គណៈកម្មការ​ចំពោះ​កិច្ច​គណបក្ស​ទាំង​ពីរ​បញ្ចប់​កិច្ច​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព

ដោយ ឡេង ម៉ាលី
2016.01.19
គណៈកម្មការ​ចំពោះ​កិច្ច ៨៥៥ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន (ឆ្វេង) និង​ប្រធាន​ក្រុម​ការងារ​គណៈកម្មការ​ចំពោះ​កិច្ច​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​លើ​សំណូមពរ​របស់​សហជីព​ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​សហជីព នៅ​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១៦។
RFA/Leng Maly

គណៈកម្មការ​ចំពោះ​កិច្ច​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ចប់​ការ​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ហើយ។ ការ​ពិនិត្យ​ពិភាក្សា​នេះ គឺ​ផ្ដោត​លើ​សំណូមពរ​របស់​សហជីព ដែល​ស្នើសុំ​ឲ្យ​កែលំអ​សេចក្ដី​ព្រាង​ច្បាប់​នេះ។

មន្ត្រី​ក្រុម​ការងារ​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មករា ប្រកាស​បញ្ចប់​ការ​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ២១​ចំណុច ដែល​ជា​សំណូមពរ​របស់​សហជីព។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ការ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​នេះ ថា​ជា​ភាព​ជោគជ័យ ដែល​គណៈកម្មការ​ចំពោះ​កិច្ច​បាន​ពិភាក្សា​ដោះស្រាយ​រាល់​កង្វល់​របស់​សហជីព៖ «អ៊ីចឹង​ថ្ងៃ​នេះ យើង​សម្រេច​បាន ១២​មាត្រា​លើ​ចំណុច​សំណើ​របស់​សហជីព ៨​ចំណុច។ អ៊ីចឹង​បាន​សេចក្ដី​ថា ចប់​រាល់​សំណើ​របស់​សហជីព គឺ​យើង​បាន​សម្រេច​ហើយ ក៏ប៉ុន្តែ​យើង​មិន​មាន​សិទ្ធិ​អី​ដើម្បី​នឹង​គូស​វាស​ថា​ជា​អត្តនោម័តិ​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ទេ។ បញ្ហា​មួយ​ចំនួន គឺ​យើង​ស្នើសុំ​ការ​បំភ្លឺ​ពី​ក្រសួង ដែល​ជា​តំណាង​រាជ​រដ្ឋាភិបាល​ឲ្យ​បំភ្លឺ​ឲ្យ​ច្បាស់​ថែម​ទៀត ដើម្បី​ឲ្យ​ច្បាប់​ហ្នឹង​ធានា​បាន​នូវ​សុក្រឹតភាព នៃ​ការ​ធានា​ផល​ប្រយោជន៍​កម្មករ​និយោជិត ហើយ​និង​និយោជក​ផង។ អា​នេះ​បញ្ហា​សំខាន់​តែ​ប៉ុណ្ណឹង​ទេ»

លោក សុន ឆ័យ បន្ទរ​ថា កិច្ច​ប្រជុំ​ពិភាក្សា​គ្នា​បាន​ប្រព្រឹត្ត​ទៅ​ល្អ មិន​មាន​ភាព​តានតឹង និង​មិន​មាន​ការ​កាន់​ជើង​សហជីព ឬ​និយោជក​ទេ។

ថ្វី​បើ​ដូច្នេះ​ក្ដី ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ចាប់​អារម្មណ៍​ថា ចំណុច​ដែល​ខាង​សហជីព​ស្នើសុំ ២១​ចំណុច​នោះ មិន​មាន​ការ​កែប្រែ​ច្រើន​ទេ ហើយ​លោក​សង្ឃឹម​លើ​ការ​ពិចារណា​ចុង​ក្រោយ​របស់​រដ្ឋសភា៖ «សភា គឺ​ជា​ជម្រើស​ចុង​ក្រោយ​របស់​ខាង​យើង ដែល​ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ។ ប្រសិន​បើ​សភាព​អត់​បាន​ពិនិត្យ​បញ្ហា​នេះ​ទេ មាន​ថា​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​កម្មករ​កម្មការិនី គាត់​នឹង​ទទួល​រង​នូវ​ការ​បាត់បង់​ការ​តវ៉ា​ដោយ​សន្តិវិធី ការ​ជួបជុំ ក៏​ដូច​ការ​ចងក្រង»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ លោក សុខ ឥសាន បញ្ជាក់​ថា ការ​មិន​បាន​ឆ្លើយ​តប​ទាំងអស់ គឺ​ចំណុច​បញ្ហា​ខ្លះ​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្ដីពី​ការងារ ដូចជា ក្នុង​ច្បាប់​ថ្មី​ចែង​ថា អ្នក​សុំ​បង្កើត​សហជីព ឬ​មួយ​ក៏​អង្គការ​និយោជក កំណត់​អាយុ ១៨​ឆ្នាំ ប៉ុន្តែ​គណៈកម្មការ​សម្រប​សម្រួល​ដាក់ ២៥​ឆ្នាំ ដើម្បី​កុំ​ឲ្យ​ទាស់​នឹង​ច្បាប់​ស្ដីពី​ការងារ​ដែល​មាន​ស្រាប់។

ថ្វី​បើ​ដូច្នេះ​ក្ដី ទាំង លោក សុខ ឥសាន និង​លោក សុន ឆ័យ ឲ្យ​ដឹង​ថា គណៈកម្មការ​ចំពោះ​កិច្ច បាន​ពិភាក្សា​អំពី​បញ្ហា​ដែល​សហជីព​មិន​បាន​លើក​ឡើង​ដែរ ជាពិសេស​មាត្រា​២៨ ដែល​និយាយ​អំពី​តុលាការ​ការងារ៖ «ក៏ប៉ុន្តែ​យើង​យក​ចិត្ត​ទុក​ដាក់​ទាំងអស់​ដើម្បី​ពិភាក្សា គឺ​មាត្រា​២៨ និយាយ​ពី​ច្បាប់​តុលាការ​ការងារ មាន​ចំណុច​ខ្លះ​សរសេរ​មិន​ច្បាស់​ថា តុលាការ​ដាក់​រួម។ អ៊ីចឹង​យើង​សុំ​បន្ថែម​ពាក្យ​ការងារ គឺ​តុលាការ​ការងារ ពីព្រោះ​ច្បាប់​និយាយ​រួម​សំដៅ​លើ​ការ​វិនិច្ឆ័យ​របស់​តុលាការ​ការងារ»

ចំពោះ​ចំណុច​ដែល​មិន​ច្បាស់លាស់ ដូច​ជា និយម​ន័យ​ពាក្យ​មួយ​ចំនួន គណៈកម្មការ​នឹង​សុំ​ឲ្យ​ក្រសួង​ជំនាញ​បញ្ចូល​ទៅ​ក្នុង​សទ្ទានុក្រម​ភ្ជាប់​ក្នុង​ច្បាប់​នេះ ដើម្បី​បកស្រាយ​ការ​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​ទៅ​តាម​ខ្លឹមសារ​ដែល​ចង់​បាន។

លោក សុន ឆ័យ ថ្លែង​ថា គណៈកម្មការ​បាន​ពិភាក្សា​ទាំង​ចំណុច​មិន​ត្រូវ​គ្នា និង​ទាំង​ចំណុច​មិន​ទាន់​ដោះស្រាយ ហើយ​សេចក្ដី​ព្រាង​នេះ​នឹង​ត្រឡប់​ទៅ​គណៈកម្មការ​ជំនាញ​វិញ គឺ​គណៈកម្មការ​នីតិកម្ម ដែល​ទទួល​ភារកិច្ច​ពិនិត្យ និង​ដោះស្រាយ​ជាមួយ​តំណាង​រាជ​រដ្ឋាភិបាល មុន​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​គណៈកម្មការ​អចិន្ត្រៃយ៍​សម្រាប់​ការ​ពិនិត្យ និង​អនុមតិ ហើយ​ចំណុច​ខ្វះខាត​ទាំងឡាយ​ដែល​មិន​ច្បាស់លាស់ ឬ​ក៏​មិន​ទាន់​បាន​សម្រេច គឺ​យើង​នឹង​ពិភាក្សា​នៅ​ក្នុង​សភា។

លោក សុខ ឥសាន ថ្លែង​ថា គណៈកម្មការ​ចំពោះ​កិច្ច មិន​បាន​ពិភាក្សា​អំពី​សំណូមពរ​របស់​សហព័ន្ធ​និយោជក​ដែល​ស្នើសុំ​ឲ្យ​កំណត់​ចំនួន​កម្មករ ២០% ដើម្បី​ឲ្យ​អាច​បង្កើត​សហជីព​មូលដ្ឋាន​ទេ ដោយសារ​តែ​គណៈកម្មការ​បាន​សម្រេច​កំណត់​យក​ចំនួន ១០​នាក់​ហើយ កាល​ពី​កិច្ច​ប្រជុំ​លើក​ដំបូង​នៅ​ថ្ងៃ​ទី​៤ មករា។

មន្ត្រី​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​បញ្ជាក់​ថា បន្ទាប់​ពី​បាន​បញ្ចប់​កិច្ច​ប្រជុំ​ពិនិត្យ ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព​នេះ គណៈកម្មការ​ចំពោះ​កិច្ច នឹង​ធ្វើ​របាយការណ៍​រួម​មួយ ហើយ​នឹង​ធ្វើ​សិក្ខាសាលា​ប្រមូល​មតិ​យោបល់​ពី​សហជីព​មួយ​លើក​បន្ថែម​ទៀត មុន​នឹង​ដាក់​ជូន​រដ្ឋសភា​អនុម័ត ក៏ប៉ុន្តែ​មន្ត្រី​ទាំង​ពីរ​គណបក្ស នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា សិក្ខាសាលា​នោះ​នឹង​ធ្វើ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។