ព្រះមហាក្សត្រ​យាង​សោយ​ព្រះ​ក្រយា​ក្បែរ​តុលាការ​កំពូល​ចំ​ថ្ងៃ​បក្ស​ប្រឆាំង​ត្រូវ​រំលាយ

ដោយ អាស៊ីសេរី
2017.11.16
សីហមុនី សម្ដេច​ម៉ែ ៨៥៥ ២០១៦ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហាក្សត្រី មុនីនាថ សីហនុ ពេល​យាង​តាម​ព្រះ​ទីន័ង​រថភ្លើង​មក​ដល់​ខេត្ត​ព្រះសីហនុ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៦។
Photo courtesy of PM Hun Sen's Facebook page

តុលាការ​កំពូល បាន​សម្រេច​ចេញ​សាល​ដីកា​ភ្លាមៗ ឲ្យ​រំលាយ​បក្ស​ប្រឆាំង​ក្រោយ​បញ្ចប់​ការ​ជំនុំជម្រះ​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា និង​សមាជិក​បក្ស​ជាន់​ខ្ពស់​ជាង ១០០​នាក់​ត្រូវ​បាន​ដក​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ។ នៅ​ចំ​ថ្ងៃ​ដែល​តុលាការ​កំពូល កំពុង​តែ​ដំណើរ​ក្ដី​រឿង​រំលាយ​បក្ស​ប្រឆាំង ព្រះ​វត្តមាន​របស់​ព្រះ​មហាក្សត្រ ដែល​ព្រះអង្គ​យាង​ទៅ​សោយ​ព្រះ​ក្រយា​ក្បែរ​តុលាការ​កំពូល បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​សាធារណៈ។ អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការ​យាង​របស់​ព្រះ​មហាក្សត្រ​នៅ​ពេល​នេះ ជា​សញ្ញា​បង្ហាញ​ថា ព្រះអង្គ​កំពុង​ខ្វល់ខ្វាយ​អំពី​វិបត្តិ​នយោបាយ​ដ៏​ធំ​នេះ។

នេះ​អាច​ចាត់​ទុក​ថា ជា​ការ​កម្រ និង​ជា​ការ​គាប់​ជួន​ដែល​ព្រះ​រាជកិច្ច​របស់​ព្រះ​មហាក្សត្រ ត្រូវ​បាន​គេ​រៀបចំ​ឡើង​ផ្នែក​ខាង​ក្រៅ​ព្រះបរមរាជវាំង នៅ​ចំ​ថ្ងៃ​នៃ​សវនាការ​ជំនុំជម្រះ​រំលាយ​បក្ស​ប្រឆាំង​លើ​សំណុំរឿង​រំលាយ​ប្រឆាំង​ដែល​ស្ថិត​ក្រោម​ការ​រិះគន់ និង​ថ្កោលទោស​ដ៏​ចម្រូងចម្រាស​ពី​សហគមន៍​អន្តរជាតិ។

ទីប្រឹក្សា​ព្រះរាជ​លេខាធិការដ្ឋាន​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ លោក អ៊ុំ ដារ៉ាវុធ ឲ្យ​ដឹង​ថា នេះ​ជា​ការ​យាង​ទៅ​ជា​ធម្មតា​របស់​ព្រះ​មហាក្សត្រ និង​សម្ដេច​ម៉ែ ដែល​មាន​ព្រះរាជ​ពិធី​នៅ​ក្បែរ​តុលាការ​កំពូល​នេះ។ លោក​បន្ត​ថា ការ​យាង​របស់​ព្រះ​មហាក្សត្រ​នេះ លោក​ពុំ​បាន​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់​ទេ ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​តុលាការ​កំពូល​កំពុង​កាត់​ក្ដី​រំលាយ​បក្ស​ប្រឆាំង ព្រះអង្គ​ទាំង​ទ្វេ​ក៏​មាន​ព្រះរាជ​ពិធី​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ ស្ថិត​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​តុលាការ​កំពូល​នេះ​ដែរ។ បើ​ទោះ​ជា​បែប​ណា លោក អ៊ុំ ដារ៉ាវុធ បាន​បដិសេធ​​ថា លោក​ពុំ​បាន​ដឹង​ពី​ទឹក​ព្រះទ័យ​​របស់​ព្រះមហាក្សត្រ​ចំពោះ​ទិដ្ឋភាព​នយោបាយ​នៅ​ពេល​នេះ​ទេ៖ «»។

លោក ឌិត មុន្ទី ជា​ប្រធាន​តុលាការ​កំពូល និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ក្នុង​រឿង​ក្តី​នេះ​ផង ហើយ​ជា​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថែម​ទៀត​នោះ បាន​សម្រេច​ចេញ​សាលដីកា​ឲ្យ​រំលាយ​បក្ស​ប្រឆាំង​ភ្លាមៗ ក្រោយ​បញ្ចប់​ការ​ជំនុំជម្រះ។ ក្រៅ​ពី​នេះ អំណាច​សាលដីកា​ដែល​បិទ​ផ្លូវ​តវ៉ា​នេះ ក៏​បាន​ហាម​មិន​ឲ្យ​សមាជិក​ចំនួន ១១៨​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ។

ព្រះ​មហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ ព្រះអង្គ​បាន​យាង​ទៅ​សោយ​ព្រះ​ក្រយា​នៅ​ក្នុង​ហាង​មួយ​ឈ្មោះ មាលា (Mealea) ដែល​ជា​ភោជនីយដ្ឋាន​របស់​សម្ដេច​ព្រះ អរុណរស្មី។ ការ​យាង​ចេញ​ពី​ព្រះបរមរាជវាំង​សម្រាប់​ព្រះរាជ​ពិធី​នៅ​ខាង​ក្រៅ​នេះ វា​ហាក់​គាប់​ជួន​ទៅ​នឹង​ព្រឹត្តិការណ៍​កាត់​ក្ដី​រំលាយ​បក្ស​ប្រឆាំង​ដោយ​តុលាការ​កំពូល។ សំណុំរឿង​រំលាយ​បក្ស​ប្រឆាំង​ដែល​ក្រសួង​មហាផ្ទៃ ដើរ​តួ​ជា​ដើមបណ្ដឹង​នេះ បាន​ប្រើប្រាស់​ចៅក្រម​រហូត​ដល់ ៩​នាក់។ នេះ​ជា​សវនាការ​ដ៏​កម្រ និង​ពុំ​ដែល​មាន​ក្នុង​ពេល​កន្លង​ទៅ ខណៈ​ដែល​ចៅក្រម​មួយ​ចំនួន​កាន់​រឿង​ក្ដី​នេះ មាន​តួនាទី​នៅ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្សប្រជាជន​កម្ពុជា​ផង។

ពាក់ព័ន្ធ​នឹង​ព្រះ​វត្តមាន​ព្រះ​មហាក្សត្រ​វិញ គេ​កម្រ​ឃើញ​ព្រះ​ភក្តិ​ព្រះ​មហាក្សត្រ និង​ព្រះ​ទីនាំង​របស់​ព្រះអង្គ​សម្រាប់​ព្រះ​រាជកិច្ច​ជា​លក្ខណៈ​ឯកជន​នៅ​ខាង​ក្រៅ​ព្រះបរមរាជវាំង​ណាស់។ អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា វត្តមាន​របស់​ព្រះ​មហាក្សត្រ និង​សម្ដេច​ម៉ែ នៅ​ពេល​នេះ​ជា​សញ្ញា​បង្ហាញ​ថា ព្រះអង្គ​ហាក់​ខ្វល់ខ្វាយ​ពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា កាន់​តែ​ដុនដាប​ទៅៗ។ លោក ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​លោក ត្រូវ​រង​ការ​រិះគន់​ថា ព្យាយាម​បង្កើត​ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​កម្ទេច​សំឡេង​ប្រឆាំង។ ប៉ុន្តែ​ទាំង​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក ជា​ញឹកញាប់​តែង​ថ្លែង​ការពារ​ថា ការ​អនុវត្ត​ដូច​នេះ​គឺ​ដើម្បី​ថែរក្សា​សុខ​សន្តិភាព​ប៉ុណ្ណោះ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​សង្គម និង​នយោបាយ​មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ការ​យាង​ទៅ​របស់​ព្រះ​មហាក្សត្រ​ក្នុង​ឋានៈ​ជា​ឯកជន សម្រាប់​ព្រះរាជ​ពិធី​របស់​ព្រះ​អង្គ​មែន ក៏​រឿង​នេះ​ជា​សញ្ញា​បង្ហាញ​ថា ប្រហែល​ព្រះអង្គ​ហាក់​មិន​ពេញ​ព្រះ​ទ័យ​ចំពោះ​ការ​រុញ​សភាពការណ៍​នេះ ឲ្យ​កាន់​តែ​ធ្ងន់ធ្ងរ៖ «»។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​រិះគន់​ខ្លាំងៗ​ទៅ​លើ​ចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​រដ្ឋាភិបាល​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ។ អ្នក​ខ្លះ​បាន​ប្រៀបធៀប​ការ​កម្ទេច​សំឡេង​គាំទ្រ​បក្ស​ប្រឆាំង​ជាង ៣​លាន​នាក់ ដោយ​មិន​បង្ហូរ​ឈាម​មួយ​ដំណក់ ស្រដៀង​គ្នា​ទៅ​នឹង​ការ​សម្លាប់​ពលរដ្ឋ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។