តុលាការ​កំពូល​បន្ត​លើក​ពេល​ប្រកាស​សាលដីកា​ករណី​មន្ត្រី​អាដហុក​និង​សកម្មជន​បរិស្ថាន

ដោយ ឡេង ម៉ាលី
2017.06.28
ណៃ វ៉ង់ដា ២០១៦ ៨៥៥ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា (រូប​កណ្ដាល) ពេល​បញ្ជូន​ចេញ​ពី​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Brach Chev
Photo: RFA

តុលាការ​កំពូល​បន្ត​លើក​ពេល​ប្រកាស​សាលដីកា លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (ADHOC) ៤​រូប និង​បណ្ដឹង​សាទុក្ខ​របស់​សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង​១​រូប ទៅ​ថ្ងៃ​ទី៥ ខែ​កក្កដា។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក សំ ច័ន្ទគា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៨ មិថុនា ថា បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា លោក នី សុខា និង​លោក យី សុខសាន្ត ត្រូវ​បាន​តុលាការ​​កំពូល​បន្ត​លើក​ពេល​ប្រកាស​សាលដីកា​ជា​លើក​ទី២ បន្ទាប់​ពី​តុលាការ​នេះ​លើក​ពេល​ម្ដង​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី២១ មិថុនា ថា នឹង​ប្រកាស​នៅ​ថ្ងៃ​ទី២៨ មិថុនា​។ មន្ត្រីសិទ្ធិមនុស្ស​អាដហុក​៤​រូប​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី​នឹង​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ជាង​១​ឆ្នាំ​ហើយ។

សំណុំ​រឿង​មួយ​ទៀត​នៅ​តុលាការ​កំពូល​ គឺករណី​បណ្ដឹង​សាទុក្ខ​ដែល​ប្ដឹង​ប្រឆាំង​ការ​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង របស់​សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង និង​ជា​ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង លោក វ៉ែន វ៉ន ក៏​ត្រូវ​បាន​តុលាការ​លើក​ពេល​ប្រកាស​សាលដីកា​ទៅថ្ងៃទី៥ កក្កដា ដូចគ្នា។

​លោក វ៉ែន វ៉ន ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​បញ្ជូន​ទៅឃុំនៅ​ពន្ធនាគារ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥ បន្ទាប់​ពី​លោក​ទិញ​ឈើ​​ធ្វើ​ផ្ទះ​សហគមន៍​ជា​ប្រយោជន៍​ក្នុង​តំបន់​អារ៉ែង។ ប៉ុន្តែកាល​ពីថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦ លោក​ត្រូវ​បាន​តុលាការ​ខេត្ត​នេះ ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ តែ​ត្រូវ​ព្យួរ​ទោស ១​ឆ្នាំ ក្រោម​បទ​ចោទ​ប្រមូល​អនុផល​ព្រៃ​ឈើ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។