គំនិតផ្ដួចផ្ដើមនេះ ត្រូវមន្ត្រីសង្គមស៊ីវិល និងបក្សប្រឆាំងប្រតិកម្មថា មិនមានប្រសិទ្ធភាពទេ និងស្នើឲ្យថ្នាក់ដឹកនាំ គ.ជ.ប ត្រូវប្រកាន់ជំហរឯករាជចំពោះគ្រប់គណបក្សនយោបាយចូលរួមប្រកួតការបោះឆ្នោត។
សមាជិក គ.ជ.ប លោក ហាវ៉ាណ ស៊ីវិល័យ មានប្រសាសន៍ថា កាលពីថ្ងៃទី៥ ខែមករា គ.ជ.ប បានបង្ហោះបញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០១២ សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ តាមវេបសាយ (Website) របស់ គ.ជ.ប មានអាសយដ្ឋាន www.voterlist.org.kh ដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋងាយរកឈ្មោះ។
ក្រៅពីនេះ លោក ស៊ីវិល័យ ឲ្យដឹងថា ចាប់ពីខែមេសា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គ.ជ.ប ក៏ត្រៀមផ្សព្វផ្សាយលេខទូរស័ព្ទចល័តចំនួន ៥ប្រព័ន្ធ ជូនប្រជាពលរដ្ឋដែលចង់សួររកឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតថែមទៀត៖ «អ្នកបោះឆ្នោតមានបំណងរកឈ្មោះរបស់ខ្លួនក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមទាក់ទងមកមជ្ឈមណ្ឌលកុំព្យូទ័ររបស់ គ.ជ.ប ដែលមានបណ្ដាញទូរស័ព្ទចំនួន ៥ប្រព័ន្ធ មានលេខដូចខាងក្រោម។ ប្រព័ន្ធ០១១ /០៩៩ /០៨៦ /០៨១ និង០១៦ ហើយលេខចុងក្រោយនៃប្រព័ន្ធទូរស័ព្ទទាំងនេះ គឺលេខដូចគ្នាទាំងអស់ មានលេខ ៩៨ ៧៧ ៦៦»។
បញ្ជីឈ្មោះបោះឆ្នោតផ្លូវការសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ ត្រូវបាន គ.ជ.ប ផ្តល់សុពលភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២។ លោកថា បញ្ជីឈ្មោះនេះមានអ្នកបោះឆ្នោតចំនួន ៩.៦៧៥.៤៥៣នាក់ បានចុះឈ្មោះបោះឆ្នោត ក្នុងនោះមានស្ត្រីចំនួន ៥.០៨១.៨៤៣នាក់។
ការបោះឆ្នោតសភា នីតិកាលទី៥ មានការិយាល័យបោះឆ្នោតសរុបចំនួន ១៩.០០៩ការិយាល័យទូទាំងប្រទេស។
ការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ការបោះឆ្នោតនេះ មន្ត្រីគណបក្សប្រឆាំង និងសង្គមស៊ីវិល បានជំរុញឲ្យមន្ត្រីដឹកនាំស្ថាប័ន គ.ជ.ប ត្រូវអនុវត្តច្បាប់បោះឆ្នោតឲ្យបានស្មើភាពរវាងបក្សកាន់អំណាច និងបក្សប្រឆាំង។
លោក អ៊ូ ចន្ទឫទ្ធិ មន្ត្រីនាំពាក្យ និងជាសមាជិកសភាគណបក្ស សិទ្ធិមនុស្ស មានប្រសាសន៍នៅថ្ងៃទី៧ ខែមករា ដោយស្នើឲ្យថ្នាក់ដឹកនាំស្ថាប័ន គ.ជ.ប ត្រូវធ្វើសកម្មភាពឲ្យមានឯករាជ និងមានយុត្តិធម៌រាល់គ្រប់គណបក្សនយោបាយចូលរួមការបោះឆ្នោត។
លោក អ៊ូ ចន្ទឫទ្ធិ៖ «មើលឃើញគ្រាន់តែជាកិច្ចប្រឹងប្រែងមួយរបស់ គ.ជ.ប ដើម្បីបង្ហាញថា ខ្លួនហ្នឹងជាស្ថាប័នឯករាជ មិនលំអៀងទៅលើគណបក្សណាមួយនោះ។ ដូច្នេះ ខ្ញុំគ្មានជំនឿថាទូរស័ព្ទ ៥ខ្សែហ្នឹង អាចជួយប្រជាពលរដ្ឋក្នុងការរកឈ្មោះហ្នឹង បានប៉ុន្មានទេ ព្រោះវាតិចតួចណាស់សម្រាប់នៅទូទាំងប្រទេសនោះ។ សំខាន់ការចុះឈ្មោះហ្នឹងឲ្យបានត្រឹមត្រូវ កុំឲ្យលុបឈ្មោះគេចោល ហើយធ្វើម៉េចឈ្មោះហ្នឹងពលរដ្ឋធ្លាប់បោះនៅកន្លែងណា ឲ្យបោះនៅកន្លែងដដែលទៅ។ អាហ្នឹងវាងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ព្រោះយើងឃើញថា នៅតាមទីជនបទដាច់ស្រយាលខ្លះគ្មានទូរស័ព្ទប្រើទេ។ មិនដឹងថា គ.ជ.ប អាចផ្សព្វផ្សាយលេខទូរស័ព្ទ ៥ខ្សែហ្នឹងបានដល់ប្រជាពលរដ្ឋបានត្រឹមកម្រិតណាទេ»។
នាយកប្រតិបត្តិអង្គការនិកហ្វិច (Nicfec) លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ដោយរំពឹងថា ដំណើរការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ នឹងមានភាពប្រសើរឡើងជាងអាណត្តិកន្លងទៅ។ លោកឲ្យដឹងថា ដំណើរការបោះឆ្នោតនេះ និកហ្វិច បានត្រៀមអ្នកអង្កេតការណ៍ជាង ៣ពាន់នាក់ ដើម្បីចូលរួមពិនិត្យដំណើរការបោះឆ្នោត។
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៥ ចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣។ ការផ្តល់ប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោត ចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ រីឯការឃោសនាបោះឆ្នោត ចាប់ផ្ដើមនៅថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។