ការព្រមព្រៀងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរួមរវាងខាងសហជីពសេរីកម្មករ និងសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ និងជាប្អូនប្រុសលោក ជា វិជ្ជា ថារូបសំណាកពេញជំហររបស់លោក ជា វិជ្ជា ធ្វើអំពីថ្មភក់ពណ៌ខៀវ មានកម្ពស់ ១,៦៨ម៉ែត្រ បែរមុខទៅទិសខាងលិច នៅសួនច្បារក្បែរវត្តលង្កា ចម្ងាយប្រមាណ ៧០ម៉ែត្រ ពីកន្លែងដែលលោក ជា វិជ្ជា ត្រូវខ្នាន់កាំភ្លើងបាញ់សម្លាប់នៅខាងលិចវិមានឯករាជ្យ ដែលត្រូវចំណាយប្រាក់៨ពាន់ដុល្លារក្នុងការសាងសង់។
លោកថា ថវិកាដែលបានមកពីការរៃអង្គាស និងពីសមាគមលោក ជា វិជ្ជា មានចំនួន ៣ពាន់ដុល្លារ ហើយសាលារាជធានីភ្នំពេញនឹងផ្តល់ប្រាក់ ៥ពាន់ដុល្លារទៀត ដល់ខាងសហជីពក្នុងការសាងសង់រូបសំណាកនេះ៖ «ទីមួយ គឺពេលវេលាលម្អិតទៅសំណង់ គឺយើងសុំតែមួយម៉ែត្រការ៉េតែប៉ុណ្ណោះសំណង់ហ្នឹង។ ហើយនៅទីតាំងច្រមុះជ្រូកនៃសួនច្បារហ្នឹង ហើយកម្ពស់ដូចមានតទៅទម្រហ្នឹង យើងធ្វើតែមួយម៉ែត្រទេកម្ពស់។ ហើយជ្រុងកំពស់របស់សំណាកសាច់សុទ្ធគឺ ១,៦៨ម៉ែត្រ។ អញ្ចឹងជាសរុបកម្ពស់ ២,៦៨ម៉ែត្រ ធ្វើនៅទីតាំងដែលជាចំណាររបស់នាយករដ្ឋមន្រ្តី»។
លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ ត្រូវបានកម្មកររោងចក្រកាត់ដេរ ចាត់ទុកថា ជាវីរបុរសដែលបានជួយទាមទារសិទ្ធិការងារ និងលក្ខខណ្ឌការងារមួយចំនួនដល់កម្មករ និងទាមទារដំឡើងប្រាក់ខែដល់កម្មករ រហូតដល់លោកត្រូវបានខ្នាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់ កាលពីដើមឆ្នាំ២០០៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។