"អ្នកស្រី ទេព វន្នី មាន​ទោស​ព្រោះ​នាំ​បក្សពួក​ទៅ​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក ហ៊ុន សែន"

ដោយ ប្រាជ្ញ ចេវ
2017.07.28
ទេព វន្នី នៅ​សាលាឧទ្ធរណ៍ ៨៥៥ សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ពេល​នាំ​មក​ចូល​រួម​សវនាការ​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Rann Samnang
RFA/Rann Samnang

ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍ លោក ង៉ែត សារ៉ាត់ ថា សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី មាន​ទោស​ព្រោះ​នាំ​បក្ស​ពួក​ទៅ​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ​អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ទោស​ថា បើ​សិន​មាន​បម្រាម​មិន​ឲ្យ​ពលរដ្ឋ​ទៅ​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក ហ៊ុន សែន នោះ អ្នកស្រី​មិន​ខ្ចី​ទៅ​ជាន់​ទេ។

​ការ​ចោទប្រកាន់​របស់​ព្រះរាជអាជ្ញា និង​ការ​ឆ្លើយ​បំភ្លឺ​របស់​សកម្មជន​ដីធ្លី អ្នកស្រី ទេព វន្នី ធ្វើ​ឡើង​ក្នុង​បន្ទប់​សវនាការ​ជំនុំជម្រះ​នៅ​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ដែល​ប្ដឹង​សុំ​ឲ្យ​សាលាឧទ្ធរណ៍​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​របស់​សាលាដំបូង​ក្រុង​ភ្នំពេញ មក​លើ​អ្នកស្រី ទេព វន្នី ចោល ពី​ករណី​ហិង្សា​ក្បែរ​ផ្ទះ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិនា ឆ្នាំ​២០១៣ កន្លង​ទៅ។

ប្រធាន​ចៅក្រម​ជំនុំជម្រះ លោក ប៉ុល សំអឿន ប្រកាស​ថា តុលាការ​នឹង​ប្រកាស​សាលដីកា​ថ្ងៃ​ទី​៨ ខែ​សីហា ខាង​មុខ។

​សំណុំ​រឿង​នេះ ដើម​បណ្ដឹង​ចោទ​ប្រកាន់​ថា អ្នកស្រី ទេព វន្នី ដឹកនាំ​បាតុករ​ប្រមាណ ១០០​នាក់​ទៅ​តវ៉ា​មុខ​ផ្ទះ​លោក ហ៊ុន សែន និង​បញ្ជា​ឲ្យ​បាតុករ​ប្រើ​ហិង្សា​លើ​ក្រុម​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ រហូត​បណ្ដាល​ឲ្យ​សន្តិសុខ​ពីរ​រូប​រង​របួស និង​បែក​ក្បាល។ ប៉ុន្តែ​ជនរងគ្រោះ​ភាគី​ដើម​បណ្ដឹង និង​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មិន​បាន​ចូល​រួម​ក្នុង​សវនាការ​នេះ​ទេ។ ដោយ​ឡែក​អ្នកស្រី ទេព វន្នី និង​សាក្សី​បី​នាក់​ដែល​ជា​ពលរដ្ឋ​សហគមន៍​បឹងកក់ ដែល​មាន​វត្តមាន​នៅ​ក្នុង​បន្ទប់​សវនាការ​ថា ពួកគេ​ទៅ​ទាមទារ​តវ៉ា​មាន​គ្នា​ប្រមាណ ៣០​នាក់ និង​មាន​ត្រឹម​បដា និង​ផ្កា​ឈូក​ប៉ុណ្ណោះ គ្មាន​ដុំ​ថ្ម ហើយ​ក៏​មិន​បាន​ប្រើ​ហិង្សា​លើ​ក្រុម​សន្តិសុខ​ឡើយ មាន​តែ​ក្រុម​សន្តិសុខ​ទេ​ដែល​ប្រព្រឹត្ត​ហិង្សា​លើ​ពួកគេ​រហូត​ធ្វើ​ឲ្យ​បាតុករ​បាក់​ដៃ បាក់​ធ្មេញ និង​របួស​ជាដើម នៅ​ក្នុង​ហេតុការណ៍​នោះ។

នៅ​ក្នុង​បន្ទប់​សវនាការ​នោះ ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ លោក ប៉ុល សំអឿន ព្យាយាម​សួរ​សំណួរ​ដើម្បី​ចង់​ដឹង​ថា តើ​អ្នកស្រី ទេព វន្នី ជា​មេដឹកនាំ​បាតុកម្ម​ដែល​បង្ក​ទៅ​ជា​ករណី​ហិង្សា​កាល​ពី​ឆ្នាំ​២០១៣ ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​ដើម​បណ្ដឹង​ប្ដឹង អ្នកស្រី ទេព វន្នី ថា​ជា​អ្នក​ដឹក​នាំ​បាតុកម្ម និង​ដឹកនាំ​បាតុករ​ឲ្យ​ប្រព្រឹត្ត​ហិង្សា។

​ចំណែក​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍ លោក ង៉ែត សារ៉ាត់ ចោទ​ប្រកាន់​ថា អ្នកស្រី ទេព វន្នី ដឹកនាំ​បាតុករ​ទៅ​មុខ​ផ្ទះ លោក ហ៊ុន សែន គឺ​មាន​ចេតនា​ទុច្ចរិត ព្រោះ​គ្មាន​អនុញ្ញាត​ពី​សាលាក្រុង​ភ្នំពេញ ហើយ​ទោះ​ជា​ក្រុម​សន្តិសុខ​រារាំង​ហើយ ពួកគេ​រុល​​ទៅ​មុខ​ទៀត។ ដូច្នេះ​លោក​ថា អ្នកស្រី ទេព វន្នី មាន​ទោស​ព្រោះ​ទៅ​ដាក់​ញត្តិ​នៅ​មុខ​ផ្ទះ​នាយករដ្ឋមន្ត្រី ដ្បិត​អី​លំនៅឋាន​នេះ​ជា​ឯកជន​របស់​លោក ហ៊ុន សែន មិន​មែន​អគារ​របស់​រដ្ឋ ឬ​ជា​អគារ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជា​កន្លែង​ដែល​នាយករដ្ឋមន្ត្រី​ធ្វើ​ការងារ​នោះ​ទេ។

​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី លើក​ឡើង​វិញ​ថា អ្នកស្រី​មិន​មែន​ជា​អ្នកដឹកនាំ​បាតុកម្ម​ទេ គ្រាន់​តែ​ជា​សកម្មជន​ដីធ្លី​ដូច​អ្នក​ផ្សេង​ដែរ។ ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​របស់​ព្រះរាជអាជ្ញា​ដែល​ថា អ្នកស្រី​មាន​ទោស​ព្រោះ​ទៅ​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី​នោះ អ្នកស្រី ទេព វន្នី ថា បើ​មាន​បម្រាម​ណា​មួយ​ហាម​មិន​ឲ្យ​ពលរដ្ឋ​ទៅ​ដាក់​ញត្តិ​នៅ​ផ្ទះ​នាយករដ្ឋមន្ត្រី នោះ​អ្នកស្រី​នឹង​មិន​យក​ទៅ​ដាក់​​នៅ​ទី​នោះ​ទេ។

រីឯ​មេធាវី​ការពារ​អ្នកស្រី ទេព វន្នី គឺ​អ្នកស្រី សាម សុគន្ធា មាន​ប្រសាសន៍​ថា ការ​ដែល​កូន​ក្តី​អ្នកស្រី ឬ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ទៅ​សុំ​អន្តរាគមន៍​ដល់​ផ្ទះ​នាយករដ្ឋមន្ត្រី ព្រោះ​លោក ហ៊ុន សែន ធ្លាប់​អន្តរាគមន៍​ឲ្យ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​កំពង់ស្ពឺ នៅ​ក្រៅ​ឃុំ។  អ្នកស្រី​បន្ត​ថា ហេតុ​អី​តុលាការ​មក​ចោទ​ប្រកាន់​លើ​កូន​ក្តី​អ្នកស្រី បើ​តុលាការ​រក​អ្នក​ប្រព្រឹត្ត​មិន​ឃើញ​ផង​នោះ?

​នៅ​បន្ទប់​សវនាការ​ដែល​មាន​វត្តមាន​ជន​ជាប់​ចោទ អ្នកស្រី ទេព វន្នី និង​មេធាវី​ការពារ​ក្តី បែរ​ជា​អវត្តមាន​ដើម​បណ្ដឹង​ជា​សន្តិសុខ​ខណ្ឌ​ដូនពេញ តំណាង​ដើម​បណ្ដឹង គឹម វុត្ថា ប្រធាន​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ដោយ​តុលាការ​បាន​ត្រឹម​អាន​ពាក្យ​បណ្ដឹង​របស់​ដើម​បណ្ដឹង​ប៉ុណ្ណោះ។ ចម្លើយ​របស់​ដើម​បណ្ដឹង​ទៀតសោត ចំណុច​ខ្លះ​ខុស​ពី​ការ​ពិត។ ពួកគេ​លើក​ឡើង​ថា នៅ​ពេល​ហិង្សា​នោះ គឺ​មាន​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ លោកស្រី យ៉ោម បុប្ផា ចូល​រួម​ដែរ ប៉ុន្តែ​ជាក់ស្ដែង​ក្នុង​ពេល​តវ៉ា​គឺ​លោកស្រី យ៉ោម បុប្ផា កំពុង​ជាប់​ពន្ធនាគារ។

​អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក សំ ច័ន្ទគារ ដែល​បាន​តាមដាន​ស្ដាប់​សវនាការ​នេះ​យល់​ថា សំណុំ​រឿង​នេះ​មាន​ភាព​មិន​ប្រក្រតី​ច្រើន។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ និយាយ​បើសិនជា​ខឹង​អ្នកស្រី ទេព វន្នី រឿង​យក​ញត្តិ​ទៅ​ដាក់​ផ្ទះ​នាយករដ្ឋមន្ត្រី គឺ​បាន​ដាក់​គុក​អ្នកស្រី​ជិត​មួយ​ឆ្នាំ​ហើយ​ល្មម​ឈប់​ខឹង​ដោះលែង​អ្នកស្រី​ឲ្យ​មាន​សេរីភាព​ឡើង​ចុះ៖ «នៅ​ក្នុង​រឿង​ហ្នឹង​គឺ​ខ្វះ​ភាព​មិន​ប្រក្រតី​នៃ​ការ​សាង​សំណុំ​រឿង​តាំង​ពី​ចម្លើយ និង​ភស្តុតាង និយាយ​ចំ​មាន​ច្រើន»

សកម្មជន​ដីធ្លី​ដ៏​ល្បី​ឈ្មោះ អ្នកស្រី ទេព វន្នី ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ស្ត្រី​ភាព​ជា​មេដឹកនាំ​ពិភពលោក​របស់​អង្គការ វ៉ាយថល វ៉យស៍ (Vital Voices)។ ទន្ទឹម​នឹង​ភាព​ល្បី​របស់​អ្នកស្រី​ត្រូវ​ជាប់​ឃុំ​ជា​ញឹកញាប់ ព្រោះ​បទ​ចោទ​នានា។ តុលាការ​ក្រុង​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២​ឆ្នាំ​កន្លះ ជុំវិញ​ហិង្សា​លើ​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ កាល​ពី​ឆ្នាំ​២០១៣។

ស្ត្រី​មេម៉ាយ​វ័យ ៣៧​រូប​នេះ មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក និង​ចិញ្ចឹម​ម្ដាយ​ជរា​ម្នាក់​ទៀត។ នៅ​ក្នុង​បន្ទប់​សវនាការ អ្នកស្រី ទេព វន្នី ស្នើ​ទៅ​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​អ្នកស្រី ដើម្បី​ដោះលែង​អ្នកស្រី​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ អ្នកស្រី​ថា ការ​ឃុំ​ខ្លួន​មនុស្ស​គ្មាន​ទោស​ជា​រឿង​អយុត្តិធម៌​ណាស់។ អ្នកស្រី​ថា កូន​អ្នកស្រី​ត្រូវការ​អ្នកស្រី​ដើម្បី​មើល​ថែរក្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។