ប៉ូលិសខេត្តស្ទឹងត្រែង និងមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំសេកុង ស្រុកសៀមប៉ាង បានសហការគ្នាឃាត់ខ្លួនជនសង្ស័យឈ្មោះ លួន នាង អាយុ ២៥ឆ្នាំ នៅឯលំនៅឋានជនសង្ស័យនៅភូមិសៀមប៉ាង ហើយប៉ូលិសបាននាំខ្លួនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០១១។
នាយការិយាល័យប៉ូលិសប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង លោក នូ ហួរ មានប្រសាសន៍បញ្ជាក់ថា នេះគឺជាការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណីបន្ថែមទៀត ដែលប៉ូលិសកំណត់មុខសញ្ញាជួញដូរគ្រឿងញៀននៅមូលដ្ឋាននេះ ហើយឃាត់ខ្លួនជនសង្ស័យនៅឯលំនៅឋានជនសង្ស័យផ្ទាល់ និងរកឃើញគ្រឿងញៀនខាងលើនេះ ៖ «អាហ្នឹងកម្រិតវាចែកចាយ តាមយើងសាកសួរវាជំហានដំបូងគឺថា កម្រិតវាយកមកម្ដងមួយរយគ្រាប់ៗណា!»។
វិទ្យុអាស៊ីសេរីមិនមានការអនុញ្ញាតឲ្យធ្វើបទសម្ភាសន៍ជាមួយជនសង្ស័យដែលប៉ូលិសបានឃាត់ខ្លួនជុំវិញករណីជួញដូរគ្រឿងញៀននោះទេ។
ប្រភពមន្ត្រីប៉ូលិសដដែលឲ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានជួញដូរគ្រឿងញៀននាំចូលពីប្រទេសឡាវ ដែលមានព្រំដែនជាប់នឹងស្រុកសៀមប៉ាងនោះ។ ប៉ូលិសកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
របាយការណ៍របស់ការិយាល័យប៉ូលិសប្រឆាំងគ្រឿងញៀនខេត្តឲ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ២០១១ ការបង្ក្រាបការជួញដូរគ្រឿងញៀនក្នុងខេត្តនេះបានបីករណី និងរឹបអូសបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនជាង ៧០០គ្រាប់ និងមេតំហ្វេតាមីនប្រភេទទឹកកកបាន ១,៤ក្រាម៕