តុលាការ​ផ្ដន្ទាទោស​អ្នកស្រី ទេព វន្នី ដាក់​ពន្ធនាគារ​២​ឆ្នាំ​កន្លះ​ករណី​ហិង្សា​កាល​ពី​ឆ្នាំ​២០១៣

ដោយ ខែ សុណង
2017-02-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី លើក​ដៃ​ដែល​មាន​សរសេរ​អក្សរ​អង់គ្លេស​ថា I need justice ដែល​មាន​ន័យ​ថា ខ្ញុំ​ចង់​បាន​យុត្តិធម៌ នា​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧។ RFA/Rann Samnang
សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី លើក​ដៃ​ដែល​មាន​សរសេរ​អក្សរ​អង់គ្លេស​ថា I need justice ដែល​មាន​ន័យ​ថា ខ្ញុំ​ចង់​បាន​យុត្តិធម៌ នា​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧។ RFA/Rann Samnang
RFA/Rann Samnang

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ បាន​សម្រេច​ផ្ដន្ទាទោស អ្នកស្រី ទេព វន្នី សហគមន៍​បឹងកក់ ឲ្យ​ជាប់​ពន្ធនាគារ និង​ពិន័យ​ប្រាក់ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ ដែល​ប្រព្រឹត្ត​នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣។ ចំណែក​នៅ​ខាង​ក្រៅ​របង​តុលាការ សហគមន៍​ដីធ្លី​ដែល​ស្រែក​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី នោះ មាន​ការ​ប៉ះទង្គិច​ដោយ​ហិង្សា​ពី​សំណាក់​កង​សន្តិសុខ​ខណ្ឌ​៧​មករា។

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ឡុង កេសភិរម្យ ប្រកាស​ផ្ដន្ទាទោស អ្នកស្រី ទេព វន្នី ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ ៦​ខែ និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ ៥​លាន​រៀល និង​សង​សំណង​ទៅ​ដើម​បណ្ដឹង ២​នាក់ ៩​លាន​រៀល។

អ្នកស្រី ទេព វន្នី យល់​ថា ការ​សម្រេច​ផ្ដន្ទាទោស អ្នកស្រី​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស គឺ​ជា​រឿង​អយុត្តិធម៌​បំផុត៖ «វា​ពិត​ជា​អយុត្តិធម៌​ខ្លាំង​ណាស់ លោក​ចៅក្រម​នៅ​ថ្ងៃ​នេះ​លោក​មិន​បាន​កាត់​ទោស​ដោយ​ឧត្ដមគតិ និង​ឆន្ទៈ​ដោយ​សុក្រឹត​និង​យុត្តិធម៌​ទេ ការ​កាត់​ទោស​របស់​គាត់​ទៅ​តាម​ការ​បញ្ជា​របស់​ថ្នាក់​លើ​ខ្ញុំ​សង្ឃឹម​ថា សម្ដេច ហ៊ុន សែន និង​បន្ត​ការ​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​ជួយ​ដោះស្រាយ​ឲ្យ​នាង​ខ្ញុំ​បាន​ទទួល​យុត្តិធម៌​វិញ​មក»

ការ​សម្រេច​ផ្ដន្ទាទោស​អ្នកស្រី ទេព វន្នី នេះ បាន​ធ្វើ​ឡើង​ក្នុង​សវនាការ​ដែល​គ្មាន​វត្តមាន​ដើម​បណ្ដឹង សាក្សី​ដើម​បណ្ដឹង និង​មិន​បង្ហាញ​ភស្តុតាង​ដាក់​បន្ទុក​លើ​ជន​ជាប់​ចោទ។ នៅ​មុន​ពេល​បើក​ការ​ជំនុំជម្រះ​ដើម​បណ្ដឹង​ទាំង ២​រូប គឺ​ឈ្មោះ អ៊ុក រតនា និង ហោ ហឿន ដែល​ដឹកនាំ​ដោយ​ប្រធាន​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​ដូនពេញ លោក គឹម វុត្ថា បាន​ចូល​មក​ដល់​បរិវេណ​តុលាការ ប៉ុន្តែ​ពួកគេ​មិន​ចូល​ក្នុង​បន្ទប់​ជំនុំជម្រះ​ឡើយ។ ក្នុង​អង្គ​ជំនុំជម្រះ​ក្រឡា​បញ្ជី​បាន​ត្រឹម​តែ​អាន​កំណត់ហេតុ​របស់​ដើម​បណ្ដឹង​ដាក់​បន្ទុក​លើ​អ្នកស្រី ទេព វន្នី ដោយ​ថា អ្នកស្រី​បញ្ជា​ឲ្យ​អ្នក​តវ៉ា​ប្រើ​ហិង្សា​ដោយ​យក​សម្ភារៈ​តវ៉ា​វាយ និង​គប់​ទៅ​លើ​សន្តិសុខ មាន​ដូចជា ដង​ទង់ជាតិ ទង់​សាសនា ធ្វើ​ពី​ឫស្សី មីក្រូ ដប​ទឹក​បរិសុទ្ធ និង​មាន​ស្ត្រី​សម្បុរ​ស វ័យ ៥០​ឆ្នាំ យក​ដុំ​ថ្ម​ដាក់​ក្នុង​កាបូប​គ្រវែង​ចំ​ក្បាល​សន្តិសុខ​បណ្ដាល​ឲ្យ​របួស​ក្នុង​ពេល​សន្តិសុខ​ទៅ​ទប់ស្កាត់​អ្នក​តវ៉ា មិន​ឲ្យ​សម្រុក​ចូល​ភូមិគ្រឹះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ កាល​ពី​ឆ្នាំ​២០១៣។ ក្នុង​ពេល​ក្រឡា​បញ្ជី​អាន​កំណត់ហេតុ​ពី​សមត្ថកិច្ច​អ្នកស្រី ទេព វន្នី លើក​ដៃ​សំពះ​ដាក់​លើ​ក្បាល និង​និយាយ​ថា ជា​ការ​រៀបចំ និង​មួលបង្កាច់​លើ​អ្នកស្រី។

បូវ សោភា ៨៥៥ ២០១៧
សកម្មជន​បឹងកក់ អ្នកស្រី បូវ សោភា ដែល​រង​របួស​ពេល​ប៉ះទង្គិច​ជាមួយ​សន្តិសុខ​ខណ្ឌ​៧មករា ខាង​មុខ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rann Samnang RFA/Rann Samnang

ចំណែក​សាក្សី​ទាំង​៣ របស់​អ្នកស្រី ទេព វន្នី បាន​ឆ្លើយ​ការពារ​ថា ពួកគេ​មិន​បាន​លឺ និង​មិន​បាន​ឃើញ​អ្នកស្រី ទេព វន្នី បញ្ជា ឬ​អ្នក​ភូមិ​ដទៃ​ទៀត​ប្រើ​លើ​សន្តិសុខ​នោះ​ទេ គឺ​មាន​តែ​ពួកគាត់​ប្រមាណ ១០​នាក់​បាន​រង​របួស​ដោយ​សន្តិសុខ​វាយ ខ្លះ​បាក់​ធ្មេញ ខ្លះ​សន្លប់ ស្ត្រី​រលូត​កូន ខ្លះ​បាក់​ដៃ និង​បាន​វះកាត់​ដាក់​ដែក​ក្នុង​ដៃ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

ថ្វី​បើ​គ្មាន​សាក្សី និង​ភស្តុតាង​ពី​ដើម​បណ្ដឹង​ក្ដី ប៉ុន្តែ​ចៅក្រម​នៅ​តែ​ផ្ដន្ទាទោស អ្នកស្រី ទេព វន្នី។

ចំណែក​មេធាវី​ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​កូនក្ដី​របស់​ខ្លួន​គឺ​ជា​រឿង​វិមតិ​សង្ស័យ​សុទ្ធសាធ គឺ​មាន​ន័យ​ថា ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ភស្តុតាង និង​សាក្សី​គ្រប់គ្រាន់ ដែល​មិន​អាច​ផ្ដល់​យុត្តិធម៌​ដល់​អ្នកស្រី ទេព វន្នី។

ម្ដាយ​អ្នកស្រី ទេព វន្នី គឺ​លោកស្រី ស៊ី ហៀប ថ្លែង​ថា ការ​ដាក់​ទោស​កូនស្រី​គាត់​គឺ​បំពាន​ទាំង​ស្រុង៖ «ខាង​វា​ថា កូន​ខ្ញុំ​ប្រព្រឹត្ត​ហ្នឹង​អត់​មាន​ភស្តុតាង​ផង ចេះ​តែ​ចាប់​កូន​ខ្ញុំ​ឆៅ យក​ទៅ​ដាក់​ទុក។ ខ្ញុំ​មាន​តែ​សំណូមពរ​ទៅ​សម្ដេច ប៊ុន រ៉ានី ហ៊ុន សែន ទេ ហើយ​អង្គការ​សហប្រជាជាតិ​ទាំង​អស់ សូម​លោក​ជួយ​ផង ព្រោះ​កូន​ខ្ញុំ​អត់​បាន​វាយ​សន្តិសុខ​បាន ១​ដៃ​ទេ នេះ​ជា​ការ​គេ​ចោទ​ប្រកាន់​ទេ»

ផ្ដល់​សម្ភាសន៍​ឲ្យ​អ្នក​សារព័ត៌មាន​នៅ​មុន​បើក​សវនាការ ប្រធាន​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​ដូនពេញ លោក គឹម វុត្ថា ដែល​អម​ដំណើរ​ដោយ​សន្តិសុខ​ជា​ដើម​បណ្ដឹង ថ្លែង​ថា លោក​មិន​ដឹង​រក​ភស្តុតាង​ឯ​ណា​ឲ្យ​បំភ្លឺ​នោះ​ទេ គ្រាន់​តែ​ថា កងកម្លាំង​របស់​លោក ២​នាក់​បាន​រង​របួស នៅ​ពេល​ពួកគាត់​បំពេញ​តួនាទី​រារាំង​មិន​ឲ្យ​អ្នក​ភូមិ​ដែល​ប៉ុនប៉ង​សម្រុក​ចូល​ទៅ​ភូមិគ្រឹះ​នាយករដ្ឋមន្ត្រី​ដែល​ជា​តំបន់​ហាម​ឃាត់។

សហគមន៍​បឹងកក់ លោកស្រី បូ ឆវី ដែល​ជា​សាក្សី​មួយ​រូប​ក្នុង​ចំណោម​សាក្សី ៣​រូប ថ្លែង​ថា អ្វី​ដែល​លោកស្រី​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​ឈ្មោះ អ៊ុក រតនា និង ហោ ហឿន សន្តិសុខ​ខណ្ឌ​ដូនពេញ ដដែល ក៏​ជា​ដើម​បណ្ដឹង​ដដែលៗ ប្ដឹង​ពួកគាត់​ថា ប្រើ​អំពើ​ហិង្សា និង​ជេរ​ប្រមាថ​ថា ប្រព្រឹត្ត​តាំង​ពី​ឆ្នាំ​២០១១ ដែល​តុលាការ​ទើប​តែ​សើរើ​នៅ​ពេល​នេះ៖ «ភស្តុតាង​ក៏​គ្មាន សាក្សី​ក៏​គ្មាន​អ្វី​ទាំង​អស់​ដែល​ចោទ​លើ​អ្នកស្រី ទេព វន្នី ហើយ​ចោទ​ថា មាន​មនុស្ស​ស្រី​ម្នាក់​អាយុ​ប្រហែល​ជា ៥០​ឆ្នាំ ដាក់​ដុំ​ថ្ម​ឲ្យ​គប់​លើ​សន្តិសុខ​ឲ្យ​ដួល​បែក​ក្បាល​សន្លប់​ចុះ​មិន​ចាប់​ជន​ដៃ​ដល់​ហ្នឹង​ទៅ មិន​ចាប់​ជនល្មើស​នោះ​ភ្លាមៗ ទៅ​ហេតុ​អី​ទើប​ដាក់​ទោស​ចាប់​អ្នកស្រី ទេព វន្នី គឺ​អយុត្តិធម៌​ខ្លាំង​ណាស់ តុលាការ​មិន​ឯករាជ្យ​ទេ តុលាការ​ស្រុក​ខ្មែរ»

ប៉ះទង្គិច​គ្នា​នៅ​ខាង​មុខ​តុលាការ

សុង ស្រីលាភ ៨៥៥ ២០១៧
សកម្មជន​បឹងកក់ កញ្ញា សុង ស្រីលាភ ត្រូវ​​សន្តិសុខ​ខណ្ឌ​៧មករា វាយ ទាត់​នៅ​ខាង​មុខ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rann Samnang RFA/Rann Samnang

នៅ​ខាង​ក្រៅ​របង​តុលាការ សហគមន៍​ដីធ្លី​បាន​នាំ​គ្នា​លើក​បដា​ស្រែក​តវ៉ា​ដោះលែង អ្នកស្រី ទេព វន្នី មាន​ការ​ប៉ះទង្គិច​ដោយ​ហិង្សា​ពី​សំណាក់​កង​សន្តិសុខ​ខណ្ឌ​៧​មករា។

សហគមន៍​បឹងកក់ កញ្ញា សុង ស្រីលាភ ថ្លែង​ថា កង​សន្តិសុខ​ខណ្ឌ​៧​មករា បាន​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​បណ្ដាល​ឲ្យ​ស្ត្រី​បឹងកក់ ម្នាក់​សន្លប់ និង​ស្ត្រី​អតីត​សហគមន៍​បុរី​កីឡា ម្នាក់​រង​របួស ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ៖ «ពួក​យើង​ព្យាយាម​មក​គាំទ្រ​អ្នកស្រី ទេព វន្នី ផ្ទុយ​ទៅ​វិញ​ត្រូវ​បាន​ក្រុម​សណ្ដាប់ធ្នាប់​ខណ្ឌ​៧​មករា ប្រើ​កម្លាំង​ធាក់ និង​ច្រាន​មួយ​ទំហឹង​លើ​ស្ត្រី​ម្នាក់​នៅ​បុរី​កីឡា ធ្វើ​ឲ្យ​ដួល។ បើ​តាម​ខ្ញុំ​ដឹង​មាន​ផ្ទៃ​ពោះ ៣​ខែ ហើយ​លោកស្រី បូវ សោភា ត្រូវ​គេ​ច្រាន​មួយ​ជំហរ បោក​ខ្លួន​លើ​ថ្នល់​តែ​ម្ដង»

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ដែល​បាន​តាមដាន​សវនាការ​នេះ មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ​នេះ ហើយ​រឿងរ៉ាវ​ដែល​កើត​ឡើង​ដោយសារ​តែ​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​កន្លង​មក​ក្រោម​ការ​អភិវឌ្ឍ។ លោក​ថា សវនាការ​នេះ ខ្វះ​ធាតុ​ផ្សំ​ជា​ច្រើន​ក្នុង​ការ​កាត់​សេចក្ដី​ដែល​មិន​អាច​ឲ្យ​ភាគី​ចុងចោទ​អស់​ចិត្ត និង​ទទួល​បាន​យុត្តិធម៌៖ «បើ​សិន​ជា​ចោទ​គាត់​ជា​អ្នក​បង្ក​ជា​អ្នក​ផ្សំ​គំនិត បើ​សិន​ជា​តាម​ដើម​បណ្ដឹង​ក៏​ដូច​ជា​សាក្សី​ដែល​បាន​ចង្អុល​បង្ហាញ​លើ​ស្ត្រី​ដែល​ប្រើប្រាស់​អំពើ​ហិង្សា​វា​គួរ​ណាស់​តែ​សមត្ថកិច្ច​ធ្វើ​ការ​ស្រាវជ្រាវ​រក​ជន​ដៃ​ដល់​ឲ្យ​ឃើញ ហើយ​ចាប់​មក​ផ្ដន្ទាទោស​បាន​អាច​ឈាន​ទៅ​រក​អ្នក​ពាក់ព័ន្ធ​បាន ប៉ុន្តែ​បើ​សិន​ជា​ជន​ដៃ​ដល់​ដែល​ចង្អុល​បង្ហាញ​ដោយ​ជនរងគ្រោះ ឬ​ក៏​សាក្សី​មិន​ទាន់​រក​ឃើញ​ផង ហើយ​សម្រេច​ផ្ដន្ទាទោស​ដល់​អ្នកស្រី ទេព វន្នី ខ្ញុំ​គិត​ថា រឿង​នេះ​គឺ​ជា​រឿង​មួយ​យ៉ាង​ធ្ងន់ធ្ងរ​ណាស់»

មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នកស្រី ទេព វន្នី នឹង​ពិភាក្សា​ជាមួយ​កូន​ក្ដី​របស់​ខ្លួន ដើម្បី​ប្ដឹង​ទាស់​នឹង​សាលក្រម​នេះ​ទៅ​សាលា​ឧទ្ធរណ៍​ទៀត។

អង្គការ​សមាគម​ជាង​៦០​សម្ដែង​ការ​សោកស្ដាយ​

អង្គការ​សមាគម​ជាង ៦០ ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ដោយ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ផ្ដន្ទាទោស អ្នកស្រី ទេព វន្នី ពី​បទ​ហិង្សា​ដោយ​ចេតនា​លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ។

អង្គការ​ទាំង​នោះ​រួម​មាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អង្គការ​លីកាដូ (Licadho) សមាគម​អាដហុក (Adhoc) និង​បណ្ដាញ​យុវជន​កម្ពុជា ជាដើម។ អង្គការ​ទាំង​នោះ​ចាត់​ទុក​ការ​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​ឲ្យ​អ្នកស្រី ទេព វន្នី ជាប់​ពន្ធនាគារ ២​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​នោះ គឺ​ធ្វើ​ឡើង​ដោយ​អយុត្តិធម៌ គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ពុំ​មាន​ភស្តុតាង​ត្រឹមត្រូវ​ឡើយ។

នាយិកា​រង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លីកាដូ អ្នកស្រី ណាលី ពីឡូក មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា ទង្វើ​របស់​អាជ្ញាធរ​ដែល​កំពុង​តែ​ដាក់​ទោស​អ្នកស្រី ទេព វន្នី ដោយសារ​ភាព​សកម្ម​របស់​អ្នកស្រី​នោះ គឺ​ជា​សារ​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​កាន់​អ្នក​ក្លាហាន​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល ថា​សំឡេង​ជំទាស់​មិន​ត្រូវ​អត់​ឱន​ឲ្យ​ទេ​នៅ​កម្ពុជា។

នៅ​ចុង​បញ្ចប់​នៃ​សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​អ្នក​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក


បុរសខ្លាំងមួយថ្ងៃៗឥតមានគិតពីរឿងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើន ឃើញតែវ៉ៃដំជ្រាំធាក់
ចាប់កូនខ្មែរស្លូតត្រង់ទន់ខ្យោយដាក់គុកឥតឈប់ឈរ ខ្ញុំមិនយល់ទាល់តែសោះថាហេតុអ្វីបានជាបុរសខ្លាំងខ្លាចមនុស្សខ្យោយ? កំពុងស្លន់ស្លោទេដឹង?

Feb 23, 2017 09:43 PM

អ្នក​អាន​អនាមិក

ចុះអា៉វ៉ៃដំណាងរាស្រ្ត?

Feb 23, 2017 12:59 PM

គេហទំព័រ​ទាំងមូល