ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល គ្រោងនឹងប្រកាសសាលដីកាសំណុំរឿងស្ត្រីបឹងកក់ ១៣នាក់ នៅពាក់កណ្ដាលខែមីនា ខាងមុខនេះ ជុំវិញបណ្ដឹងសារទុក្ខរបស់ស្ត្រីបឹងកក់ ដែលទាមទារឲ្យតុលាការកំពូល ទម្លាក់ចោលរាល់បទចោទទាំងអស់ចេញ។ មន្ត្រីអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) យល់ឃើញថា សំណុំរឿងក្រុមអ្នកតស៊ូមតិស្ត្រីបឹងកក់ ពុំមានធាតុផ្សំនៃអង្គហេតុណាមួយ ដែលរកឃើញថា មានបទល្មើសដែលត្រូវចោទប្រកាន់ឡើយ។
អគ្គព្រះរាជអាជ្ញារងនៃតុលាការកំពូល នៅតែទទូចឲ្យក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការជាន់ខ្ពស់នេះ បន្តរក្សាបទចោទប្រឆាំងក្រុមស្ត្រីបឹងកក់ ដូចសាលដីកាសាលាឧទ្ធរណ៍ និងបទចោទនៃសាលក្រមតុលាការក្រុងភ្នំពេញ ទុកជាបានការដដែល ថ្វីបើស្ត្រីបឹងកក់ និងមេធាវីការពារក្តីឲ្យដើមចោទ ព្យាយាមស្នើឲ្យក្រុមប្រឹក្សាជំនុំជម្រះ ទម្លាក់ចោលបទចោទយ៉ាងណាក្តី។
ក្រោយពីបញ្ចប់ការដេញដោលពេញមួយព្រឹក និងបន្ទាប់ពីធ្វើសេចក្ដីសន្និដ្ឋានរួច នៅថ្ងៃទី២ ខែមីនា លោក សួន ចន្ថា អគ្គព្រះរាជអាជ្ញារងនៃតុលាការកំពូល បានស្នើឲ្យក្រុមប្រឹក្សាជំនុំជម្រះ បន្តចោទដូចមុនប្រឆាំងក្រុមស្ត្រីអ្នកតស៊ូមតិតំបន់បឹងកក់ ដូចតុលាការក្រុងភ្នំពេញចោទប្រកាន់ និងសេចក្ដីសម្រេចចុងក្រោយរបស់សាលាឧទ្ធរណ៍។
កាលពីឆ្នាំ២០១២ ស្ត្រីបឹងកក់ ១៣នាក់ ត្រូវបានតុលាការក្រុងភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំកន្លះ (២ឆ្នាំ ៦ខែ)។ ក្រោយមក ស្ត្រីទាំង ១៣នាក់ ត្រូវបានសាលាឧទ្ធរណ៍កាត់តម្រឹម ដោយអនុវត្តទោសនៅក្នុងពន្ធនាគារ ១ខែ ៣ថ្ងៃ ហើយទោសដែលនៅសល់ ត្រូវព្យួរ។ ដើមបណ្ដឹងនៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ គឺសាលាក្រុងភ្នំពេញ។ ក្រោយចាប់ខ្លួនកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ ស្ត្រីទាំង ១៣នាក់ ជាប់ចោទពីបទកាន់កាប់ដោយខុសច្បាប់លើអចលវត្ថុរបស់នីតិបុគ្គលសាធារណៈ និងប្រឆាំងអ្នករាជការសាធារណៈ ដោយមានស្ថានទម្ងន់ទោស។
លោកស្រី បូវ សោភា ថ្លែងក្រោយចេញពីបន្ទប់សវនាការថា គេហាក់ពុំមានជំនឿសោះចំពោះសេចក្ដីសម្រេចរបស់តុលាការ ថាអាចលុបចោលបទចោទដូចការទាមទារនេះ។ លោកស្រីបន្តថា មានសំណុំរឿងច្រើនណាស់មកហើយដែលមើលឃើញថា ការវិនិច្ឆ័យរបស់ចៅក្រមជំនុំជម្រះ កម្រដែលបានផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។ ហេតុនេះ សំណុំរឿងដែលលោកស្រីអះអាងថា ត្រូវបានតុលាការចោទប្រកាន់ពីបទព្រហ្មទណ្ឌនេះ ទំនងមិនខុសពីអង្គហេតុផ្សេងទៀតប៉ុន្មាននោះដែរ។ លោកស្រីបន្តថា « និយាយពីរឿងជំនឿទៅលើប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា សឹងតែគ្មានសោះតែម្ដងសម្រាប់ពួកខ្ញុំដែលជាជនរងគ្រោះ។ យើងដឹងស្រាប់ហើយថា បច្ចុប្បន្ននេះឲ្យតែអ្នករងគ្រោះតវ៉ារឿងដីធ្លី មិនតិចទេដែលក្លាយជាអ្នកទោស កម្រឃើញនឹងបានយុត្តិធម៌ពីប្រព័ន្ធតុលាការណាស់ »។
នៅក្នុងអង្គសវនាការដែលប្រព្រឹត្តទៅពេញមួយព្រឹកនេះ គឺពុំមានវត្តមានចុងចោទដែលជាតំណាងសាលាក្រុងភ្នំពេញទេ ខណៈស្ត្រីបឹងកក់ ៣នាក់ក្នុងចំណោម ១៣នាក់នោះក៏អវត្តមានដែរ។
ក្នុងពេលជំនុំជម្រះនោះ ក្រុមប្រឹក្សានៃអង្គចៅក្រម បានបោះសំណួរគ្នាទៅវិញទៅមក មើលទៅហាក់ពុំមានសំណួរអ្វីច្រើនដើម្បីសួរទៅកាន់ស្ត្រីបឹងកក់ទាំង ១០នាក់ នៅក្នុងបន្ទប់សវនាការទេ។ ចៅក្រមខ្លះ នៅពេលនោះបានបដិសេធមិនសួរនាំអ្វី នៅពេលប្រធានក្រុមប្រឹក្សាជំនុំជម្រះបោះសំណួរឲ្យសួរវិញម្ដង។ ក្នុងឯកសណ្ឋានដូចៗគ្នា ស្ត្រីតស៊ូមតិក្នុងរឿងដីធ្លីតំបន់បឹងកក់ បានពាក់អាវយឺតពណ៌ខ្មៅ ហើយសរសេរសារថា ស្រេកឃ្លានយុត្តិធម៌ និងបានឡើងនិយាយម្នាក់ម្ដងៗទាំងជំហរម៉ឺងម៉ាត់។
មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) លោក អំ សំអាត មានជំនឿថា តុលាការកំពូល អាចនឹងធ្វើសេចក្ដីសម្រេចមួយដ៏ត្រឹមត្រូវ ហើយប្រហែលជាសំណុំរឿងព្រហ្មទណ្ឌនេះ តុលាការជាន់ខ្ពស់ពិចារណាក្នុងការទម្លាក់បទចោទចោល។ ម្យ៉ាងទៀត ការអនុវត្តដូចនេះ វានឹងជាគំរូល្អសម្រាប់សំណុំរឿងដទៃទៀតដែលមានស្ថានភាពប្រហាក់ប្រហែលគ្នានេះដែរ ព្រោះសំណុំរឿងរបស់ស្ត្រីបឹងកក់ទាំង ១៣រូបនេះ ពុំមានធាតុផ្សំនៃបទល្មើសណាមួយ ដែលអាចបញ្ជាក់ថា ឈានទៅដល់ការចោទប្រកាន់ទេ។ លោកបន្តថា « ខ្ញុំសង្ឃឹមថាតុលាការកំពូល នឹងសម្រេចលើកលែងចោទប្រកាន់ទៅដល់ពួកគាត់ទាំង ១៣នាក់នេះឲ្យមានសេរីភាពឡើងវិញ ដោយគ្មានជាប់ពាក់ព័ន្ធនឹងបទល្មើស និងការចោទប្រកាន់ទេ។ ខ្ញុំគិតថា កាលណាតុលាការកំពូល សម្រេចសាលដីការបៀបនេះ ក៏ជាការបន្តសាលដីកាយុទ្ធសាស្ត្រសម្រាប់រឿងដទៃៗទៀត ដែលមានលំនាំប្រហាក់ប្រហែលគ្នានេះ »។
ក្រោយស្ដាប់សេចក្ដីសន្និដ្ឋានរបស់ដើមចោទ មេធាវីការពារក្ដីឲ្យដើមបណ្ដឹង និងសេចក្ដីសន្និដ្ឋានចុងក្រោយរបស់អគ្គព្រះរាជអាជ្ញារងរួច ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក សឹង បញ្ញាវុធ សម្រេចប្រកាសសាលដីកាសំណុំរឿងនេះនៅព្រឹកថ្ងៃទី១៦ ខែមីនា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
