តុលាការ​នឹង​បើក​សវនាការ​សំណុំ​រឿង​អ្នកស្រី ទេព វន្នី រឿង​​ប្រើ​ហិង្សា​លើ​សន្តិសុខ​នៅ​ថ្ងៃ​២៣ កុម្ភៈ

ដោយ ខែ សុណង
2017.02.16
ទេព វន្នី ២០១៧ ៨៥៥ អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់ នា​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​ជំនុំជម្រះ​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​អ្នកស្រី ទេព វន្នី សហគមន៍​បឹងកក់ ថា​ប្រើ​ហិង្សា​លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ ២​នាក់ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ។

មេធាវី​នៃ​អង្គការ​លីកាដូ (Licadho) អ្នកស្រី សាម សុគន្ធា ថ្លែង​ថា ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កំណត់​ពេល​វេលា​សវនាការ​ជា​ថ្មី​លើ​សំណុំ​រឿង​កូន​ក្ដី​អ្នកស្រី គឺ​អ្នកស្រី ទេព វន្នី ដែល​រង​ការ​ចោទ​ថា ប្រើ​ហិង្សា​លើ​សន្តិសុខ​ខណ្ឌ​ដូនពេញ ប្រព្រឹត្ត​នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣។

ការ​ដាក់​ពេល​វេលា​ជំនុំជម្រះ​ថ្មី​នេះ បន្ទាប់​ពី​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ឡុង កេសភិរម្យ បាន​ប្រកាស​បិទ​អង្គ​ជំនុំ​ជម្រះ​ភ្លាមៗ កាល​ពី​រសៀល​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ដោយ​អះអាង​ថា លោក​មាន​បញ្ហា​សុខភាព ក្នុង​ពេល​កំពុង​ដំណើរការ​ជំនុំជម្រះ។ គ្រា​នោះ​ចៅក្រម​បាន​ហៅ​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ លោក អ៊ុក រតនា ជា​ដើម​បណ្ដឹង និង​អះអាង​ថា ជា​ជនរងគ្រោះ​ដែល​បាន​ទៅ​បង្ហាញ​ខ្លួន​មួយ​ភ្លែត​នោះ​ឲ្យ​ចូល​ក្នុង​បន្ទប់​សវនាការ ប៉ុន្តែ​ភ្លាមៗ​នោះ​បែរ​ជា​អវត្តមាន​ទៅ​វិញ។

បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល សាច់​ញាតិ​អ្នកស្រី ទេព វន្នី និង​សហគមន៍​បឹងកក់ ដែល​​ចូលរួម​ឃ្លាំមើល​សវនាការ​សម្ដែង​ការ​ងឿង​ឆ្ងល់។ ចំណែក​ពលរដ្ឋ​សហគមន៍​ដីធ្លី នៅ​ថ្ងៃ​បើក​សវនាការ​នោះ​ពួកគេ​គ្រោង​ប្រមូល​ម្ដុំ​គ្នា​នៅ​មុខ​តុលាការ​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។