ព្រះសង្ឃ​នឹង​ធ្វើ​ធម្មយាត្រា​៤​ថ្ងៃ​អប់រំ​ពលរដ្ឋ​ពី​ជំងឺ​គ្រុនចាញ់​នៅ​ប៉ៃលិន

ព្រះសង្ឃ​ជា​ច្រើន​អង្គ នៅ​ប៉ៃលិន នឹង​ធ្វើ​ធម្មយាត្រា​រយៈពេល​៤ថ្ងៃ ក្នុង​គោល​បំណង​អប់រំ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក នៅ​ខេត្ត​ប៉ៃលិន អំពី​វិធី​ការពារ​ជំងឺ​គ្រុនចាញ់។
ដោយ សួន សុផលមុន្នី
2012-08-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្បួន​ដង្ហែ​នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​មាន​ព្រះសង្ឃ​ចំនួន​៦០​អង្គ ដូនជី​តាជី និង​អ្នក​ស្ម័គ្រចិត្ត​អប់រំ​ជំងឺ​គ្រុនចាញ់​តាម​ភូមិ ព្រម​ទាំង​មន្ត្រី​រដ្ឋាភិបាល សុខាភិបាល​ជា​ច្រើន​នាក់​ទៀត ចូល​រួម​ដើរ​ដង្ហែ​ក្បួន​នៅ​ក្នុង​ភូមិ​ចំនួន​៤៦ ក្នុង​ខេត្ត​ប៉ៃលិន។

ប្រទេស​កម្ពុជា​មាន​ប្រជាជន​ជាង​២លាន​នាក់ រស់​នៅ​តាម​តំបន់​ព្រៃភ្នំ ប្រឈម​ខ្ពស់​ទៅ​នឹង​ការ​កើត​មាន​ជំងឺ​គ្រុនចាញ់។ ដោយ​ឡែក នៅ​ខេត្ត​ប៉ៃលិន ក៏​មាន​ការ​ប្រឈម​បញ្ហា​ខ្លាំង​ដូច​គ្នា ដោយ​សារ​ខេត្ត​នេះ​មាន​លំហូរ​ជន​ចំណាក​ស្រុក​ពី​ខេត្ត​ផ្សេងៗ​ទៅ​ច្រើន ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​នៅ​ទីនោះ។

ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ទាំង​នោះ​ខ្វះ​ចំណេះ​ដឹង​ពី​វិធី​ការពារ​កុំ​ឲ្យ​កើត​មាន​ជំងឺ​គ្រុនចាញ់។ ទន្ទឹម​គ្នា​នឹង​ក្ដី​ព្រួយ​បារម្ភ​នេះ គេ​មាន​គម្រោង​ធ្វើ​ក្បួន​ធម្មយាត្រា​ដ៏​ធំ​មួយ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​ពី​ការ​ការពារ​ជំងឺ​គ្រុនចាញ់។

លោក សុង ង៉ាក ជា​នាយក​ផ្នែក​បច្ចេកទេស និង​ប្រតិបត្តិការ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ (FHI) ប្រចាំ​ខេត្ត​ប៉ៃលិន បាន​ថ្លែង​ថា មាន​ព្រះសង្ឃ​ចំនួន​៦០​អង្គ ដូនជី​តាជី​ចំនួន​២០​នាក់ និង​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​ការ​នៅ​ក្នុង​សហគមន៍​១៣៨​នាក់ រួម​ទាំង​មន្ត្រី​រាជការ ដែល​បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​មន្ទីរ​សុខាភិបាល​ជា​ច្រើន​នាក់​ទៀត ចូល​រួម​នៅ​ក្នុង​ក្បួន​ដង្ហែ​នោះ។

ធម្មយាត្រា​មាន​រយៈពេល​៤​ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៧ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២ នៅ​ក្នុង​ខេត្ត​ប៉ៃលិន។ ក្បួន​នោះ​ដង្ហែ​គ្រប​ដណ្ដប់​លើ​ភូមិ​ចំនួន​៤៦​ភូមិ។ សកម្មភាព​នេះ មាន​គោល​ដៅ​បី​ធំៗ​តាម​រយៈ​បង្កើន​ចំណេះ​ដឹង បង្កើន​ការ​គ្រប​ដណ្ដប់​មធ្យោបាយ​ការពារ និង​ផ្ដល់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល។

ខេត្ត​ប៉ៃលិន ជា​ចំណុច​ក្ដៅ​មួយ​ក្នុង​ការ​បង្ការ និង​ការ​ទប់​ស្កាត់​ជំងឺ​គ្រុនចាញ់។ ធម្មយាត្រា​ដែល​មាន​ព្រះសង្ឃ​ចូល​រួម​នេះ គេ​មាន​ជំនឿ​ថា នឹង​អាច​ទាក់​ទាញ​ជន​ចំណាក​ស្រុក​តាម​រដូវ​នោះ ឲ្យ​កែប្រែ​ឥរិយាបថ ព្រោះ​រដូវ​នេះ​ជា​រដូវ​ដាំដុះ​ផង រដូវ​ប្រមូល​ផល​ផង ដែល​មាន​លំហូរ​ជន​ចំណាក​ស្រុក​ពី​ខេត្ត​ផ្សេងៗ​ទៅ​ច្រើន។ ដូច្នេះ​ហើយ ចំណេះ​ដឹង​របស់​គាត់​ពុំ​សូវ​បាន​យល់​ដឹង ដោយ​គាត់​គិត​ថា តំបន់​នោះ​មិន​សូវ​មាន​គ្រោះថ្នាក់។ គាត់​ពុំ​បាន​ប្រុងប្រយ័ត្ន គាត់​ភ្លេច​យក​មុង ឬ​មុង​របស់​គាត់​ពុំ​មែន​ជា​មុង​ជ្រលក់​ថ្នាំ។

លោក សុង ង៉ាក៖ «គោល​បំណង​ទី​១ ចំណេះ​ដឹង​គាត់​ទាប យើង​បង្កើន​ការ​យល់​ដឹង​របស់​គាត់ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។ យើង​គិត​ថា សារ​ដែល​ផ្ដល់​ដោយ​ព្រះសង្ឃ​វា​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​គេ ពី​ព្រោះ​ប្រជាជន​យើង​ជា​ពុទ្ធសាសនិក។ ចំណុច​ទី​២ ទន្ទឹម​គ្នា​ហ្នឹង យើង​នាំ​ជាមួយ​ថ្នាំ​ជ្រលក់​មុង ប្រសិន​បើ​គាត់​យក​មុង​មក​អត់​ជាតិ​ថ្នាំ យើង​ជ្រលក់​ឲ្យ​គាត់​ដោយ​មាន​អ្នក​ស្ម័គ្រចិត្ត​តាម​ភូមិ​អ្នក​បម្រើ​ការងារ​ជំងឺ​គ្រុនចាញ់​តាម​ភូមិ​ហ្នឹង គាត់​អាច​ជ្រលក់​មុង​ហ្នឹង​ជូន​ដោយ​គាត់​ធ្វើ​ដំណើរ​ធម្មយាត្រា​ជាមួយ​ព្រះសង្ឃ។ គាត់​នឹង​ជ្រលក់​មុង​ជូន ប្រសិន​បើ​អ្នក​ណា​មាន​ជំងឺ​ក្ដៅ ហើយ​សង្ស័យ​ថា​គ្រុនចាញ់ គាត់​នឹង​ធ្វើ​តេស្ដ​ឈាម ហើយ​បើ​តេស្ដ​ឈាម​បង្ហាញ​ថា គាត់​កើត​ជំងឺ​គ្រុនចាញ់​ពិត​មែន គាត់​នឹង​ផ្ដល់​ថ្នាំ​ព្យាបាល»

រយៈពេល​៧​ខែ នៅ​ឆ្នាំ​២០១២ អត្រា​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុនចាញ់ នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​៣០​នាក់។ ចំនួន​នេះ​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​២០១១ គិត​រយៈពេល​៧​ខែ​ដូច​គ្នា។ នៅ​ឆ្នាំ​២០១១ អត្រា​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុនចាញ់ មាន​ចំនួន​៣៥​នាក់។ ទោះ​បី​ចំនួន​នេះ​មាន​ការ​ថយ​ចុះ​បន្តិច​ក៏​ដោយ ប៉ុន្តែ​ករណី​កើត​មាន​ជំងឺ​គ្រុនចាញ់​នៅ​តាម​ខេត្ត​ភាគ​ពាយ័ព្យ មាន​សន្ទុះ​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ ដោយ​សារ​នៅ​តំបន់​ភាគ​ពាយ័ព្យ សម្បូរ​ទៅ​ដោយ​លំហូរ​អ្នក​ចំណាក​ស្រុក​ច្រើន ហើយ​មាន​ការ​យល់​ដឹង​ទាប​ពី​វិធី​ការពារ​ជំងឺ​គ្រុន​ចាញ់។

លោក​វេជ្ជ​បណ្ឌិត ច ម៉េងជួរ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុនចាញ់ បាន​មាន​ប្រសាសន៍​ថា តួលេខ​អ្នក​ស្លាប់ និង​អ្នក​មាន​ជំងឺ​គ្រុនចាញ់ នៅ​ឆ្នាំ​២០១២ មាន​ចំនួន​ថយ​ចុះ​តិច​ជាង​ឆ្នាំ​២០១១ ក៏​ពិត​មែន ប៉ុន្តែ​នៅ​ខេត្ត​ប៉ៃលិន មាន​ករណី​កើត​មាន​ជំងឺ​គ្រុនចាញ់​កើន​ឡើង​រហូត​១៧%៖ «ប៉ៃលិន​ហ្នឹង យើង​ឃើញ​ថា​កើន ប៉ុន្តែ​ខាន​មាន​ស្លាប់​តាំង​ពី​ឆ្នាំ​២០០៩ មក ដោយ​សារ​ប្រជាជន​នៅ​ទី​នោះ​គាត់​យល់ មិន​សូវ​មាន​ឈឺ​ទេ។ ប៉ុន្តែ​ខ្ញុំ​ចាប់​អារម្មណ៍​ត្រង់​ថា កាល​ពី​ឆ្នាំ​ទៅ អ្នក​នៅ​ស្វាយរៀង ថា​មក​ពី​ម្តុំ​ហ្នឹង​ដែរ គាត់​ទៅ​ធ្វើ​ការ ទៅ​វិញ​ឈឺ​ស្លាប់​នៅ​ស្វាយរៀង។ អ៊ីចឹង បាន​ថា យើង​ឃើញ​រូបភាព​អចិន្ត្រៃយ៍​គាត់​អត់​មាន​ស្លាប់​នៅ​ប៉ៃលិន ប៉ុន្តែ​គាត់​ទៅ​ស្លាប់​នៅ​កន្លែង​ផ្សេង»

លោក​វេជ្ជ​បណ្ឌិត​បន្ត​ថា ប្រជាពលរដ្ឋ​កម្ពុជា ដែល​មិន​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​គ្រុនចាញ់ មាន​រហូត​ទៅ​ដល់​១០​លាន​នាក់។ ចំនួន​នេះ គេ​ពុំ​អាច​ដឹង​បាន​ទេ​ថា គ្រួសារ​ណា​ខ្លះ​នឹង​ធ្វើ​ចំណាក​ស្រុក​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ផ្សេង​ទៀត​នោះ។ ដូច្នេះ គន្លឹះ​សំខាន់​នៃ​ការ​ការពារ​ជំងឺ​គ្រុនចាញ់ គឺ​ការ​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គាត់​មាន​ឱកាស​ទទួល​បាន​ព័ត៌មាន គេ​មិន​អាច​បង្កើត​ភ្នាក់ងារ​សុខភាព​គ្រុនចាញ់​ទៅ​កន្លែង​១០​លាន​នាក់ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​នោះ​ទេ។

លោក​វេជ្ជ​បណ្ឌិត ច ម៉េងជួរ៖ «អ៊ីចឹង យើង​ពឹង​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​វិទ្យុ ឬ​ក៏​ទូរទស្សន៍​នេះ វា​គ្រប​ដណ្ដប់​ទៅ​ដល់​ទូទាំង​ប្រទេស វិទ្យុ​គ្រប់​ប្រភេទ​ទាំង​អស់​មិន​ថា​ទោះ​បី​ផ្សាយ​ផ្ទាល់​ពី​ជំងឺ​ហ្នឹង ជា​លក្ខណៈ​បច្ចេកទេស យើង​ចំណាយ​ច្រើន សូម្បី​នៅ​ទូរទស្សន៍​ធំៗ​ដែល​យើង​ផ្សាយ គឺ​អស់​មួយ​ថ្ងៃ​ជា​មធ្យម ២.៥០០​ដុល្លារ លើ​ទូរទស្សន៍ និង​វិទ្យុ។ ហើយ​មួយ​ទៀត វិទ្យុ​ដែល​មិន​ផ្សាយ ប៉ុន្តែ​គាត់​សួរ​ព័ត៌មាន​ដូច​ជា​អាស៊ី​សេរី​សួរ​ហ្នឹង ប្រយោជន៍​មួយ​សំខាន់​ដើម្បី​ឲ្យ​ប្រជាជន​គាត់​ភ្ញាក់ គាត់​ដឹង​ថា ជំងឺ​ហ្នឹង​នៅ​ស្លាប់​នៅ​ឡើយ»

នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១២ នេះ អង្គការ URC ដែល​ទទួល​បាន​មូលនិធិ​របស់​ប្រធានាធិបតី​អាមេរិក បាន​បើក​កិច្ច​ប្រជុំ​សហប្រតិបត្តិការ​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ តាម​បណ្ដោយ​ព្រំដែន នៅ​ខេត្ត​សៀមរាប។ អង្គការ​នេះ ក៏​បាន​បង្កើត​ការ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​ពី​ការ​ការពារ​ជំងឺ​គ្រុនចាញ់ ដោយ​បាន​សរសេរ​អក្សរ​អប់រំ​សុខភាព​ជំងឺ​គ្រុនចាញ់ នៅ​តាម​រនាំង​បាំង​ថ្ងៃ ដែល​គេ​ដាក់​ជាប់​នឹង​កញ្ជាក់​សម្រាប់​បាំង​ថ្ងៃ នៅ​ក្នុង​រថយន្ត។ អប់រំ​សុខភាព​ជំងឺ​គ្រុនចាញ់​នៅ​លើ​ស្រោម​កៅអី​អង្គុយ នៅ​ក្នុង​រថយន្ត​ក្រុង តាម​ខិត្តប័ណ្ណ និង​ការ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​នៅ​តាម​តំបន់​ប្រឈម​ជា​ច្រើន​កន្លែង​ទៀត។

លោក ច ម៉េង ជួរ បញ្ជាក់​ថា ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ខុស​ពី​អ្នក​រស់នៅ​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ស្រុក ដូច្នេះ អង្គការ​ក៏​បាន​បង្កើត​ផ្លាក​សញ្ញា​អប់រំ​សុខភាព​ជំងឺ​គ្រុនចាញ់ យក​ទៅ​ដាក់​នៅ​តាម​ព្រៃ​ជា​ច្រើន​កន្លែង។ ទាំង​នេះ ជា​មធ្យោបាយ​អប់រំ​តាម​វិស័យ​សាធារណៈ៖ «គ្រុនចាញ់​កើត​ពី​អី ហើយ​ត្រូវ​សម្រាក​នៅ​ក្នុង​មុង ហើយ​ពេល​ឈឺ​ត្រូវ​ទៅ​ភ្នាក់​ងារ​ស្ម័គ្រចិត្ត​នៅ​តាម​ភូមិ ព្រោះ​នៅ​ក្នុង​ដៃ​គាត់​មាន​ប្រដាប់​ជួស​ឈាម ជួស​ភ្លាម​ដឹង​ភ្លាម ដឹង​ហើយ គាត់​ឲ្យ​ថ្នាំ​ភ្លាម យើង​អត់​មាន​ខ្វះ​ទេ​ឱសថ និង​ប្រដាប់​ជួស​ឈាម យើង​មាន​គ្រប់​ទាំង​អស់​នៅ​ភូមិ​ដែល​ប្រឈម​នឹង​គ្រុនចាញ់»

នៅ​ក្នុង​វិស័យ​ឯកជន​វិញ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុនចាញ់ បាន​ធ្វើ​កិច្ចសន្យា​ផ្ដល់​ថវិកា​របស់​មូលនិធិ​សកល ឲ្យ​អង្គការ PSI តាម​រយៈ​ការ​ទិញ​ថ្នាំ​គ្រុនចាញ់​ត្រឹមត្រូវ ដែល​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក លក់​ក្នុង​តម្លៃ​ថោក។ ប៉ុន្តែ​ចំណុច​សំខាន់ អ្នក​កើត​មាន​ជំងឺ​គ្រុនចាញ់​ត្រូវ​ទទួល​ទាន​ថ្នាំ​ឲ្យ​បាន​ទៀងទាត់​ក្នុង​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា​ជា​ប្រចាំ ដើម្បី​បង្ការ​កុំ​ឲ្យ​ជំងឺ​មាន​ភាព​ស៊ាំ​ទៅ​នឹង​ថ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល