ការ​រីក​រាល​ដាល​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​ក្នុង​ក្រុម​រួម​ភេទ​ដូច​គ្នា

ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ (HIV/AIDS) នៅ​កម្ពុជា ត្រូវ​សមត្ថកិច្ច​ជំនាញ​អះអាង​ថា បាន​ថយ​ចុះ​ជា​បណ្ដើរៗ។
ដោយ សុ ជីវី
2012-08-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ស្រប​គ្នា​នេះ ក៏​មាន​ការ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​រីក​រាល​ដាល​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ នៅ​ក្នុង​ចំណោម​ក្រុម​អ្នក​រួម​ភេទ​ដូច​គ្នា គឺ​ក្រុម​បុរស​ស្រឡាញ់​បុរស។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ជំរុញ​អោយ​ក្រុម​បុរស​ស្រឡាញ់​បុរស យក​ចិត្ត​ទុក​ដាក់​ការពារ​ខ្លួន​ពី​ការ​ឆ្លង និង​ចម្លង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​អត្រា​ឆ្លង​ជំងឺ​នេះ​នៅ​កម្ពុជា។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្ដីពី​បញ្ហា​បុរស​ស្រឡាញ់​បុរស និង​ការ​ឆ្លើយ​តប​នឹង​ការ​រីក​រាល​ដាល​នៃ​មេរោគ​អេដស៍ ជំងឺ​អេដស៍ ក្នុង​ចំណោម​ក្រុម​បុរស​ស្រឡាញ់​បុរស អគ្គ​លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ លោក​វេជ្ជ​បណ្ឌិត តែង គន្ធី អោយ​ដឹង​ថា អត្រា​ឆ្លង​មេរោគ​អេដស៍​នៃ​បុរស​រួម​ភេទ​នឹង​បុរស​ដូច​គ្នា មាន​កម្រិត​ខ្ពស់ បើ​ប្រៀបធៀប​នឹង​អត្រា​នៃ​ពលរដ្ឋ​ទូទៅ​ដែល​មាន​វ័យ​ចន្លោះ​ពី​១៥ ដល់​៤៩ឆ្នាំ។ លោក​វេជ្ជ​បណ្ឌិត តែង គន្ធី អោយ​ដឹង​ទៀត​ថា បញ្ហា​កំពុង​ចោទ​ឡើង​ចំពោះ​ក្រុម​អ្នក​ទាំង​នេះ ដែល​មិន​ចេញ​មុខ និង​មិន​បាន​ទៅ​រក​សេវា​សុខាភិបាល។

ការ​ស្រាវជ្រាវ​របស់​អង្គការ FHI360 អោយ​ដឹង​ថា អត្រា​នៃ​ការ​ឆ្លង​មេរោគ និង​ជំងឺ​អេដស៍ ក្នុង​ចំណោម​បុរស​ស្រឡាញ់​បុរស គឺ ២,២%។ ពួក​គេ​មួយ​ចំនួន​មាន​ភរិយា ឬ​ដៃគូ​ជា​ស្ត្រី ដែល​អាច​មាន​ឱកាស​ចម្លង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​ទៅ​ទារក​ក្នុង​ផ្ទៃ។

តំណាង​ក្រុម​បុរស​ស្រឡាញ់​បុរស លោក ស៊ីនឌី មាន​ប្រសាសន៍​ថា ដោយ​សារ​តែ​ការ​រើសអើង​របស់​សង្គម​ទៅ​លើ​ក្រុម​បុរស​ស្រឡាញ់​បុរស គឺ​ជា​បញ្ហា​ចម្បង ដែល​ជំរុញ​អោយ​ពួក​គេ​អៀន​ខ្មាស និង​មិន​ហ៊ាន​ចេញ​មុខ​ទៅ​រក​សេវា​សុខភាព។

របាយការណ៍​របស់​បណ្ដាញ​បុរស​ស្រឡាញ់​បុរស​ឈ្មោះ​ថា បណ្ដាញ​ចតុមុខ ក្នុង​ពេល​បច្ចុប្បន្ន​នេះ បុរស​ស្រឡាញ់​បុរស​ដែល​ចេញ​មុខ គឺ​មាន​ចំនួន​២៦.០០០​នាក់ ហើយ​តួលេខ​ពិត​ប្រាកដ​នៃ​ក្រុម​នេះ អាច​ខ្ពស់​ជាង​នេះ​២​ដង ប្រសិន​បើ​រាប់​បញ្ចូល​ចំនួន​អ្នក​ដែល​មិន​បាន​ចេញ​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល