ស្របគ្នានេះ ក៏មានការលើកឡើងពីការព្រួយបារម្ភចំពោះការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ នៅក្នុងចំណោមក្រុមអ្នករួមភេទដូចគ្នា គឺក្រុមបុរសស្រឡាញ់បុរស។
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជំរុញអោយក្រុមបុរសស្រឡាញ់បុរស យកចិត្តទុកដាក់ការពារខ្លួនពីការឆ្លង និងចម្លងមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីរួមចំណែកកាត់បន្ថយអត្រាឆ្លងជំងឺនេះនៅកម្ពុជា។
ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីបញ្ហាបុរសស្រឡាញ់បុរស និងការឆ្លើយតបនឹងការរីករាលដាលនៃមេរោគអេដស៍ ជំងឺអេដស៍ ក្នុងចំណោមក្រុមបុរសស្រឡាញ់បុរស អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកវេជ្ជបណ្ឌិត តែង គន្ធី អោយដឹងថា អត្រាឆ្លងមេរោគអេដស៍នៃបុរសរួមភេទនឹងបុរសដូចគ្នា មានកម្រិតខ្ពស់ បើប្រៀបធៀបនឹងអត្រានៃពលរដ្ឋទូទៅដែលមានវ័យចន្លោះពី១៥ ដល់៤៩ឆ្នាំ។ លោកវេជ្ជបណ្ឌិត តែង គន្ធី អោយដឹងទៀតថា បញ្ហាកំពុងចោទឡើងចំពោះក្រុមអ្នកទាំងនេះ ដែលមិនចេញមុខ និងមិនបានទៅរកសេវាសុខាភិបាល។
ការស្រាវជ្រាវរបស់អង្គការ FHI360 អោយដឹងថា អត្រានៃការឆ្លងមេរោគ និងជំងឺអេដស៍ ក្នុងចំណោមបុរសស្រឡាញ់បុរស គឺ ២,២%។ ពួកគេមួយចំនួនមានភរិយា ឬដៃគូជាស្ត្រី ដែលអាចមានឱកាសចម្លងមេរោគអេដស៍ និងជំងឺអេដស៍ទៅទារកក្នុងផ្ទៃ។
តំណាងក្រុមបុរសស្រឡាញ់បុរស លោក ស៊ីនឌី មានប្រសាសន៍ថា ដោយសារតែការរើសអើងរបស់សង្គមទៅលើក្រុមបុរសស្រឡាញ់បុរស គឺជាបញ្ហាចម្បង ដែលជំរុញអោយពួកគេអៀនខ្មាស និងមិនហ៊ានចេញមុខទៅរកសេវាសុខភាព។
របាយការណ៍របស់បណ្ដាញបុរសស្រឡាញ់បុរសឈ្មោះថា បណ្ដាញចតុមុខ ក្នុងពេលបច្ចុប្បន្ននេះ បុរសស្រឡាញ់បុរសដែលចេញមុខ គឺមានចំនួន២៦.០០០នាក់ ហើយតួលេខពិតប្រាកដនៃក្រុមនេះ អាចខ្ពស់ជាងនេះ២ដង ប្រសិនបើរាប់បញ្ចូលចំនួនអ្នកដែលមិនបានចេញមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។