តុលាការជាន់ខ្ពស់២បើកសវនាការសំណុំរឿងលោក អ៊ុំ សំអាន និងយុវជន គង់ រ៉ៃយ៉ា
2016.12.23
នៅថ្ងៃទី២៣ ខែធ្នូ តុលាការជាន់ខ្ពស់ទាំងពីរ គឺតុលាការកំពូល និងឧទ្ធរណ៍ បានបើកការជំនុំជម្រះរឿងក្ដីពីរផ្សេងគ្នា។ សភាស៊ើបសួរសាលាឧទ្ធរណ៍ បើកសវនាការជុំវិញបណ្ដឹងតំណាងរាស្ត្ររបស់បក្សប្រឆាំង គឺលោក អ៊ុំ សំអាន។ ដោយឡែកតុលាការកំពូលឯណោះវិញ ក៏បើកការជំនុំជម្រះដែរ លើសំណុំរឿងលោក គង៉ រ៉ៃយ៉ា ដែលត្រូវចោទប្រកាន់ក្នុងរឿងបដិវត្តន៍ពណ៌។ ជុំវិញរឿងទាំងនេះ ទាំងមេធាវីការពារក្ដីឲ្យជនជាប់ចោទ និងសាច់ញាតិរបស់ជនរងគ្រោះ មិនពេញចិត្តចំពោះការសម្រេចរបស់តុលាការនេះឡើយ។
សវនាការដែលដំណើរការក្នុងពេលតែមួយ គឺប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍បានបដិសេធបណ្ដឹងទាស់របស់តំណាងរាស្ត្របក្សប្រឆាំងថា ពុំមានហេតុផលគ្រប់គ្រាន់ដែលត្រូវបដិសេធសាលក្រមរបស់តុលាការក្រុងភ្នំពេញ ចោលឡើយ ខណៈតុលាការកំពូលនឹងសម្រេចប្រកាសសាលដីកាក្នុងរឿងក្ដីយុវជន គង់ រ៉ៃយ៉ា នៅចុងខែធ្នូ ខាងមុខ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក សេង ស៊ីវុត្ថា ប្រកាសច្រានចោលភ្លាមៗបណ្ដឹងរបស់ក្រុមមេធាវីបក្សប្រឆាំង ដែលទាមទារឲ្យសភាស៊ើបសួរទម្លាក់ចោលសាលក្រមដែលបានសម្រេចរួចហើយ ក្នុងរឿងក្ដីដ៏ចម្រូងចម្រាសទាក់ទិនព្រំដែនកម្ពុជា-វៀតណាម។ ក្នុងពេលប្រកាសសាលដីកា កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ លោក សេង ស៊ីវុត្ថា យល់ឃើញថា អង្គហេតុដែលលោក អ៊ុំ សំអាន បានប្រព្រឹត្តគឺប្រាកដណាស់ ធ្វើឲ្យសង្គមមានភាពវឹកវរ ជាពិសេសប៉ះពាល់ធ្ងន់ធ្ងរដល់មុខមាត់ និងកិត្តិយសរបស់រដ្ឋាភិបាល។
បើទោះជាបែបណា លោក ហែម សុជាតិ មេធាវីការពារក្ដីឲ្យលោក អ៊ុំ សំអាន ចាត់ទុកសេចក្ដីសម្រេចរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក សេង ស៊ីវុត្ថា នេះថា ជាការផ្ដល់ភាពលម្អៀង និងអយុត្តិធម៌រួចទៅហើយសម្រាប់កូនក្តីរបស់ខ្លួន។ មេធាវីរូបនេះអះអាងថា ដោយសារឥទ្ធិពលនយោបាយជ្រៀតជ្រែក បានធ្វើឲ្យការសម្រេចរបស់ចៅក្រមមិនអាចឈរលើអព្យាក្រឹតដែលផ្ដល់ភាពត្រឹមត្រូវសម្រាប់អ្នកប្រព្រឹត្តបទល្មើស និងជនជាប់ចោទពិតប្រាកដបាន ជាពិសេសបានធ្វើឲ្យចៅក្រមត្រូវបាត់បង់វិជ្ជាជីវៈក្នុងពេលបំពេញមុខងាររបស់ខ្លួន៖ «យើងគិតថា តំណាងរាស្ត្របញ្ចេញមតិត្រូវបានគេដាក់ទោស ២ឆ្នាំ ៦ខែ។ ប៉ុន្តែបើជាអ្នកវាយតំណាងរាស្ត្ររហូតដល់ប៉ុនប៉ងធ្វើឃាតតំណាងរាស្ត្រត្រូវគេដាក់ទោសតែ ១ឆ្នាំទេ។យើងមើលឃើញថា នេះជាភាពមិនយុត្តិធម៌មួយហើយ។ ខ្ញុំគិតថា តុលាការតែងតែធ្វើអ៊ីចឹងរហូត ហើយតុលាការតែងនិយាយថា ខ្លួនឯករាជ្យ ខ្លួនធ្វើទៅតាមច្បាប់ទេ»។
លោក អ៊ុំ សំអាន តំណាងរាស្ត្រមកពីបក្សប្រឆាំង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងខេត្តសៀមរាប កាលពីដើមខែមេសា។ ក្រោយចាប់ខ្លួនអ្នកតំណាងរាស្ត្រដែលសកម្មជនក្នុងរឿងព្រំដែនរូបនេះ ត្រូវបានតុលាការក្រុងភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ ៦ខែ និងពិន័យលុយ ៤លានរៀល កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ក្រោមបទចោទញុះញង់នាំឲ្យមានការរើសអើង និងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ទាក់ទងនឹងរឿងផ្សព្វផ្សាយឯកសារផែនទីព្រំដែនកម្ពុជា-វៀតណាម។ បញ្ហានេះ អ្នកឃ្លាំមើលព្រឹត្តិការណ៍សង្គមកម្ពុជា យល់ឃើញថា ការចាប់ខ្លួនពីខាងបក្សប្រឆាំង ដែលរិះគន់រឿងព្រំដែននេះ ជាវិធីបំបិទមាត់ និងជាការគំរាមកំហែងទៅលើសិទ្ធិបញ្ចេញមតិ។
,
តុលាការកំពូលនឹងប្រកាសសាលដីកាសំណុំរឿងយុវជន គង់ រ៉ៃយ៉ា នៅថ្ងៃ២៩ ធ្នូ
ដោយឡែក ក្នុងថ្ងៃតែមួយ នៅតុលាការកំពូលវិញ តុលាការជាន់ខ្ពស់នេះ ក៏បានបើកការជំនុំជម្រះដែរ ពាក់ព័ន្ធយុវជន គង់ រ៉ៃយា។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ឃឹម ប៉ុណ្ណ នឹងប្រកាសសាលដីកានៅថ្ងៃទី២៩ ខែធ្នូ ខាងមុខក្នុងសំណុំរឿងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលយុវជនរូបនេះ អំពាវនាវឲ្យមានបដិវត្តន៍នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ មេធាវីការពារក្តីឲ្យយុវជន គង់ រ៉ៃយ៉ា ឲ្យដឹងថា តាមរយៈបណ្ដឹងសាទុក្ខដែលស្នើឲ្យតុលាការកំពូលកាត់តម្រឹមទោសដែលនៅសល់ ២ខែចុងក្រោយ ក្នុងចំណោមទោសសរុប ១ឆ្នាំ ៦ខែនោះ តុលាការអាចនឹងពិចារណាឲ្យរួចផុតពីការចោទប្រកាន់បាន។សកម្មជនរូបនេះ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសដាក់ពន្ធនាគារ ១ឆ្នាំ ៦ខែ កាលពីខែមីនា ឆ្នាំ២០១៦ ប៉ុន្តែយុវជន គង់ រ៉ៃយ៉ា អនុវត្តទោសបាន ១ឆ្នាំ ៤ខែហើយ។
លោក គឹម សុខ អ្នកឃ្លាំមើលសង្គម និងនយោបាយយល់ឃើញថា នេះជាការកំណត់ទិសដៅក្នុងការកម្ទេចបក្សប្រឆាំង ហើយការបើកផ្លូវឲ្យ លោក អ៊ុំ សំអាន មានសេរីភាពវិញនេះ នឹងប៉ះពាល់កាន់តែខ្លាំងដល់កិច្ចការដែលរដ្ឋាភិបាល កំពុងធ្វើស្ថិតក្នុងមន្ទិលសង្ស័យ ជាពិសេសរឿងព្រំដែនជាមួយវៀតណាម៖ «អ្វីដែលគេធ្វើគឺកំពុងតែរុញយុទ្ធសាស្ត្រ និងយន្តការរបស់យួន ឲ្យដល់គោលដៅកាន់តែឆាប់ក្រែងលោគណបក្សប្រជាជនកម្ពុជា បាត់បង់អំណាចកាន់តែឆាប់ទៅជួយសង្គ្រោះយុទ្ធសាស្ត្រនយោបាយមិនទាន់។ ករណីទាំងអស់ហ្នឹងហើយដែលគេមិនងាយឲ្យលោក អ៊ុំ សំអាន ដែលជាបង្គោលធំរបស់គណបក្សសង្គ្រោះជាតិ មួយហ្នឹងចេញមកឆាប់ៗ បាននោះទេ។ ដូចដែលខ្ញុំបានជម្រាបមកពីដំបូងមកម្ល៉េះថា មិនងាយទេ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលត្រូវចេញពីការជាប់ឃុំហ្នឹង»។
មេធាវីការពារក្ដីរបស់តំណាងរាស្ត្រលោក អ៊ុំ សំអាន បញ្ជាក់ថា នឹងប្តឹងសាទុក្ខបន្តទៀតទៅតុលាការកំពូល ប្រឆាំងសាលដីការបស់សាលាឧទ្ធរណ៍នៅពេលនេះ។ ដោយឡែកលោក កាំង គង់ ឪពុករបស់យុវជន គង់ រ៉ៃយ៉ា យល់ឃើញថា បទចោទប្រឆាំងសកម្មជនរូបនេះ គឺមិនត្រឹមត្រូវឡើយ ព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យ នេះគ្រាន់តែរបៀបនៃសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋនៅក្នុងសង្គមប៉ុណ្ណោះ៕