ព្រះសង្ឃនៅវត្តបឹងខ្នារ ស្ថិតក្នុងឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ កំពុងព្រួយបារម្ភពីការចាប់ផ្សឹកដោយបង្ខំពីសំណាក់លោកគ្រូចៅអធិការ គណៈកម្មការអាចារ្យ និងលោកមេឃុំ ដោយសារព្រះអង្គធ្វើឲ្យបែកធ្លាយការសម្ងាត់ស្ដីពីការជីកបានកំណប់ក្នុងឫសសីមាវិហារវត្តបូរាណមួយនៅទីនោះ។
ព្រះសង្ឃនាម អ៊ុំ យ៉ង់ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ វិច្ឆិកា ពីមូលហេតុដែលព្រះអង្គដាច់ចិត្តទម្លាយរឿងនេះឲ្យដឹងជាសាធារណៈនោះ គឺមកពីព្រះអង្គបារម្ភក្រែងមានការបាត់បង់ទ្រព្យសម្បត្តិរួម ដោយមហិច្ឆតាមនុស្សមួយក្រុមដែលមានចិត្តមិនស្មោះ និងព្រះពុទ្ធសាសនា។
ព្រះសង្ឃ អ៊ុំ យ៉ង់៖ «ក្រោយមកគេលក់អស់មួយចំនួនហើយ អាត្មាអត់ដឹងទេ អាត្មាដឹងតែតាមលោកចៅអធិការវត្ត តែអាត្មាក៏បានស៊ីញ៉េដឹងឮដែរ។ មិនមែនតែអាត្មាម្នាក់នោះទេ គឺមានចាស់ព្រឹទ្ធាចារ្យមួយចំនួនទៀតដឹងឮដែរ តែគេបានប្រាប់ថា កុំឲ្យផ្សព្វផ្សាយបំផ្លើសការពិត។ តាមពិតអាត្មាមិនបានបំផ្លើសការពិតទេ...»។
ការបញ្ចេញព័ត៌មានស្ដីពីការជីកបានកំណប់នេះត្រូវបានលោកគ្រូចៅអធិការគណៈកម្មការអាចារ្យ និងលោកមេឃុំ មិនពេញចិត្ត និងមានគម្រោងផ្សឹកព្រះសង្ឃអង្គនេះ។ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ គណៈកម្មការវត្តបានដើរអោយប្រជាពលរដ្ឋក្នុងភូមិផ្ដិតមេដៃដើម្បីផ្សឹកលោក អ៊ុំ យ៉ង់ ហើយនៅព្រឹកថ្ងៃទី២៧ គណៈកម្មការអាចារ្យ និងលោកមេឃុំបានធ្វើការប្រជុំក្នុងវត្តស្តីអំពីការផ្សឹកនេះ។
យ៉ាងនេះក្ដី ពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ បានប្រឆាំងចំពោះបញ្ហានេះ។
បុរសអ្នកភូមិឈ្មោះ សោម សារ៉ាន់ បានឲ្យដឹងថា លោកមិនយល់ស្របចំពោះការផ្សឹកព្រះសង្ឃ អ៊ុំ យ៉ង់ ទេ ព្រោះសង្ឃអង្គនេះមានព្រះទ័យល្អជួយយកអាសាពុទ្ធបរិស័ទគ្រប់គ្នា៖ «គោលដៅហ្នឹង គឺគេចង់ផ្សឹកលោកតែម្ដង តែលោកអង្គនេះមានព្រះទ័យល្អណាស់ ធ្លាប់បានជួយសង្គ្រោះមនុស្សច្រើនណាស់ ព្រោះលោកជាគ្រូថ្នាំបូរាណ។ ប្រជាពលរដ្ឋនៅទីនេះស្រឡាញ់លោកច្រើន»។
យ៉ាងណានេះក្ដី អនុប្រធានមន្ទីរធម្មការ និងកិច្ចការសាសនាខេត្តកំពង់ឆ្នាំង គឺលោក វ៉ាន់ សុធី បានឲ្យដឹងនៅរសៀលថ្ងៃទី២៧ វិច្ឆិកា ថា ព្រះសង្ឃ អ៊ុំ យ៉ង់ នឹងមិនត្រូវបានផ្សឹកឡើយ បើគ្រាន់តែព្រះអង្គផ្សព្វផ្សាយព័ត៌មានស្ដីពីការជីកបានកំណប់ក្នុងឫសសីមាវត្តបូរាណនោះ៖ «ខ្ញុំចាត់ឲ្យក្រុមការងារចុះទៅ ២នាក់ហើយ ដើម្បីស្រាវជ្រាវបញ្ហានេះ។ ប៉ុន្តែជារួម គឺទាំងខាងធម្មការខេត្ត ទាំងព្រះអង្គមេគណវត្ត បានពិភាក្សាគ្នារួចហើយ យើងគ្មានគោលការណ៍ណាដែលទៅផ្សឹកលោកដោយគ្រាន់តែលោកផ្ដល់ព័ត៌មានដល់អ្នកកាសែតនោះទេ សូម្បីតែគិតក៏គ្មានដែរ»។
ប្រភពពីពុទ្ធបរិស័ទបានឲ្យដឹងថា ក្រោយពីរកឃើញវត្ថុបូរាណនោះមក គណៈកម្មការអាចារ្យ ចៅអធិការ មេឃុំ បានសម្រេចអោយមនុស្សតែ ៥-៦នាក់ប៉ុណ្ណោះ ជីកយកវត្ថុបូរាណចេញពីអន្លង់សីមា ហើយធ្វើឡើងនៅពេលយប់។ ពេលប្រមូលបានវត្ថុបូរាណទាំងនោះមកហើយ គណៈកម្មការអាចារ្យ ចៅអធិការ និងមេឃុំប្រហែល ២០នាក់ ដែលក្នុងនោះមានព្រះតេជព្រះគុណ អ៊ុំ យ៉ង ដែរ បានពិនិត្យវត្ថុទាំងនោះ រួចបានដាក់កិច្ចសន្យាថា បើអ្នកណាធ្វើការផ្សព្វផ្សាយចេញទៅខាងក្រៅ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
បន្ទាប់មកគេក៏សម្រេចឲ្យលោកចៅអធិការវត្តនាម នួន ស៊ីណាត់ យកវត្ថុបូរាណដែលមានតម្លៃទៅលក់។ តែដោយការលក់បានប្រាក់តិចតួចពេក (៤.៧២០.០០០រៀល) ធ្វើអោយមានការសង្ស័យ ហើយក៏មានការផ្ដល់ព័ត៌មានឲ្យចុះផ្សាយក្នុងទំព័រកាសែត ទើបកើតជារឿងចង់ផ្សឹកព្រះតេជព្រះគុណ អ៊ុំ យ៉ង់ យ៉ាងដូច្នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។