តុលាការ​ជាន់​ខ្ពស់​២​បើក​សវនាការ​សំណុំ​រឿង​លោក អ៊ុំ សំអាន និង​យុវជន​ គង់ រ៉ៃយ៉ា

ដោយ ម៉ម មុនីរតន៍
2016-12-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន ពេល​នាំ​ចេញ​ពី​សវនាការ នៅ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៦។  RFA/Brach Chev
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន ពេល​នាំ​ចេញ​ពី​សវនាការ នៅ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ តុលាការ​ជាន់​ខ្ពស់​ទាំង​ពីរ គឺ​តុលាការ​កំពូល និង​ឧទ្ធរណ៍ បាន​បើក​ការ​ជំនុំជម្រះ​រឿង​ក្ដី​ពីរ​ផ្សេង​គ្នា។ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ បើក​សវនាការ​ជុំវិញ​បណ្ដឹង​តំណាងរាស្ត្រ​របស់​បក្ស​ប្រឆាំង គឺ​លោក អ៊ុំ សំអាន។ ដោយ​ឡែក​តុលាការ​កំពូល​ឯ​ណោះ​វិញ ក៏​បើក​ការ​ជំនុំជម្រះ​ដែរ លើ​សំណុំរឿង​​លោក គង៉ រ៉ៃយ៉ា ​ដែល​ត្រូវ​ចោទ​ប្រកាន់​ក្នុង​រឿង​បដិវត្តន៍​ពណ៌។ ជុំវិញ​រឿង​ទាំង​នេះ ទាំង​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ និង​សាច់ញាតិ​របស់​ជន​រងគ្រោះ មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​តុលាការ​នេះ​ឡើយ។

សវនាការ​ដែល​ដំណើរ​ការ​ក្នុង​ពេល​តែ​មួយ គឺ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​បណ្ដឹង​ទាស់​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា ពុំ​មាន​ហេតុផល​គ្រប់គ្រាន់​ដែល​ត្រូវ​បដិសេធ​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ ចោល​ឡើយ ខណៈ​តុលាការ​កំពូល​នឹង​សម្រេច​ប្រកាស​សាលដីកា​ក្នុង​រឿង​ក្ដី​យុវជន គង់ រ៉ៃយ៉ា នៅ​ចុង​ខែ​ធ្នូ ខាង​មុខ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលា​ឧទ្ធរណ៍ លោក សេង ស៊ីវុត្ថា ប្រកាស​ច្រាន​ចោល​ភ្លាមៗ​បណ្ដឹង​របស់​ក្រុម​មេធាវី​បក្ស​ប្រឆាំង ដែល​ទាមទារ​ឲ្យ​សភា​ស៊ើបសួរ​ទម្លាក់​ចោល​សាលក្រម​ដែល​បាន​សម្រេច​រួច​ហើយ ក្នុង​រឿង​ក្ដី​ដ៏​ចម្រូងចម្រាស​ទាក់ទិន​ព្រំដែន​កម្ពុជា-​វៀតណាម។ ក្នុង​ពេល​ប្រកាស​សាលដីកា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ធ្នូ លោក សេង ស៊ីវុត្ថា យល់​ឃើញ​ថា អង្គហេតុ​ដែល​លោក អ៊ុំ សំអាន បាន​ប្រព្រឹត្ត​គឺ​ប្រាកដ​ណាស់ ធ្វើ​ឲ្យ​សង្គម​មាន​ភាព​វឹកវរ ជា​ពិសេស​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មុខមាត់ និង​កិត្តិយស​របស់​រដ្ឋាភិបាល។

បើ​ទោះ​ជា​បែប​ណា លោក ហែម សុជាតិ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក អ៊ុំ សំអាន ចាត់​ទុក​សេចក្ដី​សម្រេច​របស់​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក សេង ស៊ីវុត្ថា នេះ​ថា ជា​ការ​ផ្ដល់​ភាព​លម្អៀង និង​អយុត្តិធម៌​រួច​ទៅ​ហើយ​សម្រាប់​កូន​ក្តី​របស់​ខ្លួន។ មេធាវី​រូប​នេះ​អះអាង​ថា ដោយសារ​ឥទ្ធិពល​នយោបាយ​ជ្រៀតជ្រែក បាន​ធ្វើ​ឲ្យ​ការ​សម្រេច​របស់​ចៅក្រម​មិន​អាច​ឈរ​លើ​អព្យាក្រឹត​ដែល​ផ្ដល់​ភាព​ត្រឹមត្រូវ​សម្រាប់​អ្នក​ប្រព្រឹត្ត​បទល្មើស និង​ជន​ជាប់​ចោទ​ពិតប្រាកដ​បាន ជា​ពិសេស​បាន​ធ្វើ​ឲ្យ​ចៅក្រម​ត្រូវ​បាត់បង់​វិជ្ជាជីវៈ​ក្នុង​ពេល​បំពេញ​មុខងារ​របស់​ខ្លួន៖ «យើង​គិត​ថា តំណាងរាស្ត្រ​បញ្ចេញ​មតិ​ត្រូវ​បាន​គេ​ដាក់​ទោស ២​ឆ្នាំ ៦​ខែ។ ប៉ុន្តែ​បើ​ជា​អ្នក​វាយ​តំណាងរាស្ត្រ​រហូត​ដល់​ប៉ុនប៉ង​ធ្វើ​ឃាត​តំណាងរាស្ត្រ​ត្រូវ​គេ​ដាក់​ទោស​តែ ១​ឆ្នាំ​ទេ។យើង​មើល​ឃើញ​ថា នេះ​ជា​ភាព​មិន​យុត្តិធម៌​មួយ​ហើយ។ ខ្ញុំ​គិត​ថា តុលាការ​តែង​តែ​ធ្វើ​អ៊ីចឹង​រហូត ហើយ​តុលាការ​តែង​និយាយ​ថា ខ្លួន​ឯករាជ្យ ខ្លួន​ធ្វើ​ទៅ​តាម​ច្បាប់​ទេ»

លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​មក​ពី​បក្ស​ប្រឆាំង ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ដើម​ខែ​មេសា។ ក្រោយ​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ​ដែល​សកម្មជន​ក្នុង​រឿង​ព្រំដែន​រូប​នេះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២​ឆ្នាំ ៦​ខែ និង​ពិន័យ​លុយ ៤​លាន​រៀល កាល​ពី​ថ្ងៃ​ទី​​១០ ខែ​តុលា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ​ញុះញង់​នាំ​ឲ្យ​មាន​ការ​រើសអើង និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ទាក់ទង​នឹង​រឿង​ផ្សព្វផ្សាយ​ឯកសារ​ផែនទី​ព្រំដែន​កម្ពុជា-​វៀតណាម។ បញ្ហា​នេះ អ្នក​ឃ្លាំមើល​ព្រឹត្តិការណ៍​សង្គម​កម្ពុជា យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​ពី​ខាង​បក្ស​ប្រឆាំង ដែល​រិះគន់​រឿង​ព្រំដែន​នេះ ជា​វិធី​បំបិទ​មាត់ និង​ជា​ការ​គំរាមកំហែង​ទៅ​លើ​សិទ្ធិ​បញ្ចេញមតិ។

គង់ រ៉ៃយ៉ា ៨៥៥
យុវជន គង់ រ៉ៃយ៉ា (រូប​កណ្ដាល) ពេល​បញ្ជូន​មក​សាកសួរ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Rann Samnang RFA/Rann Samnang

,

តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​សំណុំ​រឿង​យុវជន គង់ រ៉ៃយ៉ា នៅ​ថ្ងៃ​២៩ ធ្នូ

ដោយ​ឡែក ក្នុង​ថ្ងៃ​តែ​មួយ នៅ​តុលាការ​កំពូល​វិញ តុលាការ​ជាន់​ខ្ពស់​នេះ ក៏​បាន​បើក​ការ​ជំនុំជម្រះ​ដែរ ពាក់ព័ន្ធ​យុវជន គង់ រ៉ៃយា។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក ឃឹម ប៉ុណ្ណ នឹង​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ខាង​មុខ​ក្នុង​សំណុំ​រឿង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​យុវជន​រូប​នេះ អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ មេធាវី​ការពារ​ក្តី​ឲ្យ​យុវជន គង់ រ៉ៃយ៉ា ឲ្យ​ដឹង​ថា តាម​រយៈ​បណ្ដឹង​សាទុក្ខ​ដែល​ស្នើ​ឲ្យ​តុលាការ​កំពូល​កាត់​តម្រឹម​ទោស​ដែល​នៅ​សល់ ២​ខែ​ចុង​ក្រោយ ក្នុង​ចំណោម​ទោស​សរុប ១​ឆ្នាំ ៦​ខែ​នោះ តុលាការ​អាច​នឹង​ពិចារណា​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​បាន។សកម្មជន​រូប​នេះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​ដាក់​ពន្ធនាគារ ១​ឆ្នាំ ៦​ខែ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៦ ប៉ុន្តែ​យុវជន គង់ រ៉ៃយ៉ា អនុវត្ត​ទោស​បាន ១​ឆ្នាំ ៤​ខែ​ហើយ។

លោក គឹម សុខ អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ​យល់​ឃើញ​ថា នេះ​ជា​ការ​កំណត់​ទិសដៅ​ក្នុង​ការ​កម្ទេច​បក្ស​ប្រឆាំង ហើយ​ការ​បើក​ផ្លូវ​ឲ្យ លោក អ៊ុំ សំអាន មាន​សេរីភាព​វិញ​នេះ នឹង​ប៉ះពាល់​កាន់​តែ​ខ្លាំង​ដល់​កិច្ចការ​ដែល​រដ្ឋាភិបាល កំពុង​ធ្វើ​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ ជា​ពិសេស​រឿង​ព្រំដែន​ជាមួយ​វៀតណាម៖ «អ្វី​ដែល​គេ​ធ្វើ​គឺ​កំពុង​តែ​រុញ​យុទ្ធសាស្ត្រ និង​យន្តការ​របស់​យួន ឲ្យ​ដល់​គោលដៅ​កាន់​តែ​ឆាប់​ក្រែង​លោ​គណបក្ស​ប្រជាជន​កម្ពុជា បាត់បង់​អំណាច​កាន់​តែ​ឆាប់​ទៅ​ជួយ​សង្គ្រោះ​យុទ្ធសាស្ត្រ​នយោបាយ​មិន​ទាន់។ ករណី​ទាំង​អស់​ហ្នឹង​ហើយ​ដែល​គេ​មិន​ងាយ​ឲ្យ​លោក អ៊ុំ សំអាន ដែល​ជា​បង្គោល​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ហ្នឹង​ចេញ​មក​ឆាប់ៗ បាន​នោះ​ទេ។ ដូច​ដែល​ខ្ញុំ​បាន​ជម្រាប​មក​ពី​ដំបូង​មក​ម្ល៉េះ​ថា មិន​ងាយ​ទេ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ចេញ​ពី​ការ​ជាប់​ឃុំ​ហ្នឹង»

មេធាវី​ការពារ​ក្ដី​របស់​តំណាងរាស្ត្រ​លោក អ៊ុំ សំអាន បញ្ជាក់​ថា នឹង​ប្តឹង​សាទុក្ខ​បន្ត​ទៀត​ទៅ​តុលាការ​កំពូល ប្រឆាំង​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​នៅ​ពេល​នេះ។ ដោយ​ឡែក​លោក កាំង គង់ ឪពុក​របស់​យុវជន គង់ រ៉ៃយ៉ា យល់​ឃើញ​ថា បទ​ចោទ​ប្រឆាំង​សកម្មជន​រូប​នេះ គឺ​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ នេះ​គ្រាន់​តែ​របៀប​នៃ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ៊ុង

ពី ម៉ាស់

សម្ដាចម៍ហ៊ុនសែនគោរពតែអង្ការលើ​​ ស្ដាប់តែអង្ការលើ(យួន)តែប៉ុណ្ណោះ។

Dec 24, 2016 12:08 PM

អ្នក​អាន​អនាមិក

Khmer Rouge strategy:before killing a person,they tied them up first So the prisoner cannot fight back. Same idea, Khmer Rouge Hun Sen. Kill people the same way.

Dec 23, 2016 09:49 AM

គេហទំព័រ​ទាំងមូល