ប្រជាពលរដ្ឋ ២២គ្រួសារ ដែលរស់នៅឃុំកំពង់ដំរី ខេត្តក្រចេះ បានអំពាវនាវឲ្យអាជ្ញាធរខេត្តក្រចេះ និងក្រុមនិស្សិតដែលចុះទៅវាស់ដីតាមខេត្ត ជួយវាស់ដីដែលពួកគាត់បានកាប់ឆ្ការជាយូរមកហើយនោះឲ្យពួកគាត់ និងចេញប័ណ្ណកម្មសិទ្ធិ ដូចបណ្ដាប្រជាពលរដ្ឋដែលកាន់កាប់ដីខុសច្បាប់នៅកន្លែងផ្សងទៀតផង។
តំណាងប្រជាពលរដ្ឋ លោក តក់ ដន ឲ្យដឹងនាថ្ងៃទី២ កក្កដា នេះ ថាចំណាត់ការរបស់រដ្ឋាភិបាលដែលចាត់ឲ្យមានក្រុមនិស្សិតស្ម័គ្រចិត្តចុះវាស់វែងដីធ្លីដល់មូលដ្ឋានជូនប្រជាពលរដ្ឋនេះ។ វាជាគោលការណ៍ល្អ ហើយវាអាចនាំឲ្យប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់។ ម្យ៉ាងទៀតវាអាចជាកត្តាឈានដល់ការបញ្ឈប់បញ្ហាទំនាស់ដីធ្លីថែមទៀត។ តែទោះយ៉ាងណាក៏ដោយ លោកមិនទាន់ទុកចិត្តទាំងស្រុងថា ក្រុមនិស្សិតស្ម័គ្រចិត្តទាំងនោះ នឹងចុះមកវាស់វែងដីនៅតំបន់ភូមិកំពង់ដំរី របស់ប្រជាពលរដ្ឋ ២២គ្រួសារនោះឡើយ ព្រោះដីនោះមកទល់ពេលនេះនៅតែមានទាហានកាន់កាប់ដដែល។
ប្រហាក់ប្រហែលគ្នានេះ អ្នកស្រី ស៊ាង ថារី អះអាងនាថ្ងៃទី២ កក្កដា នេះថា អ្នកស្រីនៅមិនទាន់ប្រាកដក្នុងចិត្តថា ដីដែលកំពុងកាន់កាប់ដោយកងកំលាំងប្រដាប់អាវុធ អាចត្រូវគេវាស់វែង និងប្រគល់ឲ្យប្រជាពលរដ្ឋ ២២គ្រួសារវិញនោះឡើយ។
ទាក់ទងនឹងការបណ្ដេញប្រជាពលរដ្ឋចេញនេះដែរ អភិបាលខេត្តក្រចេះ លោក ស ចំរ៉ុង បដិសេធថា អាជ្ញាធរមិនបានបណ្ដេញប្រជាពលរដ្ឋចេញពីភូមិកំពង់ដំរី ចំនួន ២២គ្រួសារនោះទេ តែអាជ្ញាធរដេញតែក្រុមអនាធិបតេយ្យរបស់ក្រុមលោក ប៊ុន រដ្ឋា ដែលបានកាន់កាប់ដីខុសច្បាប់។
លោកបន្តថា ចំណែកដីត្រូវវាស់វែងអាជ្ញាធរបានកំណត់ក្នុងប្លង់ ឬផែនទីអស់ហើយថា ត្រូវវាស់ត្រង់កន្លែងណា ត្រង់តំបន់ណា ដូច្នេះចំពោះបញ្ហាភូមិកំពង់ដំរី របស់ប្រជាពលរដ្ឋ ២២គ្រួសារនោះ លោកបដិសេធថា មិនមានស្ថិតក្នុងប្លង់ដែលត្រូវវាស់វែងឡើយ។ លោកបន្ថែមថា ក្រុមនិស្សិតទាំងហ្នឹងវាស់វែងជូនប្រជាពលរដ្ឋ ល្គឹកណាប្រជាពលរដ្ឋទាំងនោះត្រូវមេភូមិបានទទួលស្គាល់ថា ជាប្រជាពលរដ្ឋស្ថិតក្រោមការគ្រប់គ្រងរបស់គាត់។
ប្រជាពលរដ្ឋ ២២គ្រួសារ បានឲ្យដឹងកាលពី២៧ ខែឧសភា ឆ្នាំ២០១២ កន្លងទៅថា ពួកគាត់ត្រូវអាជ្ញាធរដេញចេញពីភូមិកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ប្រជាពលរដ្ឋទាំងនោះបានអះអាងថា ពួកគាត់បានកាប់ដីជាង ២៩ហិកតារនោះពិតប្រាកដមែន។ ម្យ៉ាងទៀតប្រជាពលរដ្ឋទាំងនោះបានអះអាងថា ពួកគាត់ធ្វើលិខិតផ្លាស់ប្ដូរទីលំនៅពីភូមិកំណើត ទៅរស់នៅភូមិកំពង់ដំរី ឃុំកំពង់ដំរី ថែមទៀត ហើយមេភូមិកំពង់ដំរី ក៏បានទទួលស្គាល់ពួកគាត់ដែរ។
ទាក់ទងនឹងការវាស់ដីធ្លីជូនប្រជាពលរដ្ឋនេះដែរ លោក ចាន់ សុវ៉េត មានប្រសាសន៍ថា ពលរដ្ឋ ២២គ្រួសារនោះ គួរទទួលបានការវាស់វែងដូចពលរដ្ឋដទៃទៀតដែរ ក្រោមហេតុផលថា បើសិនដីចំនួនជាង ២៩ហិកតារនោះជាប្រភេទដីស្ថិតក្នុងលក្ខខណ្ឌបីប្រភេទ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង គឺដីសម្បទានសេដ្ឋកិច្ច ដីព្រៃសម្បទាន និងដីរដ្ឋកាន់កាប់ដោយខុសច្បាប់។ ពលរដ្ឋទាំងនោះត្រូវតែមានសិទ្ធិទទួលបានប័ណ្ណកម្មសិទ្ធិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។