មន្ត្រី​សិទ្ធិ​មនុស្ស​និង​ពលរដ្ឋ​ស្នើ​តុលាការ​ខេត្ត​កោះកុង​ទម្លាក់​បទ​ចោទ​លើ​សកម្មជន​បរិស្ថាន​៣​នាក់

ដោយ ដែន អយុធ្យា
2016-06-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​មក​ពីសហគមន៍​ក្នុង​ខេត្ត​កោះកុង កំពុង​ឃ្លាំ​មើល​សវនាការ​លើ​​សកម្មជន​ការពារ​បរិស្ថាន ៣​រូប គឺ​លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៦។
ពលរដ្ឋ​មក​ពីសហគមន៍​ក្នុង​ខេត្ត​កោះកុង កំពុង​ឃ្លាំ​មើល​សវនាការ​លើ​​សកម្មជន​ការពារ​បរិស្ថាន ៣​រូប គឺ​លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៦។
Photo Provided

សាលា​ដំបូង​ខេត្ត​កោះកុង បាន​លើក​យក​សំណុំ​រឿង​របស់​សកម្មជន​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ ចំនួន ៣​នាក់​មក​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មិថុនា។ សវនាការ​នេះ​មាន​ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​ផ្សេងៗ​ជិត ១០០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ពី​មុខ​បរិវេណ​តុលាការ​ខេត្ត​កោះកុង ដោយ​លើក​បដា​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​នេះ​ពិចារណា​ដោះ​លែង និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​យុវជន​បរិស្ថាន​ទាំង ៣​នាក់ ឲ្យ​មាន​សេរីភាព​វិញ។

សវនាការ​នេះ តុលាការ​បាន​ដាក់​កម្លាំង​សមត្ថកិច្ច​នៅ​ច្រក​ចេញ​ចូល​សាលា​ដំបូង ដោយ​ហាម​មិន​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ និង​សាច់ញាតិ​យុវជន​ជាប់​ចោទ​ទាំង ៣​នាក់ ចូល​ទៅ​អង្គុយ​ស្តាប់​សវនាការ​ជម្រះ​ក្តី​នេះ​ទេ។ គិត​មក​ដល់​ម៉ោង ៤​ល្ងាច ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មិថុនា នេះ តុលាការ​កំពុង​សាកសួរ​សាក្សី​ចំនួន ១៦​នាក់​មិន​ទាន់​ចប់​នៅ​ឡើយ។

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ដែល​តាម​ដាន​សវនាការ​លើ​សកម្មជន​ការពារ​បរិស្ថាន ៣​រូប​នៅ​ខាង​ក្រៅ​របង​តុលាការ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា សវនាការ​នេះ​មាន​ភាព​អាថ៌កំបាំង និង​អំពាវនាវ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ ចូលរួម​ឃ្លាំ​មើល​សវនាការ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់។ លោក​បន្ត​ថា តុលាការ​ត្រូវ​តែ​ពិចារណា​ដោះ​លែង និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​បរិស្ថាន ៣​នាក់ នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​នៅ​ពេល​នេះ ព្រោះ​សកម្មភាព​ពួក​គេ​កន្លង​មក គឺ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​សមុទ្រ មាន​ខ្សាច់​សមុទ្រ និង​មច្ឆា​សមុទ្រ​ជាដើម កុំ​ឲ្យ​បាត់បង់​តែ​ប៉ុណ្ណោះ៖ «សវនាការ​នៅ​ព្រឹក​នេះ​ធ្វើ​ឡើង​មាន​ការ​លាក់លៀម គឺ​សវនាការ​អសាធារណៈ។ តាម​ធម្មតា​សវនាការ​ត្រូវ​ធ្វើ​ឡើង​ដោយ​សាធារណៈ គឺ​អនុញ្ញាត​ឲ្យ​មហាជន និង​មន្ត្រី​សង្គម​ស៊ីវិល​ជា​ដើម ចូល​រួម​សង្កេតការណ៍។ យើង​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​ហាមឃាត់​នេះ ហើយ​តុលាការ​ទំនង​ជា​មាន​អ្វី​ជា​អាថ៌កំបាំង​ជុំវិញ​សវនាការ​នេះ»

ចំណែក​ក្រុម​ប្រជាពលរដ្ឋ​មក​ពី​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី សហគមន៍​នេសាទ និង​សហគមន៍​ការពារ​បរិស្ថាន​ជិត ១០០​នាក់ មក​ពី​ស្រុក​ថ្មបាំង ស្រុក​ស្រែអំបិល ស្រុក​កោះកុង និង​ស្រុក​គីរីសាគរ ជាដើម ដែល​បាន​មក​ប្រមូល​ផ្តុំ​គ្នា​លើក​បដា​តវ៉ា​ក្រោម​ដំណក់​ទឹក​ភ្លៀង​នៅ​មុខ​របង​តុលាការ បាន​ទទូច​សុំ​ឲ្យ​សាលា​ដំបូង​ខេត្ត​កោះកុង ទម្លាក់​ចោល​បទ​ចោទ និង​ដោះ​លែង​សកម្មជន​ការពារ​បរិស្ថាន​ទាំង ៣​នាក់ ឲ្យ​មាន​សេរីភាព​វិញ។ ពលរដ្ឋ​ទាំង​នោះ​បាន​លើក​ឡើង​ដូចៗ​គ្នា​ថា ការ​ចាប់​ខ្លួន​យុវជន​បរិស្ថាន​ទាំង ៣​នាក់​ដាក់​គុក គឺ​ជា​រឿង​អយុត្តិធម៌​បំផុត៖ «សូម​ឲ្យ​តុលាការ​ខេត្ត​កោះកុង កាត់​សេចក្ដី​ឲ្យ​យុត្តិធម៌ និង​ដោះលែង​យុវជន​ទាំង ៣​នាក់​ឲ្យ​មាន​សេរីភាព និង​លើកលែង​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង។ យុវជន​ទាំង ៣​នាក់​នោះ​គ្រាន់​តែ​ធ្វើ​សកម្មភាព​ដេញ​សាឡង់​បូម​ខ្សាច់​របស់​ជនជាតិ​ វៀតណាម មក​បំផ្លាញ​ខ្សាច់ មច្ឆា​សមុទ្រ និង​ការពារ​ការ​បាក់​ច្រាំង​សមុទ្រ ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​អណ្ដូង​ទឹក​ទាំង​មូល។ ដូច្នេះ​សកម្មភាព​របស់​យុវជន​ទាំង​នោះ​គឺ​មិន​ខុស​ទេ។ ខ្ញុំ​ជឿ​ថា​ ទាំង​រាជ​រដ្ឋាភិបាល និង​តុលាការ​អាច​នឹង​យល់​ច្បាស់​ជាង​ពួកគាត់​ជា​ប្រជាពលរដ្ឋ នូវ​សកម្មភាព​របស់​សកម្មជន​ការពារ​បរិស្ថាន​ទាំង ៣​នាក់ បាន​ធ្វើ​សកម្មភាព​កន្លង​មក គឺ​មិនមែន​រឿង​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ទេ។ ដូច្នេះ​សូម​ពិចារណា​ដោះលែង​យុវជន​ទាំង ៣​នាក់ ឲ្យ​មាន​សេរីភាព​វិញ»។ 

ក្រុម​ប្រជាពលរដ្ឋ​បញ្ចេញ​ទស្សនៈ​ថា តុលាការ ឬ​អាជ្ញាធរ មិន​គួរ​ចាប់​ខ្លួន​យុវជន​ទាំង ៣​នាក់ ដោយ​បាន​ធ្វើ​សកម្មភាព​ការពារ​ខ្សាច់ ឬ​ធនធាន​សមុទ្រ​នា​មូលដ្ឋាន​ខេត្ត​កោះកុង មិន​ឲ្យ​បាត់បង់​នោះ​ទេ។ តុលាការ ឬ​អាជ្ញាធរ គួរ​ចាប់​ជន​ពុក​រលួយ ឬ​ជន​ទាំងឡាយ​ណា​ដែល​ធ្វើ​សកម្មភាព​បំផ្លាញ​ធនធាន​ជាតិ​មាន​ខ្សាច់​សមុទ្រ និង​ត្រី​សមុទ្រ​អនាធិបតេយ្យ មក​ដាក់​ទោស​ទណ្ឌ​ទើប​យុត្តិធម៌។

យុវជន​អង្គការ​ចលនា​មាតា​ធម្មជាតិ​ទាំង ៣​នាក់ មាន​ឈ្មោះ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង។ ពួក​គេ​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង ឃុំ​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ ដោយ​ចោទ​ពី​បទ​គំរាម​កំហែង ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ​តាម​មាត្រា​៤២៤ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ព្រែក​អណ្ដូងទឹក ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ។

សវនាការ​នេះ តុលាការ​បាន​អនុញ្ញាត​ឲ្យ​តែ​មន្ត្រី​អង្គការ​សហប្រជាជាតិ មេធាវី​ជន​ជាប់​ចោទ និង​សាក្សី​ខាង​ភាគី​ជន​ជាប់​ចោទ ចូលរួម​ស្តាប់ និង​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​អង្គ​សវនាការ ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស សាច់ញាតិ​ជន​ជាប់​ចោទ អ្នក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​ផ្សេងៗ តុលាការ​មិន​អនុញ្ញាត​ទេ ហើយ​ពួក​គេ​ប្រមូល​ផ្តុំ​គ្នា​នៅ​ពី​មុខ​របង​សាលា​ដំបូង​ខេត្ត​កោះកុង។

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ចេញ​ផ្សាយ​ថ្មីៗ​នេះ បាន​ចាត់​ទុក​ការ​ឃុំ​ខ្លួន​អ្នក​ការពារ​បរិស្ថាន​ទាំង ៣​នាក់​បណ្ដោះអាសន្ន ថា​តុលាការ​បាន​អនុវត្ត​ខុស​នីតិវិធី។

សវនាការ​នេះ តុលាការ​បាន​បញ្ចប់​ការ​សួរ​ដេញដោល​ជន​ជាប់​ចោទ​ទាំង ៣​នាក់​នៅ​វេលា​ម៉ោង​ជាង ១២​ថ្ងៃ​ត្រង់ ហើយ​នៅ​ពេល​រសៀល ថ្ងៃ​ទី​២៧ មិថុនា តុលាការ​បាន​បន្ត​សវនាការ​សួរ​សាក្សី​ចំនួន ១៦​នាក់​ទៀត ដោយ​គិត​មក​ដល់​ម៉ោង ៤​ល្ងាច សវនាការ​នេះ​នៅ​មិន​ទាន់​ចប់​ទេ។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​កោះកុង លោក អ៊ិន គង់ជិត បាន​ស្នើ​ឲ្យ​តុលាការ​ខេត្ត​នេះ ពិចារណា​ទម្លាក់​ចោល​បទ​ចោទ និង​ដោះ​លែង​សកម្មជន​បរិស្ថាន​ទាំង ៣​រូប​ឲ្យ​មាន​សេរីភាព​វិញ ព្រោះ​លោក​យល់​ថា អ្នក​ជាប់​ឃុំ​ទាំង ៣​នាក់ គ្រាន់​តែ​បាន​ធ្វើ​យុទ្ធនាការ​ឲ្យ​បញ្ឈប់​សកម្មភាព​បូម​ខ្សាច់​អនាធិបតេយ្យ ដោយ​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ដូចជា​ការ​បាក់​ច្រាំង និង​ការ​ធ្វើ​ឲ្យ​ទិន្នផល​នេសាទ​ធ្លាក់​ចុះ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល