ខ្មែរ​នៅ​បារាំង​គ្រោង​ធ្វើ​បាតុកម្ម​គាំទ្រ​ការ​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

សហគមន៍​ខ្មែរ​នៅ​ប្រទេស​បារាំង គ្រោង​រួម​គ្នា​រៀបចំ​សិក្ខាសាលា និង​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​សម្រាក​នៃ​ចុង​សប្ដាហ៍​ក្រោយ ដើម្បី​គាំទ្រ​ការ​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។
ដោយ មឿង ទុម
2012-10-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សិក្ខាសាលា​នេះ រៀបចំ​ឡើង​ដោយ​សហគមន៍​ខ្មែរ​នៅ​អឺរ៉ុប គណៈកម្មាធិការ​ព្រំដែន​ខ្មែរ សហព័ន្ធ​ខ្មែរ​ក្រោម គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួប​បង្រួម​រវាង​គណបក្ស សម រង្សី និង​គណបក្ស សិទ្ធិ​មនុស្ស ក្រុម​សម្ព័ន្ធ​សិទ្ធិ​សង្គម​ស៊ីវិល​ខ្មែរ និង​ឥស្សរជន​ខ្មែរ​មួយ​ចំនួន​ទៀត​នៅ​ប្រទេស​បារាំង។ ការ​ជួប​ជុំ​គ្នា នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​សៅរ៍ ទី២០ ខែ​តុលា នៅ​ឯ​ព្រះវិហារ​មួយ​ដែល​មាន​ឈ្មោះ​ហៅ​ថា សាំង អ៊ីប៉ូលីត (Saint Hyppolyte) ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ប៉ារីស។

អ្នក​នាំ​ពាក្យ​នៃ​គណៈកម្មការ​រៀបចំ​សិក្ខាសាលា និង​បាតុកម្ម លោក លីម គឹមយ៉ា មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា គោល​បំណង​សំខាន់​នៃ​អង្គ​សិក្ខាសាលា​នេះ ផ្ដោត​អំពី​ផល​វិបាក​ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​ប្រទេស​ជិត​ខាង ដែល​ជា​ហត្ថលេខី មិន​គោរព​កិច្ច​ព្រមព្រៀង​នេះ៖ «សំខាន់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ... ដើម្បី​ឲ្យ​យួន​មក​រំលោភ​ទឹក​ដី​កម្ពុជា»

លោក​រំពឹង​ថា មនុស្ស​ប្រមាណ ៣​ឬ ៤០០នាក់ នឹង​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ ដែល​ភាគ​ច្រើន​មក​ពី​តាម​បណ្ដា​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស​បារាំង និង​មក​ពី​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ទ្វីប​អឺរ៉ុប។

លោក លីម គឹមយ៉ា មាន​ប្រសាសន៍​ថា ក្រុម​អ្នក​រៀបចំ​សិក្ខាសាលា នឹង​ចង​ក្រង​លទ្ធផល​នៃ​កិច្ច​ប្រជុំ ដាក់​ចេញ​ជា​ញត្តិ គ្រោង​នឹង​ផ្ញើ​ជូន​ប្រទេស​ហត្ថលេខី ដើម្បី​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​ប្រទេស​ជិត​ខាង គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ឲ្យ​បាន​ជាក់​លាក់៖ «ធ្វើ​សិក្ខាសាលា​ហ្នឹង​ចប់​ហើយ... ពី​ការ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា»

ក្រៅ​ពី​រៀបចំ​សិក្ខាសាលា​នេះ គណៈកម្មការ​ក៏​នឹង​រៀបចំ​បាតុកម្ម​មួយ​នៅ​ថ្ងៃ​អាទិត្យ ទី២១ ខែ​តុលា នៅ​មុខ​តួអេហ៊្វែល (Eiffel Tower) នៅ​កណ្ដាល​ទីក្រុង​ប៉ារីស ដែល​គេ​រំពឹង​ថា​នឹង​មាន​អ្នក​ចូល​រួម​យ៉ាង​តិច​ជាង ៥០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល