មន្ត្រីជាន់ខ្ពស់នៃគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានចុះមកខេត្តពោធិ៍សាត់ រយៈពេល ២ថ្ងៃ ដើម្បីស្វែងយល់ពីការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងខេត្តនេះ។
លោក អេង ឆៃអ៊ាង ជាសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោកមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ វិច្ឆិកា ពីគោលបំណងនៃការចុះមកជួបប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ នេះថា ដើម្បីឲ្យដឹងពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ សមាជិកព្រឹទ្ធសភារូបនេះបន្តថា ជំនួបនេះក៏ដើម្បីប្រាប់ឲ្យសមាជិកគណបក្សទាំងពីរ គឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក្នុងខេត្តនេះដឹងបន្ថែមអំពីការបង្រួបបង្រួមរវាងគណបក្សទាំងពីរ ក្នុងគោលដៅប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ក្នុងការបោះឆ្នោតសកលនាឆ្នាំ២០១៣ ខាងមុខនេះ។
លោក អេង ឆៃអ៊ាង៖ «ខ្ញុំមានជំនឿថា ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ លោកចង់ឲ្យមានការផ្លាស់ប្ដូរ ព្រោះលោករងគ្រោះច្រើនណាស់ ដូចជារឿងដីធ្លីដែលរដ្ឋាភិបាលបានផ្ដល់ឲ្យក្រុមហ៊ុនភាពីម៉ិច ធ្វើឲ្យប៉ះពាល់ដីស្រែចម្ការរបស់គាត់ បាត់បង់ព្រៃឈើ ការបូមខ្សាច់នៅតាមដងស្ទឹងពោធិ៍សាត់ ធ្វើឲ្យបាក់ដីប៉ះពាល់ដីស្រែពួកគាត់។ ប្រជាពលរដ្ឋលោកមិននិយាយទេ តែខ្ញុំមានជំនឿថាលោកនឹងធ្វើការផ្លាស់ប្ដូរក្នុងការបោះឆ្នោតពេលខាងមុខ»។
ប្រធានគណបក្ស សិទ្ធិមនុស្ស ប្រចាំខេត្តពោធិ៍សាត់ លោក ជា លី មានប្រសាសន៍ថា ការចុះជួបប្រជាពលរដ្ឋទាំង ២ថ្ងៃ បានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងខេត្តនេះនៅតែមានក្ដីកង្វល់អំពីបញ្ហាដីធ្លីដែលរងផលប៉ះពាល់ជាមួយក្រុមហ៊ុនភាពីម៉ិច ដដែល បើទោះបីជាក្រុមយុវនិស្សិតបានចុះមកជួយវាស់វែងជូនប្រជាពលរដ្ឋបានខ្លះហើយ តែនៅមានប្រជាពលរដ្ឋមួយចំនួនទៀតនៅតែរងផលប៉ះពាល់ដដែល ពុំទាន់មានការដោះស្រាយនៅឡើយ។ ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋចង់ឲ្យអ្នកតំណាងរបស់គាត់ជួយអន្តរាគមន៍ឲ្យក្រុមហ៊ុនភាពីម៉ិច បើកប្រាក់ខែឲ្យពួកគាត់ឲ្យបានទៀងទាត់ផង៖ «ខ្ញុំពិនិត្យឃើញប្រជាពលរដ្ឋ ៤កន្លែង ដែលគាត់អញ្ជើញទៅជួបនោះ មានចិត្តរីករាយអបអរសាទរ និងស្ថិតក្នុងក្ដីសង្ឃឹមក្រោយពីបានស្ដាប់ការផ្សព្វផ្សាយពីគោលការណ៍របស់គណបក្សសង្គ្រោះជាតិ។ ម្យ៉ាងទៀត សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភានៃគណបក្សទាំង២ បានសន្យាថានឹងស្វែងរកដំណោះស្រាយពីបញ្ហាប្រាក់ខែដែលក្រុមហ៊ុនជំពាក់នោះជូនពួកគាត់»។
មន្ត្រីជាន់ខ្ពស់នៃគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដែលបានចុះមកខេត្តពោធិ៍សាត់ រយៈពេល ២ថ្ងៃនេះ មានលោក អេង ឆៃអ៊ាង ជាសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី និងលោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណៈកម្មាធិការនាយកគណបក្ស សិទ្ធិមនុស្ស និងជាសមាជិកអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ។
ប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ នៃគណបក្ស សម រង្ស៊ី គឺលោក រ៉ែម សាមឿន បានឲ្យដឹងថា ប្រជាពលរដ្ឋមានការចាប់អារម្មណ៍ចំពោះការបង្រួបបង្រួមរវាងគណបក្សទាំង២។ លោកថា មានប្រជាពលរដ្ឋជាច្រើនបានមកបញ្ចេញមតិ និងស្ដាប់ការបកស្រាយពីទុក្ខកង្វល់របស់ពួកគាត់ពីសំណាក់តំណាងមកពីគណបក្សប្រឆាំងទាំង២ ដែលបានបង្រួបបង្រួមគ្នានេះ៖ «ដោយសារការបង្រួបបង្រួមគ្នានេះ យើងសង្ឃឹមថានៅខេត្តពោធិ៍សាត់ យើងនឹងដណ្ដើមបានកៅអី។ ទី១ យើងឃើញថា មានការខុសពីកាលបោះឆ្នោតឃុំ-សង្កាត់ ឥឡូវក្នុងការជួបជុំនេះយើងឃើញថាមានការគាំទ្រច្រើនជាងពីមុន ដោយមានទាំងសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច និងនរោត្តម រណឫទ្ធិ ចូលរួមស្ដាប់ផងដែរ»។
យ៉ាងនេះក្ដី ក្រុមមន្ត្រីសង្គមស៊ីវិលនានាប្រចាំខេត្តពោធិ៍សាត់ យល់ប្រហាក់ប្រហែលគ្នាថា ក្ដីសង្ឃឹមហាក់នៅឆ្ងាយនៅឡើយសម្រាប់គណបក្សសង្គ្រោះជាតិ នេះ បើយោងទៅលើចំនួនសំឡេងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីខែកក្កដា កន្លងទៅនៅក្នុងខេត្តនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។