អ្នកស្រី ងួន អ៊ីវ ជាប្រធានអង្គការលើកស្ទួយវប្បធម៌កួយ មានប្រសាសន៍ថា នៅក្នុងខេត្តព្រះវិហារ មានជនជាតិភាគតិចកួយ រស់នៅប្រមាណ៦ម៉ឺនគ្រួសារ តាមបណ្ដាភូមិ-ឃុំនានា។ មានភូមិចំនួន៤៧ ដែលមានចំនួនជនជាតិកួយ រស់នៅច្រើនជាងគេ នៅក្នុងចំណោមភូមិនានា នៅខេត្តព្រះវិហារ។
អ្នកស្រី ងួន អ៊ីវ បានរៀបរាប់ឲ្យដឹងថា ជនជាតិកួយមានមុខរបរចិញ្ចឹមជីវិត ដោយធ្វើស្រែ ដាំដំណាំ ធ្វើចម្ការ ដាំបន្លែ ដងជ័រ ជីកក្ដួច ជាដើម។
ប្រធានអង្គការលើកស្ទួយវប្បធម៌កួយ បានឲ្យដឹងថា មូលហេតុអង្គការនេះបង្កើតឡើង ដោយសារមានការកត់សម្គាល់ថា វប្បធម៌ដើមរបស់ជនជាតិភាគតិចកួយ កាន់តែបាត់បង់ទៅម្តងបន្តិចៗ ដោយមិនមានការកត់ត្រាចងក្រងជាឯកសារទុក។
ជនជាតិភាគតិចកួយ មានវប្បធម៌ ប្រពៃណីមួយចំនួន ដែលរក្សាទុកមកដល់សព្វថ្ងៃ ដូចជា ការចាប់កំណើត ការរៀបអាពាហ៍ពិពាហ៍ ពិធីបន់ស្រន់ ក្នុងពេលមានជំងឺ ការរៀបចំបុណ្យសព ការធ្វើបុណ្យឡើងអ្នកតាក្រោយពេលប្រមូលផលស្រូវ ដំណាំនានាហើយជាដើម។
អ្នកស្រី ងួន អ៊ីវ បានរៀបរាប់ថា ជនជាតិភាគតិចកួយ នៅមានជំនឿលើការបន់ស្រន់ខ្លាំងនៅឡើយ បើទោះជាបច្ចុប្បន្នមានពេទ្យសម័យ និងថ្នាំព្យាបាលមានប្រសិទ្ធភាពក៏ដោយ។ អ្នកស្រីមានប្រសាសន៍ថា ជំនឿលើអ្នកតានៅតែដិតជាប់ជ្រៅក្នុងចិត្តរបស់ជនជាតិភាគតិចកួយ។
ចំពោះរបាំ ជនជាតិភាគតិចកួយ មានរបាំមួយឈ្មោះរបាំវាយស្បែក ដែលគេតែងតែយកសម្ដែងនៅពេលមានបុណ្យទានក្នុងភូមិ ដើម្បីឲ្យក្មេងជំនាន់ក្រោយបានឃើញ និងដឹង ហើយចូលរួមហាត់សម្ដែង ដើម្បីរក្សារបាំនោះឲ្យបានគង់វង្ស។
លោក ឃុត ឃីម មន្ត្រីកម្មវិធីរបស់អង្គការលើកស្ទួយវប្បធម៌ជនជាតិកួយ បានឲ្យដឹងថា ជនជាតិភាគតិចកួយ មានការខ្មាសអៀនច្រើន។ ពួកគេមិនសូវហ៊ាននិយាយស្តីឡើយនៅទីសាធារណៈ ប៉ុន្តែពួកគេមានចិត្តស្មោះត្រង់ មិនចូលចិត្តការនិយាយកុហកភូតភរទេ។ លោកបានឲ្យដឹងថា ជនជាតិភាគតិចកួយ ពេលរៀបការ មានលក្ខណៈស្រដៀងខ្មែរដែរ។
លោក សំ ឆាយ ជាបុគ្គលិកអង្គការអភិវឌ្ឍន៍ការចិញ្ចឹមជីវិតកសិករ (FDL) បានឲ្យដឹងថា លោកជាអ្នកដើរប្រមូលទិញអនុផលព្រៃឈើ ដែលជនជាតិភាគតិចកួយរកបានពីក្នុងព្រៃ។ លោកមានប្រសាសន៍ថា ជនជាតិភាគតិចកួយ និងខ្មែរឥឡូវនេះ ពិបាកកត់សម្គាល់អំពីភាពខុសគ្នាណាស់។ ប៉ុន្តែ ជនជាតិកួយមានចិត្តទៀងត្រង់ យើងមិនអាចនិយាយត្រឡប់ត្រឡិនជាមួយពួកគាត់បានឡើយ។
លោក សំ ឆាយ បានរៀបរាប់ថា ជនជាតិកួយមានវ័យចំណាស់ នៅតែនិយាយភាសាកួយជាមួយចាស់ៗគ្នាគាត់ ប៉ុន្តែចំពោះក្មេងសម័យថ្មី ភាគច្រើនមិននិយាយភាសាកួយឡើយ។
អ្នកស្រី ងួន អ៊ីវ ជាប្រធានអង្គការលើកស្ទួយវប្បធម៌កួយ មានប្រសាសន៍ថា ជនជាតិភាគតិចកួយមិនមែនមានរស់នៅតែក្នុងខេត្តព្រះវិហារ ប៉ុណ្ណោះទេ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានសហគមន៍ជនជាតិភាគតិចកួយរស់នៅខេត្តកំពង់ស្ពឺ កំពង់ធំ និងខេត្តភាគឦសាន ដូចជាខេត្តរតនគិរី មណ្ឌលគិរី ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។