យុទ្ធនាការ​ឃោសនា​ឃុំ​សង្កាត់​អាណត្តិ​ទី​៣​មាន​រយៈពេល​១៥​ថ្ងៃ

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បង្ហាញ​កាលបរិច្ឆេទ​នៃ​យុទ្ធនាការ​បោះ​​ឆ្នោត​ឃុំ-​សង្កាត់​អាណត្តិ​ទី​៣ មាន​រយៈពេល ២​សប្ដាហ៍។

0:00 / 0:00

ស្រប​គ្នា​នេះ គ.ជ.ប. បាន​ស្នើ​ទៅ​គ្រប់​​គណបក្ស​នយោបាយ​ឲ្យ​ត្រៀម​លក្ខណៈ និង​ត្រូវ​ធ្វើ​សកម្មភាព​ឲ្យ​ស្រប​តាម​ច្បាប់​បោះ​ឆ្នោត​ឲ្យ​បាន​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​ដំណើរការ​បោះឆ្នោត​មាន​លក្ខណៈ​សេរី​ត្រឹមត្រូវ និង​យុត្តិធ៌ម។

គ.ជ.ប. ប្រកាស​ឲ្យ​គណបក្ស​នយោបាយ​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ សំរាប់​អាណត្ត​ទី​៣ ឲ្យ​ត្រៀម​លក្ខណៈ​ដើម្បី​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ដែល​នឹង​ចូល​មក​ដល់​នៅ​ខែ​ឧសភា ឆ្នាំ​២០១២។

លោក ទេព នីថា ជា​អគ្គលេខាធិការ គ.ជ.ប.។ លោក​មាន​ប្រសាសន៍​ថា យុទ្ធនាការ​ឃោសនា​​បោះ​ឆ្នោត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៣ មាន​​​​​​​រយៈ​ពេល ១៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​សុក្រ ទី​១៨ ខែ​ឧសភា ដល់​ថ្ងៃ​សុក្រ ទី​១ ខែ​មិថុនា ឆ្នាំ​២០១២។

លោក ទេព នីថា៖ «គ.ជ.ប. តាម​ច្បាប់ គឺ​យើង​ចាប់​ផ្ដើម​គ្រប់គ្រង​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ឃោសនា​បោះ​ឆ្នោត។ សំរាប់​ការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ដល់​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១២»

​យុទ្ធនាការ​នេះ គ.ជ.ប. ទាមទារ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​​ទាំង​អស់​ទទួល​​ខុស​ត្រូវ​ខ្ពស់ ដោយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ប្រាសចាក​ច្បាប់​បោះ​ឆ្នោត​ឃុំ-​សង្កាត់​នោះ​ទេ។

ទាក់ទង​បញ្ហា​នេះ ​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា បក្ស​ខ្លួន​នឹង​បើក​យុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ​ទូទាំង​ប្រទេស ពិសេស​នៅ​ថ្នាក់​មូលដ្ឋាន ដោយ​លើក​ពី​ផែនការ​អភិវឌ្ឍន៍​ឃុំ​សង្កាត់ ជូន​ប្រជាពលរដ្ឋ​ពិចារណា​មុន​នឹង​ឈាន​ដល់​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ដែល​ខ្លួន​ចិត្ត​នោះ។

លោក កឹម សុខា ឲ្យ​ដឹង​ដូច្នេះ «យើង​បាន​ត្រៀម​ឯកសារ​សំរាប់​ឃោសនា​មាន​ជា​ខិត្តប័ណ្ណ ហើយ​ត្រៀម​ឧបករណ៍​សំរាប់​ឃោសនា​ដូច​ជា​មីក្រូ និង​ឧបករណ៍​ផ្សេងៗ​ទៀត»

ទោះ​បក្ស​សិទ្ធិ​មនុស្ស​មិន​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ ១.៦៣៣​ឃុំ-​សង្កាត់​ទូទាំង​​ប្រទេស​ក្តី ក៏ប៉ុន្តែ​លោក កឹម សុខា បាន​បញ្ជាក់​ថា គណបក្ស​នេះ​បាន​ដាក់​បេក្ខជន​បាន​ជាង ១.០៧០​ឃុំ-​សង្កាត់​ទូទាំង​ប្រទេស។

​ចំណែក​គណបក្ស សម រង្ស៊ី វិញ ក៏​បាន​ឲ្យ​ដឹង​ពី​ផែនការ​បើក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ-​សង្កាត់​នេះ​​រួច​ហើយ​ដែរ។​

លោក គួយ ប៊ុនរឿន អគ្គលេខាធិការ​រង និង​ជា​អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី។ លោក​ថា យុទ្ធនាការ​នេះ​បក្ស​​លោក​នឹង​ធ្វើ​ឡើង​តាម​រយៈ​ខិត្តប័ណ្ណ ឬ​ចុះ​បើក​វេទិកា​​ផ្សព្វផ្សាយ​ផែនការ​អភិវិឌ្ឍន៍​​​​ឃុំ-​សង្កាត់ នៅ​តាម​មូលដ្ឋាន​នីមួយៗ។

លោក គួយ ប៊ុនរឿន៖ «យើង​នឹង​ចុះ​ដល់​មូលដ្ឋាន​តាម​ភូមិ ក្នុង​នោះ​យើង​ក៏​មាន​ការ​រៀបចំ​ធ្វើ​ជា​មីទីង និង​មាន​ការ​ផ្ដល់​ជា​គោលនយោបាយ​គណបក្ស​សំរាប់​បេក្ខជន​ថ្ងៃ​អនាគត​សំរាប់​បេក្ខជន​មេ​ឃុំ ចៅសង្កាត់​គណបក្ស សម រង្ស៊ី ក្នុង​ការ​ជួយ​ការពារ និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​សំរាប់​ធ្វើការ​អភិវឌ្ឍន៍»

គណបក្ស សម រង្ស៊ី បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ-​សង្កាត់​បាន​ជាង ១.៦០០​ឃុំ-​សង្កាត់​ទូទាំង​ប្រទេស ក្នុង​ចំណោម​ឃុំ-​សង្កាត់​សរុប ១.៦៣៣​ឃុំ-​សង្កាត់។

ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ​ដែរ ប្រធាន​នាយកដ្ឋាន​បូក​សរុប​នៃ​ខុទ្ទកាល័យ​គណៈកម្មការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា លោក អ៊ុក គឹមហ៊ាន បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ-​សង្កាត់​អាណត្តិ​ទី​៣ ​​​បក្ស​​ប្រជាជន​បាន​ផ្ដល់​​​​សិទ្ធិ​ជូន​បេក្ខជន​តាម​ឃុំ-​សង្កាត់​នីមួយៗ​ផ្សព្វ​ផ្សាយ ​​ពី​ផែនការ​អភិវឌ្ឍន៍​​មូលដ្ឋាន​របស់​ខ្លួន។

លោក​ថា គណបក្ស​នេះ​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បាន​គ្រប់​ទូទាំង ១.៦៣៣​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មាន​ស្ត្រី​ចន្លោះ​ពី ២៥ ទៅ ៣០​ភាគរយ។

លោក អ៊ុក គឹមហ៊ាន ឲ្យ​ដឹង​ដូច្នេះ៖ «បេក្ខជន​នៅ​តាម​ឃុំ​សង្កាត់​គេ​ជា​អ្នក​ធ្វើការ​ឃោសនា ព្រោះ​ថា ឃុំ-​សង្កាត់​នីមួយៗ​គេ​មាន​គំរោង​ផែនការ​អភិវឌ្ឍន៍​របស់​គេ។ ដូច្នេះ​ការ​ឃោសនា​ហ្នឹង គឺ​ផ្អែក​ទៅ​លើ​គំរោង​ផែន​ការ​អភិវឌ្ឍន៍​ទាំង​អស់។ វា​អាស្រ័យ​ទៅ​លើ​បេក្ខជន​ឃុំ​សង្កាត់​ជា​អ្នក​ឃោសនា​ផ្ទាល់ រី​ឯ​នៅ​ថ្នាក់​កណ្ដាល គឺ​គ្រាន់​តែ​បញ្ជូន​ឯកសារ​ជូន​ទេ»

គ.ជ.ប. បាន​ឲ្យ​ដឹង​ថា កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៣ នឹង​ចាប់​ផ្ដើម​នៅ​​ថ្ងៃ​អាទិត្យ ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។ ការ​បោះ​ឆ្នោត​នេះ​មាន​គណបក្ស​ចំនួន ១០ បាន​ឈរ​ឈ្មោះ និង​ដាក់​​បេក្ខជន​ចូល​រួម​ប្រកួត​ប្រជែង។

បញ្ជី​បោះ​ឆ្នោត​ផ្លូវការ​ឆ្នាំ​២០១១ ដែល គ.ជ.ប. បាន​ផ្តល់​សុពលភាព​សំរាប់​បំរើ​ឲ្យ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​​​ទី​៣ មាន​អ្នក​បោះ​ឆ្នោត​សរុប​ជាង ៩,២​លាន​នាក់ និង​មាន​​ការិយាល័យ​បោះ​ឆ្នោត​ចំនួន ១៨.១០៧​ការិយាល័យ និង​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​សរុប​ចំនួន ១១.៤៥៩៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។