃុំ​បក្ស​រូប​នេះ​ថា សូក​ប៉ាន់​សាក្សី​នោះ ប្រើ​ពេល​ជាង ១​ម៉ោង។ លោក ស៊ាង ចែង បញ្ជាក់​ប្រាប់​ចៅក្រម​ជំនុំជម្រះ​ថា ទឹក​ប្រាក់ ២​លាន​រៀល​នោះ ជា​លុយ​ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ ផ្ញើ​តាម​លោក​ជួយ​យក​ទៅ​ប្រគល់​ឲ្យ​លោកស្រី ស៊ាង លន ត្រូវ​ជា​ម្ដាយ​ស្រីមុំ។ មេ​ឃុំ​រូប​នេះ​បញ្ជាក់​ថា នោះ​ជា​ថវិកា​សប្បុរសធម៌​មក​ពី​ក្រៅ​ប្រទេស​ជួយ​គ្រួសារ ស្រីមុំ។

ពេល​តុលាការ​បញ្ជា​ឲ្យ​ក្រឡាបញ្ជី​អាន​ចម្លើយ​សាក្សី ឈ្មោះ ស៊ាន លន ក្នុង​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​លោកស្រី ស៊ាង លន ប្រាប់​តុលាការ​ថា ពេល​លោក ស៊ាង ចែត ហៅ​លោកស្រី​ទៅ​ផ្ទះ​ដើម្បី​ប្រគល់​លុយ​ឲ្យ ប៉ុន្តែ​លោកស្រី​ថា មិន​យក​លុយ​នេះ​ទេ ព្រោះ​ដឹង​មក​ពី​ណា។

ទាក់ទង​នឹង​ការ​ណែនាំ​ឲ្យ​ស្រីមុំ ទៅ​ឆ្លើយ​មិន​ពិត​នៅ​ក្រសួង​មហាផ្ទៃ វិញ លោក ស៊ាង ចែត និយាយ​ថា លោក​គ្រាន់តែ​ទទួល​ពាក្យ​ពី​លោក ម៉ៅ មុនីវណ្ណ ប៉ុណ្ណោះ។ ពាក្យ​សម្ដី​ដែល​លោក ម៉ៅ មុនីវណ្ណ ឲ្យ​លោក ស៊ាង ចែត និយាយ​ប្រាប់ ស្រីមុំ មាន ៥​ចំណុច។ ទី​១ បើ​ទៅ​បំភ្លឺ​នៅ​ក្រសួង​មហាផ្ទៃ កុំ​ទៅ​ម្នាក់​ឯង ត្រូវ​ទៅ​ជាមួយ​អង្គការ​អាដហុក (ADHOC) ទី​២ ពេល​ចេញ​វិញ​បើ​មាន​គេ​សម្ភាសន៍ កុំ​និយាយ​ច្រើន​ប្រយ័ត្ន​ខុស ទី​៣ ពេល​ឆ្លើយ​គឺ​ឆ្លើយ​ឲ្យ​ដូច​កាល​និយាយ​នៅ​វិទ្យុ​អាស៊ីសេរី ទី​៤ ទៅ​សមាគម​អាដហុក វិញ ដើម្បី​ឲ្យ​មេធាវី​ជូន​ទៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ និង​ទី​៥ ស្នើ​ឲ្យ​មន្ត្រី​សិទ្ធិមនុស្ស​ជួយ​ឲ្យ​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស។ ប៉ុន្តែ​សម្ដី​ទាំង​នេះ លោក ស៊ាង ចែត បញ្ជាក់​ថា លោក​និយាយ​ជាមួយ​បង​ថ្លៃ ស្រីមុំ គឺ​លោកស្រី នូ សុធារ៉ា ប៉ុណ្ណោះ ប៉ុន្តែ​ឈ្មោះ សុធារ៉ា ប្រាប់​លោក​វិញ​ថា លោកស្រី​បាន​គិតគូរ​រួច​ហើយ។

ថ្វីត្បិតតែ​អង្គ​សេចក្ដី​ក្នុង​សវនាការ​ផ្ដោត​លើ​ទឹក​ប្រាក់ ២​លាន និង​អ្នក​ទទួល​លុយ​នោះ​មិន​មែន​ជា​រូប​ស្រីមុំ ក្ដី តំណាង​អយ្យការ លោក សៀង សុខ នៅ​តែ​រក្សា​ការ​ចោទ​ប្រកាន់ លោក ស៊ាង ចែត ពី​បទ​សូក​ប៉ាន់​សាក្សី តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ ព្រោះ​លោក ស៊ាង ចែត បាន​បញ្ចុះបញ្ចូល​សាក្សី​មិន​ឲ្យ​និយាយ​​ការ​ពិត​នៅ​ពេល​ឆ្លើយ​នៅ​ក្រសួង​មហាផ្ទៃ។

​ចំណែក​មេធាវី ហែម សុជាតិ ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នេះ ព្រោះ​មិន​ឈរ​លើ​អង្គហេតុ​ពិត​ប្រាកដ។ មេធាវី​រូប​នេះ​និយាយ​ថា លុយ​នោះ​មិន​មែន​ជា​ប្រាក់​របស់​លោក ស៊ាង ចែត ហើយ​អ្នក​ទទួល​ប្រាក់​នោះ ក៏​មិន​មែន​ជា ស្រីមុំ ដែរ។ ហេតុ​នេះ លោក ស៊ាង ចែត សង្ឃឹម​ថា កូន​ក្ដី​លោក​នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ បើ​តុលាការ​ប្រើ​ឆន្ទានុសិទ្ធិ​ផ្អែក​លើ​អង្គហេតុ​ពិត​ប្រាកដ​មែន​នោះ៖ «អ្វី​ដែល​ស្រីមុំ និយាយ ជា​រឿង​ផ្ទាល់​ខ្លួន​របស់​ស្រីមុំ។ ស្រីមុំ និយាយ​បំណង​ល្អ ឬ​មិន​ល្អ ខ្ញុំ​ជា​មេធាវី​មិន​បាន​ដឹង​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា កូន​ក្ដី​របស់​ខ្ញុំ​អត់​បាន​យក​លុយ​ទៅ​ទិញ​ទឹក​ចិត្ត​ស្រីមុំ​ទេ គឺ​យក​លុយ​ទៅ​ឲ្យ​ម្ដាយ​ស្រីមុំ ក្នុង​ន័យ​មនុស្ស​ធម៌​តែប៉ុណ្ណោះ ហើយ​មិន​មែន​លុយ​របស់​គាត់​ទេ។ អ្វី​ដែល​ស្រីមុំ អះអាង​ក្នុង​លិខិត​អី​នោះ គឺ​ជា​រឿង​របស់​ស្រីមុំ ដែល​ស្រីមុំ ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់​ដោយ​ខ្លួន​ឯង»

​មុន​មន្ត្រី​ពន្ធនាគារ​នាំ​ខ្លួន​មេឃុំ​ស្រក មក​ពី​ខេត្ត​កំពង់ចាម ទៅ​ឃុំ​នៅ​ពន្ធនាគារ​វិញ លោក ស៊ាង ចែត បង្ហាញ​ក្ដី​សង្ឃឹម​ថា តុលាការ​នឹង​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​វិញ ដើម្បី​ជួបជុំ​គ្រួសារ និង​បម្រើ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់៖ «ថ្ងៃ​នេះ​ជា​លើក​ទី​២​ហើយ អ៊ីចឹង​ថ្ងៃ​ទី​៥ (ធ្នូ) នេះ ខ្ញុំ​សង្ឃឹម​ថា បាន​នៅ​ក្រៅ​ឃុំ​ហើយ»

តុលាការ​ក្រុង​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។