គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរំលឹកដល់មន្ត្រីនៃលេខាធិការដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោត តំណាងបក្សនយោបាយ សង្គមស៊ីវិល និងអាជ្ញាធរ ពិសេសស្មៀនឃុំសង្កាត់ ត្រូវសហការគ្នាជំរុញឲ្យដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ទទួលជោគជ័យ។
លិខិត គ.ជ.ប. ចុះថ្ងៃទី២១ ខែសីហា បានសង្កត់ធ្ងន់ទៅស្មៀនឃុំសង្កាត់ ដែលជាមន្ត្រីចុះឈ្មោះបោះឆ្នោតផ្ទាល់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី ដើម្បីឲ្យការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំនេះបានរលូន។
លោក ទេព នីថា ជាអគ្គលេខាធិការ គ.ជ.ប.។ លោកបានរំពឹងថា ឆ្នាំ២០១២ នេះ អាចមានពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង ៦០០ពាន់នាក់ពីលើបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១១ ជាង ៩លាននាក់។
លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ឬអ្នកមានសិទ្ធិបោះឆ្នោតឲ្យទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២។ លោកថា បញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២ ទុកសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ ខាងមុខ៖ «សូមឲ្យក្រុមប្រឹក្សាឃុំសង្កាត់ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ មេត្តាយកចិត្តទុកដាក់បង្កលក្ខណៈចេញឯកសារជូនប្រជាពលរដ្ឋ ដើម្បីបំពេញលក្ខខណ្ឌបោះឆ្នោតឲ្យបានគ្រប់គ្នា»។
កាលពីថ្ងៃទី២១ ខែសីហា គ.ជ.ប. បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ រយៈពេល ២ថ្ងៃ ដល់មន្ត្រីលេខាធិការដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោត តំណាងបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ឲ្យជួយជំរុញសកម្មភាពពិនិត្យ និងចុះបញ្ជីបោះឆ្នោតឆ្នាំនេះ ជៀសឲ្យផុតពីការរិះគន់។
ទោះយ៉ាងណា មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានអះអាងថា ផលវិបាកនៃការចុះឈ្មោះបោះឆ្នោតរបស់កម្មករ ឬពលរដ្ឋផ្លាស់ប្ដូរទីលំនៅថ្មី នៅតែជាបញ្ហាចោទសម្រាប់ពួកគេ។
លោក គល់ បញ្ជា ជានាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ ខុមហ្វ្រែល (Comfrel)។ លោកបានស្នើទៅមន្ត្រីពាក់ព័ន្ធការងារចុះឈ្មោះបោះឆ្នោត ត្រូវជួយសម្រួលឲ្យពលរដ្ឋមានសិទ្ធិបោះឆ្នោតចូលរួមចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ឲ្យបានច្រើន។
លោក គល់ បញ្ជា៖ «យុវជនដែលទើបគ្រប់អាយុចុះឈ្មោះបោះឆ្នោតនៅពេលទៅចុះឈ្មោះបោះឆ្នោតគេត្រូវការឯកសារជាពិសេសអត្តសញ្ញាណប័ណ្ណ។ បើសិនជាមានត្រឹមតែជាសៀវភៅគ្រួសារ ឬបណ្ណែគ្រួសារទេ គឺមានការលំបាកក្នុងការចុះឈ្មោះ»។
ចំណែកលោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការឃ្លាំមើលបោះឆ្នោត ឬហៅកាត់ និកហ្វិច ក៏បានអំពាវនាវឲ្យពលរដ្ឋគ្រប់អាយុបោះឆ្នោត ត្រូវទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ចាប់ពីដើមខែកញ្ញា ខាងមុខ ដើម្បីមានសិទ្ធិបោះឆ្នោតជាតិអាណត្តិទី៥ ឆ្នាំ២០១៣។
លោកបណ្ឌិត ហង្ស ពុទ្ធា៖ «ការបោះឆ្នោតគឺជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ អ៊ីចឹងស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងនៅទីជនបទ ទាំងនៅទីក្រុង ត្រូវយកចិត្តទុកដាក់ក្នុងការអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ នេះ»។
គ.ជ.ប. បានឲ្យដឹងថា ដើម្បីជំរុញឲ្យការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ទទួលជោគជ័យ គ.ជ.ប. បានផលិតស្ប៉តអប់រំ និងត្រៀមចាក់ផ្សាយតាមវិទ្យុ ទូរទស្សន៍ និងតាមមេក្រូ នៅថ្ងៃចុះឈ្មោះបោះឆ្នោតចូលមកដល់។
រយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ឆ្នាំនេះ មានរយៈពេល ៤២ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២។
រីឯពេលវេលានៃការចុះឈ្មោះតំណាងគណបក្សនយោបាយចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នឹងចាប់ផ្ដើមនៅថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២។ រីឯកាលបរិច្ឆេទនៃការបោះឆ្នោតនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ទាក់ទិនបញ្ហានេះដែរ មន្ត្រី គ.ជ.ប. បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុ ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ (កើតមុន ឬត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៩៥) ដែលមិនទាន់ចុះឈ្មោះបោះឆ្នោត ឬបានផ្លាស់ទីលំនៅចូលក្នុងឃុំសង្កាត់ មានសិទ្ធិសុំចុះឈ្មោះបោះឆ្នោតក្នុងការិយាល័យណាមួយក្នុងឃុំសង្កាត់ ដែលខ្លួនកំពុងរស់នៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។