នាយក​រដ្ឋមន្ត្រី​និយាយ​ពី​បញ្ហា​ទំនិញ​ឡើង​ថ្លៃ, មន្ត្រី​បក្ស​ប្រឆាំង​ថា រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ

2008-06-12

ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនិញ​ឡើង​ថ្លៃ ដែល​បច្ចុប្បន្ន​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ស្រទាប់​ក្រោម ហើយ​ដែល​គណបក្ស​ប្រឆាំង​នានា បាន​លើក​យក​មក​បន្ទោស​រដ្ឋាភិបាល​របស់​លោក​ថា ពុំ​ស្ទុះស្ទារ​ស្វែងរក​ដំណោះស្រាយ​នោះ លោក​នាយករដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ថា បញ្ហា​នេះ​វា​មាន​កត្តា​ច្រើន​យ៉ាង ហើយ​ក៏​ជា​រឿង​ដែល​កើត​ឡើង​លើ​សាកល​លោក​ទាំង​មូល ។

នៅក្នុង​សុន្ទរកថា​របស់​លោក​នៅខេត្ត​កំពង់ធំ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក ហ៊ុន សែន បាន​ពន្យល់​ថា បញ្ហា​គ្រប់​បែប​យ៉ាង វា​ប្រទាក់​ប្រទាញ​គ្នា មិន​មែន​កើត​ឡើង​ដោយ​ឯក​ឯង​ដូច​អ្នក​នយោបាយ​ខ្មែរ​ខ្លះ គិត​ស្មាន​នោះ​ឡើយ ៖ «ឱ ! អស់​លោក​ហើយ ! អ្នក​សេដ្ឋកិច្ច​បែប​នេះ គឺ​មិន​ដឹង​ថា​មក​ដឹក​នាំ កុំ​ថា​ដឹកនាំ​ប្រទេស​មួយ ដឹកនាំ​តែ​គ្រួសារ​មួយ ដឹកនាំតែបក្ស​មួយ ដឹកនាំ​វា​មិន​កើត​ផង​ៗ បើ​អ្នកឯង​គិត​តែ​មួយ​ជ្រុង​មិន​គិត​ជ្រុង​ដទៃ​ទៀត ។ ខ្ញុំ​ព្រះករុណា​ខ្ញុំ សូម​ផ្ដល់អនុសាសន៍​ឲ្យ​អស់​លោក​ទាំង​ឡាយ អស់​លោក​ត្រូវ​គិត គេ​ហៅ​ថា ចំណង​ទាក់ទង​របស់​វា ... អ្វី​ៗ​ទាំង​អស់​តែង​មាន​ទំនាក់ទំនង​គ្នា អ្នកឯង​និយាយ​តែ​ពី​អង្ករ​មួយ​ម៉ាត់ ស្រូវ​មួយម៉ាត់ អ្នកឯង​អត់​និយាយ​ពី​ប្រេង​ទេ» ។

ចំពោះ​ការអះអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា បញ្ហា​ទំនិញ​ឡើង​ថ្លៃ​ជា​បញ្ហា​ពិភពលោក​នេះ លោកស្រី មូរ សុខហួរ អគ្គលេខាធិការ​រង​គណបក្ស​សមរង្ស៊ី  មាន​ប្រសាសន៍​ថា នេះ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយ​ៗ ត្រូវតែ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន  មិនមែន​ចាំ​តែ​បន្ទោស​ថា ជា​រឿង​ពិភពលោក​តែ​ម្យ៉ាង​នោះ​ទេ ។

លោកស្រី មូរ សុខហួរ ថ្លែង​ដូច្នេះ​ថា ៖ «បញ្ហា​ទំនិញ​ឡើង​ថ្លៃ​នេះ មិន​មែន​រឿង​សកលលោក​ទាំង​មូល​នេះ​ទេ គឺ​រឿង​នៅ​ប្រទេស​នីមួយៗ រដ្ឋាភិបាល​នៃ​ប្រទេស​ណា ត្រូវ​តែ​ដោះ​នូវ​បញ្ហា​ទំនិញ​ឡើង​ថ្លៃ ដែល​នៅ​ប្រទេស​កម្ពុជា ឡើង​រហូត​ដល់ ២-៣​ដង តាម​មុខ​ទំនិញ ។ ជីវិត​របស់​អ្នកក្រ ជីវិត​របស់​មន្រ្តី​រាជការ​តូចតាច ជាពិសេស​ជីវិត​របស់​កម្មករ កសិករ​របស់​យើង លោក​អត់​អាច​រស់​នៅ ដោយ​អត់​មាន​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​ទេ វា​គឺ​ជា​បញ្ហា​ដែល​ត្រូវ​តែ​ដោះ ដោយ​រដ្ឋាភិបាល​ទាំង​មូល ហើយ​ថ្នាក់​ដឹកនាំ​នៃ​រដ្ឋាភិបាល​នោះ ត្រូវ​តែ​យល់​អំពី​សេដ្ឋកិច្ច ។ អ្នក​ដឹកនាំ​ដែល​យល់​អំពី​សេដ្ឋកិច្ច គឺ​អត់​ទ័លច្រក​ទេ ពី​ព្រោះគេអាច​ព្យាករណ៍​មុន​ហើយ​ថា តើ​ទំនិញ​ឡើង​ថ្លៃ​ហ្នឹង នឹង​មាន​កើតឡើង​ក្នុង​រយៈពេល​ណា ត្រូវ​ដោះ​របៀប​ណា មិន​មែន​និយាយ​ឲ្យ​រួច​ខ្លួន ថា​នេះ​ជា​បញ្ហា​សកលលោក​ទេ»

អត្ថបទ​ដែល​ទាក់ទង

អតិផរណា​កើន​ដល់​២៥%​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០០៨

ពលរដ្ឋ​នៅ​កំពង់​ចាម សុំ​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​ជួយ​ធ្វើ​ឲ្យ​ទំនិញ​ចុះ​ថ្លៃ

កសិករ​នៅ​តាកែវ​និង​កំពង់ស្ពឺ​រអ៊ូ​ពី​បញ្ហា​ជី​គីមី​ឡើង​ថ្លៃ

ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ​ត្អូញត្អែរ​អំពី​បញ្ហា​តម្លៃ​ទំនិញ​ឡើង​ខ្ពស់

ពលរដ្ឋ​ត្អូញត្អែរ​អំពី​បញ្ហា​ទំនិញ​ឡើង​ថ្លៃ​នៅ​ក្រោយ​ការបោះឆ្នោត

កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​២២ ដែល​រង​ការគំរាម​ដោយ​វិបត្តិ​ស្បៀង​អាហារ

ឆ្នាំ​២០០៨ រដ្ឋាភិបាល​នឹង​ចំណាយ​ប្រាក់ ៣០០​លាន​ដុល្លារ​ដើម្បី​ទប់​ថ្លៃ​ប្រេង

អ្នក​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ត្អូញត្អែរ​ពី​បញ្ហា​ជីវភាព

បញ្ហា​ទំនិញ​ឡើង​ថ្លៃ​និង​ផល​ប៉ះពាល់